ទេសរដ្ឋមន្រ្តីកិច្ចការព្រំដែន លោក វ៉ា គឹមហុង បាន​ក្រឡះ​សំដី​​វិញ អំពីរឿង​ដោះដូរភូមិកំណើត {ភូមិ​ថ្លុកត្រាច និង​ភូមិអន្លុងជ្រៃ ស្រុកពញាក្រែក កំពង់ចាម } របស់លោក ហេង សំរិន ប្រធានរដ្ឋសភា ឲ្យទៅវៀតណាម​ថា «គ្មាន​ការដោះដូរ​ទេ»។ ប៉ុន្តែលោក គឹមហុង ទទួលស្គាល់​ថា រដ្ឋាភិបាលកម្ពុជា មានគោលការណ៍ «រកទីតាំង​ផ្សេង មកដោះដូរ​ជាមួយ វៀតណាម» ឲ្យស្របតាមកិច្ចព្រមព្រៀង កាលពីថ្ងៃទី ១៨-២០ ខែតុលា ២០១៦ កន្លងទៅ។ លោក វ៉ា គឹមហុង បន្តនិយាយកុហកថា «អាណានិគមបារាំង គូសផែនទី ដាក់ភូមិកំណើត​ លោក ហេង សំរិន ទៅក្នុងទឹកដីយួន» ការថ្ងែងរបស់លោក វ៉ា គឹមហុង នេះមាន​ន័យថា «កូនកើត​មុនឪ»

គួសបញ្ជាក់ថា អាណានិគមបារាំង បានបោះបង្គោលព្រំដែន ចំនួន ១២៤ បង្គោលរួចហើយ បន្ទាប់ ពីចុះអនុសញ្ញា បារាំង-កូសាំងស៊ីន-កម្ពុជា កាលពីឆ្នាំ១៨៧៣ ។ ហើយកាលនោះ ខ្សែបន្ទាត់ព្រំដែន គឺជាខ្សែបន្ទាត់រដ្ឋបាលនៅឡើយ ពីព្រោះបារាំងគ្រាន់តែ បែង​ចែក​ការគ្រប់គ្រង រវាងកម្ពុជា និង កូសាំងស៊ីន (កម្ពុជាក្រោម) ប៉ុណ្ណោះ។ បង្គោលព្រំដែនទាំង ១២៤ បានក្លាយជាបង្គោលព្រំដែន រវាងកម្ពុជា និង វៀតណាម នៅ​​ពេលដែល បារាំង កាត់ទឹកដី​ខ្មែរ​កម្ពុជាក្រោម ឲ្យទៅវៀតណាម នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ១៩៤៩។ ហើយ ខ្សែ​​បន្ទាត់​ព្រំដែននេះ ត្រូវបានទទួលស្គាល់ ដោយសន្និសីទ ទីក្រុងហ្សឺណែវ ប្រទេស​ស៊្វីស ឆ្នាំ១៩៥៤ ដែលមានភាគីប្រទេស ជាប់ព្រំដែនគ្នា ចូលរួមយល់ព្រម និង ទទួលស្គាល់ផែនទី​ព្រំដែន ខ្នាត ១/១០០.០០០ ដែលគូសដោយ ក្រុមភូមិសាស្រ្តឥណ្ឌូចិន។ ឯកសារពាក់ព័ន្ធរឿងព្រំដែន ឬ បូរណភាពទឹកដីខ្មែរទាំងអស់ ត្រូវបានរំលឹកឡើងវិញ ក្នុងកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ឆ្នាំ១៩៩១។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប្រទេសន័រវេ និង គណៈកម្មាធិការព្រំដែនកម្ពុជា ប្រទេស​បារាំង ពិគ្រោះយោបល់​ជាហូរហែរ អំពីបញ្ហាព្រំដែន, ផែនទីព្រំដែន, និង យន្តការដោះស្រាយ​បញ្ហា​ព្រំដែនខ្មែរ ជាមួយ​វៀតណាម។ ក្រុមការងារពិគ្រោះយោបល់ បាន​យល់ស្របគ្នាថា «រដ្ឋាភិបាលកម្ពុជា ចាំបាច់ ត្រូវប្តឹងទៅ ប្រទេសហត្ថលេខីនៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និង តុលាការយុត្តិធម៌អន្តរជាតិ (ICJ)»។

យើង ប្រឆាំងជំទាស់ដាច់ខាត ចំពោះរដ្ឋាភិបាលខ្មែរ ហ៊ុន សែន ដែលប្រកាន់ជំហរដោះស្រាយ​បញ្ហាព្រំដែន ដោយទ្វេភាគី ជាមួយវៀតណាម ពីព្រោះ «កម្ពុជា ចាញ់ប្រៀបភាគី​វៀតណាម» ហើយ យើងរកឃើញថា រដ្ឋាភិបាល ហ៊ុន សែន ប្រើប្រាស់សន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ ១៩៨៥ ព្រមទាំង ផែនទីអម ដែលបោះពុម្ពដោយ ប្រទេសវៀតណាម ហើយនិង សន្ធិសញ្ញា ព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ដ៏ជម្រោងងចម្រាស់។

