អត្ថបទ TCD /11th-6-2020

ក្រុមសកម្មជន​ការពារ​បរិស្ថាន ដែល​រងការឃាត់​ខ្លួន​ពី​អជ្ញាធរ ក្នុង​យុទ្ធនាការ​ដាក់​ញតិ្ត ជូន​ខុទ្ធកាល័យលោក​​​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រុមនេះ មាន​ប្រតិកម្មថា អាជ្ញាធរ​​កំពុងបិទបាំង​ អំពើទុច្ចរិត​របស់​ពួកគេ ​ជាជាង​ការពារ​ទ្រព្យសម្បត្តិ​ជាតិ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ។

លោក មួង សុភ័ក្ត្រណា សកម្មជន១០០រាត្រី បាន​ថ្លែងថា​ យុទ្ធនាការ «សង្គ្រោះ​កោះកុងក្រៅ» មាន​បំណងដាក់​​តំបន់​នេះ ​ឲ្យ​ទៅ​ជាឧទ្យានជាតិ ដើម្បី​បញ្ជៀស​​ពីការ​សម្ប​ទាន ទៅ​ឲ្យ​ក្រុមហ៊ុនឯកជន។ លោក សុភ័ក្ត្រណា ថ្លែង​បែប​នេះ ធ្វើឡើង​ក្នុងកម្មវិធី Idea Talk របស់​​សារព័ត៌មាន ឌឹ​ខេមបូឌា ដេលី (The Cambodia Daily) នា​រាត្រីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ។ លោកបន្តថា ធនធាន​ធម្មជាតិ ជីវៈ​ចម្រុះ ព្រៃឈើ និង​ឆ្នេដ៏ស្រស់ស្អាត នៅកោះកុងក្រៅ នឹង​ត្រូវ​រងការបំផ្លិច​បំផ្លាញ​ នៅ​ពេលតំបន់​នេះ ធ្លាក់​ទៅ​ជាកម្មសិទ្ធិរបស់​ក្រុមហ៊ុន​ឯកជន។

លោក មួង សុភ័ក្ត្រណា បានថ្លែងថា ការងារក្រុមសកម្មជន ​គឺដើម្បីការពារបរិស្ថាន និងផលប្រយោជន៍​ប្រជា​ពលរដ្ឋតែ​ប៉ុណ្ណោះ មិន​បាន​ប្រព្រឹត្តផ្ទុយ​នឹង​ច្បាប់ ដូច​ការចោទប្រកាន់ {ពីអាជ្ញាធរ} ​នោះឡើយ។

ជាមួយគ្នានេះ ទំព័រហ្វេសប៊ុក​របស់​ចលនាមាតាធម្មជាតិ (Mother Nature Cambodia) និងស្ថាបនិកនៃ​ចលនា​នេះ គឺលោក អាឡិច (Alejandro Gonzalez-Davidson) បាន​ផ្សព្វផ្សាយ​​ថា «របប​លោក ហ៊ុន សែន បាន​​សម្រេចចិត្ត​លក់​កោះកុងក្រៅ ទៅឲ្យឧកញ៉ា លី យ៉ុងផាត់ ធ្វើការអភិវឌ្ឍ​ នៅថ្ងៃទី ១៤ ខែមិថុនា ២០១៩» (មានទំព័រភ្ជាប់)។

ចំណែកកញ្ញា​ ឈឿន ដារ៉ាវី សកម្មជនខ្មែរថាវរៈ ថ្លែង​ក្នុង​កម្មវិធី​ពិភាក្សា Idea Talk បាន​រិះគន់ថា «ទង្វើរបស់​អាជ្ញាធរ ដែល​​រារាំង​យុទ្ធនាការ​ដើម្បី​​បរិស្ថាន ក្នុងពេលនោះ ប្រៀប​​បាន​​ទៅ​​នឹង​​ក្រុម​ចាប់​​ជំរិត​​សុទ្ធ​សាធ»។ សកម្មជន​ខ្មែរ​ថាវរៈរូបនេះ ទម្លាយ​ថា ការដាក់ញត្តិនេះ គឺ​ដើម្បី​ទាមទារ​ឲ្យរដ្ឋាភិបាលអនុវត្តច្បាប់ ឲ្យបានតឹងរ៉ឹង ព្រោះ​អាជ្ញាធរ​មួយចំនួន កំពុង​ភ័យព្រួយ​ពីការ​បកអាក្រាត​ទង្វើល្មើស​ច្បាប់​របស់ពួកគេ ពី​ការដាក់ញត្តិ​នេះ។

