ស្របពេលរដ្ឋាភិបាល​លោក ហ៊ុន​ សែន បើកយុទ្ធនាការ​វាយប្រហារ​ពាក្យសំដី ទៅ​លើសហរដ្ឋ​អាមេរិក​ ថាបានទម្លាក់​គ្រាប់បែករាប់ពាន់តោន លើទឹកដីខ្មែរ នៅ​តាមព្រំដែន​ខ្មែរ-យួន ក្នុងរបប លន់ នល់ ដែល​គាំទ្រដោយ​សហរដ្ឋអាមេរិក នា​ទសវត្សទី ៧០។ ការទម្លាក់គ្រាប់​បែក​កាលនោះ កម្ពុជា ក៏ធ្លាក់ចូលក្នុងភ្លើងសង្គ្រាម នៅក្រោមការប្រទាញ​ប្រទង់គ្នា របស់ពួក​​មហាអំណាច ចន្លោះ​​សង្គ្រាមវៀតណាម ជាមួយ​អាមេរិក និង​​មនោគមវិជ្ជា​នយោបាយ ចិន និង យួន ចូលជ្រៅ ទៅ​ក្នុង​ចិត្តគំនិត របស់​ចលនា​តស៊ូខ្មែរ​កាល​នោះ ជាពិសេស​​​គឺ ក្រុមចលនា​ខ្មែរ ជាមួយ​ពួក យួន​វៀតមិញ  ឬ យួនវៀតកុង ដែល​អ្នកខ្លះ កំពុង​​តែ​នៅក្នុង​ជួរ​មន្រ្តី​កាន់អំណាច ក្នុង​របបដឹកនាំ​រ​បស់ លោក ហ៊ុន សែន សព្វថ្ងៃ។ សូម្បីតែលោក ហ៊ុន សែន លោក ហេង សំរិន និង​ក្រុមមន្រ្តីរបស់​បក្ស​កាន់អំណាច CPP ក៏សុទ្ធតែ​ទទួល​ការអប់រំ​នយោបាយ​ពី យួន និង បម្រើនយោបាយ យួន វិញផងដែរ។ 

សព្វថ្ងៃនេះ លោក ហ៊ុន សែន និង ក្រុម​មន្រ្តីរដ្ឋាភិបាល ហ៊ុន សែន កំពុង​សាបព្រោះចិត្តគំនិត របស់ពួក​ខ្មែរ​ក្រហម​ឡើងវិញ ដោយ​ចោទប្រកាន់ថា «សហរដ្ឋ​អាមេរិក អាក្រក់ និងនាំចង្រៃ ដល់កម្ពុជា ហើយ​​​ចោទប្រកាន់​អ្នកប្រឆាំង​ថា ជាអ្នក​ជាប់ជំពាក់​នឹង សេអ៊ីអា ឬ ស៊ីអាយអេ (CIA) របស់​អាមេរិក»

ថ្មីៗនេះ​លោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាល និងលោក សុខ ឥសាន អ្នកនាំពាក្យ​បក្សកាន់អំណាច CPP ​បាន​និយាយ​បង្អាប់បន្តុះ និង​វាយប្រហារ​ឌឺដងឲ្យ សហរដ្ឋអាមេរិក រួច​ហើយបាន​បង្ក្រាប វិទ្យាស្ថាន​ប្រជាធិបតេយ្យ របស់​អាមេរិក (NDI) នៅ​កម្ពុជា និង​បិទបញ្ឈប់ការផ្សាយ​របស់ ស្ថាប័ន​សារព័ត៌មាន ៣ របស់​អាមេរិក គឺវិទ្យុ RFA, វិទ្យុ VOA, កាសែត The Cambodia Daily ហើយ​វិទ្យុឯករាជ្យ​ក្នុង​ស្រុក VOD ក៏ត្រូវ​បាន​ហាមប្រាម ការជួល​ម៉ោងផ្សាយ​បន្តដែរ។

បន្ទាប់មកទៀត មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ក៏ត្រូវ​បាន​ចាប់ខ្លួន នាថ្ងៃទី ០៣ កញ្ញា ២០១៧ ក្រោម​បទចោទ​ប្រកាន់​ថា «ក្បត់ជាតិ ឃុបឃឹត​ជាមួយ​បរទេស គ្រោងផ្តួលរំលំ​រដ្ឋាភិបាល ហ៊ុន​ សែន ហើយ​ចោទ សហរដ្ឋអាមេរិក​ ថានៅពីខាង​ក្រោយ​ខ្នង​លោក កឹម សុខា និង គណបក្សប្រឆាំង»។

