កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានកាត់ឆ្វៀដីសម្បទាន​បម្រុងរបស់​រដ្ឋ ៤០ ហិកតា ជូនជនអន្តោប្រវេសន៍ វៀតណាម ប្រមាណ ៤៥៦៣ គ្រួសាដែលរស់នៅលើផ្ទៃទឹកទន្លេសាប ឲ្យធ្វើ​បម្លាស់ទី ទៅរស់នៅលើគោក ស្ថិតនៅ​ឃុំស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ដែល​នាំឲ្យមានប្រតិកម្មយ៉ាងខ្លំាង ពីពលរដ្ឋខ្មែរគ្រប់ទិសទី។ ក្រោយមក អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ បានឆ្លើយថា ក្នុងអ្នកបម្លាស់ទីជាង ៤០០០ គ្រួសារនោះ មិនមែនមានតែជនជាតិវៀតណាមសុទ្ធសាធទេ គឺមានទាំង ពលរដ្ឋខ្មែរ និង ខ្មែរអ៊ីស្លាមផង។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានលោក រ៉ុង ឈុន ជាតំណាង បានទទូច​ឲ្យ​រដ្ឋាភិបាល ​លោក ហ៊ុន សែន លុប​ចោល​គម្រោង​ផ្តល់​ដី ដល់ជនអន្តោប្រវេសន៍​វៀតណាម នៅ​កម្ពុជា ដែល​​ភាគច្រើន​លើសលប់ គឺជា​ជនន្តោប្រវេស៍​ខុសច្បាប់ នៅក្នុងសេចក្តីថ្លែងការណ៍របស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា កាលពីថ្ងៃទី ០២ ធ្នូ ២០១៩ បញ្ជាក់ថា «ចំពោះ​ជនអន្តោប្រវេសន៍​ ដែល​រស់នៅ​ខុសច្បាប់ ត្រូវបញ្ជូន​ទៅប្រទេស​ដើម​របស់​​ខ្លួនវិញ។ រាជរដ្ឋាភិបាល មិនត្រូវផ្តល់ដីធ្លី​ដល់​ជន​អន្តោ​ប្រវេសន៍​វៀតណាម​ណាម្នាក់ ធ្វើជា​លំនៅ​ឋាន​ជាដាច់​ខាត។ សម្រាប់​ជនអន្តោប្រវេសន៍ ទទួល​បាន​សញ្ជាតិខ្មែរ​រួច​ហើយ ពួកគេ​ត្រូវតែ​រកលទ្ធភាព​ទិញ ឬជួលផ្ទះ​ សម្រាប់​ស្នាក់នៅ​ដោយ​ខ្លួនឯង»

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី នៃរបបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន បានប្រាប់បណ្តាញអ្នកសារព័ត៌មានថា «រាជរដ្ឋាភិបាល មានគម្រោងផ្តល់លំនៅឋាន ជូនជនជាតិវៀតណាម នៅខេត្តផ្សេងៗ ដូចគ្នានៅខេត្តកំពង់ឆ្នាំងដែរ»

ជុំវិញការលើកឡើងរបស់មន្រ្តីរដ្ឋាភិបាលលោក ហ៊ុន សែន រឹតតែធ្វើឲ្យផ្ទុះ​ប្រតិកម្ម​​ខ្លាំង​ឡើង ក្នុងចំណោមក្រុមបញ្ញវន្ត និងអ្នកប្រឆាំងនានា រហូតដល់ចុង ខែ​ធ្នូ ឆ្នាំ ២០១៩ ដោយចោទប្រកាន់ត្រង់ៗថា របបលោក ហ៊ុន សែន បន្តអនុវត្តសន្ធិសញ្ញា និងឯកសារខុសច្បាប់ មុន​ទសវត្សរ៍ទី​៩០ ដូចជា {សន្ធិសញ្ញា មិត្តភាព និងសហប្រតិបត្តិការ កម្ពុជា-វៀតណាម ១៩៧៩ (Download) និង សារាចរណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បានផ្តល់​សិទ្ធិ និងជួយ​ការពារពលរដ្ឋ​វៀតណាម​ខុសច្បាប់ នៅ​កម្ពុជា (Download)} ដែល​កាលនោះ កម្ពុជា ស្ថិតនៅក្រោមការត្រួតត្រាខុសច្បាប់ ពីសំណាក់​កងទ័ព​វៀតណាម។
(អត្ថបទដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ២០ ធ្នូ ២០១៩)


