ឧកញ៉ា ម៉ុង រិទ្ធី និងឧកញ៉ា លី យ៉ុងផាង ពាក់ព័ន្ធការ​នាំ​ខ្សាច់ ទៅតៃវ៉ាន់ បាត់បង់ចំណូល​​​ជាតិ​​ជាង ៣០ លានដុល្លារ។ នេះ​បើតាមរបាយការណ៍​បង្ហាញ​មិន​ចំឈ្មោះ របស់អង្គការ​​​បរិស្ថាន​​មាតា​ធម្មជាតិ។ រឿងនេះ​​ទោះបីជា​លោក ម៉ុង ប្ញទ្ធី និងលោក លី យ៉ុងផាត់ ឆ្លើយ​​បដិសេធ​ក្តី។ ចំពោះលោក ម៉ុង ប្ញទ្ធី ត្រូវបានគេស្គាល់ថា ជាមិត្តជិតស្និទ្ធ​របស់​​លោក​នាយករដ្ឋមន្រ្តី ហ៊ុន​ សែន ដែល​រកស៊ី​ជិតមួយ​ជីវិតម​កនេះ គឺ​គ្មាន​មន្រ្តី​រដ្ឋាភិបាល​ណាម្នាក់ ហ៊ាន​ប៉ះពាល់​ឡើយ សូម្បីតែរកស៊ី​គ្រឿងញៀន ដែល​បែកធ្លាយ កាល​ពីឆ្នាំ​ ១៩៩៧ ក្តី។ ចំពោះ​ករណីការ​ជួញដូរ​ខ្សាច់​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ទាំង​ឈ្មោះ​កប៉ាល់ និង​ឈ្មោះ​ក្រុមហ៊ុន​ជារបស់​លោក ម៉ុង ប្ញទ្ធី។ (អត្ថបទដោយ ម៉ែន ណាត, 14-9-2017) 

របាយ​ការណ៍​​បង្ហាញ​​ការ​បាត់បង់​​ទឹក​ប្រាក់​​ជាង ​៣០​លាន​​ដុល្លារ ​ក្នុង​​ការ​នាំ​​ខ្សាច់​​ទៅ​​តៃវ៉ាន់​ បន្ថែម​​ពី​លើ​​​ភាព​​ខុស​គ្នា​​​ជិត ​៧០០​​លាន​​ដុល្លារ​​ នៃ​​ទិន្នន័យ​​នាំ​​ខ្សាច់​ ទៅ​​ប្រទេស ​​សិង្ហបុរី

(VOA, 13-9-2017 ដោយ ស៊ុន ណារិន) ភ្នំពេញ — ទឹក​ប្រាក់​​ជាង​ ៣០ ​លាន​​ដុល្លារ​​អាមេរិក​ ​នៃ​​ការ​នាំ​​ចេញ​​ខ្សាច់​​ស៊ីលីកា​ (ខ្សាច់ស)​ ទៅ​​តៃវ៉ាន់​ ត្រូវ​​បាន​​រក​​ឃើញ​​ថា​ បាត់​បង់​តាម​រយៈ​ ការ​ផ្ទៀង​ផ្ទាត់​​ខុស​​គ្នា​​ឆ្ងាយ​ រវាង​របាយ​ការណ៍​ផ្លូវការ ​របស់​រដ្ឋាភិបាល​​កម្ពុជា ​និង​របាយ​ការណ៍​ ដែល​​បាន​មក​ពី​ តៃវ៉ាន់។​

របាយ​ការណ៍​ខុស​គ្នា​នេះ ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ ក្រុម​បរិស្ថាន​នៃ​អង្គការមាតា​ធម្មជាតិ​ ដែល​​បាន​​ធ្វើ​យុទ្ធនាការ ​​ប្រឆាំង​​នឹង​​ការ​បូម​​ខ្សាច់​ច្រើន​​ឆ្នាំ​​មក​ហើយ។​

អង្គការ​មាតា​ធម្មជាតិ​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ ចាត់​ទុក​ថា​ «ជា​ក្រុម​ញុះញង់»​ បាន​បញ្ចេញ​​​របាយ​ការណ៍​​​របស់​​រដ្ឋបាល​​​គយ​​​តៃវ៉ាន់ ​ដែល​បង្ហាញ​ថា ​តៃវ៉ាន់​ បាន​នាំ​ចូល​ខ្សាច់​ស៊ីលីកា​ចំនួន ១.៥៣៣.៨៥៥ ​តោន​ ពី​ប្រទេស​កម្ពុជា ​ក្នុង​ចន្លោះ​ឆ្នាំ​ ២០១២ ​ដល់​ ២០១៦ ​ដែល​មាន​តម្លៃ​ជាង ៣២ លានដុល្លារអាមេរិក (៣២.២៧២.០០០ ​ដុល្លារ​អាមេរិក)។​

