ឯកសារឆ្លើយឆ្លង​រវាង​ព្រះមហាក្សត្រ នរោត្តម សីហនុ ជាមួយ​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០០០ បាន​បញ្ជាក់​យ៉ាងច្បាស់​ថា «ដាក់​ជា​មោឃភាព ឬ​លុប​ចោល» នូវ​សន្ធិសញ្ញា និង កិច្ចព្រម​ព្រៀង​​ទាំងឡាយ ដែល​​ធ្វើ​ឡើង​ចន្លោះឆ្នាំ ១៩៧៩ ដល់​ឆ្នាំ ១៩៩០ ពី​ព្រោះ​វា​​មិន​ស្រប​ កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ ១៩៩១។ នោះ​ជាការឆ្លើយ​តប​របស់​លោក ហ៊ុន សែន បំភ្លឺ​ទៅ​លើ​ព្រះរាជសារ​ព្រះមហាក្សត្រ ក្នុង​ថ្ងៃទី ៣១ កក្កដា ដដែល។

គួសបញ្ជាក់ថា បញ្ហា​ចម្រូង​ចម្រាស​រឿង​ព្រំដែន រវាង​កម្ពុជា និង​វៀតណាម ជារឿង​ស្មុគ​ស្មាញ នាំ​ឲ្យ​មាន​ទំនាស់ផ្ទៃ​ក្នុង​កម្ពុជា​គ្នាឯង ក្នុង​ចំណោម​អ្នក​ធ្វើកិច្ច​ការ​ព្រំដែន ដែល​មាន​ក្រុម​ចលនា​និស្សិតខ្មែរ, គណៈកម្មាធិការ​ព្រំដែន​​កម្ពុជា នៅ​ប្រទេស​បារាំង, អ្នក​ជំនាញ​ច្បាប់​មួយ​ចំនួន និង ព្រះមហាក្សត្រ នរោត្តម សីហនុ ពោល​គឺ​​សុទ្ធតែ​ប្រឆាំង​ជំទាស់ ទៅ​នឹង​ជំហរ​រដ្ឋាភិបាល​លោក ហ៊ុន សែន។

ទោះបីលោក ហ៊ុន សែន បញ្ជាក់​ជំហរថា សន្ធិសញ្ញា និង​កិច្ចព្រម​ព្រៀង​នានា ជាមួយ​​វៀតណាម នៅ​មុន​ឆ្នាំ ១៩៩០ វា​មិន​ស្រប​ច្បាប់​យ៉ាង​ណាក្តី ក៏​លោក ហ៊ុន សែន ខ្លួន​ឯង​នៅ​តែ​បន្ត​អនុវត្ត​សន្ធិសញ្ញា និង​កិច្ចព្រម​ព្រៀង​ទាំង​នោះ តាម​ការចង់​បាន​របស់​​វៀតណាម ដោយ​បង្កើត​សន្ធិ​សញ្ញាថ្មីៗ​បន្ថែម​ទៀត រួមមាន ​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម ២០០៥ និង សន្ធិសញ្ញ​បំពេញ​បន្ថែម ឆ្នាំ២០១៩ ដែល​ជា​ផ្នែក​មួយ នៃ​ការបែក​បាក់ជាតិ​ខ្មែរ និង វិបត្តិ​នយោបាយ​​​ខ្មែ​រគ្នា​ឯង។


(អត្ថបទបន្ថែមដោយ លោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ១៧ មករា ២០២០)


ខាង​ក្រោមនេះ គឺជាខ្លឹមសារ​ចម្លង​ទាំងស្រុង ពីសារលិខិត​របស់​លោក ហ៊ុន សែន ទៅ​កាន់​ព្រះមហាក្សត្រ នរោត្តម សីហនុ ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០០០ ដូចតទៅ៖

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

……………
រាជរដ្ឋាភិបាលកម្ពុជា
លេខ៖ ១១៦ លស

សូមក្រាបបង្គំទូលថ្វាយ
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាក្សត្រ
នៃ​ព្រះរាជាណាចក្រកម្ពុជា ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត

