(CWCI Cambodia អត្ថបទដោយ នគរ /២១ ធ្នូ ២០១៩)

ព្រះរាជក្រមព្រះមហាក្សត្រ នរោត្តម សីហមុនី ឡាយព្រះហស្ថលេខាពីថ្ងៃទី ៥ ធ្នូ ប្រកាស​ឲ្យប្រើ សន្ធិសញ្ញា​ព្រំដែនបំពេញបន្ថែម ឆ្នាំ​២០១៩ នាំឲ្យមានប្រតិកម្មចម្រុះ និង មានសារកាន់ទុក្ខក្រៀមក្រំ ពីសំណាក់ក្រុមអ្នកធ្វើកិច្ចការព្រំដែន សកម្មជនព្រំដែន ពលរដ្ឋ និង គណបក្សនយោបាយមួយចំនួន​ថា «សន្ធិសញ្ញាព្រំដែនបំពេញបន្ថែមថ្មីនេះ ធ្វើឲ្យកម្ពុជា បាត់​បង់​បូរណភាពទឹកដី ព្រមទាំងវាធ្វើឡើងខណៈពេល កម្ពុជា មាន​វិបត្តិនយោបាយ និង មិនទាន់មានឯកភាពជាតិនៅឡើយ»។ ព្រះរាជក្រមនេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី ២០ ខែធ្នូ នេះ។

ព្រះរាជក្រមព្រះមហាក្សត្រ មាន ២ ទំព័រ និងមាន ៣ មាត្រា ស្តីអំពីសន្ធិសញ្ញាព្រំដែនបំពេញ​បន្ថែម​ថ្មី ត្រូវបាន​​ស្នើឡើងដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តី វៀតណាម ចុះហត្ថលេខារួមគ្នា នៅទីក្រុងហាណូយ កាលពីថ្ងៃទី ០៥ តុលា ២០១៩ «ដើម្បី​ទទួលស្គាល់​​ទៅលើ​ សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ ​ឆ្នាំ១៩៨៥ និង​ សន្ធិសញ្ញា​បំពេញបន្ថែម ​ឆ្នាំ​​២០០៥ រវាង​កម្ពុជា និង​វៀតណាម បន្ទាប់ពីប្រទេសទាំង ២ បោះបង្គោលព្រំដែន បាន ៨៤%ហើយនោះ»។

ថ្លែងប្រាប់វិទ្យុអាស៊ីសេរី RFA ថ្ងៃទី ២០ ខែធ្នូនេះ​ លោក អ៊ុំ សអំាន សមាជិសភា ពី​គណ​បក្ស​​សង្គ្រោះ​ជាតិ យល់​ថា «ព្រះមហាក្សត្រ​ ទំនងជា​មិន​ចង់​ឡាយព្រះហស្តលេខា ​លើ​សន្ធិសញ្ញា​នេះ​ឡើយ ប៉ុន្តែ​ដោយសារ​មាន​គំនាប ​ពី​លោក ហ៊ុន សែន ទើប​ព្រះអង្គ​សម្រេច​ព្រះទ័យ​​បែប​នេះ»។ លោក បន្ត​ថា «ការ​ឡាយព្រះហស្តលេខា ​របស់​ព្រះមហាក្សត្រ​នេះ ប្រៀប​​បាន​​​នឹង​​ការ​កាត់​ទឹកដី​​ខ្មែរ​ ឱ្យ​ទៅ​​វៀតណាម​​​ដូច្នេះ​ដែរ ព្រោះ​សន្ធិសញ្ញា​បំពេញ​បន្ថែម ​ឆ្នាំ ​២០១៩ នេះ ធ្វើឡើង​ដោយ​ផ្អែកលើ​សន្ធិសញ្ញា​​ខុសច្បាប់ ​ឆ្នាំ ​១៩៨៥ និងឆ្នាំ ​២០០៥»។ លោក អ៊ុំ សំអាន បញ្ជាក់ថា «សន្ធិសញ្ញា​បំពេញ​បន្ថែម​ ​២០១៩ ហ្នឹង យក​​តាម​​សន្ធិ​សញ្ញា​ខុស​ច្បាប់​ ឆ្នាំ​ ១៩៨៥ សម័យ​យួន​ គ្រប់គ្រង​កម្ពុជា {ដោយខុសច្បាប់អន្តរជាតិផង}។ យើង​​ដឹង​ហើយថា សន្ធិសញ្ញា​ ឆ្នាំ​ ១៩៨៥ ហ្នឹង វា​ផ្ទុយ​ទៅ​នឹង​ មាត្រា​២ និង ​មាត្រា​៥៥ នៃ​រដ្ឋធម្មនុញ្ញ ហើយ​វាផ្ទុយ​ទៅ​នឹង​ កិច្ចព្រមព្រៀង​​ទីក្រុង​ប៉ារីស​ ដែល​តម្រូវ​ឱ្យ​ទុកជា​មោឃៈ (លុយចោល) ​នូវ​សន្ធិសញ្ញា​ទាំងអស់​ហ្នឹង»​

