រដ្ឋាភិបាល ហ៊ុន សែន ប្រតិកម្មធ្ងន់ៗ​ប្រឆាំង​តប ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ហើយ​​ចោទ​ប្រកាន់​ថា «ជា​ក្រុម​ឧទ្ទាម និង​ធ្វើ​សកម្មភាព​​ភេរវកម្ម»។ ប៉ុន្តែ​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​​២០១៨ នេះ ប្រធាន​ក្រុមប្រឹក្សា​​ឃ្លាំមើល​​​កម្ពុជា លោក ម៉ែន ណាត បាន​​​ច្រាន​​​ចោល​ការ​ចោទ​​ប្រកាន់​នានា​ ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ហើយ​​ថា ​រដ្ឋាភិបាល​នេះ បាន​​ក្លាយ​ជា​របប​ខុស​ច្បាប់ តាំង​ពីថ្ងៃទី ១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ខណៈ​ពេល​ដែលប្រើប្រាស់​​តុលាការ​កំពូល​ ឲ្យ​​ប្រកាស​​សាលក្រម រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ។ (សូម​ទាញ​យក​សេចក្តីថ្លែងការណ៍ ឬ​អាន​អត្ថបទ​រូបភាព​ខាង​ក្រោម។)


អ្នកឃ្លាំ​មើល​កម្ពុជា អំពាវ​នាវ​ទៅ​ប្រជាពលរដ្ឋ កុំ​​ចេញ​​ទៅ​​បោះ​​ឆ្នោត​  បើ​​គ្មាន​​​បក្ស​​ប្រឆាំង​​ចូល​​រួម

(VOD HotNews / 22-2-2018)

រាជធានី​ភ្នំពេញ៖ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស បាន​អំពាវ​នាវ​ទៅ​​ប្រជា​ពលរដ្ឋ កុំ​ឲ្យ​​ទៅ​បោះ​ឆ្នោត​ នា​​ពេល​​ខាង​​មុខ​​នេះ ​ដោយ​​ថា បើ​គ្មាន​គណបក្ស​​សង្គ្រោះ​ជាតិ ចូល​រួម​ប្រកួត​ប្រជែង​នោះ។

ក្នុង​សេចក្ដី​អំពាវនាវ​​កាល​​ពី​ថ្ងៃ​​ម្សិល​​មិញ​នេះ ក្រុម​​ប្រឹក្សា​​ឃ្លាំ​មើល​​កម្ពុជា បាន​​លើក​​ឡើង​​ថា លោក​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​​ការ​​ពល​រដ្ឋ​​ចេញ​​ទៅ​​បោះ​ឆ្នោត​​ច្រើន​​ជាង ៥០​% ​នៃ​​ចំនួន​​ពលរដ្ឋ​​មាន​​សិទ្ធិ​​បោះ​​ឆ្នោត​​សរុប​​នៅ​​ទូទាំង​​​ប្រទេស។ បើ​​តាម​​សេចក្ដី​​អំពាវ​នាវ​​ដដែល​​នោះ ក្រុម​ប្រឹក្សា​​ឃ្លាំ​មើល​​កម្ពុជា ​​បាន​​លើក​​ឡើង​​បន្ថែម​​ថា លោក ហ៊ុន សែន ត្រូវ​​ការ​​បែប​​នេះ ដើម្បី​​បង្ហាញ​​ប្រាប់​​ទៅ​​សហគមន៍​​អន្តរជាតិ​​ថា ពលរដ្ឋ​​កម្ពុជា​​​​ ពេញ​​ចិត្ត​​នឹង​​របប​​ដឹក​នាំ​​បច្ចុប្បន្ន។ ផ្ទុយ​​ទៅ​វិញ ប្រសិន​​បើ​​ចំនួន​​ពលរដ្ឋ​ ចេញ​​ទៅ​​បោះ​ឆ្នោត​​តិច​​ជាង ៥០​ % ក្រុម​ប្រឹក្សា​ ដែល​​មាន​​មូលដ្ឋាន​​​នៅ​​ក្នុង​​ប្រទេស​​ន័រវេស បាន​​អះ​អាង​​ថា ពលរដ្ឋ​​មិន​​ពេញ​​ចិត្ត​​នឹង​​របប​​ដឹកនាំ​​ដោយ​​លោក ហ៊ុន សែន នោះ​ឡើយ។

