CWCI Cambodia /អត្ថបទដោយលោក ម៉ែន ណាត /០២ ខែធ្នូ ២០១៩
លោក រ៉ុង ឈុន បានសេចក្តីថ្លែងការណ៍ នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៩ តំណាងឲ្យ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ដែលមានមូលដ្ឋាន នៅទីក្រុងភ្នំពេញ ទទូចឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន លុបចោលគម្រោងផ្តល់ដី ដល់ជនអន្តោប្រវេសន៍វៀតណាម នៅកម្ពុជា ដែលភាគច្រើនលើសលប់ គឺជាជនន្តោប្រវេស៍ខុសច្បាប់។ សេចក្តីថ្លែងការណ៍នេះ មានខ្លឹមសារដូចតទៅ ៖
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមច្រានចោលចំពោះសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចផ្តល់ដីប្រមាណ ៤០ ហិកតា ឲ្យជនអន្តោប្រវេស៍វៀតណាម ធ្វើជាលំនៅឋាន ស្ថិតនៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយបម្លាស់ទីពីផ្ទះបណ្តែតទឹក នៅបឹងទន្លេសាប។
ដោយយល់ឃើញថា រាជរដ្ឋាភិបាលត្រូវពិនិត្យមើលឡើងវិញ នូវជនអន្តោប្រវេស៍វៀតណាម ដែលទទួលបានសញ្ជាតិខ្មែរ ហើយចំពោះជនអន្តោប្រវេសន៍ដែលរស់នៅខុសច្បាប់ ត្រូវបញ្ជូនទៅប្រទេសដើមរបស់ខ្លួនវិញ។ រាជរដ្ឋាភិបាល មិនត្រូវផ្តល់ដីធ្លីដល់ជនអន្តោប្រវេសន៍វៀតណាមណាម្នាក់ ធ្វើជាលំនៅឋានជាដាច់ខាត។ សម្រាប់ជនអន្តោប្រវេសន៍ ទទួលបានសញ្ជាតិខ្មែររួចហើយ ពួកគេត្រូវតែរកលទ្ធភាពទិញ ឬជួលផ្ទះ សម្រាប់ស្នាក់នៅដោយខ្លួនឯង។
រាជរដ្ឋាភិបាល ត្រូវតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាដីធ្លី ផ្ទះសម្បែង ជូនពលរដ្ឋខ្មែររងគ្រោះ ដែលត្រូវបានរំលោភបំពានដោយអ្នកមានអំណាច និងពួកឈ្មួញខិលខូច ដូចជាករណីពលរដ្ឋនៅបុរីកីឡា ភ្នំពេញ, អ្នកភូមិឡពាង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង ពលរដ្ឋខេត្តកោះកុង ជាដើម។ល។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវយ៉ាងទទូចដល់រាជរដ្ឋាភិបាលកម្ពុជា ត្រូវលុបចោលជាបន្ទាន់ នូវសេចក្តីសម្រេចផ្តល់ដីប្រមាណ ៤០ ហិកតា ដល់អន្តោប្រវេសន៍វៀតណាម ធ្វើជាលំនៅឋាន ដើម្បីជាការឆ្លើយតបការទាមទាររបស់ពលរដ្ឋខ្មែរ នៅលើបណ្តាញសង្គម។
ថ្ងៃចន្ទ ៦កើត ខែមិគសិរ ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
ប្រធានសហភាពសហជីពកម្ពុជា
រ៉ុង ឈុន (ហត្ថលេខា និងត្រា)


.