ខាងក្រោមជាអត្ថបទភ្ជាប់ ជុំវិញភាគីវៀតណាម ស្នើឲ្យដឹកនាំ​កម្ពុជា ជួយ​ការពារ​ជនជាតិ​របស់ខ្លួន នៅ​កម្ពុជា៖

វៀតណាម ស្នើ​ឲ្យយក​ចិត្ត​ទុក​ដាក់​ពលរដ្ឋ​ខ្លួន ខណៈ​កម្ពុជា ​ជំរុញ​ឲ្យ​សហការ​បន្ថែម​លើ​សន្តិសុខ

(Phnom Penh Post / ដោយ ខន សាវី / ៣០ ឧសភា ២០១៩)
ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​វៀត​ណាម​ ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា ​ឱ្យ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត ​អំពី​សុខទុក្ខ​របស់​ពលរដ្ឋ​ខ្លួន​ ដែល​ត្រូវបាន​ជម្លៀស​ចេញពី​ទន្លេសាប​ ទៅ​រស់​នៅលើ​ដីគោក ​ដោយ​សន្យាថា​នឹង​ផ្ដល់​កិច្ច​សហការ​គ្នា ​ដើម្បី​ជួយ​ទៅដល់​ពលរដ្ឋ​ទាំងនោះ​បន្ថែម​ទៀត​ ខណៈ​កម្ពុជា​ ក៏បាន​ជំរុញឲ្យ​មានកិច្ចសហការ​បន្ថែម​ទៀត​ រវាង​ប្រ​ទេស​ទាំង ២​ លើ​បញ្ហា​សន្តិសុខ ​ការពារ​ជាតិ​ និង​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ។

លោក​ស្រី ង្វៀន ធី​គីម​ងិន​ ប្រធាន​រដ្ឋសភា​វៀតណាម​ បាន​ស្នើ​រដ្ឋាភិបាល​កម្ពុជា ​ឱ្យ​យកចិត្តទុកដាក់​បន្ថែម​ទៀត ​ដើម្បី​ធានា​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​វៀតណាម ​ដែល​ត្រូវបាន​ផ្លាស់​ទី​ចេញពី​ទន្លេសាប ​ទៅ​រស់​នៅលើ​ដីគោក។ ការស្នើសុំ​នេះ ​បានធ្វើ​ឡើង​នៅពេល​លោក​ស្រី បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ ហេង សំរិន ​ប្រធាន​រដ្ឋសភា​កម្ពុជា ​ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ នៅ​វៀតណាម​ចំនួន​ ៣ ថ្ងៃ ​ចាប់ពី​ថ្ងៃ​ទី ២៨-៣០ ខែ ឧសភា ឆ្នាំ​២០១៩។ នេះ​បើតាម​ការចុះផ្សាយ​ពី​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម ​នៅ​ថ្ងៃទី ២៨ ​ឧសភា។

សារព័ត៌មាន​នេះ ​ចុះផ្សាយ​ជា​ភាសា​អង់គ្លេស​ថា​ «ពាក់ព័ន្ធ​នឹង​ការផ្លាស់​ទី​ពលរដ្ឋ​វៀតណាម ​នៅ​បឹង​ទន្លេសាប​ លោក​ស្រី ង្វៀន​ បាន​ស្នើ​ភាគី​កម្ពុជា ​យកចិត្ត​ទុកដាក់ ​ដើម្បី​ធានា​អំពី​ការរស់​នៅ​ ផលប្រយោជន៍​ និង​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ ​ដែល​ត្រូវបាន​ផ្លាស់​ទី​ទាំង​នេះ។ លោក​ស្រី​អះអាងថា​ វៀតណាម​នឹង​សហការ​ជាមួយ​កម្ពុជា ​ដើម្បី​ផ្ដល់​ការគាំទ្រ​ដល់​ពលរដ្ឋ​ទាំងនេះ ​ឱ្យទទួល​បានការ​រស់នៅ​មាន​ស្ថិរភាព​ឆាប់ៗ​នេះ»។

មន្ត្រី​ជាន់ខ្ពស់​វៀតណាម​រូបនេះ​ ក៏បាន​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ការសម្របសម្រួល​ដ៏​ដិតដល់​របស់​កម្ពុជា​ក្នុង ការ​ផ្ដល់​ឯកសារ​ស្របច្បាប់ ​ដល់​ពលរដ្ឋ​វៀតណាម​ ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​ កម្ពុជា ​និង​បានទទួល​បន្ថែម ទៀត​ដល់​អ្នកពាក់ព័ន្ធ​ក្នុងការ​ដាក់ឱ្យ​អនុវត្ត​នូវ​បទ​ប្បញ្ញត្តិ​ច្បាស់លាស់​ស្ដីពី​សិទ្ធិ​ និង​កាតព្វកិច្ច​សម្រាប់​ជនជាតិ​វៀតណាម ​ដែល​កំពុង​កាន់​កាត​សម្រាប់​ចុះ​ឈ្មោះ​ជា​ជន​បរទេស។