ព្រះករុណាជាម្ចាស់ជីវិតលើត្បូង

ទូលបង្គំបានទទួលរួចហើយ​នូវព្រះរាជសារ ចុះថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០០០ ដែល​​ក្នុ​ង​នោះ ​មាន​ការលើក​ទូលថ្វាយ​​ព្រះ​ករុណា​​ថ្លៃវិសេស អំពី​កង្វល់​​ចំពោះបញ្ហា ព្រំដែន​​កម្ពុជា-វៀតណាម ដែល​​មាន​ការពាក់ព័ន្ធ​ដល់ សន្ធិសញ្ញា និង កិច្ចព្រម​ព្រៀង នាឆ្នាំ ១៩៧៩ ឆ្នាំ ១៩៨២ ឆ្នាំ ១៩៨៣ និងឆ្នាំ១៩៨៥ រវាងប្រទេស​កម្ពុជា និង ប្រទេស​វៀតណាម។ 

ចំពោះបញ្ហានេះ ទូលព្រះបង្គំ​ជា​ខ្ញុំផ្ទាល់ សូមព្រះរាជានុញ្ញាត​ទូល​ថ្វាយ​ព្រះករុណា​​ជាម្ចាស់​​ជីវិត​​តំកល់​លើត្បូង ដូច​មាន​ខ្លឹម​សារ​តទៅ៖ 

១. ក្រោយពីកិច្ចព្រម​ព្រៀង​ស្តី​ពីដំណោះ​ស្រាយ​នយោបាយ​រួមមួយ នៃ​ជំលោះ​កម្ពុជា នាថ្ងៃ​ទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ត្រូវ​បាន​​ចូល​ជា​ធរមាន ជាពិសេស​ខ្លឹម​សារ​​ក្នុង​ចំណុចទី II មាត្រាទី ១ ត្រង់ចំណុច ឃ បាន​ចែង​ថា «បញ្ចប់​សន្ធិសញ្ញា និង កិច្ចព្រម​ព្រៀង​ទាំងឡាយ ដែល​មិន​សមស្រប ទៅ​នឹង​អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ភាព​មិន​អាច​រំលោភ​​បាន​​នៃដែនដី អាព្យាក្រឹតភាព និង ឯកភាពជាតិ​របស់ខ្លួន» គឺ​តាម​ទូល​​ព្រះបង្គំ​​ជា​​ខ្ញុំ​​យល់​ឃើញ​ថា មានអត្ថន័យ​គ្រប់គ្រាន់​តាម​ផ្លូវច្បាប់ សំរាប់​អនុវត្តន៏​ទៅ​លើ​បណ្តា​សន្ធិសញ្ញា ឬ កិច្ចព្រមព្រៀង​ទាំង​ឡាយណា ដែល​មាន​ខ្លឹមសារ ផ្ទុយ​ពី​ខ្លឹមសារ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

២. បន្ទាប់ពីបានបង្កើតឡើង​នូវរាជរដ្ឋាភិបាល​ចំរុះ នាថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ការងារ​​ទំនាក់​ទំនង និង សហប្រតិបត្តិការ​​អន្តរជាតិ ជារួម​ត្រូវ​បាន​ពង្រឹង និង​​ពង្រីក​អោយ​​កាន់​​តែ​ល្អ​​ប្រសើរ ក្នុង​នោះ កិច្ចសហប្រតិបត្តិការ​​ជាមួយ​បណ្តា​​ប្រទេស​ជិត​ខាង ជាពិសេស​ជាមួយ សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ត្រូវ​បាន​កែប្រែ​​តាម​រូបភាព​ថ្មី ឆ្លង​តាម​រយៈ​​នៃ​ការផ្លាស់ប្តូរ​​ទស្សនៈ​កិច្ច​ជា​ផ្លូវ​ការ របស់​គណៈប្រតិភូ​ជានខ្ពស់​ខាង​​នីតិបញ្ញត្តិ ក៏ដូច​ជា​នីតិប្រតិបត្តិ រវាង​ប្រទេស​ទាំង​ពីរ​​កន្លង​មក។ 

