
(CWCI Cambodia /អត្ថបទដោយ នគរ /២៨ វិច្ឆិកា ២០១៩)
អាជ្ញាធរខេត្តកំពង់ឆ្នាំង សម្រេចផ្តល់តំបន់ថ្មី មានទំហំដីប្រមាណ ៤០ ហិកតា សម្រាប់បម្លាស់ទីជនជាតិវៀតណាម ជាង ៤០០០ គ្រួសារ ចេញពីការរស់នៅលើផ្ទះបណ្តែតទឹក នៅទន្លេសាប។ តំបន់ថ្មីនោះ ស្ថិតនៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ នេះបើតាម លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង បានប្រាប់កាសែតក្នុងស្រុក ថ្ងៃទី២៦ ខែវិច្ឆិកា ២០១៩។
ការបម្លាស់ទីជនជាតិវៀតណាមនេះ ធ្វើឲ្យមានមតិរិះគន់យ៉ាងខ្លាំង នៅលើបណ្តាញសង្គមថា អាជ្ញាធរខ្មែរ កាត់ដីខ្មែរឲ្យជនជាតិវៀតណាម រស់នៅយ៉ាងរំភើយ និងអត់គិតថ្លៃ ខណៈពេលពលរដ្ឋខ្មែរ រាប់ម៉ឺនគ្រួសារ បាននិងកកំពុងរងគ្រោះដីធ្លី ដោយការរំលោភបំពានពីអ្នកមានអំណាច និងពួកឈ្មួញទុច្ចរឹត។ ទង្វើនោះ ជាការប្រមាថដល់ទឹកចិត្តពលរដ្ឋខ្មែរម្ចាស់ស្រុក និងជាការរំលោភបំពានច្បាប់យ៉ាងកំរោល។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ធ្លាប់បានប្រាប់បណ្តាញសារព័ត៌មានភាសាខ្មែរ និងតាមរយៈសេចក្តីថ្លែងការណ៍ ព្រមទាំងតាមរយៈបទបង្ហាញផង នាពេលកន្លងទៅ សំដៅចំពោះរបបដឹកនាំរបស់លោក ហ៊ុន សែន ដោយលើកឡើងភ្ជាប់ជាមួយឯកសារាចរណ៍ណែនាំ ដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ២៦ កុម្ភៈ ១៩៨៦ ស្តីពី«ការអនុវត្តគោលនយោបាយ ចំពោះអណិកជនវៀតណាម នៅកម្ពុជា»។
លោក ម៉ែន ណាត បញ្ជាក់ថាឯកសារសារចរណ៍ណែនាំ របស់លោក ហ៊ុន សែន ឆ្នាំ១៩៨៦ នោះ ជាឯកសារមូលដ្ឋាន ដែលភាគីរដ្ឋាភិបាលវៀតណាម បន្តរំលឹកគ្រប់ពេលវេលា ទៅកាន់របបលោក ហ៊ុន សែន មកទល់សព្វថ្ងៃ ដើម្បីជំរុញនូវការផ្តល់សិទ្ធិ ការការពារ និងជួយសម្រួលលក្ខខណ្ឌនានា ដល់ជនជាតិវៀតណាម នៅកម្ពុជា (អានលំអិត សារាចរណ៍ណែនាំ ហ៊ុន សែន ១៩៨៦)។ ជនជាតិវៀតណាម ចូលមករស់នៅកម្ពុជា សុទ្ធតែខុសច្បាប់ បើតាមខ្លឹមសារ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៩១ ដែលតម្រូវឲ្យដាក់មោឃភាព នូវរាល់ឯកសារ និងសន្ធិសញ្ញាទាំងឡាយណា ធ្វើឡើងមុនទសវត្សទី៩០។ ជនជាតិវៀតណាមទាំងនោះ នៅតែខុសច្បាប់ដដែល បើផ្អែកតាមច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ (លំអិត៖ច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤) និងច្បាប់សញ្ជាតិ ឆ្នាំ១៩៩៦ (លំអិត៖ ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ១៩៩៦ )។ បើតាមច្បាប់ ជនអន្តោប្រវេសន៍ខុសច្បាប់ ត្រូវតែបញ្ជូនត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ។
