មានក្រុមគ្រួបង្រៀន សិស្សសាលា និងពលរដ្ឋនៃប្រទេសន័រវេស៍ (Norway) កាន់​តែ​កើនឡើង ត្រូវបាន​ធ្វើ​តេស្តថា បាន​ឆ្លង​​មេរោគ​​កូរ៉ូណា (Covid-19) ក្រោយ​ពេល​ពួកគេត្រឡប់​ពី​​ការសម្រាក​វ៉ាកង នៅ​ក្រៅ​ប្រទេស ជាពិសេស​ប្រទេស​​អ៊ីតាលី។ មនុស្សច្រើនជាង ១០០ នាក់ (VG -live) ត្រូវបាន​បញ្ជាក់ថា បានឆ្លង​មេរោគកូរ៉ូណា នៅ​ថ្ងៃសុក្រនេះ។

មន្រ្តីក្រសួងសុខាភិបាល បានធ្វើសន្និសីទកាសែត ផ្សាយផ្ទាល់​តាមទូរទស្សន៍ជាតិ NRK1 នៅ​​ថ្ងៃទី ០៦ មីនា ឆ្នាំ២០២០ វេលាម៉ោង ១២ ថ្ងៃត្រង់ (ម៉ោងក្នុងតំបន់) បាន​ជូន​ដំណឹង​ថា សាលារៀនចំនួន ៨ យ៉ាងតិច និង សាលាមតេយ្យមួយកន្លែង ត្រូវបិទទ្វារជាបណ្តោះអាសន្ន។ មន្រ្តីបញ្ជាក់ថានៅសាលាខ្លះ មានសិស្ស ១ នាក់ ផ្ទុកមេរោគ​កូរ៉ូណា និងសាលា​ខ្លះទៀត មានសិស្ស ២ នាក់ ផ្ទុកមេរោគនេះ ហើយនៅ​សាលាខ្លះទៀត មានបុគ្គលិកសិក្សា ផ្ទុកមេរោគ​នេះដែរ។

មន្រ្តីថ្លែងក្នុង​សន្និសីទកាសែតថា សិស្សខ្លះ បាន​​ឆ្លេងមេរោគ​កូរ៉ូណា ពី​សមាជិក​​ក្រុមគ្រួសារ ដែល​បានទៅលេង​ប្រទេស​អ៊ីតាលី ហើយខ្លះទៀត បានឆ្លង​ដោយផ្ទាល់ នៅ​ពេលពួកគេ​ទៅលេង​ប្រទេស​អ៊ីតាលី ភាគខាងជើង ជាតំបន់​​ដែលមាន​​ការរីករាលដាល​​យ៉ាងខ្លាំង និង​មាន​មនុស្ស​ស្លាប់​ច្រើន។

ពលរដ្ឋខ្មែរ នៅប្រទេសន័រវេស៍ សម្តែងការព្រួយបារម្ភផ្ទាល់ខ្លួន និងកូនៗរបស់ពួកគេ ក្នុងនាមជា​មនុស្សជាតិ ដូច​ពលរដ្ឋ​ន័រវេស៍ និង​ជនជាតិដទៃដែរ អំពីហានីភ័យ​ធ្ងន់ធ្ងរ ជុំវិញការរីករាលដាល​មេរោគ​កូរ៉ូណណា នៅជុំវិញ​ពិភពលោក។ ការព្រួយ​បារម្ភបែបនេះ នៅតែបន្ត​កើតមាន បើទោះបី​ជាប្រព័ន្ធ​សុខាភិបាល នៅប្រទេសនេះ ល្អ និង​ទុកចិត្តបានយ៉ាងណា​ក្តី។

មកដល់ពេលនេះ មិនទាន់មានពលរដ្ឋន័រវេស៍ បាត់បង់ជីវិត ដោយសារ​មេរោគ​កូរ៉ូណា (Covid-19) នៅឡើយទេ។

គួររំលឹកថា កាលពីថ្ងៃទី ០៥ មីនា អាជ្ញាធរអាកាសចរ នៃប្រទេសន័រវេស៍នេះ បាន​ជូនដំណឹង​ស្តីពី​ការផ្អាក​ជើងហោះហើរ ចំនួន ២២ ជា​បណ្តោះអាសន្ន ទៅកាន់​សហរដ្ឋអាមេរិក និង តំបន់​មួយចំនួន​ក្នុង​អឺរ៉ុប ចាប់ពីចុងខែមីនា រហូត​ដល់​ដើមខែ ឧសភា ឆ្នាំ២០២០ ដោយ​សារ​​ការរីករាលដាល​​មេរោគ​កូរ៉ូណា។ ជាមួយ​គ្នានេះ ក្រុមហ៊ុន​អាកាសចរណ៍ SAS ប្រកាសផ្អាក​​ជើងហោះ​ហើរ​របស់ខ្លួន​ទាំងអស់ ជា​បណ្តោះអាសន្ន ទៅកាន់​តំបន់​​ភាគខាងជើង នៃប្រទេស​​អ៊ីតាលី រហូត​ដល់​​ថ្ងៃទី ១៦ មីនា៕
(អត្ថបទដោយលោក ម៉ែន ណាត /ពីប្រទេសន័រវេស៍)

.

.

Advertisements