ក្រុមយុវជន​ស្រលាញ់​បរិស្ថាន សម្តែង​ការភ័យ​ព្រួយថា តំបន់​ដែល​មាន​​សក្តានុ​ពល​​មួយ​នេះ ​មាន​​ផ្ទៃ​ដី​​ទំហំ​១០៣ ​គីឡូ​​ម៉ែត្រ​​ក្រឡា ​មាន​​ឆ្នេរ​ប្រវែង​ ​៥៣ ​គីឡូម៉ែត្រ ​និង​មាន​ដើម​​ឈើ​ធំៗ ​កូន​ភ្នំ​ សត្វព្រៃ​ ទឹកធ្លាក់​​ជាច្រើន​​កន្លែង ​ឆ្នេរ​​ខ្សាច់់ស​ក្បុស ​និង​​ផ្កា​ថ្ម​ជាដើម អាច​នឹងរងការបំផ្លាញ ដូច​កោះផ្សេងៗ​ជាច្រើន​ទៀត។

យុវជនជិត ២០ នាក់ បាន​ធ្វើយុទ្ធនាការ​សង្គ្រោះកោះកុង​ក្រៅ ដោយ​ជិះកង់​ពីក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង មក​កាន់​រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ ក្នុងចម្ងាយ​ផ្លូវ​ប្រមាណ ៣០០ គីឡូម៉ែត្ រក្នុងវត្ថុបំណង​ធ្វើការ​តវ៉ា​ឲ្យ​រដ្ឋាភិបាល ដាក់​តំបន់កោះកុងក្រៅ ជាតំបន់​ការពារ និង​អភិរក្ស។ យុទ្ធនាការនេះ បាន​ចាប់ផ្តើម​ឡើង​ដោយ​ការជិះកង់​ចំនួន ១១ កង់ ម៉ូតូ​ ២ គ្រឿង និងម៉ូតូកង់បី ១ គ្រឿង។

កាលពីថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ២០២០ លោក ហ៊ុន សែន សម្រេចបង្កើតគណៈកម្មាធិការ​ត្រួត​ពិនិត្យ​​ការអភិវឌ្ឍ នៅ​តំបន់​កោះកុងក្រៅ ក្នុង​ខេត្តកោះកុង។ គណៈកម្មាធិការនេះ មាន​សមាជិក​ចំនួន ៩ រូប ដឹក​នាំ​ដោយ​លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន។

ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ បាន​ចុះហត្ថលេខា​លើអនុក្រឹត្យ លេខ ១៣៣ ប្រគល់​តំបន់​ឧទ្យានជាតិ​ បុទុមសាគរ ស្ថិត​នៅ​ក្នុង​តំបន់​ភូមិសាស្ត្រស្រុក​បុទុមសាគរ ខេត្តកោះកុង ឲ្យទៅក្រុមហ៊ុនឯកជនចំនួន ២៖ «១). ក្រុមហ៊ុន JW Cambodia Eco Holidays មានទំហំផ្ទៃដីសរុប ៥០០០ ហិកតា និង ២). ក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត ខូ អិលធីឌី (Koh kong SEZ Co,LTD) មានផ្ទៃដីសរុប ៩,៩៧៧ ហិកតារ»។ ក្រុមហ៊ុន​ Dothy Free Shop បាន​ប្តូរឈ្មោះ​​មក​ជា​ក្រុមហ៊ុន កោះកុង អេស អ៊ី ហ្សិត ខូ អិលធីឌី (Koh kong SEZ Co,LTD) គឺជាកម្មសិទ្ធ​របស់​លោក​​ឧញ៉ា លី យ៉ុងផាត់ ដែល​មាន​តួនាទី​ជាសមាជិក​ព្រឹទ្ធសភា របស់គណបក្សកាន់អំណាច ក្នុងពេលបច្ចុប្បន្ន។ (មានអត្ថបទភ្ជាប់)។