ដោយឡែកលោក អ៊ុំ សំអាន អតីតសមាជិកសភាពីបក្សប្រឆាំង និងជាសកម្មជនព្រំដែន បានបញ្ជាក់ដែរថា «នៅឆ្នាំ១៩៨៦ លោក ហ៊ុន សែន បានផ្តល់ភាពស្របច្បាប់ ដល់អណិកជនវៀតណាម នៅកម្ពុជា ដូចជាការផ្តល់លិខិតសម្គាល់ខ្លួន (អត្តសញ្ញាណប័ណ្ណ) និងសៀវភៅគ្រួសារ នៅពេលគាត់ ជានាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលលើកបន្តុបដោយវៀតណាម ក្នុងសម័យវៀតណាម គ្រប់គ្រងកម្ពុជា»។
លោក អ៊ុំ សំអាន បន្ថែមថារបបលោក ហ៊ុន សែន អនុវត្តគោលនយោបាយចំពោះជនជាតិវៀតណាម នៅកម្ពុជាសព្វថ្ងៃ បន្តអនវត្តតាមខ្លឹមសារសារាចរណ៍ណែនាំ ឆ្នាំ១៩៩៦ ដែលជាឯកសារខុសច្បាប់។
បើតាមច្បាប់សញ្ជាតិ ឆ្នាំ១៩៩៦ ឲ្យដឹងថា ជនបរទេសមានសញ្ជាតិខ្មែរទៅបាន ករណីសាម៉ីខ្លួនបានបំពេញលក្ខខណ្ឌត្រឹមត្រូវ តាមច្បាប់ជាមុនសិន។ ជនបរទេស អាចកាន់អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរបាន លុះត្រាមានព្រះរាជក្រិត្យ ពីព្រះមហាក្សត្រ និងមានឯកសារបញ្ជាក់ពីការធ្វើសច្ចាប្រណិធាន នៅតុលាការកំពូល។
អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ មិននិយាយលំអិតពាក់ព័ន្ធរឿងជនជាតិវៀតណាម កាន់ឯកសារស្របច្បាប់ ឬមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនោះទេ ប៉ុន្តែលោក បានប្រាប់ព័ត៌មានក្នុងស្រុកថា នៅថថ្ងៃទី ២៧ វិច្ឆិកា នេះថា «ការរៀបចំបម្លាស់ទី ជាង ៤០០០ គ្រួសារនេះ រួមមានវៀតណាម ខ្មែរអ៊ីស្លាម និងពលរដ្ឋខ្មែរផងដែរ។ ប៉ុន្តែក្រុមអ្នករិះគន់ នៅតែមិនជឿជាក់ លើការលើកឡើងរបស់អាជ្ញាធរ ហើយទិតៀនថា «ជាការនិយាយដោះសារ»។
ទោះជាយ៉ាងណាក៏ដោយ គេហទំព័រមួយឈ្មោះសេន (CEN) ដែលលំអៀងទៅរបបលោក ហ៊ុន សែន បានចុះផ្សាយថា «គម្រោងរបស់ក្រសួងសាធារណការ នៅឆ្នាំ២០២០ នឹងផ្តល់ថវិកាជួយកសាងផ្លូវកៅស៊ូ ២ ខ្សែ ប្រវែងជាង ៧ គីឡូម៉ែត្រ ចេញពីទីតាំងភូមិថ្មីនេះ។ ហើយនៅពេលធ្វើផ្លូវរួចរាល់ នឹងមានរៀបចំប្រព័ន្ធទឹកស្អាត អគ្គីសនី ឲ្យស្របតាមគោលនយោបាយអភិវឌ្ឍន៍ របស់ប្រមុខរាជរដ្ឋាភិបាល»។
