(អត្ថបទដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ២៥ ធ្នូ ២០១៦)

សេចក្តីថ្លែងការណ៍​របស់ គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បញ្ជាក់​មាត្រដ្ឋាន ផែនទី​កម្ពុជា និង​​មហិច្ឆតា​​​វៀតណាម មក​​លើ​កម្ពុជា

សូមអាន ឬទាញយក​សេចក្តីថ្លែងការណ៍​លំអិត៖ ភាសាខ្មែរភាសាអង់គ្លេស / ឯកសារភ្ជាប់ជាភាសាបារាំង

គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង បាន​​ចេញ សេចក្តីថ្លែងការណ៍ ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៦ ប្រតិកម្ម​ប្រឆាំង​ជំទាស់​នឹង​ជំហរ រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ព្រមព្រៀង ជាមួយ​ប្រទេស​វៀតណាម អំពី «ការផ្ទេរ​ខ្នាត​ផែនទី» ពីប្រព័ន្ធ​​បោន (Bonne) ១/១០០​ពាន់ មក​​ប្រព័ន្ធ យូធីអឹម (UTM) ១/៥០.០០០។

សេចក្តីថ្លែងការណ៍ ពន្យល់ថា «ការផ្ទេរ​ប្រព័ន្ធ និង​មាត្រដ្ឋាន ពីមួយ​ទៅ​ថ្មី​ទៀត​នៃ​ ផែនទី ​ភូមិសាស្រ្ត គឺជា​វិធី​បច្ចេកទេស​បន្ទាប់​បន្សំ ដែល​គេ​អាច​ធ្វើ​បាន នៅ​គ្រប់​ពេល​វេលា​ទាំង​អស់ ដោយ​​មាន​ភាព​លំអៀង​ខ្លះៗ ដែល​​គេ​អាច​កែ​តម្រូវ​បាន ជាបន្ទាប់​មក​ទៀត»។ «ប៉ុន្តែ តើ​ផែនទី​ណាមួយ នៃប្រទេស​កម្ពុជា ដែល​គេ​នឹង​ដាក់ ឲ្យធ្វើការ​កែប្រែ ដែល​គេបាន​គ្រោង ធ្វើនោះ?»

លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី និងជាប្រធាន​គណៈកម្មាធិការ​ព្រំដែន របស់​​រដ្ឋាភិបាល ហ៊ុន សែន កាល​ពីថ្ងៃទី ០២ កក្កដា ឆ្នាំ ២០១៥ បាន​បញ្ជាក់​ថា ​«ផែនទី​ព្រំដែន បាន​បោះពុម្ព នៅ​ប្រទេស​វៀតណាម»។ ក្នុង​ផែនទី​ខ្លះ មាន​បោះត្រា នៅ​ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៨៥ ដោយ ប្រធាន​ប្រតិភូគណៈ​កម្មការ​ព្រំដែន​ខ្មែរ លោក ឌិត មន្ទីរ និង ប្រធាន​ប្រតិភូ​​វៀតណាម លោក លីវ វ៉ាន់ឡឺយ។

លោក ស៊ាន ប៉េងសែ អ្នកជំនាញ​ផែនទី​ព្រំដែន​ខ្មែរ និង​ជាប្រធាន គណៈ​កម្មាធិការ​​ព្រំដែន​​​កម្ពុជា មាន​មូលដ្ឋាន​នៅប្រទេស បារាំង បាន​​បញ្ជាក់​ថា «ផែនទី​ប្រព័ន្ធ​បោន (Bonne) ខ្នាត ១/១០០.០០០ ជាផែនទី ត្រូវបាន កំណត់​ដោយមាត្រា​២ រដ្ឋធម្មនុញ្ញ​កម្ពុជា ហើយ​បាន​ទទួល​ស្គាល់​លើផ្ទៃអន្តរជាតិ រួចហើយ»ផែនទី​ប្រព័ន្ធ យូធីអឹម (UTM) ១/៥០.០០០ ជាផែនទី តាក់តែង​ដោយ​កងទ័ព​អាមេរិកាំង ក្នុងសម័យ សង្គ្រាម​វៀតណាម ទសវត្ស​​ទី​៦០ ដែល «ប្រទេស​កម្ពុជា ពុំដែល​បានទទួលស្គាល់​ផែនទី យូធីអឹម នេះឡើយ»

