ពលរដ្ឋខ្មែរ​នៅលើបណ្តាញសង្គម ខែធ្នូ ២០១៩ នេះ បន្តចែកចាយ​រូបថត«ស្តូប​អនុស្សាវរីយ៍​​​មិត្តភាព​កម្ពុជា វៀតណាម ឡាវ» សម្តែងក្តីព្រួយបារម្ភ បន្ទាប់ពី​របប​ដឹកនាំលោក ហ៊ុន សែន បានធ្វើរូបស្តូប​វៀតណាម តាមបណ្តា​ខេត្ត-ក្រុង នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​បង្ហាញពីចំណង​មិត្តភាព តាមរបៀបជាការដាក់ណានិគមបែបទំនើប។ ស្តូបទាំង​នោះ បាន​ចាប់ផ្តើម​កសាង និង​ជួសជុល​ឡើងវិញ ស្រករគ្នា​នឹង​​ការ​​ដែលរដ្ឋាភិបាល ផ្តល់សច្ចាប័នលើ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ​២០០៥ ដែរ ពោលគឺភាគីវៀតណាម ជំរុញឲ្យភាគី​កម្ពុជា ត្រូវពន្លឿនស្ថាបនាស​មិទ្ធផលនានា​ពីឆ្នាំ ១៩៧៩ ឡើងវិញ ដើម្បីបង្ហាញ​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការរួមគ្នា បន្ទាប់ពីរបប​លោក ហ៊ុន សែន បានខកខាន ឬបំភ្លេចចោល តាំងពីទសវត្សរ៍ទី៩០ នៅ​ក្រោយពីមាន​​​កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ​១៩៩១។

ចំណែក​ វិមានឈ្នះឈ្នះ ដែលលោក ហ៊ុន សែន បើកសម្ពាធកាលពីដើម ឆ្នាំ ២០១៩ ក៏មានខ្លឹមសារ​មិនខុសពី«រូបសំណាកស្តូបយួន»ទេ គឺសំដៅ​រំលឹក​គុណ​បំណាច់​​របស់​​វៀតណាម ចូល​​មក​លុកលុយ​​ប្រទេសកម្ពុជា រយៈពេល ១០ ឆ្នាំ (១៩៧៩​-​១៩៨៩) ដែល​របបលោក ហ៊ុន សែន យល់ថា ជាការយកឈ្នះ​ឈ្នះ លើរបបខ្មែរក្រហមនោះ។ លោក ហ៊ុន សែន បាន​ផ្សាយខ្សែ​វីដេអូ​មួយថា «​កម្ពុជា ​បាន​យក​ឈ្នះ លើ​របប​ខ្មែរក្រហម​ នៅ​ថ្ងៃទី​ ៧ មករា ១៩៧៩ ប៉ុន្តែ​សន្តិភាព​ពេញលេញ​ មិន​ទាន់​ទទួល​បាន​នៅ​ឡើយ​ រហូត​ដល់​ខែ​ធ្នូ ឆ្នាំ​ ១៩៩៨ ទើបបញ្ចប់បានទាំងស្រុង»​។

លោក អ៊ុំ សំអាន អតីតសមាជិកសភា ពី​គណបក្សសង្គ្រោះជាតិ និង​ជា​សកម្មជន​​​ព្រំដែន រួមទាំង​អតីតមិត្តភក្តិរបស់លោក នៃអតីតចលនានិស្សិតខ្មែរ (ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ /Students’ Movement For Democracy -SMD) បាននាំមុខគេ ក្នុងការប្រតិកម្មជំទាស់ ចំពោះ​ការសាងសង់ឡើងវិញ នូវរូបសំណាកស្តូបអនុស្សាវរីយ៍ កម្ពុជា និងវៀតណាម នៅគ្រប់ខេត្ត-ក្រុង នៃ​ប្រទេសកម្ពុជា។

លោក អ៊ុំ សំអាន លើកឡើងថា «ស្តូបយួន មានគ្រប់ខេត្ត រាជធានី ហើយបងប្អូន។ គេអាច​​នឹង​​សាង​សង់​​ស្តូបនេះ ដល់គ្រប់ស្រុក ឃុំ និងភូមិ ទៀតនៅពេលអនាគត។ ដំណើរឆ្ពោះមកទិសខាងលិច របស់ ហូ ជីមិញ ជិតបានសម្រេចហើយ ព្រោះមេដឹកនាំខ្មែរ {ហ៊ុន សែន, ហេង សំរិន} ជួយវៀតណាម ក្នុងការអនុវត្តផែនការរបស់ ហូ ជីមិញ នេះ»។ 