ប៉ុន្តែ​ទិន្នន័យ​នេះ​ ខុស​ពី​ទិន្នន័យ​ដែល​ត្រូវ​បាន​កត់ត្រា​ដោយ​ អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​​កម្ពុជា និង​ក្រសួង​​ពាណិជ្ជកម្ម ​ដែល​​ត្រូវ​បាន​ផ្តល់​​ដោយ អង្គការ​​មាតា​ធម្មជាតិ។ ​ទិន្នន័យ​របស់​រដ្ឋាភិបាល​​កម្ពុ​​ជា បង្ហាញ​ថា ​ខ្សាច់​​ចំនួន​ ២៨.៩០០ ​តោន ​ដែល​មាន​តម្លៃ​ ២៧៥.៦០៦ ​ដុល្លារ​អាមេរិក ​ត្រូវ​បាន​​កត់ត្រា​​នៅ​ក្នុង​​រយៈ​ពេល​​ដូច​គ្នា។ ​បើ​​តាម​ការ​ផ្ទៀង​ផ្ទាត់​​ទិន្នន័យ ​ទឹក​​ប្រាក់​នៃ​ការ​នាំ​ខ្សាច់​ ចេញ​ទៅ​តៃវ៉ាន់​ខុសគ្នា​ដល់​ទៅ​ជាង​ ៣០ ​លាន​ដុល្លារ​អាមេរិក។​

VOA ​មិន​អាច​ទទួល​បាន​​ទិន្នន័យ​​ពី​ស្ថាប័ន​នានា​ របស់​​រដ្ឋាភិបាល អំពីការ​នាំ​​ខ្សាច់​ចេញ ​​អំឡុង​​ពេល​​នៃ​​ការ​ស៊ើប​​អង្កេត​​របស់​ អង្គការ​​មាតា​ធម្មជាតិ​នោះ​ទេ។​

លោក ​យស មុនីរ៉ាត់ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ ​និង​ថាមពល​នៃ​ប្រទេស​កម្ពុជា ​បាន​បដិសេធ​មិន​បញ្ជាក់​អំពី​ទិន្នន័យ ​ហើយ​បានឲ្យ​អ្នក​យក​ព័ត៌មាន​ ទៅ​មើល​របាយ​ការណ៍​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ ​រដ្ឋាភិបាល ​កាល​ពី​មុន។​

លោក​បាន​ថ្លែង​ប្រាប់​ VOA​ កាល​ពីថ្ងៃ​ចន្ទ​ថា៖ «បើ​យើង​​និយាយ​​អំពី​ពាក្យ​​ស្ថិតិ ​ទោះ​បី​​ជា​​មក​​​យក​​ពី​ខ្ញុំ​ យក​ថ្ងៃ​ហ្នឹង ​និង​យកស្អែក​ ​ក៏​ស្ថិតិវា​ខុស​គ្នា​ដែរ​ មិន​អីចឹង?​ ដូច្នេះ​​ខ្ញុំ​អត់​​មាន​អី​​ដែល​ហួស​អំពី​អ្វី​ដែល​យើង​បាន​ធ្វើ​ជូន​ទៅ​ខាង​សភា…»។​ ​លោក​បាន​ចាត់​ទុក​ក្រុម​អង្គការ​​មាតា​ធម្មជាតិ​ថា​ ជា​ក្រុម​ប្រឆាំង​រដ្ឋាភិបាល។ ​លោក​មាន​ប្រសាសន៍​ថា៖​ «អាហ្នឹង​គ្រាន់​តែ​វារំខាន​ការងារ​រដ្ឋាភិបាល​យើង»។​

