Updated: 16-12-2020
By Nokor

ជីវប្រវត្តិសង្ខេប៖ លោក ម៉ែន ណាត ពីកូនកសិករ ក្លាយ​ជា​បញ្ញវន្ត និង​​ជា​អ្នកជាតិនិយម

លោក ម៉ែន ណាត (Mèn Nath) ជាកូនកសិករ ក្នុងជីវភាព​គ្រួសារមធ្យម មានស្រុក​កំណើត​ នៅភូមិ​/​ឃុំដូងខ្ពស់ ស្រុក​​បុរីជលសារ ខេត្ត​តាកែវ។ លោក​កើត​នៅ​ក្នុង​សម័យ​សង្គ្រាម ថ្ងៃទី ១៤ ខែមេសា ឆ្នាំ​១៩៧៥ (បញ្ជីជាតិ ០៥ មករា ១៩៧៦) លោក​​ជា​កូន​ពៅ​​ក្នុង​ចំណោម​​បងប្អូន ៥​នាក់ (ស្រី ៣នាក់)។ ឪពុករបស់​លោក​ឈ្មោះ ម៉ែន មនិន្ទ (Mèn Monint) ហៅតា និន កើត​​នៅ​ឆ្នាំ​​១៩២៦ បាន​​ទទួល​​មរណ​ភាព​​​ដោយ​​​ជរាភាព ថ្ងៃទី​​២៤ ខែ​​ឧសភា ឆ្នាំ​២០០៦ ក្នុង​ជន្មាយុ ៨០​ឆ្នាំ។ ហើយ​ម្តាយ​មាន​ឈ្មោះ អ៊ុក អូន (Ouk Aun) កើត​នៅ​ឆ្នាំ​១៩៣៦ រស់​នៅ​ឃុំ​ដូងខ្ពស់ ស្រុក​​បុរី​ជលសារ ខេត្ត​តាកែវ។

សព្វថ្ងៃលោក ម៉ែន ណាត រស់​នៅប្រទេស​ន័រវេស៍ (Norway) នៃទ្វីប​អឺរ៉ុប​ខាងជើង។ លោកមានកូន ៣ នាក់ (ប្រុស​មួយ​ ជា​កូនច្បង និង​​​​កូន​ស្រី ២ ​នាក់)។

បន្ទាប់ពីបញ្ចប់ការសិក្សា នៅវិទ្យាល័យព្រៃសណ្តែក ស្រុកទ្រាំង ខេត្តតាកែវ លោក ម៉ែន ណាត បានបន្តការសិក្សា នៅទីក្រុង​ភ្នំពេញ ថ្នាក់​បរិញ្ញាប័ត្រ មហា​វិទ្យា​ល័យ​​សង្គមវិជ្ជា ជំនាន់​ទី៣ (១៩៩៦-២០០០) នៃ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។ ហើយ​លោក ក៏​បាន​​បញ្ចប់​បរិញ្ញាប័ត្រ​បូក១ នៅមហា​​វិទ្យាល័យ​​​​គរុ​កោសល្យ ឆ្នាំ​​២០០១ (សព្វ​ថ្ងៃ​ប្តូរ​ឈ្មោះ​មកជា វិទ្យាស្ថាន​ជាតិ​អប់រំ) ជា​សាស្ត្រាចារ្យ ឬ​គ្រូ​បង្រៀន មុខ​វិជ្ជា​​គរុកោសល្យ និង​​​ចិត្តវិទ្យា។

