អត្ថបទ CWCI Cambodia / 09th-6-2020

សកម្មជនទាមទារសិទ្ធិសេរីភាពខ្មែរ​កម្ពុជា​ក្រោម បាន​​យល់ស្របគ្នា​ថា ពលរដ្ឋខ្មែរ​​ក្រោម មិន​​បោះ​បង់​​ទឹក​ដី​​របស់​​ខ្លួន​ដាច់​​ជា​ខាត ទោះ​​ត្រូវ​​រង​ការ​ធ្វើ​​ធ្វើ​ទុក្ខបុក​ម្នេញ​ ពី​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម​ក៏ដោយ។ ពួកគេ​ប្តេជ្ញា​ថា នៅ​តែ​តស៊ូ​រការពារ អត្តសញ្ញាណជាតិ ប្រពៃណី វប្បធម៌​របស់​ខ្លួន​ ​ដើម្បីទឹកដី និង​កូន​ចៅ​ជំនាន់ក្រោយ​របស់​ពួកគេ។ នេះបើតាមការលើកឡើងរបស់ក្រុម​វាគ្មិន ក្នុង​កម្មវិធី Idea Talk នៃ​​​សារព័ត៌មាន ​ឌឺខេមបូឌា ឌែលី (The Cambodia Daily) កាល​ពី​​រាត្រីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២០ កន្លង​ទៅ។

ប្រធាន​សហព័ន្ធខ្មែរក្រោមពិភព​លោក នៅ​​ប្រទេស​កាណាដា លោក ថាច់ ងុក ថាច់ បាន​ប្តេជ្ញា​ថា ​«​នឹង​ស្វះស្វែង​រក​ការគាំទ្រ​ពីគ្រប់​មជ្ឈដ្ឋាន ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ពលរដ្ឋខ្មែរក្រោម ដែល​កំពុង​ធ្វើការតស៊ូប្រឆាំង​ទាមទារសិទ្ធិលើទឹកដីរបស់ខ្លួន ពីប្រទេសវៀតណាម»។ លោកបន្តថា ការជួយនិស្សិត​បញ្ញវន្ត​ខ្មែរ​ក្រោម​ ឲ្យ​មាន​កម្រិត​វប្បធម៌​ខ្ពង់ខ្ពស់ ផ្នែក​ប្រវត្តិសាស្ត្រ ផ្លូវច្បាប់ និង​នយោបាយ​ការទូត ជាកម្លាំងចលករ​មួយ អាចឲ្យ​ពួកគេ​មាន​សមត្ថភាព​តស៊ូមតិ​ស្រប​ទៅ​នឹង​ច្បាប់អន្តរជាតិ​ ក្នុង​ការទាម​ទារ​មាតុភូមិ​កំណើត​របស់ពួកគេ​ ត្រឡប់​មកវិញ។

ចំណែកលោក ត្រឹង ម៉ាន់រិន ប្រធាន​ផ្នែក​ផែនការ​របស់ ស​ហព័ន្ធខ្មែរកម្ពុជាក្រោម បានគូស​​បញ្ជាក់​ថា «ចំណុច​ខ្លាំង​របស់​ពលរដ្ឋខ្មែរ​កម្ពុជាក្រោម គឺ​ត្រូវ​តែ​បន្ត​រក្សា​អត្តសញ្ញាណជាតិ ព្រះពុទ្ធសាសនា វប្បធម៌ ទំនៀម​ទម្លាប់ ប្រពៃណី ហើយ​ត្រូវបន្ត​ប្រើប្រាស់​ភាសា និង​អក្សរសាស្រ្តខ្មែរ ឲ្យបាន​កាន់​តែ​ទូលំទូលាយ​ថែម​ទៀត»។ លោកមានសុទិដ្ឋិ​និយមថា កាលៈទេសៈនេះ ការ​ប្រើ​អំពើ​ហិង្សា​ដើម្បី​ទាមទារ​ទឹកដី​ មិន​មែន​ជា​ដំណោះស្រាយ​​ឡើយ ផ្ទុយ​ទៅ​វិញ ការតស៊ូ​ដោយ​ប្រើវិធាន​ការ​ច្បាប់​ជាតិ និង​អន្តរជាតិ ទើប​មានប្រសិទ្ធិភាព។

ជុំវិញ​ការលើកឡើងនេះ លោក មាជ សុវណ្ណរ៉ា អតីត​អ្នកទោស​នយោបាយ​ បាន​ផ្តល់អនុសាសន៍​ថា «ប្រទេសកម្ពុជា​ អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ ក្នុង​ការទាមទារ​ទឹកដីកម្ពុជា​ក្រោម ត្រឡប់​មកវិញ​ ដោយផ្អែកលើ​ឯកសារប្រវត្តិសាស្ត្រ និង​ច្បាប់​អន្តរជាតិ​ មាន​ភស្តុតាង​​ស្រប​ច្បាប់​គ្រប់គ្រាន់ តម្កល់​នៅប្រទេស​បារាំង និង​អង្គការសហប្រជាជាតិ ដែល​បញ្ជាក់ថា​ ទឹកដីកម្ពុជាក្រោម ជារបស់ខ្មែរ»។ ម្យ៉ាង​វិញ​ទៀត លោក​ក៏ងាកមក​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​ជារដ្ឋាភិបាល​ជាប់ខ្នោះ​នយោបាយ​ជាមួយ​វៀត​ណាម ទើប​បណ្តោយ​ឲ្យ​វៀតណាម​ ឈ្លាន​ពាន​កម្ពុជា​ មក​ទល់សព្វថ្ងៃ។

