(CWCI Cambodia /អត្ថបទដោយ នគរ /២៨ វិច្ឆិកា ២០១៩)
អាជ្ញាធរខេត្តកំពង់ឆ្នាំង សម្រេចផ្តល់តំបន់ថ្មី មានទំហំដីប្រមាណ ៤០ ហិកតា សម្រាប់​​បម្លាស់​​ទី​ជនជាតិវៀតណាម ជាង ៤០០០ គ្រួសារ ចេញពី​ការរស់នៅលើ​ផ្ទះបណ្តែតទឹក ​នៅ​ទន្លេសាប។ តំបន់ថ្មីនោះ ស្ថិតនៅ​ភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ នេះបើតាម លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង បានប្រាប់កាសែតក្នុងស្រុក ថ្ងៃទី​២៦ ខែវិច្ឆិកា ២០១៩។

ការបម្លាស់ទីជនជាតិវៀតណាម​នេះ ធ្វើឲ្យមានមតិរិះគន់យ៉ាងខ្លាំង នៅលើ​បណ្តាញសង្គម​ថា អាជ្ញាធរខ្មែរ កាត់ដីខ្មែរឲ្យជនជាតិវៀតណាម រស់នៅយ៉ាងរំភើយ និងអត់គិតថ្លៃ ខណៈពេលពលរដ្ឋខ្មែរ រាប់ម៉ឺនគ្រួសារ បាននិងកកំពុងរងគ្រោះដីធ្លី ដោយការរំលោភបំពានពីអ្នកមានអំណាច និងពួកឈ្មួញទុច្ចរឹត។ ទង្វើនោះ ជាការប្រមាថ​ដល់ទឹកចិត្ត​ពលរដ្ឋ​ខ្មែរម្ចាស់​ស្រុក និង​ជាការរំលោភ​បំពាន​ច្បាប់​យ៉ាងកំរោល។

លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ធ្លាប់បានប្រាប់​បណ្តាញ​សារព័ត៌មាន​​​ភាសាខ្មែរ និងតាមរយៈសេចក្តីថ្លែងការណ៍​ ព្រមទាំងតាមរយៈ​បទបង្ហាញផង នាពេល​កន្លងទៅ សំដៅចំពោះរបបដឹកនាំរបស់​លោក ហ៊ុន សែន ដោយ​លើកឡើង​ភ្ជាប់ជាមួយ​ឯកសារាចរណ៍​ណែនាំ ដែលចុះហត្ថលេខា​​ដោយ​​លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពី​ថ្ងៃទី​ ២៦ កុម្ភៈ ១៩៨៦ ស្តីពី​«ការអនុវត្ត​គោលនយោបាយ​ ចំពោះ​អណិកជន​វៀតណាម​ នៅកម្ពុជា»

លោក ម៉ែន ណាត បញ្ជាក់ថាឯកសារសារចរណ៍ណែនាំ របស់លោក ហ៊ុន សែន ឆ្នាំ​១៩៨៦ នោះ​ ជាឯកសារមូលដ្ឋាន ដែលភាគីរដ្ឋាភិបាលវៀតណាម បន្តរំលឹកគ្រប់ពេលវេលា ទៅកាន់របបលោក ហ៊ុន សែន មកទល់សព្វថ្ងៃ ដើម្បីជំរុញនូវ​ការផ្តល់​សិទ្ធិ ការការពារ និង​ជួយ​សម្រួល​លក្ខខណ្ឌ​នានា ដល់ជនជាតិ​វៀតណាម​ នៅ​កម្ពុជា (អានលំអិត សារាចរណ៍​​ណែនាំ ហ៊ុន សែន ១៩៨៦)។ ជនជាតិ​វៀតណាម ចូលមករស់នៅកម្ពុជា សុទ្ធតែខុសច្បាប់ បើតាមខ្លឹមសារ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៩១ ដែលតម្រូវឲ្យដាក់មោឃភាព នូវរាល់ឯកសារ និងសន្ធិសញ្ញាទាំងឡាយណា ធ្វើឡើងមុនទសវត្សទី៩០។ ជនជាតិវៀតណាម​ទាំងនោះ នៅតែខុសច្បាប់ដដែល បើផ្អែកតាមច្បាប់​អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ (លំអិត៖ច្បាប់អន្តោប្រវេសន៍ ឆ្នាំ​១៩៩៤) និង​ច្បាប់សញ្ជាតិ ឆ្នាំ១៩៩៦ (លំអិត៖ ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ​១៩៩៦ )។ បើតាមច្បាប់ ជនអន្តោប្រវេសន៍ខុសច្បាប់ ត្រូវតែបញ្ជូនត្រឡប់ទៅកាន់ប្រទេស​របស់ខ្លួនវិញ។