លោក អ៊ុំ សំអាន រំពឹងថា «រឿងព្រំដែន ជាមួយប្រទេសវៀតណាមនេះ នឹង​មាន​ការ​សើរ​រើឡើង​វិញ នៅពេលណា កម្ពុជា មានរដ្ឋាភិបាល​ថ្មីណា​មួយ ដែលតំណាង​ឲ្យ​ផលប្រយោជន៍ជាតិ និងបម្រើផលប្រយោជន៍ពលរដ្ឋខ្មែរ»

ផ្សព្វផ្សាយលើបណ្តាញសង្គម នៅថ្ងៃទី ២១ ខែធ្នូនេះ លោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា នៅ​ប្រទេស​ន័រវេស៍ (Norway) ប្រកាសកាន់ទុក្ខក្រៀមក្រំ ជាមួយពលរដ្ឋខ្មែរ ចំពោះការបាត់បង់​បូរណភាពទឹកដីខ្មែរ ក្រោយពេល​ព្រះមហាក្សត្រ ឡាយព្រះហសត្ថលេខា​​ទៅលើ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ​ ២០១៩។ លោកបញ្ជាក់ថា «កាលពីឆ្នាំ ២០០៥ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានអំពាវនាវឲ្យពលរដ្ឋខ្មែរ ចូលរួមកាន់ទុក្ខម្តងរួចហើយ បន្ទាប់ពីលោក ហ៊ុន សែន គំរាមកំហែងព្រះមហាក្សត្រ ឲ្យឡាយព្រះហស្ថលេខាទៅលើ សន្ធិសញ្ញា​ព្រំដែនបំពេញបន្ថែម ២០០៥ យ៉ាងចម្រូងចម្រាស ដែលនាំឲ្យមានការបោះ​បង្គោល​​ព្រំដែន ធ្វើឲ្យបាត់បង់ដីស្រែចំការរបស់ពលរដ្ឋខ្មែរ នៅតាមជាយដែនវៀតណាម រហូត​មកដល់សព្វថ្ងៃ»

លោក ម៉ែន ណាត បានធ្វើសេចក្តីពន្យល់បន្ថែម អំពីប្រវត្តិនៃការបោះបង្គោល​ព្រំដែន​ខ្មែរ ​ពី​សម័យ​អាណានិគម​បារាំង​ថា «កម្ពុជា មានការបោះបង្គោលព្រំដែន ៣ លើកមកហើយ​គឺ៖ លើក​ទី១. តាមអនុសញ្ញាបារាំង ឆ្នាំ ១៨៧៣ បោះបាន ១២៤ បង្គោល។ លើក​ទី២. តាមសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ ១៩៨៥ បោះបាន ៧២ បង្គោល។ លើកទី៣. តាមសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ ២០០៥ ត្រូវបោះ ៣៧៥ បង្គោល។ ការប៉បោះបង្គោលព្រំដែន លើកទី២ និងលើកទី៣ ​គឺធ្វើឲ្យវៀតណាម រំកិលព្រំដែន ចូលមកក្នុងបូរណភាពទឹកដីខ្មែរ»