ប្រវត្តិការសិក្សា លោក ម៉ែន ណាត ជា​សិស្ស​ពូកែ តាំង​ពី​ថ្នាក់​បឋម​សិក្សា ហើយ​លោក​បាន​ប្រឡង​​ជាប់​ចូល​​មហា​វិទ្យា​ល័យ​ ចំនួន ២ កាល​នោះ​ គឺ​សង្គមវិជ្ជា និង មន្ទីរពិសោធន៍ នៅ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​សុខាភិបាល ឬ​សាលា​ពេទ្យ​រ៉ុស្ស៊ី។ ប៉ុន្តែ​លោក មិន​​បាន​​ជ្រើស​រើស​​មុខវិជ្ជា​​​ផ្នែក​​​មន្ទីរ​ពិសោធន៍ នៅ​សាលា​​ពេទ្យ​ទេ។ ក្រៅ​ពី​នេះ លោក​បាន​សិក្សា​វគ្គ​បណ្តុះ​បណ្តាល​​​ជំនាញ​​មួយ​ចំនួន​​​ទៀត ដូចជា​​ផែ្នក​​រដ្ឋបាល​ទូទៅ ច្បាប់ ភាពជាអ្នក​ដឹកនាំ ការទូត និង​វិទ្យាសាស្រ្ត​​នយោបាយ។

លោក ម៉ែន ណាត ក៏បាន​បញ្ចប់​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់ ផ្នែក​វិទ្យាសាស្រ្ត​អប់រំ នៅ​​​សាកល​​វិទ្យាល័យ​​​អាហ្គ័រឌើរ៍ (University Of Agder “UiA”) ប្រទេស​ន័រវេស៍ (Norway) ឆ្នំា​២០១៣ ក្នុង​​ឋានៈ​​ជា​ជន​ភៀស​ខ្លួន​នយោបាយ និង​​បាន​ទទួល​សញ្ជាតិ នៅឆ្នាំ​​២០១៣។ លោក បាន​មក​​ដល់​​ប្រទេស​ន័រវេស៍ នៅ​​ថ្ងៃទី ២៦ មករា ២០០៦។

ការងារតស៊ូមតិ​ដើម្បី​កម្ពុជា
នៅប្រទេ​ស​​ន័វេស៍​​សព្វថ្ងៃ​ លោក ម៉ែន ណាត ​ជា​​អ្នក​ដឹកនាំ​​សហគមន៍​ខ្មែរ ជា​​ប្រធាន​​​សមាគម​​​ពុទ្ធសាសនិក​ជន​​ខ្មែរ ដែល​​​ជា​​សមាគម​​​លើក​​​ស្ទួយ​​​ប្រពៃណី​​​វប្បធម៌​​​ខ្មែរ សម្រាប់​​ពលរដ្ឋ​​ខ្មែរ​​នៅ​​ក្នុង​​ប្រទេស​​នេះ។ ក្រៅពីនេះ លោក​​ក៏​​ជា​​ប្រធាន​​ក្រុមប្រឹក្សា​​ឃ្លាំមើល​​កម្ពុជា មាន​​មូលដ្ឋាន​​នៅ​​ប្រទេស​​ន័រវេស៍​ និង ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ ដែល​​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​​​លើក​​ស្ទួយ​​វិស័យ​​សិទ្ធិមនុស្ស ប្រជា​ធិបតេយ្យ និង​​ទឹកដី​ជាតិ នៅ​​​ប្រទេស​​​កម្ពុជា។

ក្នុងតួនាទីដែល​​មាន​​ការ​​ទទួល​​ខុស​ត្រូវ​​ខ្ពស់ លោក​ដឹកនាំ​សហគមន៍​ខ្មែរ​នៅ​ប្រទេស​ន័រវេស៍ បាន​​ជោគជ័យ​​គួរ​ឲ្យ​កត់​សម្គាល់​​ក្នុង​​រយៈ​​ពេល ១០​​ឆ្នាំ​​មក​​​នេះ គួប​​ផ្សំ​​នឹង​ការ​ចូល​រួម​ជ្រោម​ជ្រែង​ពី​បង​ប្អូន​ខ្មែរ​ក្នុង​សហគមន៍​ផង គិត​មក​ត្រឹម​ដំណាច់​ឆ្នាំ ២០២០។ ចំពោះ​បញ្ហា​ប្រទេស​កម្ពុជា​វិញ លោ​ក​គឺ​ជា​អ្នក​តាក់​តែង​ឯកសារ​នានា ជា​មួយ​ក្រុម​ការងារ នៃ​​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ កំណើត​ទី២ (រៀបចំ​ឡើង​វិញ និង​ប្រកាស​​ដំណើរ​ការ​ថ្ងៃទី​ ០៧ មិថុនា ២០២០) បង្កើន​សកម្មភាព​តស៊ូ​មតិ លើ​វិស័យ​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជា​ធិបតេយ្យ បូរណភាព​ទឹកដី​ខ្មែរ និង​យុត្តិធម៌សង្គម។

