លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងនៅខេត្តព្រៃវែង ជាខេត្តជាប់​ព្រំដែន​វៀតណាម នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា «ពលរដ្ឋខ្មែរ មិនត្រូវជួលដីធ្លី​នៅតាមព្រំដែន​ ទៅឲ្យជនបរទេស {វៀតណាម} ជាដាច់ខាត»។ លោកបញ្ជាក់បន្ថែមថា «ការជួលដីធ្លី នៅតាមព្រំដែន​ ឲ្យជនបរទេស វាជារឿងខុសច្បាប់»

មិនសំដៅលើជនបរទេស នៃប្រទេសជិតខាងណាមួយច្បាស់លាស់ទេ ប៉ុន្តែលោក ស ខេង ទំនងជាចង់ផ្តោតទៅលើវៀតណាម ដែលមានប្រវត្តិឈ្លានពានទឹកដីខ្មែរ ជាប់ជាប្រចាំរហូតបច្ចុប្បន្ន។

ចំណែកភាគីថៃ ក៏ជាប្រទេស​ជាប់ព្រំដែនជាមួយកម្ពុជាដែរ ហើយសុទ្ធតែ​មាន​ប្រវត្តិ​លួចរំកិល​ព្រំដែន ចូលក្នុងទឹកដីកម្ពុជា ដែល​នាំឲ្យមាន​ទំនាស់​ព្រំដែន​ជាញឹកញាប់ បើទោះបីកម្ពុជា និងថៃ មានព្រំដែនអន្តរជាតិ និងមានបង្គោលព្រំដែន ចំនួន ៧៣ ជាមួយគ្នា តាម​សន្ធិសញ្ញា បារាំង សៀម ឆ្នាំ ១៩០៤ និង ១៩០៧ រួចហើយក្តី។

សម្រាប់ប្រទេសឡាវ សព្វថ្ងៃ នៅតែជាប្រទេស ដែលស្ថិតនៅក្រោម​អាណា​ព្យាបាល​របស់​វៀតណាម។ ការដោះស្រាយបញ្ហាព្រំដែនរបស់ឡាវ ជាមួយកម្ពុជា គឺពឹងផ្អែកទាំងស្រុង ទៅលើសន្ធិសញ្ញានានា ដែលរដ្ឋាភិបាល លោក ហ៊ុន សែន បានធ្វើជាមួយភាគីវៀតណាម។ គ្រប់សន្ធិសញ្ញាថ្មីៗទាំងអស់ ជាមួយវៀតណាម តាំងពីទសវត្សរ៍ទី៨០ មកដល់ឆ្នាំ ២០០៥ និងឆ្នាំ ២០១៩ ហៅថា «ជាសន្ធិសញ្ញាមិនស្មើភាព ដែលធ្វើឲ្យ​ភាគីកម្ពុជា ជាអ្នកខាតបង់ បូរណភាពទឹកដីរបស់ខ្លួន» បង្កឲ្យមាន​ភាពចម្រូងចម្រាស​យ៉ាងខ្លាំង ក្នុង​ចំណោម​អ្នកនយោបាយ អ្នកជំនាញព្រំដែន និង​អ្នកធ្វើកិច្ចការ​ព្រំដែន​ខ្មែរ។

ក្រុមអ្នកធ្វិកិច្ចការព្រំដែន អ្នកជំនាញព្រំដែន និងសកម្មជនព្រំដែនខ្មែរ បាន​ហៅ​ការថ្លែងសារ​​របស់លោក ស ខេង ក៏ដូចជា​លោក ហ៊ុន សែន ស្តីអំពីការជួលដីធ្លី នៅតាម​ព្រំដែន ឲ្យជន​បរទេស​នេះថា «​មិន​មែន​​ជាការថ្លែងលើកទីមួយទេ ហើយក៏គ្មានចំណាត់ការ​តាម​ច្បាប់​​ណាមួយ ​ឲ្យមានប្រសិទ្ធភាព ជាក់លាក់់ដែរ។ នោះជាសេចក្តីព្រួយបារម្ភ​ធំធេង​របស់កម្ពុជា អាច​បាត់បង់ទឹកដីបន្ថែមទៀត បើសិនមេដឹកនាំខ្មែរ នៅតែខ្វះចំណាត់ការរបៀបនេះ​»

កាលពីថ្ងៃទី ១៧ វិច្ឆិកា ២០១៥ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរមួយ ​សរសេរ​ថា «​ហាមពលរដ្ឋ​ខ្មែរ ​មិន​ឲ្យ​លក់ ឬ​ជួល​ដីស្រែ​ ចម្ការ ឬ​ដី​លំនៅឋាន ​នៅ​តាម​តំបន់​ព្រំដែន ​ឲ្យ​​ទៅ​ពលរដ្ឋ​ នៃ​ប្រទេស​ជិត​ខាង ​ទោះបី​ក្នុង​រូបភាព​ណា​ក៏ដោយ» ដើម្បី​រក្សា​ការពារ ​នូវ​សិទ្ធិ​កាន់កាប់​ដីធ្លី និង​ផលប្រយោជន៍​ស្រប​ច្បាប់ និង​លើក​កម្ពស់​ជីវភាព​រស់​នៅ​​របស់​ពលរដ្ឋ​ខ្មែរ ​នៅ​តាម​បណ្តោយ​ព្រំដែន ​ព្រមទាំង​ជួយ​សម្រួល​ដល់​ការងារ​កំណត់ និង​​បោះ​បង្គោល​ខណ្ឌ​សីមា ​សំដៅ​រក្សា​ការពារ​ឲ្យ​បាន ​នូវ​បូរណភាព​ទឹកដី​ និង​អធិបតេយ្យភាព​ជាតិ។

មួយខែក្រោយមក​ កាសែតភ្នំពេញប៉ុស្តិ៍ បានចុះផ្សាយកាលពីថ្ងៃទី ២៤ ធ្នូ ២០១៥ ដកស្រង់របាយការណ៍​​បឋម​របស់​មន្ត្រីជាន់ខ្ពស់​​ក្រសួងមហាផ្ទៃ ថា «មានប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតាម​ព្រំដែនវៀតណាម ជិត ១០០០ គ្រួសារ បានជួលដី​ទំហំជិត ៧០០០ ហិកតា ទៅឲ្យវៀតណាម។ ពលរដ្ឋជាប់ព្រំដែនទាំងនោះ រួមមាននៅ ខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តក្រចេះ និង ខេត្តកណ្តាល ជាដើម»។

ករណីលោក ស ខេង ថ្លែងសារជាថ្មី នៅថ្ងៃទី ១២ មីនា ឆ្នាំ២០២០ នេះ រំលឹក​អំពី​ការជួលដីព្រំដែន ឲ្យជនបរទេសជិតខាងនេះ គឺជាដូច​ជា​ការ​សារភាពថា រដ្ឋាភិបាលសព្វថ្ងៃ មានភាពទន់ខ្សោយ ក្នុងការអនុវត្តច្បាប់ ដែលនាំឲ្យ​មាន​ការ​ជួល​ដី​ព្រំដែន ទៅឲ្យជនបរទេស នៅតែបន្តកើត​មានដដែល ដែលជា​ហានីភ័យ​​ធ្ងន់ធ្ងរ សម្រាប់​ប្រជាជាតិខ្មែរ ទៅថ្ងៃក្រោយ៕
(អត្ថបទដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ១៣ កុម្ភៈ ២០២០)

.

Advertisements