លោក ម៉ែន ណាត រំលឹកថា «កាលពពីឆ្នាំ ១៩៩៣ សម្តេចតា នរោត្តម សីហនុ ធ្លាប់​បានសរសេរ​លិខិត ទៅកាន់លោក ហ៊ុន សែន និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ក្នុងនាមជាសហនាយករដ្ឋមន្រ្តី ឲ្យអ្នកទាំង ២ យកបង្គោលព្រំដែនសម័យអាណានិគម បារាំង ទាំង ១២៤ បង្គោល ទៅដាក់នៅត្រង់កន្លែងដើមវិញ ប៉ុន្តែលោក ហ៊ុន សែន និងសម្តេចក្រុមព្រះ មិនបានស្តាប់តាមសម្តេចតាទេ ហើយពួកគេ ថែមទាំងបំពានរដ្ឋធម្មនុញ្ញ ធ្វើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ ២០០៥ ទៀត»

លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជាប្រធាន​សហភាព​សហជីព​កម្ពុជា បានប្រាប់វិទ្យុវាយោ (Vayo) ថ្ងៃទី ២១​ ខែធ្នូនេះ​ថា «កម្ពុជា​ អាច​ខាតបង់​ទឹកដី ​ដោយសារ​ច្បាប់​ស្តីពី​ សន្ធិសញ្ញាព្រំដែន ទាំង ​៣ ​លើក​នេះ {គឺ សន្ធិសញ្ញាព្រំដែន ១៩៨៥, សន្ធិសញ្ញាបំពេញបន្ថែម ២០០៥ និង សន្ធិសញ្ញាបំពេញបន្ថែម ២០១៩}​។ ​

លោក រ៉ុង ឈុន យល់ថា «ក្រោម​ហេតុផល​ សន្ធិសញ្ញា ឆ្នាំ ​១៩៨៥ ដែល​​បាន​​លេច​ចេញ​​​ជា​​រូបរាង​​នោះ វា​​មិន​អាច​​ប្រើប្រាស់​​បាន​ទេ ដោយសារ​គ្រានោះ ​កម្ពុជា ស្ថិត​នៅ​ក្រោម​សម្ពាធ​វៀតណាម​។ ដោយឡែក​ សន្ធិសញ្ញា​បំពេញបន្ថែម​ ឆ្នាំ ​២០០៥ និង​សន្ធិសញ្ញា ២០១៩ វិញ វា​ក៏​ដូចគ្នា​ដែរ ពីព្រោះ​រដ្ឋាភិបាល​កម្ពុជា មិន​បាន​បង្ហាញ​ភាព​ច្បាស់លាស់​ណាមួយ​ថា កម្ពុជា ​ទទួលបាន​ផល​ចំណេញ​​ {ឬស្មើភាព}លើ​វៀតណាម ជុំវិញ​បញ្ហា​ព្រំដែន​នេះ​ទេ​»។​

ថ្លែងប្រាប់វិទ្យុវាយោ នៅថ្ងទី ២១ ខែធ្នូ លោក យ៉ង់ សាំង​កុមារ ប្រធាន​​គណៈ​កម្មា​ធិការ​នាយក​​នៃ ​គណបក្ស​​ប្រជាធិបតេយ្យ យល់ឃើញថា «ការប្រកាស​​ឱ្យប្រើ​​ច្បាប់​នេះ វា​ហាក់ដូចជា​លឿន​ពេក ខណៈ​ដែល​សង្គម​កម្ពុជា ​កំពុង​បែកបាក់​គ្នា និង ​មិន​ទាន់​​រក​​ចំណុច​ឯកភាព​ជាតិ​បាន»​។​

