អត្ថបទ TCD /11th-6-2020
ក្រុមសកម្មជនការពារបរិស្ថាន ដែលរងការឃាត់ខ្លួនពីអជ្ញាធរ ក្នុងយុទ្ធនាការដាក់ញតិ្ត ជូនខុទ្ធកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រុមនេះ មានប្រតិកម្មថា អាជ្ញាធរកំពុងបិទបាំង អំពើទុច្ចរិតរបស់ពួកគេ ជាជាងការពារទ្រព្យសម្បត្តិជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ។
លោក មួង សុភ័ក្ត្រណា សកម្មជន១០០រាត្រី បានថ្លែងថា យុទ្ធនាការ «សង្គ្រោះកោះកុងក្រៅ» មានបំណងដាក់តំបន់នេះ ឲ្យទៅជាឧទ្យានជាតិ ដើម្បីបញ្ជៀសពីការសម្បទាន ទៅឲ្យក្រុមហ៊ុនឯកជន។ លោក សុភ័ក្ត្រណា ថ្លែងបែបនេះ ធ្វើឡើងក្នុងកម្មវិធី Idea Talk របស់សារព័ត៌មាន ឌឹខេមបូឌា ដេលី (The Cambodia Daily) នារាត្រីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ។ លោកបន្តថា ធនធានធម្មជាតិ ជីវៈចម្រុះ ព្រៃឈើ និងឆ្នេដ៏ស្រស់ស្អាត នៅកោះកុងក្រៅ នឹងត្រូវរងការបំផ្លិចបំផ្លាញ នៅពេលតំបន់នេះ ធ្លាក់ទៅជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជន។
លោក មួង សុភ័ក្ត្រណា បានថ្លែងថា ការងារក្រុមសកម្មជន គឺដើម្បីការពារបរិស្ថាន និងផលប្រយោជន៍ប្រជាពលរដ្ឋតែប៉ុណ្ណោះ មិនបានប្រព្រឹត្តផ្ទុយនឹងច្បាប់ ដូចការចោទប្រកាន់ {ពីអាជ្ញាធរ} នោះឡើយ។
ជាមួយគ្នានេះ ទំព័រហ្វេសប៊ុករបស់ចលនាមាតាធម្មជាតិ (Mother Nature Cambodia) និងស្ថាបនិកនៃចលនានេះ គឺលោក អាឡិច (Alejandro Gonzalez-Davidson) បានផ្សព្វផ្សាយថា «របបលោក ហ៊ុន សែន បានសម្រេចចិត្តលក់កោះកុងក្រៅ ទៅឲ្យឧកញ៉ា លី យ៉ុងផាត់ ធ្វើការអភិវឌ្ឍ នៅថ្ងៃទី ១៤ ខែមិថុនា ២០១៩» (មានទំព័រភ្ជាប់)។
ចំណែកកញ្ញា ឈឿន ដារ៉ាវី សកម្មជនខ្មែរថាវរៈ ថ្លែងក្នុងកម្មវិធីពិភាក្សា Idea Talk បានរិះគន់ថា «ទង្វើរបស់អាជ្ញាធរ ដែលរារាំងយុទ្ធនាការដើម្បីបរិស្ថាន ក្នុងពេលនោះ ប្រៀបបានទៅនឹងក្រុមចាប់ជំរិតសុទ្ធសាធ»។ សកម្មជនខ្មែរថាវរៈរូបនេះ ទម្លាយថា ការដាក់ញត្តិនេះ គឺដើម្បីទាមទារឲ្យរដ្ឋាភិបាលអនុវត្តច្បាប់ ឲ្យបានតឹងរ៉ឹង ព្រោះអាជ្ញាធរមួយចំនួន កំពុងភ័យព្រួយពីការបកអាក្រាតទង្វើល្មើសច្បាប់របស់ពួកគេ ពីការដាក់ញត្តិនេះ។
ក្រុមយុវជនស្រលាញ់បរិស្ថាន សម្តែងការភ័យព្រួយថា តំបន់ដែលមានសក្តានុពលមួយនេះ មានផ្ទៃដីទំហំ១០៣ គីឡូម៉ែត្រក្រឡា មានឆ្នេរប្រវែង ៥៣ គីឡូម៉ែត្រ និងមានដើមឈើធំៗ កូនភ្នំ សត្វព្រៃ ទឹកធ្លាក់ជាច្រើនកន្លែង ឆ្នេរខ្សាច់់សក្បុស និងផ្កាថ្មជាដើម អាចនឹងរងការបំផ្លាញ ដូចកោះផ្សេងៗជាច្រើនទៀត។
យុវជនជិត ២០ នាក់ បានធ្វើយុទ្ធនាការសង្គ្រោះកោះកុងក្រៅ ដោយជិះកង់ពីក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង មកកាន់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ ក្នុងចម្ងាយផ្លូវប្រមាណ ៣០០ គីឡូម៉ែត្ រក្នុងវត្ថុបំណងធ្វើការតវ៉ាឲ្យរដ្ឋាភិបាល ដាក់តំបន់កោះកុងក្រៅ ជាតំបន់ការពារ និងអភិរក្ស។ យុទ្ធនាការនេះ បានចាប់ផ្តើមឡើងដោយការជិះកង់ចំនួន ១១ កង់ ម៉ូតូ ២ គ្រឿង និងម៉ូតូកង់បី ១ គ្រឿង។
កាលពីថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ២០២០ លោក ហ៊ុន សែន សម្រេចបង្កើតគណៈកម្មាធិការត្រួតពិនិត្យការអភិវឌ្ឍ នៅតំបន់កោះកុងក្រៅ ក្នុងខេត្តកោះកុង។ គណៈកម្មាធិការនេះ មានសមាជិកចំនួន ៩ រូប ដឹកនាំដោយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ បានចុះហត្ថលេខាលើអនុក្រឹត្យ លេខ ១៣៣ ប្រគល់តំបន់ឧទ្យានជាតិ បុទុមសាគរ ស្ថិតនៅក្នុងតំបន់ភូមិសាស្ត្រស្រុកបុទុមសាគរ ខេត្តកោះកុង ឲ្យទៅក្រុមហ៊ុនឯកជនចំនួន ២៖ «១). ក្រុមហ៊ុន JW Cambodia Eco Holidays មានទំហំផ្ទៃដីសរុប ៥០០០ ហិកតា និង ២). ក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត ខូ អិលធីឌី (Koh kong SEZ Co,LTD) មានផ្ទៃដីសរុប ៩,៩៧៧ ហិកតារ»។ ក្រុមហ៊ុន Dothy Free Shop បានប្តូរឈ្មោះមកជាក្រុមហ៊ុន កោះកុង អេស អ៊ី ហ្សិត ខូ អិលធីឌី (Koh kong SEZ Co,LTD) គឺជាកម្មសិទ្ធរបស់លោកឧញ៉ា លី យ៉ុងផាត់ ដែលមានតួនាទីជាសមាជិកព្រឹទ្ធសភា របស់គណបក្សកាន់អំណាច ក្នុងពេលបច្ចុប្បន្ន។ (មានអត្ថបទភ្ជាប់)។
ជាងនេះទៅទៀត កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងលើគេហទំព័រ Facebook របស់ខ្លួនថា យុវជនត្រូវជៀសវាងការបង្កើតឆាកល្ខោន សម្តែងធ្វើអាជីវកម្ម ដើម្បីកេងចំនេញនយោបាយ ហើយក្រសួងរំពឹងថា នឹងប្រកាសតំបន់កោះកុងក្រៅនេះជាឧទ្យានជាតិសមុទ្រ អំឡុងឆ្នាំ២០២១ ខាងមុខ។
ជុំវិញករណីនេះ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភា បានចាត់ទុកការជិះកង់របស់ក្រុមយុវជនថា «មានចេតនាមិនល្អ»។ ចំណែកអាជ្ញាធរខេត្តកោះកុងអះអាងថា ការជិះកង់របស់យុវជនទាំងនេះថា «ជាឆាកល្ខោននយោបាយតែប៉ុណ្ណោះ»។
ប៉ុន្តែលោក ថោង ច័ន្ទដារ៉ា អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃ សមាគមអាដហុក ប្រចាំខេត្តកោះកុងថ្កោលទោសថា «ការឃាត់ចាប់យកកង់របស់យុវជនការពារបរិស្ថាន គឺជាការរំលោភបំពានសិទ្ធិសេរីភាព រំលោភសិទ្ធិមនុស្ស និងជាន់ឈ្លីប្រជាធិបតេយ្យនៅកម្ពុជា»។ លោកបន្តថា ការរារាំងនេះ ធ្វើឲ្យសាធារណជន សម្តែងការមិនពេញចិត្ត និងបាត់ទំនុកចិត្ត លើអាជ្ញាធរយ៉ាងខ្លាំង។
ក្រុមសកម្មជនការពារបរិស្ថាន បានប្តេជ្ញាថា ទោះជាការដាក់ញត្តិជំហានដំបូង រងការគម្រាមកំហែង ក៏ពួកគេមិនរាថយឡើយ។ ការដាក់ញត្តិ នឹងធ្វើឡើងបន្តទៀតនៅពេលក្រោយ។ ពួកគេបន្តថា ដើម្បីរកការពិតនៅពីក្រោយនៃការឃុបឃិតបំផ្លាញតំបន់កោះកុងក្រៅនេះ ដោយពួកគេនឹងបន្តសកម្មភាពខ្លាំងជាងមុនន្ថែមទៀត ទោះមានការគម្រាមកំហែងដល់អាយុជីវិតពួកគេក៏ដោយ៕
អត្ថបទទាក់ទង
– កោះកុងក្រៅ ត្រូវបានលក់ឲ្យក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់(?)
– ឯកសារ៖ កម្ពុជាបាត់បង់ចំណូលជាតិជាង ៣០លានដុល្លារ នាំខ្សាច់ ទៅ តៃវ៉ាន់ បន្ថែមលើការបាត់បង់ ៧០០លានដុល្លារ នៃការនាំខ្សាច់ទៅសិង្ហបុរី
– ឯកសារ៖ Global Witness អំពាវនាវដាក់ទណ្ឌកម្មសេដ្ឋីខ្មែរ ៤ រូប និងបង្ហាញពីការរកស៊ីទុច្ចរឹតមាន ហ៊ុន ម៉ាណា, ហ៊ុន តូ និង សុខ ពុទ្ធិវុធ


.