ជុំវិញប្រធានបទនេះ ក្រុមបណ្តាញសង្គម និងក្រុម​បញ្ញវន្តខ្មែរ ក៏បាន​រំលឹក​រឿង​ដោយ​ឡែក​​មួយ អំពីរឿងគ្រាប់មីន នៅកម្ពុជា ជាការឆ្លើយតប និងវាយបកពាក្យសំដី ទៅកាន់រដ្ឋាភិ​បាល ហ៊ុន ​សែន ដែលចោទប្រកាន់នានាទៅសហរដ្ឋអាមេរិក ដូចបានរៀបរាប់ខាង​លើ​រួចហើយ ហើយ​រដ្ឋាភិបាល ហ៊ុន សែន ដដែល​ បន្តបង្ក្រាប​អ្នកប្រឆាំង និង បក្សប្រឆាំង ដែល​ជាការព្រួយ​បារម្ភថា កម្ពុជា​អាច​វិលទៅ​រករបប​ផ្តាច់ការ ដូច​អតីតកាល មុនឆ្នាំ​១៩៩០។

ក្រុមបណ្តាញសង្គម និងក្រុមបញ្ញវន្តខ្មែរ រំលឹកថា «គ្រាប់មីន ដែល​កប់​នៅខ្មែរ ហើយ​បានបន្ត​សម្លាប់​មនុស្ស ដល់​សព្វថ្ងៃ​ដ៏ច្រើន​លើស​លប់ គឺជា​គ្រាប់​មីនរបស់ ចិន សូវៀត និង យួន។ ប្រទេស ចិន សូវៀត និង យួន មិន​ដែល​ផ្តល់ជំនួយ ឲ្យរដ្ឋាភិបាល​ខ្មែរ សូម្បី​​តែ​​លុយមួយ​សេន សម្រាប់​ជួយដោះ មីន នៅកម្ពុជាទេ ក៏គ្មានដែរ»។ ផ្ទុយទៅវិញ មានតែ​អាមេរិក និង សហគមអឺរ៉ុប តែប៉ុណ្ណោះ ដែល​ផ្តល់ជំនួយ សម្រាប់​ដោះមីន នៅ​កម្ពុជា​នេះ»

ក្រុមបណ្តាញសង្គម សរសេរបន្ថែមថា «ជាការពិត អាមេរិក ទម្លាក់​គ្រាប់បែក នៅ​ភាគខាង​ត្បូង និង ខាង​កើត ប្រទេស​កម្ពុជា ដោយ​សំអាង​​លើ​ហេតុផល យួន​យៀកកុង ដែល​យក​ទឹកដីខ្មែរ តស៊ូប្រឆាំង​អាមេរិក ក្នុងសម័យ​សង្គ្រាម​វៀតណាម ទសវត្សទី៧០ តែវាមិនបង្ក​គ្រោះថ្នាក់​ខ្លាំងក្លា បើ​ធៀប​ប្រដូច​ទៅនឹង គ្រាប់មីន ក្នុង​ពេលសព្វថ្ងៃនេះ​ទេ ប៉ុន្តែប្រទេស ចិន បានប្រគល់​ឲ្យគ្រាប់មីន មកខ្មែរ ដាក់រាយ​ស្ទើរពាសពេញ​ប្រទេស និង សម្លាប់​មនុស្ស​ដល់សព្វ​ថ្ងៃនេះ។ សម្រាប់ ចិន មានតែមក បឺតឈាម ពីខ្មែរ បន្ថែមគ្រប់ជំនាន់ មិនថា​ជំនាន់​សម្តេច សីហនុ និង ជំនាន់នេះទេ សូម្បីតែ​ជំនាន់ខ្មែរ​ក្រហម ក៏ ចិន អាចមានលទ្ធភាព បឺតឈាមខ្មែរ បានដែរ»។

សូមបញ្ចប់អត្ថបទតែប៉ុណ្ណឹង ហើយសង្ឃឹមថា បងប្អូនពលរដ្ឋខ្មែរ តាំង​ចិត្តង​អាន និង​ស្វែង​យល់​អំពីចិត្ត​គំនិត​មេដឹកនាំ​ខ្មែរ សព្វថ្ងៃនេះ ហើយ​ប្រៀបធៀប​ជាមួយ​ក្រុម​មេដឹកនាំ នៃ​ប្រទេស​ជឿនលឿន​នានា​ក្នុងតំបន់ ក្នុង​សម័យ​វិទ្យា​បច្ចេកទេស​របស់​ពិភពលោក​​បច្ចុប្បន្ន៕

អត្ថបទដោយ នគរ /ថ្ងៃទី១៣ កញ្ញា ២០១៧

.

.

Advertisements