ថ្លែងក្នុងសន្និសីទកាសែត ថ្ងៃ ០៧ មីនា ឆ្នាំ២០២០ នេះ រដ្ឋមន្រ្តីក្រសួង​សុខា​ភិបាល​កម្ពុជា លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា «ក្រោយពេល​ធ្វើតេស្ត​រកមេរោគកូរ៉ូណា (Covid-19) បុរសម្នាក់ បង្ហាញលទ្ធផលវិជ្ជមាន» មានន័យថា បានឆ្លង​មេរោគ​ហើយ។ លោក បន្ថែម ថា «បុរសម្នាក់នេះ ស្ថិតក្នុងចំណោម​មនុស្ស ​៤ នាក់ ក្នុង​ខេត្ត​សៀមរាប ដែល​មានទំនាក់ទំនង​ផ្ទាល់ ជាមួយ «ជនជាតិជប៉ុន» ដែលផ្ទុក​មេរោគ Covid-19 ហើយ​បាន​ចាកចេញ​ពីកម្ពុជា ទៅជប៉ុនវិញ កាលពី ៣-៤ ថ្ងៃមុន។

ក្រសួងសុខាភិបាល បានបញ្ជូនមនុស្សទាំង ៤ នាក់ និង ៤០ នាក់​ផ្សេងទៀត ដែល​មាន​ទំនាក់​ទំនង​ជាមួយជនជាតិជប៉ុន ទាំង​ដោយផ្ទាល់ និង​ដោយប្រយោល ទៅកន្លែងតាម​ដាន​ជំងឺ​ដោយឡែក ១៤ ថ្ងៃជាពិសេស ដើម្បីពិនិត្យ​មើលស្ថានភាព​សុខភាព​របស់​ពួកគេ។ លោក ម៉ម ប៊ុនហេង បានរំលឹកថា នេះជា​ករណី​ទី២ ហើយ បន្ទាប់ពីកម្ពុជា រក​ឃើញជន​ជាតិ​​ចិន ផ្ទុកមេរោគ Covid-19 មកពីក្រុងវូហាន ស្នាក់​នៅ​ក្រុងព្រះសីហនុ ថ្ងៃទី ២៧ មករា កន្លង​ទៅ។ លុះ ១០ ថ្ងៃក្រោយមក បុរសជនជាតិចិន​នោះ បាន​ធ្វើតេស្ត​មេរោគ​ជាថ្មី ហើយ​បង្ហាញ​​លទ្ធផលថា អវិជ្ជមាន។

ថ្មីៗនេះ មានទាំងជនបរទេស និងពលរដ្ឋខ្មែរ បានដើរដួលសន្លប់ និងមានខ្លះទៀត បានស្លាប់តែម្តង នៅតាមទីសាធារណៈ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅ ក្រុងកំពង់សោម ក្រុងភ្នំពេញ ក្រុងសៀមរាម និងក្រុងប៉ាវ៉ិត (ស្វាយរៀង)។ ហេតុការណ៍ទាំងនេះ បណ្តាលឲ្យមានការភ្ញាក់ផ្អើល​ក្នុងចំណោមពលរដ្ឋខ្មែរ និង មានចុះផ្សាយលើទំព័រកាសែត​បរទេស ជាភាសាអង់គ្លេសផង ដោយដាក់ការសង្ស័យថា «ក្នុងចំណោមមនុស្សដើរដួលសន្លប់ និងស្លាប់នោះ អាចពាក់ព័ន្ធ Covid-19»។ ប៉ុន្តែរដ្ឋាភិបាលលោក ហ៊ុន សែន និង ក្រសួងសុខាភិបាល ច្រានចោលការចោទប្រកាន់ទាំងនោះភ្លាមៗ ហើយហៅហេតុការណ៍ទាំងនោះថា «ជាជំងឺខ្យល់គរ ឬ គាំងបេះដូងស្លា​ប់» ដោយគ្មានបានធ្វើកោសល្យវិច្ឆ័យប្រភេទជំងឺអ្វីទាំងអស់។

ជាមួយគ្នានោះ លោក ហ៊ុន សែន បានប្រើវេទិកានានា ធ្វើការព្រមានជាញឹកញាប់ ទៅកាន់ក្រុមអ្នករិះគន់, ទៅកាន់ក្រុមអ្នកកាសែត និងក្រុមមន្រ្តីសុខាភិបាលថា «ត្រូវចាត់វិធានការតាមច្បាប់ បើសិនមានការផ្សព្វផ្សាយអំពីមេរោគ Covid-19 ឆ្លងនៅកម្ពុជា»។ លោក ហ៊ុន សែន ប្រើពាក្យចំអកឡកលើយថា «អា Covid-19 វាឆ្លងនៅកម្ពុជាបាន លុះត្រាតែខែកុម្ភៈ ដាច់ថ្ងៃទី ៣១»

ទោះបីយ៉ាងណាក៏ដោយ ក្រុមបណ្តាញសង្គម ធ្វើការ​ស្តីបន្ទោសលោក​​ ហ៊ុន សែន ថា​បានធ្វេស​ប្រហែស​ម្តងហើយ​ម្តងទៀត ដោយ​មើលស្រាល​ស្ថានការណ៍​ មើលស្រាល​មេរោគ Covid-19 ព្រមទាំងមានចេតនាលាក់លៀមមេរោគនេះ។ ការធ្វេសប្រហែសគឺ ចាប់តាំងពីលោក ហ៊ុ​ន សែន ខ្លួនឯង នាំក្រុមមន្ត្រីរដ្ឋាភិបាល ហ៊ឹកហ៊ាក់​ទៅទទួល​កប៉ាល់ទេសចរណ៍ Westerdams ផ្ទុកអ្នកដំណើររាប់ពាន់នាក់ នៅទីក្រុងព្រះសីហនុ កាលពីថ្ងៃទី ១៤ កុម្ភៈ ២០២០ ដោយគ្មានវិធានការការពារជាក់លាក់ជាមុន។ ក្នុង​ចំណោមអ្នកដំណើរទាំងអស់ មានស្រ្តីជនជាតិអាមេរិក អាយុ ៨៣ ឆ្នាំ ត្រូវបានប្រទេស​ម៉ាឡេស៊ី រកឃើញថា មានផ្ទុកមេរោក Covid-19 ពេលដែលគាត់ធ្វើដំណើរតាមជើងយន្តហោះ ពីភ្នំពេញ ទៅម៉ាឡេស៊ី នៅ ២ ថ្ងៃបន្ទាប់។ ក្រៅពីនេះ លោក ហ៊ុន សែន នៅតែបើកចំហជើងមេឃ ទទួលស្វាគមន៍អ្នកទេសចរចិន និងជនជាតិនានា ដូចពិភពលោក គ្មានរឿងអ្វីកើតឡើង ខណៈពេល អង្គការសុខភាពពិភពលោក (WHO) ប្រកាសអាសន្នឲ្យមានការប្រុងប្រយ័ត្ន ពីការរីករាលដាលមេរោកកូរ៉ូណា (Covid-19) ជាច្រើនលើក៕
(អត្ថបទដោយលោក ម៉ែន ណាត នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា)

.

.

Advertisements