ដោយឡែកលោក អ៊ុំ សំអាន អតីតសមាជិក​សភា​ពី​បក្សប្រឆាំង និង​ជាសកម្មជនព្រំដែន បាន​បញ្ជាក់ដែរថា «នៅឆ្នាំ​​១៩៨៦ លោក ហ៊ុន សែន បានផ្តល់ភាពស្របច្បាប់ ដល់​អណិកជន​វៀតណាម នៅកម្ពុជា ដូចជា​ការផ្តល់​លិខិត​សម្គាល់​ខ្លួន (អត្តសញ្ញាណប័ណ្ណ) និង​​សៀវភៅគ្រួសារ នៅ​ពេលគាត់ ជានាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​លើកបន្តុប​​ដោយ​​វៀតណាម ក្នុង​សម័យ​វៀតណាម គ្រប់គ្រង​កម្ពុជា»

លោក អ៊ុំ សំអាន បន្ថែមថារបបលោក ហ៊ុន សែន អនុវត្តគោលនយោបាយ​ចំពោះជន​​ជាតិ​វៀតណាម នៅកម្ពុជាសព្វថ្ងៃ បន្ត​អនវត្តតាមខ្លឹមសារ​សារាចរណ៍ណែនាំ​ ឆ្នាំ១៩៩៦ ដែល​ជាឯកសារខុសច្បាប់។

បើតាមច្បាប់សញ្ជាតិ ឆ្នាំ​១៩៩៦ ឲ្យដឹងថា ជនបរទេស​មានសញ្ជាតិខ្មែរទៅ​បាន ករណី​សាម៉ីខ្លួន​បាន​បំពេញលក្ខខណ្ឌត្រឹមត្រូវ តាមច្បាប់ជាមុនសិន។ ជនបរទេស អាចកាន់អត្តសញ្ញាណ​​បណ្ណ័​​សញ្ជាតិខ្មែរបាន លុះត្រាមានព្រះរាជក្រិត្យ​ ពីព្រះមហាក្សត្រ និង​មានឯកសារបញ្ជាក់​ពី​ការធ្វើសច្ចាប្រណិធាន នៅតុលាការកំពូល។

អភិបា​លរងខេត្តកំ​ពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ មិននិយាយលំអិត​ពាក់​ព័ន្ធ​​រឿងជនជាតិវៀតណាម កាន់​ឯកសារស្របច្បាប់ ឬមាន​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​នោះ​ទេ ប៉ុន្តែលោក បា​នប្រាប់​ព័ត៌មាន​​ក្នុងស្រុក​ថា នៅថថ្ងៃទី ២៧ វិច្ឆិកា នេះថា «ការរៀ​បចំ​បម្លាស់​ទី ជាង ៤០០០ គ្រួសារនេះ រួមមានវៀតណាម ខ្មែរអ៊ីស្លាម និងពលរដ្ឋខ្មែរផងដែរ។ ប៉ុន្តែក្រុមអ្នករិះគន់ នៅតែ​មិន​ជឿជាក់​ លើ​ការលើក​ឡើង​របស់​អាជ្ញាធរ ហើយទិតៀន​ថា «ជាការនិយាយ​ដោះសារ»។

ទោះជាយ៉ាងណាក៏ដោយ គេហទំព័រមួយ​ឈ្មោះសេន (CEN) ដែលលំអៀង​ទៅ​របប​លោក ហ៊ុន សែន បានចុះ​ផ្សាយ​ថា «គម្រោង​របស់​ក្រសួង​​​សាធារណការ ​​នៅ​​​ឆ្នាំ​​២០២០ នឹង​ផ្តល់​​ថវិកា​​ជួយ​​កសាង​​ផ្លូវ​កៅស៊ូ​ ២ ខ្សែ ប្រវែង​ជាង​ ៧​ គីឡូម៉ែត្រ ចេញពី​ទីតាំង​ភូមិ​ថ្មី​នេះ។ ហើយ​នៅពេល​ធ្វើ​ផ្លូវ​រួចរាល់ នឹងមាន​រៀបចំ​ប្រព័​ន្ធទឹកស្អាត ​អគ្គីស​នី ឲ្យ​ស្រប​តាម​​គោលនយោបាយ​អភិវឌ្ឍន៍ របស់​ប្រមុខ​រាជរដ្ឋាភិបាល»

Advertisements