លោក ម៉ែន ណាត ធ្លាប់ជា​​មន្រ្តី​រាជការ នៃ​ការិយាល័យ​​កំណត់​ហេតុ នាយកដ្ឋាន​​នីតិ​វិធី រដ្ឋសភា​ជាតិ ពី​ឆ្នាំ ​១៩៩៩ ដល់​ឆ្នាំ ​​​២០០៦។ ក្នុង​ពេល​នោះ លោក​ក៏​បាន​រៀបចំ​​សមាគម​មន្រ្តីរាជការ​​កម្ពុជា នៅឆ្នាំ ​២០០៤ ដែល​មាន​​ឈ្មោះ​ពេញ​ថា សមាគម​​មន្រ្តី​រាជការ​ឯករាជ្យ​កម្ពុជា (Cambodia Independent Civil-servants Association – CICA) ក្នុង​គោល​​បំណង​​​លើក​​ស្ទួយ​លក្ខខណ្ឌ​​មន្រ្តី​រាជការ ជីវភាព​មន្រ្តី​រាជការ និង​សិទ្ធិ​មនុស្ស។ លោក ជា​​អ្នកដឹកនាំ​​សមាគម​នេះ រហូត​ដល់​ឆ្នាំ ២០០៦ គឺ​​ក្រោយ​​​​ពេល​​ភៀស​ខ្លួន ទៅ​​កាន់​​ប្រទេស​​ន័រវេស៍ (Norway) ក្នុង​រឿង​​​ប្រឆាំង​ជំទាស់ «សន្ធិសញ្ញា​​ព្រំដែន​​បំពេញ​បន្ថែម ឆ្នាំ​២០០៥» តាម​រយៈ​​សេចក្តី​ថ្លែងការណ៍​​មួយ ផ្សាយ​នៅ​ថ្ងៃទី ១១ តុលា ២០០៥ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ចុះ​ហត្ថលេខា​​លើ​​សន្ធិ​សញ្ញា​​នោះ ជាមួយ​នាយក​រដ្ឋមន្រ្តី​វៀត​ណាម នៅ​ថ្ងៃទី​១០ តុលា។ ការ​​ប្រឆាំង​​ជំទាស់​​សន្ធិសញ្ញា​​នោះ ធ្វើ​ឡើង​ក្នុងនាម​​ជា​​សមាជិក​​នៃ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​​ចុះ​ហត្ថលេខា​ដោយ​លោក ម៉ែន ណាត និង​​ក្រុម​ការងារ ៣ រូប​ទៀត។ (ឯកសារ​ភាសា​អង់គ្លេស និងខ្មែរ – Rong Chhun, Men Nath, …) /(មាន​អត្ថបទ​បន្ថែម ជា​ភាសា​អង់គ្លេស – Licadho: Men Nath, CICA President, Mr Rong Chhun, …)។

កាលនៅជានិស្សិត លោក ម៉ែន ណាត បាន​ក្លាយ​​ជា​យុវជន​ឆ្នើម និង​​ជា​​មេដឹកនាំ ក្នុង​​ចំណោម​​​មេដឹកនាំ​នៃ ចលនា​និស្សិត​​ដើម្បី​​លទ្ធិ​ប្រជា​ធិបតេយ្យ (Students’ Movement for Democracy – SMD) ពីខែ​កញ្ញា ឆ្នាំ ​១៩៩៨ ដែល​ជា​ក្រុម​​យុវជន​ជាតិនិយម ប្រឆាំង​​នយោបាយ​​ដឹកនាំ​​របស់​រដ្ឋាភិបាល​​លោក ហ៊ុន សែន មក​ពី​គណបក្ស​​ប្រជាជន​​កម្ពុជា (ជា​គណបក្ស​​​កុម្មុយនីស្ត) ដែល​​គាំទ្រ​​​ដោយ​ប្រទេស​វៀតណាម។