គណបក្សសង្គ្រោះជាតិ នៅ​ថ្ងៃទី ២១ ខែធ្នូ ២០១៩ ចេញសេចក្តីថ្លែងការណ៍ សម្តែង​​ការ​ខកចិត្ត ចំពោះ​ព្រះមហាក្សត្រ ដែល​ឡាយព្រះហស្ថលេខាទៅលើ សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ​២០១៩ ហើយថា «សន្ធិសញ្ញាថ្មីនេះ ធ្វើឡើងផ្ទុយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៩១ និងរដ្ឋធម្មនុញ្ញ ១៩៩៣»។ គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរបបលោក ហ៊ុន សែន រំលាយ​ចោល​​យ៉ាង​​បំពាន​​រដ្ឋធម្មនុញ្ញ កាលពីចុង​ឆ្នាំ ២០១៧ នោះ បានលើកឡើងពី​សន្ធិសញ្ញាព្រំដែន​ថ្មីនេះ ដោយ​​ភ្ជាប់ជាមួយ​រឿងដី ៤០ ហិកតា នៅខេត្តកំពង់ឆ្នាំ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន ប្រគល់​ឲ្យ​ជនជាតិវៀតណាម​{ខុសច្បាប់} ធ្វើលំនៅឋានថា រដ្ឋាភិបាល​លោក ហ៊ុន សែន យកចិត្តទុកដាក់ជ្រុល ដល់ប្រទេសវៀតណាម និង​ជនជាតិវៀតណាម នៅកម្ពុជា។

ចំណែក​​តំណាង​រដ្ឋាភិបាលវិញ លោក ​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ធ្លាប់​បាន​​ថ្លែង ក្នុង​អង្គប្រជុំ​រដ្ឋសភា​ ​របស់​លោក ហេង សំរិន កាលពីថ្ងៃទី ១១ វិច្ឆិកា ​ថា «សន្ធិសញ្ញា​​បំពេញ​បន្ថែម ​ឆ្នាំ ​២០១៩ ​នេះ គឺជា​ឯកសារ​ប្រវត្តិសាស្ត្រដ៏សំខាន់​ ​គឺជា​សមិទ្ធ​ផលរបស់​កម្ពុជា​ និង ​វៀតណាម បានបោះបង្គោលព្រំដែន​រួមគ្នា ​មកដល់​ពេល​បច្ចុប្បន្ន​ ចំនួន ​៨៤% ហើយ»

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានប្រាប់វិទ្យុវីអូឌី (VOD) នៅ​ថ្ងៃ​​ទី ២១ ខែធ្នូ ព្រមានដល់ក្រុមអ្នករិះគន់ ជុំវិញរឿងសន្ធិសញ្ញាថ្មីនេះថា «បើអ្នកឯកនៅក្នុងប្រទេស អ្នកឯងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ដូច្នេះហើយ បើអ្នកឯង ប្រមាថព្រះមហាក្សត្រ​ថា ធ្វើឲ្យបាត់បង់ទឹកដី ឬប្រមាថរាជរដ្ឋាភិបាល បានសេចក្តីថា អ្នកឯងរំលោភរដ្ឋធម្មនុញ្ញ រំលោភលើអធិបតេយ្យភាព និង រំលោភលើលទ្ធិប្រជាធិបតេយ្យ»

លោក សុខ ឥសាន និយាយបន្ថែមថា អត់មានវិធានការទេ ចំពោះ​ក្រុម​​អ្នក​រិះគន់ មាន​មតិ​ពី​ក្រៅប្រទេសទេ។ លោក ថ្លែងដូច្នេះថា «គាត់​​មានមតិពីក្រៅប្រទេសមក អាហ្នឹងជារឿង​គាត់ ដោយសារគាត់ គេហៅថា សេរីក្បាលវ៉ាល់ទៅហើយ គឺនៅក្រៅវិសាលភាព នៃការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល។ អ៊ីចឹង យើងចាត់ទុកថា ជាមតិឥតប្រយោជន៍។ អ្នកឯងស្រែកទល់ងាប់ទៀត ក៏ឥតបានផលប្រយោជន៍ដែរ។ ប៉ុន្តែបើអ្នកឯង ស្រែកក្នុងប្រទេស អ្នកឯងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»