ហើយលោក វ៉ា គឹមហុង បានសារភាព អំពីការប្រើប្រាស់ផែនទី ក្នុងការបោះបង្គោលព្រំដែន ជាមួយវៀតណាម «កម្ពុជា ប្រើប្រាស់ផែនទី ​បោះពុម្ភដោយវៀតណាម»។ នេះបើតាមលោក បានថ្លែងនៅឯសន្និសីទស្តីអំពីរឿងព្រំដែន នៅវិមានរដ្ឋាភិបាល ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៥។ លុះដល់នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៥ លោក វ៉ា គឹមហុង បានបញ្ជាក់បន្ថែម នៅក្រសួងមហាផ្ទៃថា វៀតណាម ទាមទារឲ្យភាគីកម្ពុជា ប្រើប្រាស់ផែនទី ដូច​បាន​បញ្ជាក់​ខាងលើ និង សន្ធិសញ្ញាព្រំដែន​ខាងលើ តម្រូវឲ្យរដ្ឋាភិបាល ហ៊ុន សែន បោះ​បង្គោលព្រំដែន​ជាថ្មី តាមវៀតណាម ចង់បាន។

ថ្ងៃទី០១ វិច្ឆិកា ឆ្នំា២០១៦
ដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

មិនមានការដោះដូរភូមិលោក ហេង សំរិន ទេ

(Phnom Penh Post: Tue, 01 November 2016, មាស សុខជា)
ភ្នំពេញ៖ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនរបស់រដ្ឋាភិបាល បានគូសបញ្ជាក់ កាលពីម្សិលមិញថា ភូមិកំណើតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា នៅក្នុងខេត្តត្បូងឃ្មុំ នឹងមិនត្រូវដោះដូរទៅវិញ ទៅមកជាមួយភាគីវៀតណាម ដូចការផ្សព្វផ្សាយនោះទេ។

ការថ្លែងរបស់លោក វ៉ា គឹម ហុង នេះធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយព័ត៌មាន ដែលថា កាលពី ពេលថ្មីៗនេះ គណៈកម្មាធិការព្រំដែនកម្ពុជា បានទៅជួបប្រជុំ ជាមួយ​សមភាគី​វៀតណាម នៅប្រទេស​វៀតណាម ហើយ បានព្រមព្រៀងគ្នា ធ្វើការដោះដូរដីគ្នា នៅតាមព្រំដែន ទៅវិញទៅមក។

ព័ត៌មានពីការដោះដូរដីនៅតាមព្រំដែននេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយ​​អ្នក​ប្រើប្រាស់​បណ្តាញសង្គម បានធ្វើការរិះគន់ថា «វាជាការយកដីខ្មែរ ដូរជាមួយដីខ្មែរ» ខណៈអ្នករិះគន់​ទាំងនេះ យល់ថាវៀតណាម ធ្លាប់មានប្រវត្តិរំលោភយកទឹកដីខ្មែរ ជាច្រើន​ជំនាន់។

លោក វ៉ា គឹមហុង បានបញ្ជាក់កាលពីម្សិលមិញថា រដ្ឋាភិបាលកម្ពុជារបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រហូតមកដល់ពេលនេះ មិនមានគម្រោងដោះដូរគ្នា ទៅវិញទៅមក រវាង​ភូមិថ្លុកត្រាច របស់លោក ហេង សំរិន នៅក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាមួយ​​វៀតណាម នោះទេ ហើយបានហៅ ការផ្សព្វផ្សាយ ព័ត៌មាន ពីការដោះដូរភូមិ លោក ហេង សំរិន ថាជាព័ត៌មាន ឆ្កួតៗ។

លោកថ្លែងថា៖ «ខ្ញុំគ្រាន់តែប្រាប់ថា មិនមានការដោះដូរណាមួយ [នៃភូមិរបស់លោក ហេង សំរិន] ទេ។ [យើង] មានគោលការណ៍រួចហើយ ដើម្បីដោះស្រាយ។ មិនមានការដោះដូរ ណាមួយទេ»។

លោក វ៉ា គឹមហុង បានថ្លែងថា៖ «បារាំងបានគូរ [ផែនទី] ដាក់ភូមិរបស់គាត់ [ភូមិលោក ហេង សំរិន] ចូលទៅក្នុងដីវៀតណាម។ យើង និយាយអំពីផែនទីបារាំង មិនដែលស្គាល់ថា តើភូមិ របស់សម្តេច ហេង សំរិន នៅកន្លែងណាទេ [បារាំង] បារាំងមិនដែលស្គាល់សម្តេច ហេង សំរិន ទេ»។ (?)