ផ្អែកតាមសភាព​ការណ៏​បច្ចុប្បន្ន និង​ផ្អែក​​តាម​យោបល់​​ទាំង​ពីរចំណុច ដូច​​បាន​​ទូល​​ថ្វាយ​​ខាង​​​លើ ទូល​ព្រះបង្គំ​​ជា​ខ្ញុំ​យល់​​ឃើញ​ថា រាជរដ្ឋាភិបាល​ពុំ​គួរ​ដាក់​ចេញ​សេចក្តី​ថ្លែងការណ៏​ជា​ផ្លូវ​ការ និង ចំហរ ស្តីអំពី​ការដាក់​មោឃភាព នៃ​បណ្តា​កិច្ចព្រម​ព្រៀង និង សន្ធិសញ្ញា​មួយ​ចំនួន ជាមួយ​ប្រទេស​វៀតណាម នាពេល​បច្ចុប្បន្ន​នេះ​ទេ ដោយ​ទុក​ឪកាស​ជូន គណៈកម្មាការ​ចំរុះ​ព្រំដែន​កម្ពុជា-វៀតណាម ដែល​បាន​កំពុង​នឹង​បន្ត​ធ្វើការ​ចរចារ​យ៉ាង​ស្វិត​ស្វាញ រហូត​ដល់ទទួល​បាន​លទ្ធផលល្អ​ក្នុង​ទីបញ្ចប់ ។ (?)

ទូលព្រះបង្គំជាខ្ញុំ តាងនាម​រាជរដ្ឋាភិបាល សូម​ព្រះរាជា​នុញ្ញាត​ប្រសិទ្ធិពរ​ថ្វាយ​ព្រះករុណា​ថ្លៃវិសេស និង សម្តេច​ព្រះរាជ​អគ្គម​ហេសី ជាទីគោរព​សក្ការៈ សូមទ្រង់​ប្រកប​ដោយ​ព្រះពុទ្ធពរ​ទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឈ្លៀង​ឃ្លាត​ឡើយ។ 

សូមព្រះករុណា​ជាម្ចាស់​ជីវិត​លើត្បូង និង​សម្តេច​ព្រះរាជអគ្គមហេសី​ជាទី​សក្ការៈ ព្រះមេត្តា​ទទួល​នូវ​គាវរភក្តី​ដ៏ស្មោះ និង ការគោរព​ដ៏ខ្ពង់ខ្ពស់​បំផុត​អំពីទូល​ព្រះបង្គំ​ជាខ្ញុំ។ 

រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០០០
(ហត្ថលេខា និងត្រា)

ហ៊ុន សែន
នាយករដ្ឋមន្រ្តី

……………….
កសារភ្ជាប់

  • – សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩ សូមទាញយក Download)
  • – សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ លើសន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ (សូមទាញយក Download)
  • – សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង​វៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់​ជាមួយ​បញ្ជី​ស្ថិតិ ផែន​ទី​​ព្រំដែន ១៩៨៥ (ដើម) Download 
  • – សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង​កម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូម​ទាញ​យក Download)
  • – កិច្ចព្រមព្រៀង ស្តីពីលក្ខន្តិកៈព្រំដែនគោក ថ្ងៃ ២០ កក្កដា ១៩៨៣ Download
  • – កំណត់ហេតុ​ប្រជុំ ជាឯកសារ​សម្ងាត់ ឆ្នាំ​២០០៧ ស្តី​ពី​​​ការបោះបង្គោល​​ព្រំដែន​ ​កម្ពុជា​-​វៀតណាម Download
  • – សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បានផ្តល់​សិទ្ធិ និងជួយ​ការពារពលរដ្ឋ​វៀតណាម​ខុសច្បាប់ នៅ​កម្ពុជា (Download)
  • – លិខិតលោក ប្រេវីយេ (Brevie) កោះត្រល់ ថ្ងៃ ៣១ មករា ១៩៣៩ (សូមទាញយក ជាអង់គ្លេស និង ជាបារាំង និងបកប្រែក្រៅផ្លូវការ ភាសាខ្មែរ)
  • – សន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្រ្ត ថ្ងៃ ៧ កក្កដា ១៩៨២ រវាងលោក ហ៊ុន សែន និង ង្វៀង កូថាច់ (សូម​ទាញយក​ «ច្បាប់ដើម» Download ឬទាញ​យក​ «ចម្លង» Download)
  • – សន្ធិសញ្ញា មិត្តភាព និងសហប្រតិបត្តិការ កម្ពុជា-វៀតណាម ១៩៧៩ Download
  • – កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ Download
  • – ច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ Download
  • – ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ១៩៩៦ Download
  • លិខិតលោក ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ នរោត្តម សីហនុ ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០០០ (សូមទាញយក Download)

.

Advertisements