រៀន​នៅទីក្រុងភ្នំពេញ លោក ម៉ែន ណាត ជា​និស្សិត​ម្នាក់ ក្នុង​ចំណោម​​និសិ្សត​​ក្រីក្រ មាន​​ការ​តស៊ូ​​ព្យាយាម​ខ្ពស់ បាន​​ស្នាក់​នៅ​ កុដិ​លេខ២ វត្ត​នាគវ័ន ខណ្ឌ​បឹងកក់ទី​២ ក្រុងភ្នំពេញ។ 

ជាមួយគ្នានេះ លោកក៏ជាអ្នក​សម្របសម្រួល នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (Cambodia Watchdog Council) បង្កើត​ឡើង នៅថ្ងៃទី ១៦ កញ្ញា ​​២០០២ ដែលជា​បណ្តុំអង្គការ សមាគម និងសហជីព។ ក្រុមប្រឹក្សានេះ គឺបានធ្វើសកម្មភាពខ្លាំងក្លា ទៅ​លើ​ការ​លើកកម្ពស់​សិទ្ធិកម្មករ សិទ្ធិមន្ត្រីរាជការ សិទ្ធិពលរដ្ឋ យុត្តិធម៌សង្គម និង កិច្ចការព្រំដែន។

ពីឆ្នាំ ២០០០ ដល់ ២០០២ លោក ម៉ែន ណាត ជាអនុប្រធាន រណសិរ្ស​ប្រជាធិបតេយ្យ​និស្សិតបញ្ញវន្តខ្មែរ។ រណសិរ្សនិស្សិត​នេះ មាន​លោក ស៊ុត ឌីណា (ម៉ៅ មឿងយ៉ាត) ជាប្រធាន និងអ្នកស្រី ស៊ុន សុគន្ធមាលា ជាអគ្គលេខាធិការ។ ពីពាក់​កណ្តាល​ឆ្នាំ ២០០២ ដល់ ២០០៤ លោក ម៉ែន ណាត ជាប្រធាន​រណសិរ្ស​និស្សិត​បញ្ញវន្តខ្មែរ / the Front of Khmer Students and Intellectuals (FKSI) ក្នុងចំណោម​​មេដឹកនាំ​និស្សិត​​សំខាន់ៗខ្លះ​ទៀត។ លោក និង លោក អ៊ុំ សំអាន មេដឹកនាំ​ចលនានិស្សិត​ដើម្បី​​លទ្ធិប្រជាធិបតេយ្យ ពីខែមិថុនា ដល់ខែកញ្ញា ឆ្នាំ ២០០២ បានផ្តួចផ្តើមគំនិត និងសម្របសម្រួល​រៀបចំឲ្យមាន ក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា

