(CWCI Cambodia /អត្ថបទដោយ នគរ /26-11-2019)
ដើម្បីងាយស្រួលសិក្សាស្វែងយល់ អំពីប្រវត្តិនៃការបោះបង្គោលព្រំដែនខ្មែរ-យួន (History of Cambodia-Vietnam Border Posts) យើងខ្ញុំ​សូម​​ដកស្រង់​ខ្លឹមសារ​​បទបង្ហាញ​​របស់លោក ម៉ែន ណាត ប្រធាន​​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មាន​មូលដ្ឋាន​​នៅប្រទេស​​ន័រវេស៍ (Norway) ដែល​បាន​ផ្សព្វផ្សាយ​តាំង​ពី​​ឆ្នាំ​២០១៥ ខណៈ​ពេល​ការបោះបង្គោល​ព្រំដែន រវាងកម្ពុជា និង វៀតណាម បន្តដំណើរ​ការបោះ​បាន ៨៣% កាលនោះ រួមទាំង​ការវិវត្តិន៍​ថ្មីៗ​រហូត​បច្ចុប្បន្ន​នេះ។

ការបោះបង្គោលព្រំដែនកម្ពុជា និង​វៀតណាម មកទល់ឆ្នាំ​ ២០១៩ នេះ ភាគីទាំងពីរ បានទទួល​លទ្ធផល ៨៤% ហើយ​ភាគីទាំងពីរ បាន​ធ្វើសន្ធិ​សញ្ញា​ព្រំដែន​​បំពេញបន្ថែម​​ថ្មី​​មួយទៀត ហៅថា «សន្ធិសញ្ញា​បំពេញ​បន្ថែម ឆ្នាំ​២០១៩» ដែល​​បន្ថែម​ខ្លឹមសារ​​ទៅលើ​​សន្ធិសញ្ញាព្រំដែន​បំពេញបន្ថែម ឆ្នាំ​២០០៥ ដ៏ចម្រូងចម្រាស់ និង សន្ធិសញ្ញា​កំណត់​ព្រំដែនរដ្ឋ​រវាងកម្ពុជា-វៀតណាម ឆ្នាំ​១៩៨៥ ជាសន្ធិសញ្ញា​ខុសច្បាប់ ដែល​ផ្ទុយពីមាត្រា២ មាត្រា៥៥ នៃ​រដ្ឋធម្មនុញ ឆ្នាំំំ​១៩៩៣ និង ផ្ទុយ​ពីកិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។

ក្រុមអ្នកជំនាញកិច្ចការព្រំដែន និង​ក្រុមសកម្មជនព្រំដែន​ខ្មែរ នៅតែមិនអាច​ទទួល​យក​​បាន នូវលទ្ធផល​ការបោះបង្គោលព្រំដែន រួមទាំង​សន្ធិសញ្ញា​ព្រំដែន​ថ្មីៗ​នោះ​ផង។ {អានអត្ថបទបន្ថែម សូម​ចុច​ត្រង់​នេះ៖ សកម្មជន​​ព្រំដែន​ខ្មែរ ថ្កោល​ទោស​របប ហ៊ុន សែន ក្នុង​រឿង​​សន្ធិសញ្ញា​បំពេញ​បន្ថែម​ ២០១៩ និងឯកសារ៖ សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ ២០១៩ ដែល​​រដ្ឋសភា បាន​អនុម័ត រង​​ការ​​ថ្កោល​​ទោស​​ថា ធ្វើ​​ឲ្យ​​បាត់​​​បង់​​ទឹកដី}។

ប្រវត្តិនៃការបោះបង្គោលព្រំដែន មាន ៣ លើក

  • ទី១. តាមអនុសញ្ញាបារាំង កម្ពុជា និង កូសាំងស៊ីន(កម្ពុជាក្រោម) ឆ្នាំ​​១៨៧៣ បាន បោះ​ចំនួន ១២៤ បង្គោល។ ទាំង ១២៤ បង្គោល​នេះ ក្លាយជាព្រំដែន​ខ្មែរ-យួន នៅ​ពេល​បារាំង កាត់​ប្រគល់​ទឹកដី​ខ្មែរ​កម្ពុជាក្រោម ឲ្យ​ទៅ​​យួន ថ្ងៃទី​០៤ មិថុនា ឆ្នាំ​១៩៤៩។ កម្ពុជា វៀតណាម ឡាវ និង​បារាំង ទទទួលស្គាល់ខ្សែបន្ទាត់ព្រំដែន និង ផែនទី​ព្រំដែន នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​។ ហើយឯកសារ​ព្រំដែន ដែនអធិបតេយ្យជាតិ និងបូរណភាពទឹកដី​ខ្មែរ ក៏ត្រូវ​បាន​រំលឹក​ឡើងវិញ​​តាម​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ឆ្នាំ​១៩៩១។
  • ទី២. សន្ធិសញ្ញា​ថ្មី​ខុសច្បាប់ ឆ្នាំ​១៩៨៥ មាន​ឈ្មោះ​ពេញថា «សន្ធិសញ្ញា​កំណត់​ព្រំដែនរដ្ឋ​រវាង​កម្ពុជា​-​វៀតណាម» នៅ​ក្នុង​សម័យ​វៀតណាម ត្រួតត្រា​កម្ពុជា {ចន្លោះឆ្នាំ​១៩៧៩ ដល់​ឆ្នាំ ​១៩៨៩} បាន​បោះបង្គោល​​ព្រំដែន​ថ្មី ចំនួន ៧២ បង្គោល បោះ​នៅ​ឆ្នាំ ១៩៨៦-១៩៨៨។
  • ទី៣. សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម ឆ្នាំ​២០០៥ បាន​កំណត់ការបោះ​បង្គោល​ព្រំដែន ចាប់ពី​ឆ្នាំ​២០០៦ ពោលគឺ​ភាគី​ទាំងពីរ បោះ​​បាន ៨៤% មកទល់​ខែវិច្ឆកា ឆ្នាំ​២០១៩ នេះ ឬ​ស្មើ​នឹង​ ៣១៥ បង្គោល​ នៃ​ព្រំដែន​​​សរុប​ ៣៧៥ បង្គោល។ ហើយការបោះ​បង្គោល​ព្រំដែន​នេះ ​បានភ្ជាប់ជាមួយ​​ផែនទី​អម សន្ធិសញ្ញា​ខុស​ច្បាប់ ឆ្នាំ១៩៨៥។