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​បាន​​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ និង​ឯកសារ​បោះឆ្នោត កុំ​ទៅ​​បោះ​ឆ្នោត នៅថ្ងៃទី ២៩ ខែ​កក្កដា ខាង​មុខ​នេះ បើគ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ដោយ​ស្មើភាព សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​នោះទេ។

ប៉ុន្តែលោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ការអំពាវនាវ​នេះ​ថា ជា​ការ​បិទ​សិទ្ធិ​របស់​​ប្រជាពលរដ្ឋ មិន​ឲ្យ​អនុវត្ត​សិទ្ធិ​នយោបាយ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ លោក​ថា៖ «ជា​ការបិទសិទ្ធិ​ប្រជា​ពលរដ្ឋ មិន​ឲ្យ​អនុវត្ត​សិទ្ធិ​នយោបាយ​របស់ខ្លួន ដែល​មាន​ចែង​នៅ​ក្នុងរដ្ឋ​ធម្មនុញ្ញ។ អញ្ចឹង សកម្មភាព​នេះ អាច​ចាត់​ទុកថា ជាវិច្ឆេទកម្ម​នយោបាយ​យ៉ាង​ពេញ​ទំហំហឹង ហើយ​ជាបញ្ហា​មួយ​ដែល​យើង​ អាច​ចោទ ក្រុម​ឃ្លាំ​មើល​កម្ពុជា​ នេះ ក៏​ចូល​ដៃ​ចូល​ជើង​ជាមួយ ក្រុមឧទ្ទាម​និយម​ក្រៅច្បាប់ ដែល​កំពុង​ធ្វើ​សកម្មភាព ដើម្បី​សម្លាប់​លទ្ធិ​ប្រជា​ធិបតេយ្យ នៅកម្ពុជា​​ពី​ក្រៅ​ប្រទេស​មក»។

ទោះជាយ៉ាងណា មន្ត្រី​ជាន់ខ្ពស់​​នៃ​​កម្មវិធី​​ផ្នែក​​អង្កេត​​របស់ ​អង្គការ​​ខុមហ្វ្រែល លោក កង សាវាង្ស លើក​​ឡើង​​ថា គ្មាន​​ច្បាប់​ណា​​មួយ​ ​បាន​​កំណត់​​ទាក់​​ទង​​នឹង​​ចំនួន​​ពលរដ្ឋ ​ចេញ​​ទៅ​​បោះ​ឆ្នោត​​នោះ​ទេ ប៉ុន្តែ​លោក​​ថា ដើម្បី​​ធានា​​ថា ការ​បោះ​ឆ្នោត​​ដំណើរការ​​ទៅ​​ដោយ​​សេរី ត្រឹមត្រូវ និង​​យុត្តិធម៌​​នោះ លោក​​ថា ត្រូវ​​មាន​​គណបក្ស​ប្រឆាំង ​ចូល​​រួម​​ផង​​ដែរ។ លោក​ថា៖ «អ្វីដែល​ជា​ចំណុល​ល្អ គឺថា កម្លាំង​នៃ​គណបក្ស​ប្រឆាំង ដែល​ជាបក្ស​​ប្រឆាំង​ដ៏ធំមួយ នៅ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង បើក​ឲ្យមាន​ការចូលរួម​ប្រកួត​ប្រជែង។ វាជា​ចំណុល​ល្អ​មួយ នៅ​ក្នុង​ការបោះឆ្នោត។ បើ​សិន​​អត់​មាន​ការប្រកួត​ប្រជែង​ទេ មាន​ន័យថា មាន​តែ​គណបក្ស​មួយ​ដែល​កម្លាំង​ធំ នឹង​ការប្រកួត​ប្រជែង វាអត់​ស្មើភាព​គ្នាទេ។ អញ្ចឹង យើង​នៅតែ​ចង់ឃើញ​ការប្រកួត​ប្រជែង​មួយ​​ដោយ​ស្មើភាព ដោយ​ត្រឹមត្រូវ​​ដដែល សម្រាប់​​ការយល់​ឃើញរ​​​បស់​យើង»