កាល​ពី​ខែ​តុលា ​ឆ្នាំ​២០១៦​ មាន​ការ​បង្ហាញ​​របាយ​ការណ៍​​ខុស​គ្នា​ នៃ​ការ​នាំ​​ខ្សាច់​​ចេញ​ទៅ​​ប្រទេស​ សិង្ហបុរី ​ ដែល​មាន​ការ​បាត់បង់​ថវិកា​ ដល់​ទៅ​ ៧០០ ​លាន​ដុល្លារ។ ​ក្រោយ​មក​ នៅ​ខែ​​កក្កដា ​ឆ្នាំ​២០១៧​ រដ្ឋាភិបាល​បាន​ប្រកាស​បិទ​ការ​នាំ​ខ្សាច់​ ចេញ​ទៅ​ សិង្ហបុរី ​ដោយអ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លើក​ឡើង​ថា ​ដើម្បី​កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​ ដល់​បរិស្ថាន។​

ជា​ទូទៅ ​ក្រុមហ៊ុន​ដែល​ធ្វើ​ប្រតិបត្តិការ ​នៅ​កម្ពុជា​ ត្រូវ​បាន​តម្រូវ​ឲ្យ​បង់​ពន្ធ​ ២០ ​ភាគរយ ​ទៅ​លើ​ប្រាក់​ចំណេញ។​

លោក ​យស មុនីរ៉ាត់ ​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​កម្ពុជា ​អាច​រក​ចំណូល​បាន​ពី​ការ​នាំខ្សាច់​ចេញ​ តាម​រយៈ​ការ​បង់​ថ្លៃ​សួយសារអាករ ​លើ​ចំនួន​ខ្សាច់​នាំ​ចេញ​ តែ​លោក​មិន​បាន​ផ្តល់​ចំនួន​ជាក់​លាក់​នោះ​ទេ។​ លោក​បន្ត​ថា ​ក្រុមហ៊ុន​ក៏​ត្រូវ​បង់​ទៅ​ឲ្យ ​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​ នូវ​ថ្លៃ​នាំ​ខ្សាច់​ចេញ ​និង​បង់​ពន្ធ ​លើ​ប្រាក់​ចំណេញទៅ​ខាង​ពន្ធដារ​ផង​ដែរ។​

VOA ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្រ្តី​នៅ​អគ្គ​នាយកដ្ឋាន​ពន្ធដារ ​មន្រ្តី​នៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ ​និង​មន្រ្តី​នៅ ​ក្រសួង​ពាណិជ្ជកម្ម ​បាន​នោះ​ទេ។​

កាល​ពី​ចុង​ខែ​ សីហា​ ក្រសួង​រ៉ែ និង​ថាមពល​របស់​កម្ពុជា​ បាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌ មាន​មួយ​ ដែល​បង្ហាញ​ថា ​ការ​នាំខ្សាច់​ស៊ីលីកា​ចេញ ពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៦ ​ដល់​ខែ​ មិថុនា ​ឆ្នាំ​២០១៧​ សរុប​មាន​ចំនួន​ ១៥៨.០០០ ​តោន។​

សេចក្តី​ថ្លែង​ការណ៍​ បាន​ឲ្យ​ដឹង​ទៀត​ថា ​អាជ្ញាប័ណ្ណ​ សម្រាប់​ការ​នាំខ្សាច់​ ស៊ីលីកា ចេញ​ ត្រូវ​បាន​ផ្តល់​ឲ្យ​ក្រុម​ហ៊ុន​ចំនួន​ ២ ​គឺ​ក្រុមហ៊ុន ​ម៉ុង ឫទ្ធី​ គ្រុប ​ដែល​គ្រប់គ្រង​ដោយ​លោក​ ម៉ុង ឬទ្ធី​ ​សមាជិក​ព្រឹទ្ធ​សភា​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​និង ​ក្រុមហ៊ុន Sibelco Cambodia។​

លោក ​ម៉ុង ឫទ្ធី​ ម្ចាស់​ក្រុមហ៊ុន​ម៉ុង ឫទ្ធីគ្រុប ​បាន​ថ្លែង​ប្រាប់​ VOA ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ក្រុមហ៊ុន​របស់​លោក​បាន​ផ្អាក​ការ​នាំ​ខ្សាច់​ចេញហើយ​នៅ​ពេល​នេះ ​តែ​លោក​បានបដិសេធ​មិន​អធិប្បាយ​ពី​មូលហេតុ​នៃ​ការ​ផ្អាក​នេះ​ទេ។ លោក​ក៏​បាន​បដិសេធ​មិន​អធិប្បាយ​លម្អិត​ ទាក់ទង​នឹង​ការ​នាំ​ខ្សាច់​ចេញ​ ទៅ​ក្រៅ​ប្រទេស​ដែរ។​ លោក ​ម៉ុង ឫទ្ធី ​មាន​ប្រសាសន៍​ថា៖​ «កុំ​សរសេរ​ឲ្យ​មនុស្ស​ឈ្លោះ​គ្នា ​ស្អីៗ។ ​ខ្ញុំ​ដឹង​អា​ហ្នឹង​វា​រសើប​ហើយ»។​