ដោយឡែកសមាជិកក្រុមគ្រួសារ​​រាជវង្ស ព្រះអង្គ​ម្ចាស់​ ស៊ីសុវត្ថិ ចក្រី​ សម្តែង​​ការខក​​ចិត្ត ចំពោះការប្រកាស​ឲ្យប្រើ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩ ដោយព្រះអង្គ​​សរសេរ​នៅលើហ្វេប៊ុកថា «ចូលរួម​សោកស្តាយ​ ចំពោះ​​ច្បាប់​ស្តីពី ​សន្ធិសញ្ញា​ព្រំដែន ​ដែល​​ត្រូវ​បាន​​អង្គការ​សហប្រជាតិ {នៅទសវត្សទី​៨០} ​ចាត់​ទុក​ថា​ខុស​ច្បាប់​នោះ​ ​ត្រូវ​បាន​ធ្វើ​ឲ្យ​រស់​ឡើង​វិញ​»។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រះអង្គ មានបន្ទូលថា «ទុក្ខ​ខ្ញុំ​ជា​ប្រវត្តិ​សាស្ត្រ ប្រវត្តិ​សាស្ត្រ​ជា​ទុក្ខ​ខ្ញុំ​»

សកម្មជនបរិស្ថាន លោក ម៉ា ចិត្រា ប្រាប់វិទ្យុអាស៊ីសេរី ថ្ងៃទី២១ ខែធ្នូ ថា​មូលហេតុ​​ដែល​​លោក​ ដាក់​រូប​កាន់​​មរណទុក្ខ ក្នុង​ទំព័រ​ហ្វេសបុក​​របស់​លោក ដើម្បី​​បង្ហាញ​​ការ​មិន​ពេញចិត្ត ព្រោះ​​លើ​សន្ធិសញ្ញា​ថ្មី​នេះ។ លោក​ថា «ចូលរួម​សោកស្ដាយ​ ចំពោះការ​ទទួលស្គាល់​ សន្ធិសញ្ញា​បំពេញ​បន្ថែម ដូច​យើង​ដឹង​ថា រាល់ថ្ងៃ​នេះ ជា​រដ្ឋាភិបាល​ឯក​បក្ស មាន​ន័យថា រដ្ឋាភិបាល​គ្មាន​តម្លាភាព មិន​មាន​ការចូលរួម​ដេញដោល​{មតិ} ពី​គណបក្សប្រឆាំង​។ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ឱ្យ​ចូល​រួម និង​តាមដាន ក៏ដូចជា​ការ​បង្ហាញ​ការ​មិន​ពេញចិត្ត​របស់​ខ្លួន នៅ​លើ​​បណ្ដាញ​សង្គម​ហ្វេសបុក ដើម្បី​​បង្ហាញ​​ដល់​រដ្ឋាភិបាល និង​ព្រះមហាក្សត្រ​ ឱ្យ​ទ្រង់​ឃើញ​ថា ពលរដ្ឋ​ខ្មែរ ​មិន​ពេញចិត្ត​នឹង សន្ធិសញ្ញា​បំពេញ​បន្ថែម​ថ្មី​នេះ​ទេ»។

ស្រដៀង​គ្នា​នេះ យុវជន​ ជុំ ហួត បានប្រាប់វិទ្យុអាស៊ីសេរី ថា ការផ្តល់សច្ចាប័ន​លើ​​​សន្ធិ​សញ្ញា​​ព្រំដែន​​ថ្មីនេះ «ជា​ការ​មើលងាយ​ឆន្ទៈ​រាស្ដ្រ​ខ្មែរ រំលោភ​រដ្ឋធម្មនុញ្ញ និង​ បំពាន​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ឆ្នាំ ១៩៩១»​។ លោក​ថា ការ​បង្ហោះ​សារ​​បង្ហាញ​មរណទុក្ខ ក្នុង​ទំព័រ​ហ្វេសបុក​​នេះ ដើម្បី​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល និង​រដ្ឋសភា​​ថា ពួក​លោក ​មិន​សប្បាយ​ចិត្តនឹង ច្បាប់​ថ្មី​នេះ​ទេ។ លោកបន្តថា «រដ្ឋាភិបាល ​មិនបាន​គោរព​ឆន្ទៈ​យើង​ជា​កូន​ខ្មែរ​ទេ ក្នុង​នាម​​យើង​បោះ​ឆ្នោត​​ឱ្យ​។ {តើ}ទឹកដី​យើង នៅ​គង់វង្ស​ទាំង​ប៉ុន្មាន​? រដ្ឋាភិបាល ​គួរ​ថែរក្សា​ឱ្យ​ល្អ​​ជាង​ហ្នឹង មិន​គួរ​ណា ​សន្ធិសញ្ញា ​ធ្វើ​ឱ្យ​បាត់​ទឹកដី​យើង​ទៅ​មុខ​ទៀត​»