វត្តមាន​របស់​​គណបក្ស​​សង្គ្រោះ​​ជាតិ​ ​នៅ​ក្នុង​​ការ​បោះ​​ឆ្នោត ​នា​​ខែ​​កក្កដា​ ខាង​មុខ នៅ​​តែ​​មិន​​ទាន់​​មាន​​ភាព​ច្បាស់​លាស់​​នៅ​​ឡើយ​​ទេ​ រហូត​​មក​​ដល់​​ពេល​នេះ បន្ទាប់​ពី​បក្ស​ប្រឆាំង​​ដ៏​ធំ​មួយ​​នេះ ត្រូវ​បាន​​តុលាការ​កំពូល ​សម្រេច​​រំលាយ​​ចោល​ កាល​ពី​ពាក់​​កណ្ដាល​​ខែ​ ​វិច្ឆិកា​ ឆ្នាំ​មុន ទៅ​​តាម​​បណ្ដឹង​​របស់​​រដ្ឋាភិបាល។

សហគមន៍​អន្តរជាតិ ដែល​​នាំ​មុខ​ដោយ​សហភាព​អឺរ៉ុប និង​អាមេរិក នៅ​តែ​​បន្ត​​ទាម​ទារ​​ទៅ​រដ្ឋាភិបាល​​កម្ពុជា ឲ្យ​ស្ដារ​​លទ្ធិ​​ប្រជាធិបតេយ្យ ​នៅ​​កម្ពុជា​​ឡើង​វិញ តាម​​រយៈ​ការ​​អនុញ្ញាត​​ឲ្យ​បក្ស​​ប្រឆាំង ​ចូល​រួម​​នៅ​​ក្នុង​ការ​​បោះ​​ឆ្នោត​ ដោយ​​សេរី​​ ត្រឹម​ត្រូវ និង​​ការ​ដោះ​​លែង​​មេដឹកនាំ​​បក្ស​ប្រឆាំង​ កំពុង​​ជាប់​ឃុំ​ គឺលោក កឹម សុខា៕


លោក ផៃ ស៊ី​ផាន​៖ «​ការអំពាវនាវ មិន​​ឲ្យ​​ពលរដ្ឋ​​ទៅ​​បោះ​ឆ្នោត ជា​​អំពើ​​ភេរវកម្ម​»

(កាសែតថ្មីៗ / 22-2-2018)

ភ្នំពេញ​៖ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​នៃ ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី បាន​ចាត់​ទុក​​ការអំពាវនាវ​​របស់​​អង្គការ​​មួយ មិន​​ឲ្យ​​​​ប្រជា​ពលរដ្ឋ​​កម្ពុជា ចូល​រួម​ការបោះ​ឆ្នោត​​ជ្រើស​តាំង​​តំណាងរាស្ត្រ ​នីតិកាល​ទី​៦ ដែល​​នឹង​​ប្រព្រឹត្ត​ទៅ​​នៅ​ថ្ងៃទី ​២៩ ខែ​កក្កដា ឆ្នាំ ​២០១៨ ថា​​អំពើ​​នៃ​​ក្រុម​ឧទ្ទាម​។ លោក បន្តថា ទង្វើ​​បែប​នេះ គឺ​ប្រឆាំង​នឹង​​លទ្ធិ​ប្រជា​ធិបតេយ្យ និង​​សិទ្ធិ​​នយោបាយ ក្នុង​កា​រ​ជ្រើសរើស​​អ្នកតំណាង​