លោក ម៉ែន ណាត ធ្លាប់​បាន​បញ្ជាក់​ជាហូរហែរ ប្រាប់បណ្តាញសារព័ត៌មាន​ក្នុង​ស្រុក​ថា «រាល់​ការធ្វើ​សន្ធិសញ្ញា​ព្រំដែន​ថ្មីម្តងៗ គឺ​តម្រូវ​ឲ្យមាន​ការបង្គោលព្រំដែនថ្មីរហូត ហើយភាគី​វៀតណាម តម្រូវ​ឲ្យភាគី​កម្ពុជា ទទួល​យក​លទ្ធផល​នៃ​ការរំកិល​ព្រំដែន​ថ្មី ចូល​ក្នុងទឹកដី​ខ្មែរ»

ក្នុងបទបង្ហាញ លោក ម៉ែន ណាត បញ្ជាក់ថា «ភាគី​រដ្ឋាភិបាល​ខ្មែរ ប្រើ​ផែនទី មិន​ទាន់​ត្រឹម​ត្រូវ, ខ្វះ​​ការចួលរួម​ពី​អ្នកជំនាញ​​ឯករាជ្យ​, ការ​ផ្ទៀងផ្ទាត់​ផែនទី​​កន្លង​ទៅ ដោយ​មិន​ផ្ទៀងផ្ទាត់​ លើផ្ទៃ​ដី​ជាក់ស្តែង, ការបង្គោល​ព្រំដែន​ថ្មី មិន​ស្ថិត​នៅ​លើទីតាំង​បង្គោល ព្រំដែន​ចាស់ ដែល​បន្សល់​ពីសម័យ​បារាំង, ពលរដ្ឋខ្មែរ​​តាមព្រំដែន បាត់បង់​ដីស្រែ​ចំការ, និង ការចាប់​សកម្មជន​ព្រំដែន ដាក់ពន្ធនាគារ ព្រមទាំង​ការគំរាម​កំហែង​នានា ហើយកម្ពុជា មិនទាន់​មាន​ឯកភាព​ផ្ទៃក្នុង​ជាតិ​ផង»។ ដូច្នេះ តើ​ពលរដ្ឋខ្មែរ បន្ត​មាន​ទំនុកចិត្ត​លើ​រដ្ឋាភិបាល លោក ហ៊ុន សែន កម្រិតណា​ ក្នុងរឿង​ដោះស្រាយបញ្ហា​ព្រំដែន ?

—————–
ឯកសារភ្ជាប់
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ ២០០៥ ទៅលើសន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ រវាងកម្ពុជា​-វៀតណាម ឆ្នាំ១៩៨៥ (សូមទាញយក Download)
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង​វៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់​ជាមួយ​បញ្ជី​ស្ថិតិ ផែនទី​​ព្រំដែន ១៩៨៥ (ដើម) Download 
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង​កម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូម​ទាញ​យក Download)
– កំណត់ហេតុ​ប្រជុំ ជាឯកសារ​សម្ងាត់ ឆ្នាំ​២០០៧ ស្តី​ពី​​​ការបោះបង្គោល​​ព្រំដែន​ ​កម្ពុជា​-​វៀតណាម Download
– សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បានផ្តល់​សិទ្ធិ និងជួយ​ការពារពលរដ្ឋ​វៀតណាម​ខុសច្បាប់ នៅ​កម្ពុជា (សូមអានលំអិត សារាចរណ៍​ណែនាំ ហ៊ុន សែន ១៩៨៦)
– សន្ធិសញ្ញាព្រំដែនទឹកប្រវត្តិសាស្រ្ត ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ១៩៨២ ចុះហត្ថេលខា​ដោយលោក ហ៊ុន សែន និង ង្វៀង កូថាច់ ធ្វើឲ្យ​វៀតណាម កាន់កាប់​ប្រជុំ កោះត្រល់ មក​ទល់សព្វថ្ងៃ​។ (សូម​ទាញយក​ឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ «ដើម» ឬទាញ​យក​ឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ «ចម្លង»)

—————–