លោក ប៉ាង សុខឿន អតីតមេដឹកនាំចលនានិស្សិតខ្មែរ បានហៅរបបដឹកនាំរបស់លោក ហ៊ុន សែន ធ្ងន់ៗថា «ខ្ញុំកញ្ជះយួន ដែលសងគុណយួន មិនចេះចប់»។

លោក ម៉ែន ណាត អតីតស្ថាបនិកចលនានិស្សិត និងសព្វថ្ងៃជាប្រជា​ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា បានលើកឡើងថា «ការកសាងរូបសំណាកទាំងនោះឡើងវិញ បញ្ជាក់ថា របបដឹកនាំរបស់លោក ហ៊ុន សែន កំពុងធ្វើដំណើរវិលថយក្រោយ ទៅរកការដឹកនាំប្រទេស តាមទម្រង់កម្មុយនីស្ត និងយោធានិយម ដូចមុនទសវត្សរ៍ទី៩០»

លោក ម៉ែន ណាត បញ្ជាក់ថា «នៅពេលកម្ពុជា មានការផ្តាស់ប្តូរមេដឹកនាំ ដែលចេះគិតគូរផលប្រយោជន៍​ជាតិ​ពិតប្រាកដ នោះគេអាចនឹងរុះរើ ឬកោះរំលើងចេញ នូវសមិទ្ធផលទាំងឡាយ រវាង​របបលោក ហ៊ុន សែន ជាមួយវៀតណាម ពីព្រោះវាផ្ទុយពី​ខ្លឹមសារ កិច្ចព្រមព្រៀងទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែលភាគីវៀតណាម ក៏បានផ្តល់សច្ចាប័នដែរ»

លោក ប៉ា ងួនទៀង នានាយកវិទ្យុវីអូឌី (VOD) ថ្លែងក្នុងវេទិកាពិភាក្សារបស់កាសែត ឌីខេមបូឌា ដេលី កាល​ពីថ្ងៃទី ១៦ ធ្នូ ២០១៩ ថា «ខ្ញុំមាន​ការព្រួយបារម្ភ រឿ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើ​ស្តូបអនុស្សាវ​រីយ៍​​វៀតណាម នៅគ្រប់​ខេត្តក្រុង នៅកម្ពុជា»។ លោកបន្ថែមថា រដ្ឋាភិបាល​​សព្វ​ថ្ងៃ​ ផ្តល់ដីធ្លី ៤០ ហិកតា ឲ្យជនជាតិវៀតណាម នៅខេត្តកំពង់ឆ្នាំង ក៏ជាក្តីព្រួយរម្ភធំណាស់ ពីព្រោះវៀតណាម​ គេមានយុទ្ធសាស្ត្រ​នយោបាយ​វែងឆ្នាយ ក្នុងការឈ្លាន​ប្រទេស​កម្ពុជា ដែល​ប្រជាពលរដ្ឋខ្មែរ បានដឹងគ្រប់គ្នា រួចហើយនៅក្នុងប្រវត្តិសាស្ត្រ។ ហើយរឿងព្រំដែន។ល។និង។ល។ គឺជាហានីភ័យ និងជា​គ្រោះថ្នាក់បំផុត សម្រាប់​បូរណភាពទឹកដីខ្មែរ»។

គួរបញ្ជាក់ថា ក្រៅពីវៀតណាម សព្វថ្ងៃនេះនៅមានប្រទេស​ចិន ផងដែរ ចូល​ត្រួត​ត្រា​នយោបាយ និង​សេដ្ឋកិច្ច​​ខ្មែរ តាមរយៈ​ការផ្តល់ប្រាក់កម្ចី ជាង ៤៦០០ លានដុល្លារ ដល់កម្ពុជា បើគិតមក​ទល់ដំណាច់ឆ្នាំ​ ២០១៨ កន្លងទៅ។ ខេត្តព្រះសីហនុ និង កោះកុង កំពុងតែធ្លាក់​ចូលក្នុងអន្ទាក់​បំណុលរបស់​ចិន ជាបណ្តើរៗ ខណៈពេលរបប ហ៊ុន សែន គ្មាន​លុយ​សង​បំណុល​ចិន និង​ត្រូវការ​ចិន ជួយ​គាំទ្រ​ផ្នែក​​នយោបាយ បន្ទាប់ពីរបបនេះ រំលាយ​ចោលរចនាសម្ព័ន្ធ​គណបក្សប្រឆំាំង និងចាប់ខ្លួ​ន​ប្រធាន​បក្សប្រឆាំង លោក កឹម សុខា ដាក់ពន្ធនាគារ កាលពីចុងឆ្នាំ​​ ២០១៧ បើទោះបី​អឺរ៉ុប អាមេរិក និង​អង្គការសហប្រជាជាតិ ថ្កោលទោសយ៉ាងណាក្តី៕ (អត្ថបទដោយ នគរ /CWCI Cambodia /26-12-2019)