លោក វ៉ា គឹមហុង ក៏បានអះអាងផងដែរថា ផែនទីដែលគូរដោយបារាំង កន្លែងមួយចំនួន នៃដីកម្ពុជា បាត់បង់ ទៅខាងវៀតណាម ហើយកន្លែងមួយចំនួន នៃដីវៀតណាម ក៏បាន បាត់បង់មកខាងកម្ពុជាដែរ។

ព័ត៌មានដែលបង្ហោះ នៅលើបណ្តេញសង្គម កាលពីពេលថ្មីៗនេះ បានចោទប្រកាន់ថា ភូមិ របស់លោក ហេង សំរិន គឺជាភូមិទីមួយ ដែលនឹងត្រូវដោះដូរជាមួយវៀតណាម ដើម្បីសម្រុះសម្រួល នៅក្នុងដំណើរការ បោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរ។

ទន្ទឹមនេះលោក វ៉ា គឹមហុង បានឲ្យដឹងថាក្រុមការងារព្រំដែន កម្ពុជា‑វៀតណាម នឹង​បើក​កិច្ច​ប្រជុំមួយ នៅថ្ងៃទី ៤ វិច្ឆិកា ដើម្បីបន្តពិភាក្សាលើ បញ្ហាបោះបង្គោលព្រំដែន បន្ទាប់​ពី​ក្រុមការងារ របស់ប្រទេសទាំងពីរ មិនបានជួបប្រជុំគ្នា កាលពីខែសីហា ខណៈលទ្ធផល នៃការបោះបង្គោលព្រំដែន សម្រេចបានជាង ៨០ ភាគរយ។ លោក វ៉ា គឹមហុង បញ្ជាក់កាលពីម្សិលមិញថា ក្រុមការងារព្រំដែន កម្ពុជា‑វៀតណាម នឹងប្រារព្ធកិច្ចប្រជុំ នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ៤ វិច្ឆិកា ដើម្បីពិភាក្សា អំពីដំណើរការបោះបង្គោលព្រំដែន បន្ទាប់ពីលទ្ធផលនៃ ការបោះបង្គោលព្រំដែន បានសម្រេច ៨៣ ភាគរយហើយ ខណៈ​ប្រទេសទាំងពីរ កំពុងមានបញ្ហាចម្រូងចម្រាស លើដំណើរការបោះបង្គោលព្រំដែន។

នៅពេលសួរថា តើការបោះបង្គោលព្រំដែន នឹងបញ្ចប់នៅពេលណា លោក វ៉ា គឹមហុង ថ្លែង​ថា៖ «ថាតើ នៅពេលណាចប់ ខ្ញុំមិនហ៊ាននិយាយទេ។ វាអាស្រ័យទៅលើឆន្ទៈរបស់ភាគីទាំង​ពីរ។ ប្រសិនបើភាគីទាំងពីរ មានឆន្ទៈបញ្ចប់នោះ យើងនឹងបញ្ចប់ពីព្រោះភាគីនីមួយៗ បានព្យាយាម ការពារអត្ថប្រយោជន៍ របស់ ប្រទេសរៀងៗខ្លួន»។

លោក មឿន តុលា ប្រធានអង្គការសង់ត្រាល់ (Central) ថ្លែងថា លោកក៏បានឮផងដែរ អំពី ការដោះដូរភូមិ របស់លោក ហេង សំរិន ជាមួយដីវៀតណាម ប៉ុន្តែលោកមិនប្រាកដ​ថា​តើវាពិត ឬមិនពិតនោះទេ។ លោក តុលា ថ្លែងថា ពេលខ្លះនៅពេលព័ត៌មាននៃការដោះដូរនេះ ធ្វើឲ្យប្រជាជនប្រតិកម្ម ឬធ្វើឲ្យប្រជាជន មិនរីករាយរដ្ឋាភិបាល អាចប្តូរចិត្តមិនធ្វើការដោះដូរ។ លោក បានបន្ថែមថា៖ «ខ្ញុំគិតថា [យើង] មិនគួរដោះដូរ (ដីនៅតាមព្រំដែន) ទេ ពីព្រោះ នេះជាទឹកដីរបស់កម្ពុជា»។

ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់ លោក វ៉ា គឹមហុង ដែលថាផែនទីដែលគូរដោយ បារាំង ធ្វើឲ្យភាគីទាំងពីរ បាត់បង់ដីទៅវិញទៅមកនោះ លោក តុលា ថ្លែងថាលោកមិនជឿនោះទេ។ លោក បន្តថា ប្រសិនបើរដ្ឋាភិបាល ចង់ច្បាស់ ឬចង់ឲ្យមានការជឿជាក់ថា តើប្រទេស​ទាំងពីរ បាត់បង់ដីទៅគ្នាទៅវិញទៅមក ឬអត់រដ្ឋាភិបាល ត្រូវតែអនុញ្ញាត ឲ្យភាគី​ពាក់ព័ន្ធ ចូលរួម ធ្វើការងារ លើបញ្ហាព្រំដែននេះ៕ PS

Advertisements