បញ្ជាក់៖ សមាជិកស្ថាបនិកនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា រួមមាន៖
១. លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករកម្ពុជា។ លោក ត្រូវបានធ្វើឃាតដោយ ចារកិច្ចរដ្ឋាភិបាល ហ៊ុន សែន ថ្ងៃទី ២២ មករា ឆ្នាំ ២០០៤ ខណៈពេលជាប់គាំងនយោបាយ ក្រោយការបោះឆ្នាំជាតិ ឆ្នាំ ២០០៣។ (អត្ថបទកាសែត ថ្ងៃបូជាសពលោក ជា វិជ្ជា ២៦ មករា ២០០៤ ជាភាសាអង់គ្លេស៖ Men Nath, Prince Norodon Sirivuth, Sam Rainsy, Heng Pov, …)។
២. លោក រ៉ុង ឈុន ប្រធានសមាគមសមាគមគ្រូបង្រៀនកម្ពុជា និង ជា​សមាជិក​នៃ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​​បោះឆ្នោត ​(គ.ជ.ប.) ឆ្នាំ២០១៥ -២០១៧។  លោក ក៏ជាមេដឹកនាំនៃ សហភាពសហជីពម្ពុជា ផងដែរ។
៣. លោក អ៊ុំ សំអាន ប្រធានចលនានិស្សិតដើម្បីលទិ្ធប្រជាធិបតេយ្យ ដែល​សព្វថ្ងៃ​ជា​តំណាងរាស្រ្ត នៃ​គណបក្សសង្គ្រោះជាតិ​ អាណត្កិ​ទី៥ (២០១៣ -២០១៨)។ ប៉ុន្តែលោក អ៊ុំ សំអាន ត្រូវបានរដ្ឋាភិបាល ហ៊ុន សែន ចាប់ដាក់ពន្ធនាគារ  (ជាង ២ ឆ្នាំ) ពី​ខែ​មេសា ឆ្នាំ ២០១៦ ដល់សីហា ឆ្នាំ ២០០៨ ក្នុងរឿងរិះគន់ ផែនទីព្រំដែន និងប្រឆាំងជំទាស់ ការបង្គោលព្រំដែនថ្មី ជាមួយ​វៀត​ណាម ហៅថា «បោះបង្គោល​ ​រំលោភចូល​ក្នុង​ទឹកដី​ខ្មែរ»។
៣. លោក ម៉ែន ណាត ប្រធានសមាគមមន្រ្តីរាជការកម្ពុជា ដែល​​សព្វថ្ងៃ​ជា​​​ប្រធាន​​​នៃ ​ ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា និងជាប្រធាន​សហគមន៍​ខ្មែរ នៅប្រទេស​ ន័វេស៍ (Norway)។
៤. លោក ឆាំ ឆានី ប្រធានសមាគមកសិការកម្ពុជា ដែលសព្វថ្ងៃ ជា​អនុ​ប្រធាន នៃ ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា មាន​មូលដ្ឋាន​នៅ​ប្រទេស ន័រវេស៍ (Norway)។
៥. លោក ជា មុន្នី (ប្អូនប្រុសលោក ជា វិជ្ជា) ស្ថាបនិក សហជីពសេរីកម្មករកម្ពុជា ហើយ គឺ ជា​ប្រធាន​សហជីពនេះ តាំងពីឆ្នាំ ២០០៤ ដល់សព្វថ្ងៃ។
៦. អ្នកស្រី ឆន សុខា ប្រធានសម្ព័ន្ធសហជីព​កម្មករកាត់ដេរ​កម្ពុជា ដែល​សព្វថ្ងៃ ជា​​មន្រ្តិ​សម្រប​​សម្រួស​សិទ្ធិកម្មករ នៃអង្គការ​​សិទ្ធិមនុស្សមួយ។

អំពីបុគ្គលិកលក្ខណៈវិញ លោក ម៉ែន ណាត ត្រូវបានគេទទួលស្គាល់ថា យុវជន​​រៀន​​ពូកែ​តាំង​ពី​កាល​នៅរៀន ហើយលោក ជា​មនុស្ស​​ឧស្សាហ៍ព្យាយាម ស្មោះត្រង់ ចិត្តទូលាយ មានគំនិតអហិង្សានិយម, មិនចេះបង្កជម្លោះជាមួយមិត្តភ័ក្រ្ត ឬអ្នកដទៃ, មាន​ការ​អធ្យាស្រ័យខ្ពស់​ជាមួយជនទូទៅ និង ក្នុងសហគមន៍ផង។

ក្រៅពីនេះលោក ម៉ែន ណាត ជាមនុស្ស ដែល​មានសមត្ថភាព​ខ្ពស់ លើ​កិច្ចការរដ្ឋបាល និង ជាមនុស្ស​យកចិត្តទុកដាក់ ចំពោះ​ការងារ និងក្នុងក្រុមការងារ ដើម្បីបម្រើប្រយោជន៍រួម និង​សហគមន៍ ក៏ដូចជា​ប្រទេសជាតិ​ផងដែរ។ លោក ជាមនុស្ស​រស់នៅ​ជាមួយ​ឧត្តមគតិ មិនក្បត់មនសិការ ក៏ដូចជា​មិត្តភ័ក្រ្ត​ក្នុង​កិច្ច​ការងារ។