គួររំលឹកថា លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​​ព្រំដែន​​​​​​រដ្ឋាភិបាល​ ធ្លាប់​​​បាន​​​​ថ្លែង​ជុំវិញ​រឿង​អនុវត្ត សន្ធិសញ្ញាព្រំដែន នេះថា «ភាគីកម្ពុជា និង​​វៀតណាម បាន​ចុះកិច្ចព្រមព្រៀង ដោះដូរភូមិ​មួយ​ចំនួន ខេត្ត​នៅ​តាមបណ្តោយ​ព្រំដែន ប្រទេស​កម្ពុជា និង​វៀតណាម គឺដូរគ្នា​ទៅវិញ​ទៅមក» នៅពេលរដ្ឋាភិបាលប្រទេសទាំងពីរ បោះ​បង្គោល​ព្រំដែន។

លោក វ៉ា គឹមហុង ថ្លែងថា ភូមិកំណើតប្រធានរដ្ឋសភា លោក ហេង សំរិន គឺ​​ភូមិ​ត្លុកត្រាច និង ភូមិអន្លុងជ្រៃ ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ស្ថិត​ក្នុងគម្រោង​ដោះ​ដូរ​ភូមិ ជាមួយ​វៀតណាម។ ប៉ុន្តែក្រោយមក លោក វ៉ា គឹមហុង បាន​ក្រឡះសំដីវិញ​ថា រដ្ឋាភិបាល​​កម្ពុជា​ មិន​មាន​គម្រោង​ដោះដូរ​គ្នា​ទៅវិញ​ទៅមក​ រវាង​​​​ភូមិ​ថ្លុកត្រាច ​របស់​លោក ហេង សំរិន ហើយ​បាន​ហៅ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ​ពី​ការ​ដោះដូរ​ភូមិ​​លោក ហេង សំរិន នោះថា​ជា​ព័ត៌មាន​ឆ្កួតៗ។

ចំណែកលោក សុខ ទូច ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ​ព្រំដែន​នៃ រាជបណ្ឌិត្យសភា​កម្ពុជា ក្នុង​​សន្និសីទ​សារព័ត៌មាន ថ្ងៃទី ១៨ សីហា ២០១៧ បាន​ទទួលស្គាល់ថា ភូមិកំណើតលោក ហេង សំរិន ស្ថិត​ក្នុងទឹកដី វៀតណាម ដោយលើកឡើង​ថា «វៀតណាម​ ឈ្លានពាន​ផ្ទះ លោក ​ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដោយលោកថា លោក ហេង សំរិន ទេ ជាអ្នក​យកដី​វៀតណាម​ រស់នៅ។​ លោក​ថ្លែងដូច្នេះថា «សម្តេច ហេង សំរិន ទេ ជាអ្នកយកដី វៀតណាម នៅនោះ។ ដោយសារ គាត់នៅទៅ De Facto គាត់នៅយូរទៅ ដោយសារទម្លាក់ផែនទីទៅ ដីលោកតា ហេង សម្តេច ហេង សំរិន នោះ បានទៅវៀតណាម​ ប៉ុន្តែគាត់ នៅយូរ…»

ព្រំដែនគោករវាងកម្ពុជា និងវៀតណាម មានប្រវែងប្រមាណ​ជាង ១២៧០ (គឺ ១២៧៣) គីឡូ​ម៉ែត្រ ដែលលាតសន្ធឹងពីខេត្តស្ទឹងត្រែង រតនគីរី មណ្ឌលគីរី រហូតដល់ខេត្តតាកែវ និងកំពត៕

.

Advertisements