លោក កឹម សុខា មេដឹកនាំ​គណបក្សសង្គ្រោះជាតិ បាន​ជួបសំណេះ​សំណាល​​​ជាមួយ​​លោក Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ថ្មី ប្រចាំ​កម្ពុជា នៅគេហដ្ឋាន​របស់​លោក​ផ្ទាល់ ក្នុង​ទីក្រុង​ភ្នំពេញ នាព្រឹក​​ថ្ងៃទី ១១ ខែ​ឧសភា ឆ្នាំ​២០២០។ នេះបើ​តាម​ការ​ផ្សាយ នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​លោក កឹម សុខា។

ទំព័រហ្វេសប៊ុក​លោក កឹម សុខា បាន​បញ្ជាក់ថា លោកឯកអគ្គរដ្ឋទូត បាន​សួរសុខទុក្ខ​ និង​សាទរ​ចំពោះ​ជំនួប​រវាងឥស្សរជនខ្មែរ​ទាំងពីរ គឺ​លោក ហ៊ុន សែន និង​​លោក កឹម សុខា កាល​​ថ្ងៃទី ៥ ឧសភា​ ឆ្នាំ​២០២០។ លោក​​ឯកអគ្គរដ្ឋទូត ក៏បាន​បង្ហាញ​នូវការគាំទ្រ ចំពោះ​ការជួបនេះ​ ដោយ​ចាត់ទុក​ថា​ជា​រឿង «វិជ្ជមាន»

ទំព័រហ្វេសប៊ុកលោក កឹម សុខា ដដែល បានសរសេរ​ថា «ក្នុងជំនួបនេះ ឯកឧត្តម កឹម សុខា និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បាន​ពិភាក្សាគ្នាអំពីសុខទុក្ខ និង​ជីវភាពរបស់​ប្រជាពលរដ្ឋខ្មែរ ក្នុង​ស្ថានភាព​កូវីដ-១៩ និង​អំពីស្ថានភាព​នាពេល​អនាគត»

ក្នុងថ្ងៃទី ១១ ឧសភា ដដែលនេះ លោក កឹម សុខា បានទទួល​ជួប​សំណេះ​សំណាល​​ផង​ដែរ ​ជាមួយ​​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា។ នេះ​បើតាម​​ទំព័រហ្វេសប៊ុក​របស់​លោក មុត ចន្ថា អ្នកជំនួយការ​របស់​លោក កឹម សុខា។ ខ្លឹមសារនៃ​ជំនួបនេះ មាន​លក្ខណៈ​ដូចគ្នា​នឹង​ជំនួប​របស់លោក កឹម សុខា ជាមួយ​លោក​​អគ្គរដ្ឋទូត​​អាល្លឺម៉ង់​​ដែរ នេះបើតាម​ការបញ្ជាក់​​របស់​​ហ្វេសប៊ុក​​លោក មុត ចន្ថា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ០៥ ឧសភា លោក កឹម សុខា បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​សព​មហាឧបាសិកា ប៊ុន ស៊ាងលី ជាម្តាយរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន។ ក្នុងពិធីនោះ លោក កឹម សុខា បានជួបសំណេះ​សំណាល​ជាមួយ​លោក ហ៊ុន សែន មេដឹកនាំ​កម្ពុជា ប្រមាណ ៥០ នាទី។ ក្នុងកិច្ចសំណះសំណាលនោះ ត្រូវបាន​លោក មុត ចន្ថា អ្នកជំនួយការ​របស់លោក កឹម សុខា ប្រាប់​បណ្តាញ​សារព័ត៌មាន​ថា «ជាការចួលរួមរំលែកទុក្ខ​ដល់ក្រុមគ្រួសារ​សព ជាការជួប​សួរសុខទុក្ខ​ធម្មតា និង​ការ​ពិភាក្សា​អំពី​បញ្ហា​ជាតិ»

កាលពីថ្ងៃទី ០៥ ឧសភា ក្រុមអ្នកឃ្លាំមើល និង​អ្នកការទូត បានសារទរចំពោះ​ជំនួប​រវាង​លោក កឹម សុខា និង​លោក ហ៊ុន សែន ហើយ​បាន​​ជំនួបនោះថា «ជាជំហាន​វិជ្ជមាន ក្នុង​កម្រិត​មួយ»

(អត្ថបទដោយ នគរ /១១ ឧសភា ២០២០)

អត្ថបទទាក់ទង
អ្នកឃ្លាំមើល សាទរជំនួបរវាងលោក កឹម សុខា និងលោក ហ៊ុន សែន ថាជាជំហានវិជ្ជមាន

Kem met with Gernam Ambassador on May 11, 2020
Kem met with Germany Ambassador on May 11, 2020

.

Advertisements