គេហទំព័រ​ឈ្មោះ Pdachka បាន​ដក​ស្រង់​ជុំវិញ​ប្រតិ​កម្ម​របស់ ផៃ ស៊ីផាន បដិសេធ​​ចំពោះ​ព័ត៌មាន​​ថា ហ៊ុន ម៉ាណែត លាក់​លុយ​​នៅធនាគារ​បារាំង។ សូម​អាន​អត្ថបទ​ទាំង​ស្រុង​ខាង​ក្រោម៖

នៅម៉ោង ១២ៈ៣៤ នាទី រសៀល​ថ្ងៃទី ៣០ តុលា ២០១៧ នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ ទីស្ដីការ​​គណៈរដ្ឋមន្រ្តី បាន​ចេញមុខ​​ការពារ​ត្រកូល ហ៊ុន រឿង​លាក់​លុយ​​នៅ​ក្រៅ​ប្រទេស ​រាប់រយ​​លាន​ដុល្លារ ហើយ​ចាត់​ទុកព័ត៌មាន​​ដែល​ លោក ម៉ែន ណាត ចុះផ្សាយ​នោះ​ថា ជារឿង​បរិហារ​កេរ្តិ៍​​​សាធារណៈ

លោកនិយាយថា “យើង​មិនដែលចាប់​អារម្មណ៍ ទៅនឹង​ការរិះគន់​នេះទេ ប៉ុន្តែ​យើង​​សុំបំភ្លឺ​សាធារណជន​​ថា​ លោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​នាយករដ្ឋមន្រ្តី​​កម្ពុជា គ្មាន​លុយ​ឯណា​​រាប់រយលាន​​ដុល្លារ ទៅ​ដាក់​នៅក្រៅ​​​ប្រទេសទេ… ក្នុង​នាម​អ្នក​នាំពាក្យ​​រដ្ឋាភិបាល ករណីនេះ ជារឿង​បរិហារកេ​រ្តិ៍​​សាធារណៈ​សុទ្ធសាធ​ គ្មាន​ភស្តុតាង​​ច្បាស់លាស់​ ”។

លោក ផៃ ស៊ីផាន បន្ថែមថា​លោក ហ៊ុន ម៉ាណែត មាន​តែការងារ​​មនុស្សធម៌ ដែល​លោក​ ត្រូវ​គិតគូរ ហើយ​ថ្មីៗនេះ សម្តេច​នាយក​រដ្ឋមន្រ្តី ក៏ធ្លាប់​បដិសេធ​ហើយ​ថា គ្រួសារ​សម្ដេច គ្មាន​លុយ​​ឯណា​​​រាប់​រយ​​លានដុល្លារ​​ទៅដាក់ នៅ​ក្រៅ​ប្រទេស​ដែរ ។

នៅលើទំព័រ​ហ្វេសប៊ុក​របស់លោក ម៉ែន ណាត បាន​ផ្សាយ​នៅព្រឹក​ថ្ងៃចន្ទនេះ​ថា លោក ហ៊ុន ម៉ាណែត លាក់លុយ​ នៅ​ធានាគារ​បារាំង ប្រមាណ ២០០ លានដុល្លារ និង​មាន​ឈ្មោះ​​ក្នុង​បញ្ជីដេញ​ថ្លៃ ទីស្នាក់​ការ​បក្ស Le Parti socialiste ទឹក​ប្រាក់កើន​ឡើង ៥៨,៥ លានអឺរ៉ូ ។ ហើយ​និង​ថា ហ៊ុន ម៉ាណែត មាន​ឈ្មោះនៅ​ក្នុង​បញ្ជីដេញ​ថ្លៃ អគារ​គណបក្ស​ប្រជាធិបតេយ្យ​សង្គម (Le Parti socialiste) ក្នុង​ទឹកប្រាក់​​ប្រមាណ ៥៧ លានអឺរ៉ូ កាលពី​ខែ​ កញ្ញា ២០១៧។ រហូតមក​ដល់​​ពេល​​នេះ ហ៊ុន ម៉ាណែត ហ៊ាន​​ដេញថ្លៃ​​​កើន​ឡើង នូវទឹក​ប្រាក់ ៥៨,៥ លាន​​អឺរ៉ូ​ហើយ។ អគារនេះ បានដាក់​ឲ្យ​​​ដេញថ្លៃ កាល​ពី​ខែកញ្ញា ឆ្នាំ​២០១៧ ដែល​មាន​​តម្លៃ​ចន្លោះ​ពី ៤០ លានអឺរ៉ូ ទៅ ៧០ លានអឺរ៉ូ ។

អគារ Le Parti socialiste គឺជាទីស្នាក់ការ​កណ្តាល​​គណបក្ស របស់​អតីត​ប្រធានាធិបតី François Hollande ស្ថិត​នៅផ្លូវ rue de Solférino សង្កាត់​ទី៧ ទីក្រុង​ប៉ារីស (7e arrondissement de Paris) ដែល​មានទំហំ ៣០០០ ម៉ែត្រ​ការ៉េ។ (កាសែត​ឡឺម៉ុងដ៍ Le Monde, ចំណង​ជើង៖ Le Parti socialiste va mettre en vente son siège rue de Solférino, 09-9-2017)។

មន្រ្តីរដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើថា ការរិះគន់ និង ចោទ​ទាំងនេះ មិនមែន​ជាលើក​ទី១ ទេ ហើយ​ថា លោក ហ៊ុន សែន និង ក្រុមគ្រួសារ មិនចាប់​អារម្មណ៍​ក្នុងរឿង​នេះទេ៕ (អត្ថបទ​ដោយ នគរ /៣១ តុលា ២០១៧)

 

mannat

Advertisements