ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ពីប្រទេសន័រវេស៍ (Norway) បានដាក់​សចក្តី​ព្រួយ​​បារម្ភ ចំពោះ​​ការរីក​​រាលដាល​​មេរោគ​​កូរ៉ូណា (Covid-19) នៅប្រទេស​កម្ពុជា មានការកើន​ឡើង​ជាលំដាប់ ក្រោយ​ពេលរដ្ឋបាលដឹកនាំ​របស់លោក ហ៊ុន សែន ដាក់បម្រាមតឹងតែង ចំពោះ​ក្រុម​គ្រូពេទ្យ មន្រ្តីរាជការ និង​ពលរដ្ឋ ជុំវិញទស្សនៈ ឬ​មតិនានា​ អំពី​​​ការឆ្លង​មេរោគ​នេះ កាលពី ២-៣ សប្តាហ៍មុន។ ក្រុមប្រឹក្សានេះ ហៅទង្វើរបស់​លោក ហ៊ុន សែន ថា «ធ្វើឲ្យ​ឆក​ល្វេង និង​គ្មានវិធានការ​ច្បាស់លាស់ ខណៈ​ដែល​ប្រព័ន្ធ​សុខាភិបាល​ខ្មែរ នៅ​ទន់ខ្សោយ​នៅឡើយ»

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានអំពាវនាវ ឲ្យពលរដ្ឋខ្មែរ គប្បីផ្អាកចូលរួមពិធីជួ​បជុំ និងពិធី​បុណ្យទាននានា ជាបណ្តោះអាសន្ន។ «ការជួបប្រាស្រ័យទាក់ទងគ្នា ជា​លក្ខណៈ​មិត្តភក្តិ ឬ​ជាដៃគូ​ការងារ គួរ​តែ​មិន​ត្រូវ​ឲ្យ​ច្រើន​ជាង ២ នាក់ទៅ ៣ នាក់ ហើយ​​​ត្រូវ​​រ​ក្សា​ចម្ងាយ​​ពីគ្នា ពី ១ ម៉ែត្រ ទៅ ១,៥០ ម៉ែត្រ»។ មុនពេល​ជួបគ្នា ត្រូវ​​លាង​​សម្អាត​​ដៃ ដោយ​សាប៊ូ​លាង​ដៃ ឬ​អាល់កុល ហើយ​​នៅ​ក្រោយ​ពេល​ជួបគ្នា ក៏ត្រូវលាង​​​​សម្អាត​​ដៃ​​ដែរ។

សូមទាញសេចក្តីអំពាវនាវនៅត្រង់នេះ (Download) ឬអាន​ខ្លឹមសារ​ទាំង​ស្រុង​ដូច​ខាង​ក្រោម៖

សេចក្តីអំពាវនាវ
ពលរដ្ឋខ្មែរ គម្បី​ផ្អាក​ចូល​រួម​វិធី​ជួប​ជុំ និងពិធី​បុណ្យ​ទាន ជា​​ការ​​រួម​ទប់​ស្កាត់​ជំងឺ Covid-19

ចំណាត់ការទប់ស្កាត់របស់ក្រសួងសុខាភិបាលកម្ពុជា ប្រយុទ្ធ​ប្រឆាំង​មេរោគ​កូរ៉ូណា ឬ​កូវីដ-១៩ (Covid-19) នៅ​​មាន​កម្រិត ហើយ​មិន​ទាន​បានរំលឹក​ពលរដ្ឋខ្មែរ ឲ្យ​ចូល​រួម​ទប់ស្កាត់​តាម​​រយៈ​​ពិធី​​ជួបជុំ​​នានា ដូច្នេះ​​អាច​​ជាសេចក្តី​ព្រួយ​​បារម្ភ​ទ្វេដង ដែល​​​នាំ​​ឲ្យ​​មាន​​​ការរីក​រាលដាល​​​មេរោគ​នេះ បើទោះ​បីរដ្ឋបាល​​​​ដឹកនាំ​​របស់​​លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បិទ​ទ្វារ​សាលារៀន នៅក្រុងសៀមរាប រាជធានី​ភ្នំពេញ និង​​កន្លែងពាក់ព័ន្ធ​មេរោគ​​ឆ្លងមួយចំនួនក្តី។