កាល​ពី​យប់​ថ្ងៃ​ចន្ទ ​អង្គការ​មាតា​ធម្មជាតិ ​បាន​បង្ហោះ​វីដេអូ​មួយ​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ​ដែល​និយាយ​ពី​ការ​បាត់បង់​ខ្សាច់ ដែល​លក់​ឲ្យ​ តៃវ៉ាន់។​

ស្រប​ពេល​មាន​ព័ត៌មាន​នៃ ​ការ​ចេញ​ផ្សាយ​របាយ​ការណ៍​នាំ​ខ្សាច់​ចេញ​ទៅ​ តៃវ៉ាន់ ​និង​ការ​បង្ហោះ​វីដេអូ​របស់​អង្គការ​មាតា​ធម្មជាតិ​ ​សកម្មជន​របស់​មាតា​ធម្មជាតិ​ ២ ​នាក់​ នៅ​ខេត្ត​កោះកុង​គឺ​ឈ្មោះ ​ឌឹម គុនឌី ​និងហ៊ុន វណ្ណៈ ​ត្រូវ​បាន​ចាប់​ខ្លួន ​កាល​ពី​ព្រឹក​ថ្ងៃអង្គារ​ ខណៈ​ដែល​ពួកគេ​ បាន​ចុះ​ទៅ​មើល​ការដ្ឋាន​ខ្សាច់ ​នៅ​ក្នុង​ខេត្ត​ ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស ​ថៃ ​នេះ។​

កញ្ញា​ លីម គីមស័រ ​សកម្មជន​របស់​អង្គការមាតា​ធម្មជាតិ ​បាន​ប្រាប់​ VOA ​ថា ​សកម្មជន​​ទាំង ២ ​នាក់​​នោះ​​ ត្រូវ​បាន​​ចោទ​ប្រកាន់​​ពី​បទ​ចូល​​ទៅ​​ការដ្ឋាន​​ក្រុមហ៊ុន ​ដោយ​គ្មាន​ការ​​អនុញ្ញាត។​ កញ្ញា​ បាន​​បញ្ជាក់​ថា​ ការ​ចាប់​ខ្លួន​នេះ​ អាច​មក​ពី​ការ​បង្ហោះ​​វីដេអូ​​លើ​​ហ្វេស​ប៊ុក ​និង​ការ​ចេញ​ផ្សាយ ​របាយ​ការណ៍​​ទាក់ទង​​នឹង​ការ​នាំ​​ខ្សាច់​ ចេញទៅ​ តៃវ៉ាន់។​ កញ្ញាបាន​​ថ្លែង​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖​ «វា​ស្រប​ពេល​ជាមួយ​ដែល​យើង​ទើប​ចេញ​វីដេអូ​ថ្មី​ ទាក់​ទង​នឹង​ការនាំ​ខ្សាច់​ ស៊ីលីកា​ ចេញ។ ដល់​ពេល​អីចឹង​ ​យើង​មើល​ឃើញ​ថា ​ក្រុមហ៊ុន​ ដែល​នាំ​ខ្សាច់​ស៊ីលីកា​ចេញ​ហ្នឹង​ គាត់ ​ដូច​ជា​កំពុង​តែ​មាន​ការ​ភ័យ​ខ្លាច ​ជាមួយ​នឹង​ការ​បង្ហាញ​​ភស្តុតាង​ពិត»។​