ទឹកដីកម្ពុជាក្រោម ជា​ដី​សណ្តរ​ស្ថិត​នៅ​ភាគខាង​ក្រោម​នៃ​ប្រទេសកម្ពុជា ដែលមាន​ ២១ ខេត្ត និង ទំហំប្រមាណ ៦៧៧០០ គីឡូម៉ែត្រក្រឡា ប្រហាក់ប្រហែល​ពាក់​កណ្តាល​នៃ​ផ្ទៃដី​សរុបរបស់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ «នៅថ្ងៃទី ០៤ ខែមិថុនា ១៩៤៩ សភា​បារាំង​ បាន​អនុម័ត​កាត់​ទឹកដី​កម្ពុជាក្រោម ដែលហៅ​ថា​កូសាំងស៊ីន (Cochinchine) ទៅឲ្យ​វៀត​ណាម ដោយ​គ្មាន​ការ​ឯកភាព​ពី​ព្រះមហាក្សត្រខ្មែរ​ ​ក្នុង​អំឡុង​ពេល​បារាំង ដាក់​អាណាព្យាបាល​លើ​កម្ពុជា​នោះ​ទេ»

ចាប់តាំង​ពីទទួល​សិទ្ធិគ្រប់គ្រង​ពីបារាំង​មក វៀតណាម​បាន​ប្រើល្បិចកល​ ដើម្បី​បំបាត់​វប្បធម៌ អត្តសញ្ញាណ​ខ្មែរ ជំនឿ​សាសនា រំលោភ​សិទ្ធិមនុស្ស ផ្លាស់ប្តូរ​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ និង​ធ្វើទុក្ខ​បុក​ម្នេញចាប់​ព្រះសង្ឃ និង​ពលរដ្ឋខ្មែរកម្ពុជា ដាក់​ពន្ធនាគារ ហើយ​និង​បង្ក្រាប​ការប្រឆាំង​តវ៉ា​ទាមទារ​សិទ្ធិ​ជាជនជាតិ​ដើម​កំណើត។

សកម្មជន​ការពារសិទ្ធិខ្មែរ​ក្រោម បាន​អះអាង​ថា ទឹកដីកម្ពុជា​​ក្រោម ​មិន​​ទាន់​​បាត់​បង់​ ឬ​​ជា​​កម្មសិទ្ធិ​​ផ្ដាច់​​មុខ​​របស់​​វៀតណាម​​នោះ​ទេ។ ពួកគេអះអាងថា «ផ្អែក​​លើ​​ធម្មនុញ្ញ​​នៃ​​ អង្គការ​​​សហប្រជាជាតិ​ឆ្នាំ ១៩៤៦ ដែល​​ចែង​​ មុន​​ពេល​​បារាំង​​ផ្ទេរ​​ទឹក​ដី​​កម្ពុជា​​ក្រោម ​ទៅ​​ឲ្យ​​វៀតណាម​​​ថា រដ្ឋ​​ណា​​មួយ ដែល​​ខ្លួន​​ឯង​មិន​​មែន​​ជា​​ម្ចាស់​​ រដ្ឋ​នោះ​​មិន​​អាច​​ផ្ទេ​រសិទ្ធិ​​ឱ្យ​​ទៅ​​ភាគី​ណា​មួយ​​ឡើយ»

ថ្ងៃទី ០៤ មិថុនា ឆ្នាំ ២០២០ នេះ គឺ​ជា​ខួប ​៧១ ឆ្នាំ​​នៃ​​ការ​បាត់​បង់​​ទឹក​ដី​​កម្ពុជា​​ក្រោម ​ទៅ​​ឲ្យ​​វៀត​​ណាម​​គ្រប់​​គ្រង​​បន្ត​ពី​អាណា​និគម​​​​បារាំង​។ អង្គការ​​ខ្មែរ​​កម្ពុជា​​ក្រោម​ បាន​​អំពាវ​នាវ​​ឲ្យ​ប្រជា​ពលរដ្ឋ​​ខ្មែរ​​ទាំង​​អស់​ប្រារព្ធ​​ទិវា​​កាន់​ទុក្ខ​​ជាតិ​ខ្មែរ​ នៅ​​តាម​​គហដ្ឋាន ​​តាម​​វត្ត​អារាម​​នានា​ ដើម្បី​​បង្ហាញ​​ពី​​ការ​ឈឺ​ចាប់​​ និង​​ចង​ចាំ​​ថ្ងៃ​​ជា​​ប្រវត្តិ​សាស្ត្រ​​មួយ​​នេះ​ ​ដើម្បី​​សម្ដែង​​នូវ​​កតញ្ញូតា​ធម៌​​ គារវកិច្ច ចំពោះ​វិញ្ញាណក្ខន្ធ​​វីរបុរស​ ​ក្នុង​​បុព្វហេតុ​ជាតិ​​មាតុភូមិ៕​

.

Advertisements