កាលពី​ឆ្នាំ ២០១៨ ​ពលរដ្ឋ​ជាង ៤ ពាន់​គ្រួសារ​ ក្នុងនោះ​មាន​ជនជាតិ​វៀតណាម​ប្រហែល​ ១ ៨៦០ គ្រួសារ​ដែល​រស់​នៅលើ​ភូមិ​បណ្ដែត​ទឹក​ ​បឹង​ទន្លេសាប​ ត្រូវបាន​អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង​ សម្រេច​ជម្លៀស​ឱ្យទៅ​នៅលើ​ដីគោក។ ព្រោះ​មើលឃើញ​ថា ​ការរស់នៅ​លើទឹក​ទន្លេ​បែបនេះ ​គឺជា​ការខុសច្បាប់​និង​បានធ្វើឱ្យ​ប៉ះពាល់​ដល់​បរិ​ស្ថាន​ និង​ជីវចម្រុះ​នៅ​ក្នុង​ទន្លេ។

ប៉ុន្តែ​មកដល់​ពេលនេះ ​នៅមាន​ពលរដ្ឋ​វៀត​ណាម​ប្រហែល​ជាង ៧០០​ គ្រួសារ​ទៀត ​ដែល​ពុំទាន់​រុះរើ​ទីតាំង​រស់នៅ ​ចេញពី​ទន្លេសាប​នៅ​ឡើយ ​ដោយសារ​ពួកគេ​កំពុង​ជាប់​ចិញ្ចឹម​ត្រី​ក្នុង​បែ​នៅក្រោម​ផ្ទះ​លើទឹក​ ហើយ​ត្រូវបាន​អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង​ ទុកពេល​ឱ្យ​រុះរើចេញ​រហូតដល់​ខែកក្កដា ​ឆ្នាំ​ ២០១៩​ នេះ។

ជុំវិញ​ការស្នើសុំ​ពី​មន្ត្រី​ជាន់​ខ្ពស់​វៀតណាម​នេះ ​លោក ឈួរ ច័ន្ទ​ឌឿន​ អភិបាល​ខេត្ត​កំពង់​ឆ្នាំង​​ អះអាងថា ​ពលរដ្ឋ​វៀតណាម​ ដែល​ត្រូវ​ផ្លាស់​ទី​ទៅ​រស់​នៅលើ​ដីគោក ​ចេញពី​ទន្លេសាប ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ ពី​អាជ្ញាធរ​ដូចគ្នា​ទៅនឹង​ពលរដ្ឋ​ខ្មែរ​ដែរ ​ដូចជា​ការជួយ​សាងសង់​ឱ្យមាន​ផ្លូវ ​ភ្លើង ​ទឹកស្អាត​ សាលារៀន​ និង​មន្ទីរពេទ្យ​ជាដើម។

លោកបានបន្ត​ថា​៖ ​«សន្ដិសុខ ​សុវត្ថិភាព ​ហើយ​មុខ​របរ​របស់​គាត់ ​គាត់​ត្រូវធ្វើ​មុខរបរ​អី​យ៉ាង​ម៉េចៗ​ ដូចគ្នា​ប្រជាជន​ផ្សេងៗ​ទៀត​ដែរ​ណា៎»។

ទោះយ៉ាង​ណា​ បើតាម​សារព័ត៌​មាន​វៀតណាម​ដដែល​នេះ ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ដើម្បី​ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​វៀតណាម ទាំង​ជួប​ជាមួយ​លោក​ស្រី ង្វៀន ធី​គីម​ងិន ​និង​លោក​ Tran Quoc Voung អគ្គ​លេខា​នៃ​គណៈកម្មាធិការ​ម​ជ្ឈិម​បក្ស​កុម្មុយនីស្ដ​វៀតណាម គឺ​លោក​ ហេង សំរិន ​បាន​គូស​បញ្ជាក់​អំពី​ការគាំទ្រ​ដ៏​ខ្លាំង​របស់​កម្ពុជា ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ ២​ ឱ្យបាន​ ៥ ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ ២០២០ ​ស្របពេល​កាល​ពី​ឆ្នាំ ២០១៨ ​ទំហំ​ពាណិជ្ជកម្ម​នេះ​ បាន​ឈាន​ដល់ ​៤,៧​ ពាន់​លានដុល្លារ។