សហ​ស្ថាបនិក​អង្គការមាតា​ធម្មជាតិ​គឺ​លោក ​Alejandro Gonzalez-Davidson ​ដែល​ត្រូវបាន​បណ្តេញ​ចេញ​ពី​កម្ពុជា​កាល​ពីឆ្នាំ២០១៥​ បាន​ការពារ​របាយ​ការណ៍​រក​ឃើញ​របស់​ក្រុម​ការងារ​អង្គការ​នេះ​ ហើយ​ថា​ លោក​ និងអង្គការ​នៅ​តៃវ៉ាន់ នឹង​បន្ត​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ ទាក់ទង​នឹង​បញ្ហា​ខ្សាច់​នេះ។​ លោក​បាន​ថ្លែង​ប្រាប់ ​VOA ​ថា៖​ «យើង​បាន​ឮ​ថា ​តៃវ៉ាន់​ មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​ ដែល​ឯករាជ្យ ​ជាង​ប្រព័ន្ធ​តុលាការ ក្នុង​ប្រទេស​កម្ពុជា ​និង​ សិង្ហបុរី។​ យើង​ក៏​ដឹង​ថា ​តៃវ៉ាន់​មាន​ភ្នាក់ងារ​រឹងមាំ​ប្រឆាំង​អំពើ​ពុករលួយ​ និង​មានច្បាប់​ស្តី​អំពី​សិទ្ធិ​សេរីភាព​នៃ ​ការ​ទទួល​ព័ត៌មាន»។​ លោក ​បន្ថែម​ថា ​រដ្ឋាភិបាល​កម្ពុជា​ អាច​ដោះស្រាយ​បញ្ហា​ខ្សាច់​នេះ ​ឲ្យ​ស្អាត​យ៉ាង​ងាយ​ស្រួល ​ប្រសិន​បើ​ពួក​គេ​ចង់​ធ្វើ។​ លោក​ បាន​បញ្ជាក់​ថា៖​ «បើ​គេ​មាន​ភាព​ស្មោះ​ត្រង់​ ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​នោះ​ ​ នោះវា​ងាយ​ស្រួល​បំផុត។ ​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​គឺ​ បើក​មើល​ឯកសារ​កត់ត្រា​ របស់​ពួក​គេ»។​

លោក​ Chou Kuo-tung​ អនុប្រធាន​ការិយាល័យ​រ៉ែ​របស់​តៃវ៉ាន់ ​បាន​ប្រាប់​ VOA ​ថា ​លោក​មិន​​មាន​​ព័ត៌មាន​​អំពី​ក្រុមហ៊ុន​​ដែល​ពាក់ព័ន្ធ​ទេ​ ហើយ​​ការ​ស៊ើប​​អង្កេត​ នឹង​​ត្រូវ​​ពឹង​​ផ្អែក​​លើ​​ការ​ស្រាវជ្រាវ​​ក្នុង​ប្រទេស​​កម្ពុជា ​ដែល​​មិន​មាន​​ទំនាក់​ទំនង​​ការ​ទូត​​ជាមួយ​​តៃវ៉ាន់។​ លោក ​មាន​ប្រសាសន៍​ថា៖​ «របាយ​ការណ៍​របស់​យើង​ ទៅ​លើ​ក្រុមហ៊ុន​ទាំង​នេះ​គឺ ​មិន​ពេញ​លេញ​នោះ​ទេ។ ​យើង​តែង​តែ​ចង់​មើល​វា ​ប៉ុន្តែ​មិន​មាន​មធ្យោបាយ​នោះ​ទេ។ ​មាន​តែ​ការិយាល័យ​ពាណិជ្ជកម្ម​​បរទេស ​(របស់​តៃវ៉ាន់) ​ទេ ​ដែលមាន​ព័ត៌មាន​ទាំង​នោះ»។​

លោក​ ព្រាប កុល ​នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា ​លើក​​ឡើង​​ថា​ ​ក្រសួង​​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​និង​ក្រសួង​រ៉ែ ​និង​ថាមពល ​ត្រូវធ្វើ​ការ​ស៊ើប​អង្កេត ដើម្បី​ស្វែង​​រក​​ការ​គេច​ពន្ធ ​ដែល​បានកើត​មាន​ឡើង។​ លោក​ មាន​ប្រសាសន៍​ថា៖​ «វា​មិន​មែន​ជា​ជំនួញ​ធម្មតា​ទេ ​នៅ​ពេល​វាមាន​ភាព​ខុសគ្នា​យ៉ាង​ច្រើន​ និង​វា​កើត​ឡើង​ មិនមែន​ក្នុង​ពេល​តែ​មួយ»។​ លោក​បញ្ជាក់​បន្ថែម​ថា៖​ «វា​មាន​សារៈ​សំខាន់​ដែល​រដ្ឋាភិបាល ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ត្រូវ​ចាត់​វិធាន​ការ​ម៉ឺង​ម៉ាត់​ លើ​បញ្ហា​ទាំង​នេះ​ ហើយ​ប្រជាជន​មាន​សិទ្ធ​ដឹង​ថា​ តើ​មាន​រឿង​អ្វី​កំពុង​កើត​ឡើង»៕

Advertisements