លោក កឹម សុខា មេដឹកនាំ​បក្ស​សង្គ្រោះជាតិ បាន​ទទួល​ជួប​សំណេះ​សំណាល ជាមួយ​អគ្គ​រដ្ឋទូត​អូស្រ្តាលី ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ​ឧសភា ឆ្នាំ​​២០២០ នៅ​​គេហដ្ឋាន​​របស់​​លោក ក្នុង​​ទីក្រុង​​ភ្នំពេញ។ នេះ​​បើ​​តាម​​ទំព័រ​ហ្វេសប៊ុក​​របស់​​លោក កឹម សុខា ផ្ទាល់។ លោក​បាន​សរសេរ និង​​បង្ហោះ​​រូបថត​​មួយ​ចំនួន​​ថា «ខ្ញុំ​​បាន​​ទទួល​​ជួប​ជាមួយ​​លោក ប៉ាប្លូ កង (Pablo Kang) ឯកអគ្គ​រាជទូត​​អូស្ត្រាលី ប្រចាំ​​នៅ​ព្រះរាជា​​ណាចក្រ​​កម្ពុជា ដែល​ជា​ប្រទេស​​ប្រជា​ធិបតេយ្យ​មួយ នៅ​ក្នុងតំបន់អាសុី ប៉ាសុីហ្វិក បន្ទាប់​ពី​ខ្ញុំ​បាន​ជួបជាមួយ​តំណាង​ប្រទេស​នៅ​សហគមន៍អុឺរ៉ុប»។ លោក​បន្តថា «ក្នុង​ជំនួប​សួរសុខទុក្ខ​នោះ យើង​បាន​ពិភាក្សា​គ្នា​ នូវ​កិច្ចការមួយ​ចំនួន​ផង​ដែរ​ ដូចជា​​​បញ្ហា​សេដ្ឋកិច្ច​ សង្គម ជាពិសេស​​បញ្ហា​​ប្រឈម​​នឹង​ជំងឺកូវីដ-១៩ និងបញ្ហាជីវភាព​របស់​ប្រជាពលរដ្ឋ»

ដោយឡែកនៅរសៀលថ្ងៃទី ១២ ខែឧសភា ពីម្សិលមិញ លោក កឹម សុខា ក៏បាន​ទទួល​​ជួប​​សំណេះ​សំណាល​ជាមួយ​លោកស្រី​ Eva Nguyen ឯកអគ្គរដ្ឋទូត​​​បារាំង ប្រចាំ​​កម្ពុជា នៅ​​គេហដ្ឋាន​​របស់​​លោក ក្នុង​ក្រុងភ្នំពេញ។ លោកស្រី បានសាទរ​​​ចំពោះ​ជំនួប​រវាង​លោក ហ៊ុន សែន និង លោក កឹម សុខា ថា​​ជា​​ជំហាន​​វិជ្ជមាន​​ដំបូង កាល​ពី​ថ្ងៃទី ០៥ ខែ​ឧសភា។

ទំព័រហ្វេសប៊ុកផ្លូវការរបស់​លោក កឹម សុខា​ បាន​សរសេរ​ដែរ​​​​​ថា «ដោយ​ឡែក​​ឯកអគ្គ​រដ្ឋ​ទូត​ ឯកអគ្គ​រាជ​ទូត​នៃ​​​ប្រទេស​​​ជា​មិត្ត​​ ប្រចាំ​​កម្ពុជា​​​មួយ​ចំនួន​​ទៀត ដែល​​​មិន​​​មាន​​​ទីតាំង​​​ស្ថានទូត ​នៅ​​ក្នុង​​​ទឹកដី​​​កម្ពុជា ស្រប​​​ពេល​​​មាន​​​ជំងឺកូ​វីដ​១៩ មិន​អាច​ម​ក​ជួប​​ខ្ញុំ​​ផ្ទាល់​​បាន ក៏បាន​ផ្ញើ​សារ និង​​ទំនាក់ទំនង​​តាម​​បណ្តាញ​សង្គម ​មកសួរសុខទុក្ខ​ខ្ញុំ​ផង​ដែរ»

ជំនួបរវាងលោក កឹម សុខា ជាមួយ​ក្រុម​អ្នក​កាទូត ដែល​មក​ពី​ក្រុម​ប្រទេស​​ប្រជា​ធិបតេយ្យ​​សាជាថ្មី​​នេះ ​បាន​​ធ្វើ​ឡើង​​បន្ទាប់​ពី​លោក បាន​ជួប​សំណេះ​សំណាល​ជាមួយ​លោក ហ៊ុន សែន មេដឹកនាំកម្ពុជា កាល​ពី​ថ្ងៃទី ០៥ ខែ​ឧសភា។ ទាំង​ក្រុម​អ្នក​ការទូត ទាំង​ក្រុម​​អ្នកឃ្លាំមើល​​សង្គម និង​​ពលរដ្ឋខ្មែរ បាន​​ចូលរួម​សាទរ​​ចំពោះ​​ជំនួប​​រវាង​លោក ហ៊ុន​ សែន និង​លោក កឹម សុខា ដោយ​​ចង់​​ឃើញ​​មេដឹកនាំ​​នយោបាយ​កម្ពុជា នឹង​​ឈាន​ទៅ​ផ្សះផ្សា​​នយោបាយ​​ឡើង​វិញ ដើម្បី​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ហើយ​និង​ស្តារសេដ្ឋកិច្ច និង​សង្គម​ឡើងវិញ ជាមួយ​ការដោះស្រាយ​​វិបត្តិ​ជំងឺ​កូវីដ១៩៕

(អត្ថបទដោយនគរ /១៣ ឧសភា ២០២០)

.

.