លោក ​ហេង សំរិន ​ក៏បាន​លើកឡើង​អំពី​ការជំរុញ​ឱ្យមាន​កិច្ចសហការ​ល្អ​បន្ថែម​ទៀត​ រវាង​ប្រទេស​ទាំង ២ ​លើ​បញ្ហា​សន្ដិសុខ ​ការពារ​ជាតិប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ​ការចែក​រំលែក​ព័ត៌មាន ​និង​ការ​ឈានទៅ​បោះបង្គោល​ព្រំដែន​​ដោយ​សន្ដិភាព​ និង​ភាតរភាព​ និង​ការ​បង្ហាញ​អំពី​ការ​អរគុណ​វៀតណាម​ម្ដងទៀត​ ដែល​បាន​ជួយ​កម្ពុជា​គ្រប់​កាលៈទេសៈ រួមទាំង​ការជួយ​រំដោះ​ចេញពី​សម័យ​ប៉ុលពត ​និង​ជួយ​ឱ្យ​កម្ពុជា​ មានការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃ​។

លោក​ សំ ច័ន្ទ​គា ​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស ​(អាដហុក)​ ខេត្ត​កំពង់ឆ្នាំង​យល់ថា ​ការស្នើ​របស់​វៀតណាម​ឱ្យ​កម្ពុជា​ យកចិត្ត​ទុកដាក់​អំពី​ការរស់នៅ​របស់​ពលរ​ដ្ឋ​វៀត​ណាម​នេះ គឺជា​កាតព្វកិច្ចរ​បស់​​ប្រទេស​នីមួយៗ​ ក្នុងការ​ស្វែងរក​កិច្ចការពារ​ចំពោះ​ពល​រដ្ឋ ហើយ​កម្ពុជា​ក៏​គួរតែ​ស្នើ​ភាគី​វៀត​ណាម​ដូចគ្នា​ដែរ ​ដើម្បីឱ្យ​មានការ​យក​ចិត្ត​ទុកដាក់​ពលរដ្ឋ​កម្ពុជា​ ដែល​ចេញទៅ​ធ្វើ​ការងារ​ក្នុង​ប្រទេស​វៀត​ណាម​ រួមទាំង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​គេ​តែង​ដឹងថា ​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ កំពុង​រឹតត្បិត​សិទ្ធិ​សេរីភាព។

លោក​បញ្ជាក់ថា​៖ «រដ្ឋាភិបាល​ក៏​ត្រូវមាន​កាតព្វកិច្ច​ស្នើ​សុំឱ្យ​រដ្ឋាភិបាល​វៀតណាម​ ជួយ​ការពារ​ដូចគ្នា​ដែរ។ ការស្នើសុំ​របស់​វៀតណាម​នេះ ​​មិនមែនជា​រឿង​ចម្លែក​អី​ទេ​ គឺជា​កាតព្វកិច្ច​របស់​រដ្ឋ​ក្នុង​ការការពារ​ប្រជាពលរដ្ឋ​គេ។ ទោះបី​ទៅដល់​ណាក៏​ដោយ ​រដ្ឋាភិបាល​ត្រូវ​តាម​ឃ្លាំមើល​ថែ​ដែរ»។

ប៉ុន្តែ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល ​លោក ​ផៃ ស៊ីផាន ​ឆ្លើយតប​ថា ​កម្ពុជា​ក្រោម​មាន​អង្គការ​របស់​ខ្លួន​ ដែល​ធ្វើ​ការយ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​សហ​ប្រជា​ជាតិ​ ក្នុងការទាមទារ​សិទ្ធិ​រស់នៅ​ និង​សិទ្ធិ​ផ្សេងៗ​ទៀត។ ​

លោក​ថា​៖ «យើង​មិនមាន​លទ្ធភាព​ណា​ ឬក៏​កាតព្វកិច្ច​ណា​ទៅ​លូក​លាន់​ផ្ទៃក្នុង​វៀតណាម​រឿង​កម្ពុជា​ក្រោម​នោះ​ទេ។ ព្រោះ​កម្ពុជា​ក្រោម ដូច​ដឹង​ហើយ​ថា​ បារាំង​ បាន​កាត់​ឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​វៀតណាម​ តាំងពី​យូរ​មក​ហើយ»។

​ថ្ងៃទី ៣០ នេះ ​លោក​ ហេង សំរិន ​បាន​ចេញពី​វៀតណាម​ ដើម្បី​បន្ត​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ ​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី ៣០ ​ឧសភា ​ដល់​ថ្ងៃទី ១​ ​មិថុនា៕

Advertisements