ការបោះបង្គោល​ព្រំដែន​សព្វថ្ងៃ រដ្ឋាភិបាល​កម្ពុជា និង វៀតណាម ព្រមព្រៀង​​ប្រើ​ ផែនទី បោន ១/១០០.០០០ ផង (បោះ​ពុម្ព​ឡើង​វិញ​ដោយ វៀតណាម) និង ប្រើ​ផែនទី យូធីអឹម ១/៥០.០០០ ផង។ នេះបើ​តាម​ការបញបញ្ជាក់រ​បស់​លោក វ៉ា គឹមហុង ជា​ទេសរដ្ឋមន្រ្តី ទទួល​បន្ទុកកិច្ចការ​ព្រំដែន របស់​រដ្ឋាភិបាល កាល​ពីថ្ងៃទី ០២ ខែ កក្កដា និង​ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៥។ លោក វ៉ា គឹមហុង បាន​សារភាព​ថា «ភាគីកម្ពុជា ទាមទារឲ្យប្រើ ផែនទី ១/១០០.០០០ របស់​បារាំង តែភាគី​វៀតណាម គេមិនព្រម។ វៀតណាម ទាមទារ​ឲ្យយើង ប្រើផែនទី យូធីអឹម ១/៥០.០០០»។ លោក វ៉ា គឹមហុង ថ្លែងថា «តាំង​ពី​ឆ្នាំ ២០០៦ ដល់បច្ចុប្បន្ន បង្គោលព្រំដែន​ថ្មី បោះបាន​ជាង ៨០% រួចហើយ»។ ប្រទេស​ទាំងពីរ ប្រើផែនទី យួធីអឹម ១/៥០ ពាន់ និង ផែនទី បោន ១/១០០ ពាន់» ដែលជាផែន​អម​ភ្ជាប់ សន្ធិសញ្ញា​កំណត់​ព្រំដែនរដ្ឋ ១៩៨៥ ដោយ​មាន​បោះត្រា នៅថ្ងៃទី ២៧ ធ្នូ ១៩៨៥ ផងនោះ។

លោក ស៊ាន ប៉េងសែ ថ្លែងសង្កត់ធ្ងន់ថា «បង្គោល​ព្រំដែនថ្មី ប្រើផែនទី ប្របូកច្របល់ ពីខេត្ត មណ្ឌលគីរី មកដល់​ខេត្ត​កំពត»។ ចំណែក​ពលរដ្ឋខ្មែរ នៅតាម​ព្រំដែន​វៀតណាម បាន​បញ្ជាក់ថា «បង្គោល​ព្រំដែន បោះចូល ជ្រៅក្នុង​ដីខ្មែរ ចំនួន ១ គីឡូម៉ែត្រ, ២ គីឡូ​​ម៉ែត្រ, ៥ គីឡូ​ម៉ែត្រ ឬច្រើន​ជាង​ហ្នឹងទៀត ពីចំណុច​ព្រំដែន​រួម ដែល​ពួកគាត់ ធ្លាប់​បាន​ស្គាល់​ នាពេលមុន»។ នេះបើតាម​ការចុះផ្សាយ​របស់កាសែត​ក្នុង​ស្រុក​​មួយចំនួន​​ថ្មីៗនេះ។

សេចក្តីថ្លែងការណ៍នៃ គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បញ្ជាក់​ថា កិច្ចព្រមព្រៀង​​ទីក្រុង​​ប៉ារីស ឆ្នាំ ១៩៩១ ជា​​មូលដ្ឋាន​ដ៏​​រឹងមាំ ដែល​​មាន​វត្តមាន ភាគី​វៀតណាម និង​លោក ហ៊ុន សែន បាន​ទទួល​ស្គាល់ថា កិច្ចព្រម​ព្រៀង ឬ​សន្ធិសញ្ញាណា ដែល​ធ្វើឡើង​នៅមុន​ឆ្នាំ ១៩៩១ ត្រូវ​ទុក​ជា​មោឃភាព។ សេចក្តីថ្លែងការណ៍​​នេះ បាន​រំលឹក​​ឡើង​វិញ​នូវ មាត្រា ៥៥ នៃរដ្ឋធម្មនុញ្ញថា «សន្ធិសញ្ញា និង កិច្ចព្រមព្រៀង​​ទាំង​ឡាយ​ណា ដែល​មិនស្រប​នឹង​ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និង​ឯកភាពជាតិ របស់​ព្រះរាជា​ណាចក្រ​កម្ពុជា ត្រូវ​លុបចោល»

រដ្ឋធម្មនុញ្ញ មាត្រា២ មានខ្លឹមសារថា «បូរណភាព​ទឹកដីរបស់ ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​​ដាច់ខាត ក្នុង​ព្រំដែន​របស់​ខ្លួន ដែល​មាន​កំណត់ ក្នុង​ផែនទី ខ្នាត ១/១០០.០០០ ធ្វើនៅ​ចន្លោះ ឆ្នាំ ១៩៣៣-១៩៥៣ ហើយ​ដែល​ត្រូវបាន​ទទួលស្គាល់​ជាអន្តរជាតិ នៅចន្លោះ​ឆ្នាំ ១៩៦៣-១៩៦៩»។

 

 

Advertisements