លោក ម៉ែន ណាត បានភៀសខ្លួន ទៅ​រស់នៅ​ប្រទេស​​ន័រវ៉េស៍ (Norway) ថ្ងៃទី២៦ មករា ឆ្នាំ ​២០០៦ ដោយសារតែ​រដ្ឋាភិបាល ហ៊ុន សែន គំរាមកំហែង និងតាមចាប់ខ្លួន បន្ទាប់ពីរូប​លោក ជាមួយ​សមាជិកឯទៀត​នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បាន​ចេញ​សេចក្តីថ្លែងការណ៍ ប្រឆាំងជំទាស់ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម នា​ខែ​តុលា ឆ្នាំ ២០០៥ ដែលរដ្ឋាភិបាល លោក ហ៊ុន សែន និងវៀតណាម បាន​ផ្តល់ច្ចាប័ន​ទទួលស្គាល់ឡើងវិញនូវ សន្ធិសញ្ញាកំណត់​ដែន​រដ្ឋ ឆ្នាំ​១៩៨៥ ដែលជាសន្ធិសញ្ញាខុសច្បាប់ ដែល​​វាផ្ទុយពី​មាត្រា២ មាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ និងផ្ទុយពី កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ​១៩៩១។ (ចុចត្រង់នេះ វីដេអូ​ឯកសារ ២០០៥៖ លោក ហ៊ុន សែន បញ្ជាចាប់ខ្លួន រ៉ុង ឈុន, ជា មុន្នី, ម៉ែន ណាត, អៀ ចាន់ណា /Khmer border activists)។ ភ្ជាប់ឯកសារតវ៉ារឿងជម្លោះ ប្រាសាទព្រះវិហារ ឆ្នាំ ២០០៩ ជាមួយថៃ (ភាសាអង់គ្លេស – CWCI Cambodia Mr Men Nath)។​ ភ្ជាប់បន្ថែមជាមួយលិខិតលោក ម៉ែន ណាត ផ្ញើទៅ អង្គការ UNESCO រឿងប្រាសាទព្រះវិហារ

ជាមួយគ្នានេះ លោក ម៉ែន ណាត ក៏ជាប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា ក្នុង​រឿង​​ជនអន្តោ​ប្រវេសន៍​​​ខុសច្បាប់ ជាពិសេស​ជនជាតិ​វៀតណាម​ខុសច្បាប់ នៅកម្ពុជា។

ជាលក្ខណៈផ្ទាល់ខ្លួនជាមួយខ្ញុំ ប៉ាង សុខឿន (ហ្វេសប៊ុក÷ ខ្មែរ សុវណ្ណភូមិ) ពោលគឺលោក ម៉ែន ណាត ក៏​មិន​ខុស​​ពី លោក ទូច វិបុល (អតីត​អនុប្រធាន ចលនានិស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ សព្វថ្ងៃ​​ជា​ប្រធាន សម្ព័នអង្គការសម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកាំង នៅ​សហរដ្ឋអាមេរិក) ក៏ដូចជា​​លោក អ៊ុំ សំអាន ដែរ ពួកយើងជាមិត្ត និងជាក្រុមការងារដ៏ល្អ។ ហើយអ្វីដែលពិសេសជាងគេ គឺ​លោក ម៉ែន ណាត និង ប៉ាង សុខឿន ប្រៀបបាននឹង​គ្រួសារ​តែមួយ។ ពួកយើង មកពីខេត្តតាកែវ ដូចគ្នា។ ពួកយើង នឹងបន្ត​ដំណើរ​​របស់យើង​​រួមគ្នាទៅមុខ ជួយកសាង {កែទម្រង់} មាតុភូមិរបស់យើង ឲ្យខ្លាំងក្លាឡើងវិញ។

(អត្ថបទដោយលោក ប៉ាង សុខឿន (ហ្វេសប៊ុក៖ ខ្មែរ សុវណ្ណភូមិ) / ខែសីហា ២០១៧ / អត្ថបទបន្ថែមដោយ នគរ)

Mèn Nath - pic 2016
20140618_171114

សូមមើលវីដេអូនីមួយៗខាងក្រោម 

.