ចាប់ផ្តើមពីអ៊ីតាលី ដែលជាប្រទេស រីករាលតដាលមេរោគកូរ៉ូណា (Covid-19) ធ្ងន់ធ្ងរ និងមានមនុស្សស្លាប់ច្រើនជាងគេបង្អស់ ក្នុងចំណោមប្រទេសនានា នៅទ្វីបអឺរ៉ុប។ អ៊ីតាលី មានអាត្ររិករាលដាលខ្ពស់ (ឆ្លងមេរោគជាង ២ ម៉ឺននាក់់, ស្លាប់ជាង ១៨០០ នាក់ និងធូរស្បើយជាង ២៣០០ នាក់) បន្ទាប់ពីប្រទេសចិន (ឆ្លងមេរោគជាង ៨ ម៉ឺននាក់់, ស្លាប់ជាង ៣០០០ នាក់ និងធូរស្បើយជាង ៦ ម៉ឺននាក់) គិតមកទល់ថ្ងៃទី ១៦ មីនា ២០២០ ម៉ោង ៧ ល្ងាច ម៉ោងនៅកម្ពុជា។

កំណើននៃការរីករាលដាលមេរោគកូរ៉ូណា (Covid-19) យ៉ាងគំហុក បាន​ធ្វើ​ឲ្យ​ប្រទេស​ជាច្រើន នៅអឺរ៉ុប ប្រកាស​​បិទ​ប្រទេស​របស់រៀងៗខ្លួន បិទច្រកព្រំដែន ផ្អាកជើង​ហោះ​ហើរ ផ្អាកទទួលអ្នកទេសចរបរទេស បិទ្វារសាលារៀន បិទមណ្ឌលកំសាន្ត ផ្អាកការជួបជុំជាក្រុម​​តូច ឬក្រុមធំទាំងអស់ និងបិទស្ថាប័នរដ្ឋ និងឯកជនមួយចំនួន ជាដើម ដែលជាវិធានការដំបូង ក្នុងការទប់ស្កាត់មេរោគនេះ ក្នុងអំឡុងពេល ១ សប្តាហ៍ ទៅ ២ សប្តាហ៍ ឬយូរជាងនេះ។ ពលរដ្ឋ ត្រូវបានតម្រូវឲ្យនៅក្នុងផ្ទះ ហើយពួកគេ អាចទំនាក់ទំនងគ្នា តាមរយៈប្រព័ន្ធទូរស័ព្ទ ឬ​បណ្តាញសង្គម ដែលអាចធ្វើទៅបាន។ ចំណែកសិស្ស និស្សិត ត្រូវបានតម្រូវឲ្យសិក្សារៀនសូត្រ តាមប្រព័ន្ធអ៊ីទែណិតរបស់សាលា នៅតាម​លំនៅឋាន​រៀងខ្លួន​។

បណ្ឌលសុខភាព និងទីផ្សារលក់ម្ហូបអាហារ នៅដំណើរការជាធម្មតា។ ប៉ុន្តែ​ខាង​ផ្សារ​លក់​ដូរ ត្រូវបាន​កាត់បន្ថយ​ពេល​ម៉ោង​ធ្វើការ។ ករណីចំាបាច់ ពលរដ្ឋក្នុងប្រទេសនីមួយៗ ត្រូវទាក់ទងបន្ទាន់ ទៅកាន់បណ្ឌលសុខភាព។

អ៊ីតាលី បានប្រកាសបិទប្រទេសមុនគេ កាលពី ២ សប្តាហ៍មុន។ លុះដល់ពេលនេះ មានប្រទេស​ជាច្រើន ក្នុងអឺរ៉ុប៖ មានខ្លះ ​បិទ​ប្រទេស​របស់ខ្លួន, ខ្លះ បាន​បិទ​ព្រំដែន និង​មាន​ខ្លះ​ទៀត បានផ្អាកទទួលអ្នកទេសចរបរទេស។ ប្រទេសទាំងនោះ រួមមានដូចជា៖ ប្រទេស​ន័រវេស៍ (Norway), ស៊ុយអែត, ដាណាម៉ាក, ហ្វាំងឡង់ដ៍, អាល្លឺម៉ង់, បារាំង, អង់គ្លេស, ស៊្វីស, អូទ្រីស, បែលហ្ស៊ិក, ក្រូអាត, ស៊ីប្រ៊ុស (Cyprus), សាធារណរដ្ឋឆេក, អេស្តូនា (Estonia), ក្រិច, ហុងគ្រី, ម៉ាល់តា, ហូឡង់ដ៍, ប៉ូឡូញ, អេស្បាញ, តួគី, និង អ៊ុយក្រែន។ នេះ​បើតាមព័ត៌មានផ្លូវការរបស់ទូរទស្សន៍ជាតិ NRK1 របស់ប្រទេសន័រវេស៍ និង​បណ្តាញព័ត៌មានអន្តរជាតិ៕
(អត្ថបទដោយលោក ម៉ែន ណាត / ពីប្រទេសន័រវេស៍)

.

Advertisements