ជាងនេះទៅទៀត កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ​២០២០ ក្រសួងបរិស្ថាន បាន​ចេញសេចក្តីជូន​ដំណឹង​លើគេហទំព័រ Facebook របស់ខ្លួនថា យុវជនត្រូវជៀសវាងការបង្កើតឆាកល្ខោន សម្តែង​ធ្វើអាជីវកម្ម ដើម្បី​កេង​ចំនេញ​នយោបាយ ហើយ​ក្រសួង​រំពឹងថា នឹង​ប្រកាស​តំបន់​កោះកុងក្រៅនេះជាឧទ្យានជាតិសមុទ្រ អំឡុងឆ្នាំ២០២១ ខាងមុខ។

ជុំវិញ​ករណីនេះ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្ស​ប្រជាជនកម្ពុជា និង​ជាសមាជិក​ព្រឹទ្ធសភា បាន​ចាត់​ទុក​ការជិះកង់​របស់​ក្រុម​យុវជនថា «មានចេតនាមិនល្អ»។ ចំណែក​អាជ្ញាធរ​ខេត្តកោះកុងអះអាងថា​ ការជិះកង់​របស់យុវជន​ទាំងនេះថា «ជាឆាកល្ខោន​នយោបាយ​តែ​ប៉ុណ្ណោះ»។

ប៉ុន្តែលោក ថោង ច័ន្ទដារ៉ា អ្នក​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ សមាគមអាដហុក ប្រចាំ​ខេត្ត​កោះកុង​ថ្កោល​ទោស​ថា «ការឃាត់​ចាប់​យក​កង់​របស់យុវជន​ការពារ​បរិស្ថាន គឺ​ជា​ការរំលោភ​បំពាន​សិទ្ធិ​សេរីភាព រំលោភសិទ្ធិមនុស្ស និង​ជាន់ឈ្លី​ប្រជាធិប​តេយ្យ​នៅកម្ពុជា»។ លោកបន្តថា ការរារាំងនេះ ធ្វើ​ឲ្យសាធារណជន​ សម្តែង​ការមិន​ពេញចិត្ត និង​បាត់ទំនុក​ចិត្ត​ លើ​អាជ្ញាធរយ៉ាងខ្លាំង។

ក្រុម​សកម្មជនការពារបរិស្ថាន បាន​​ប្តេជ្ញាថា ទោះជាការដាក់ញត្តិជំហានដំបូង រង​ការគម្រាម​កំហែង ក៏​ពួក​គេ​មិន​រាថយ​ឡើយ។ ការដាក់ញត្តិ នឹង​ធ្វើ​ឡើង​បន្តទៀត​នៅ​ពេល​ក្រោយ។ ពួកគេបន្តថា ដើម្បី​រក​ការពិត​នៅ​ពីក្រោយ​នៃ​ការឃុបឃិត​បំផ្លាញ​តំបន់​កោះកុងក្រៅនេះ ដោយ​ពួកគេ​នឹង​បន្តសកម្មភាព​ខ្លាំងជាង​មុន​​ន្ថែម​ទៀត ទោះមាន​ការគម្រាម​កំហែង​ដល់​អាយុជីវិត​ពួកគេ​ក៏ដោយ៕

អត្ថបទទាក់ទង
កោះកុងក្រៅ ត្រូវ​បាន​លក់​ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា លី យ៉ុងផាត់(?)
– ឯកសារ៖ កម្ពុជា​បាត់បង់​​ចំណូល​ជាតិ​​ជាង ​៣០​​លាន​​ដុល្លារ ​នាំ​​ខ្សាច់​ ​ទៅ​ តៃវ៉ាន់​ បន្ថែម​​លើ​ការ​បាត់​បង់ ​​៧០០​​លាន​​ដុល្លារ នៃ​ការ​​នាំ​​​ខ្សាច់​​ទៅ​​សិង្ហបុរី
– ឯកសារ៖ Global Witness អំពាវ​នាវ​​ដាក់​ទណ្ឌកម្ម​​សេដ្ឋី​​ខ្មែរ​ ៤ រូប និង​បង្ហាញ​​ពី​ការរកស៊ី​​ទុច្ចរឹត​​មាន ហ៊ុន ម៉ាណា, ហ៊ុន តូ និង សុខ ពុទ្ធិវុធ

.

Advertisements