បន្ថែមលើការណែនាំ​របស់​ក្រសួង​សុខាភិបាល ក្នុងការចូលរួមទប់ស្កាត់មេរោគកូរ៉ូណា គប្បី​ពលរដ្ឋ​ខ្មែរ ជ្រើស​រើស​​យក​​ការសម្រាក​​នៅ​​គេហដ្ឋានរៀងខ្លួន បើគ្មានការចាំបាច់​បន្ទាន់ ទៅធ្វើការងារ​​នៅកន្លែង​​ធ្វើការ ឬ​ការិយាល័យការចេញ​ខាងក្រៅផ្ទះ គួរគប្បី​ត្រូវផ្អាក​ជាបណ្តោះ​អាសន្ន ដូចជា​ការជួបជុំ​មិត្តភក្តិ ឬទៅ​ក្លឹប​កំសាន្ត, មណ្ឌលកំសាន្ត, ទៅ​ចូល​រួម​ពិធី​​ជប់​​លៀង, ចូលរួមពិធីភ្ជាប់ពាក្យ ឬអាពាហ៍ពិពាហ៍, និង​ពិធីបុណ្យ​ទាននានា តាមគេហដ្ឋានក្តី ឬតាមទីវត្ត​អារាមក្តី ជាដើម។ល។

ការជួបប្រាស្រ័យទាក់ទងគ្នា ជា​លក្ខណៈ​មិត្តភក្តិ ឬជាដៃគូការងារ គួរ​តែ​​មិន​ត្រូវ​ឲ្យ​ច្រើន​ជាង ២ នាក់ទៅ ៣ នាក់ ហើយ​​​ត្រូវ​រ​ក្សាចម្ងាយ​​ពីគ្នា ពី ១ ម៉ែត្រ ទៅ ១,៥០ ម៉ែត្រ។ មុនពេល​ជួបគ្នា ត្រូវ​​លាង​​សម្អាត​​ដៃ ដោយ​សាប៊ូ​លាង​ដៃ ឬ​អាល់កុល ហើយ​​នៅ​ក្រោយ​ពេល​ជួបគ្នា ក៏ត្រូវលាង​​​​សម្អាត​​ដៃ​​ដែរ។ ចូរយក«ការសំពះ​ជម្រាបសួរ​» ជាប្រពៃណី​​ដ៏ល្អ​របស់ខ្មែរ ធ្វើ​ជាគោលការណ៍ ក្នុង​​ការ​ជួបភ្ញៀវ ទាំងវិស័យ​ការងារ និង​ការជួបគ្នា​​ជាធម្មតា ដោយ​មិនត្រូវ​ជួប​«ចាប់ដៃ»​ទេ។

មកទល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បាន​ប្រកាស​ដំណឹង​​​​ផ្លូវការ​ថា កម្ពុជា មាន​​​ករណី​​ឆ្លង​មេរោគ​​កូរ៉ូណា ឬ Covid-19 កើន​ឡើង​ដល់ ២៤ នាក់ហើយ ដែល​​ជាការបង្កើន​​​សេចក្តីព្រួយ​បារម្ភ​​​បន្ថែម​ទៀត សម្រាប់​​ពលរដ្ឋខ្មែរ ខណៈដែល​​ប្រព័ន្ធសុខាភិបាល​​ខ្មែរ នៅ​ទន់ខ្សោយ និងគ្មាន​វិធាន​ការ​ច្បាស់​លាស់ ព្រមទាំង​ធ្វើឲ្យ​ឆក​ល្វេង ក្នុងការទប់​ស្កាត់​មេរោគ​ដ៏កាច​សាហាវនេះ តាំងពី​ដំបូងទី។

ទីក្រុងគ្រីស្ទានសាន់ ប្រទេសន័រវេស៍ (Norway) ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០

ម៉ែន ណាត (ហត្ថលខេា និងត្រា)
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

.

Advertisements