អ្នកនាំពាក្យ​នៃ​​ទីស្តីការ​គណៈរដ្ឋមន្ត្រី​​រូបនេះ បាន​​ព្រមាន​​ធ្ងន់ៗ តាម​រយៈ​​ការ​បង្ហោះ​​សា​រ លើ​គណនី​​ហ្វេ​ស​ប៊ុ​ក នៅ​​ថ្ងៃទី​​២២ ខែ​កុម្ភៈ ឆ្នាំ​​២0១៨ យ៉ាង​​ដូច្នេះ​ថា​៖ «​លទ្ធិ​ប្រជា​ធិបតេយ្យ គឺជា​​កម្មសិទ្ធិ​​ផ្ទាល់​​របស់​​ប្រជា​ពលរដ្ឋ​​មា្ន​ក់ៗ ហើយ​​ជា​សកម្មភាព​​នយោបាយ ក្នុង​ការ​ជ្រើស​រើស​​ និង​​ទទួល​ខុសត្រូវ​ លើ​​ជោគវាសនា​​របស់​​គេ​។ សិទ្ធិ​ស្វ័យ​​សម្រេច​​របស់​​ប្រជាពលរដ្ឋ ត្រូវបាន​​ទទួល​ស្គាល់​​ដោយ​​ធម្មនុញ្ញ​​អង្គការ​សហប្រជាជាតិ រួមទាំង​​កម្ពុជា​​ផង​ដែរ​។ ដូច្នេះ យុទ្ធនាការ​​របស់​​បុគ្គ​ល​​ណា ឬ​​ក្រុម​​ណា​ ប្រឆាំង​នឹង​​សិទ្ធិ​នេះ គឺ​មិន​​ត្រឹម​តែ​ជា [​អំពើ​​នៃ​​ក្រុម​] «ឧទ្ទាម» ​ប៉ុណ្ណោះ​​ទេ តែ​ក៏​ជា​​«សកម្មភាព​​ភេរវកម្ម» ប្រឆាំង​នឹង​​អំណាច​​ប្រជាពលរដ្ឋ ដែល​​រដ្ឋាភិបាល មិន​​អនុគ្រោះ​​ជា​ដាច់ខាត​»​។​

​សារ​របស់លោក ផៃ ស៊ី​ផាន គឺធ្វើឡើង​​ដើម្បី​​ប្រតិកម្ម​​នឹង​ ក្រុមប្រឹក្សា​​ឃ្លាំមើល​កម្ពុជា (CWCI) ដែល​​បាន​​អំពាវនាវ មក​កាន់​​ប្រជាពលរដ្ឋ​​កម្ពុជា កុំ​ឲ្យ​ចូល​រួម​ការបោះ​ឆ្នោត បើ​​អវត្តមាន​​គណបក្ស​​សង្គ្រោះ​​ជាតិ​។ តាមរយៈ​​សេចក្តី​អំពាវនាវ ក្រុមប្រឹក្សា​​ឃ្លាំមើល​​កម្ពុជា ដែល​មាន​​មូលដ្ឋាន​​នៅ​ប្រទេស​​ន័​រវេ​ស  ហើយ​តែង​តែ​​ប្រឆាំង​​គណបក្ស​កាន់អំណាច​ និង​​រដ្ឋាភិបាល​​កម្ពុជា បាន​ស្នើ​ឡើង​​យ៉ាង​​ដូច្នេះ​ថា​៖ «​បើ​អ្នក​​ទៅ​​បោះឆ្នោត មាន​​ចំនួន​​តិច​ជាង​ ៥០ ​ភាគរយ មាន​ន័យ​ថា​​ប្រជាពលរដ្ឋ មិន​​ពេញចិត្ត​​នឹង​​របប​​ដឹកនាំ​​របស់​លោក [​នាយក​រដ្ឋមន្ត្រី​] ហ៊ុន សែន ហើយ​​សហគមន៍​​អន្តរជាតិ ក៏​មិន​​ទទួលស្គាល់​​ដែរ​។  [….] នេះ​ហើយ ជា​ក្តី​បារម្ភ​​របស់​លោក ហ៊ុន សែន និង​​គណបក្ស​កាន់អំណាច​។ ក្រុមប្រឹក្សា​​ឃ្លាំមើល​​កម្ពុជា សូម​​អំពាវនាវ​​ដល់​​ព​ល​រដ្ឋ​ខ្មែរ កុំ​ទៅ​​បោះឆ្នោត​»


CWCI ថ្លែងការណ៍រឿង ពហិការការបោះឆ្នោត ខែកក្កដា
រូបភាពលោក ម៉ែន ណាត និងលោក ហ៊ុន សែន។