ថៃ និង ឡាវ ប្រកាសបិទច្រកព្រំដែនរៀងៗខ្លួន ដូចវៀតណាមដែរ ខណៈ​ពេល​កម្ពុជា មិន​ទាន់​បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​ ដែល​ជាវិធានការ​ជាក់លាក់ ក្នុង​ការទប់ស្កាត់​មេរោគកូរ៉ូណា (COVID-19) ក្នុង​អំឡុង​ពេល​វៀតណាម និង ថៃ មាន​អាត្រា​ឆ្លង​មេរោគ​នេះ ខ្ពស់ជាង​​​កម្ពុជា។

ច្រកព្រំដែនសំខាន់ៗចំនួន ១៥ រវាង កម្ពុជា និង ថៃ ត្រូវបានភាគី ថៃ បិទ​ជា​បណ្តោះ​អាសន្ន ចាប់​ពីថ្ងៃទី ២០ ខែ​មីនា ឆ្នាំ ២០២០ ដោយសារ​​ការរីក​រាល​ដាល​​មេរោគ​​កូរ៉ូណា (COVID-19) ដែល​​​រាត​ត្បាត​​​នៅ​​ជុំវិញ​​ពិភពលោក។ ហើយ​ច្រក​ព្រំដែន​អន្តរជាតិ ប៉ោយប៉ែត ត្រូវ​បិទ​​នៅថ្ងៃទី ២៣ មីនា។ នេះ​បើ​តាម​​សេចក្តីរាយការ​ណ៍​នានា របស់​សារព័ត៌មាន​ក្នុង​ស្រុក នៅ​ថ្ងៃ​អាទិត្យ ទី២១ ខែ​មីនា​នេះ។

ដោយភ័យបារម្ភ នៅ​ថ្ងៃ​អាទិត្យ​នេះ ពលករខ្មែរ រាប់ពាន់នាក់ បង្ខំចិត្ត​វិល​ត្រឡប់​​ពី​ប្រទេស ថៃ មក​​ប្រទេស​​​​កម្ពុជា នៅ​​​ច្រក​ព្រំដែន ​​ឡែម (ច្រក​​ដូង) ស្រុក​​រវៀង ខេត្ត​បាត់ដំបង, នៅ​​​ច្រក​​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ និង តាម​​​ច្រក​ផ្សេងៗទៀត។

ប្រទេស​ឡាវ បាន​បិទ​ច្រក​ព្រំដែន​ជាមួយ​កម្ពុជា ហើយ​ហាមប្រាម​ពលរដ្ឋខ្មែរ មិន​ឲ្យ​​ចូលប្រទេសរបស់ខ្លួន ចាប់​ពី​ថ្ងៃទី ២០ ខែ​មីនា តទៅ រហូត​ដល់​មាន​ការជូន​ដំណឹង​ជាថ្មី។ ប៉ុន្តែ​សម្រាប់​មន្ត្រី​កម្ពុជា ដែល​កាន់​លិខិត​ឆ្លងដែន​ការទូត មិន​ត្រូវ​បាន​ហាម​ប្រាម​ទេ ដូចគ្នា​នឹង វៀតណាម បាន​ធ្វើ​ជាមួយ កម្ពុជា ដែរ។

ចំណែក វៀតណាម គឺជា​ប្រទេស​ដំបូងគេ ក្នុង​នាម​ជា​ប្រទេស​ជិតខាង​កម្ពុជា និង បងធំ នៃ​បក្ស​កាន់អំណាច់​ នៅ​កម្ពុជាសព្វថ្ងៃផង បាន​បិទច្រក​ព្រំដែន ជាឯកតោភាគី ដោយ​មិន​​បាន​​ជូន​​ដំណឹង​​ជាមុន ទៅ​​កាន់​រដ្ឋបាល​​ដឹកនាំ​​របស់​​លោក ហ៊ុន សែន កាល​​ពីថ្ងៃទី ១៨ មីនា ក្រោម​​ហេតុផល​​ការផ្ទុះ​​មេរោគ​​កូរ៉ូណា ឬកូវីដ-១៩។

ករណី​វៀតណាម បិទច្រក​ព្រំដែននេះ ធ្វើមេដឹកនាំកម្ពុជា លោក ហ៊ុន សែន សំដែង​ការ​អាក់​​អន់​ចិត្ត ហើយ​​ក៏​ប្រកាស​​បិទ​ច្រក​​ព្រំដែន​ ជាមួយ​វៀតណាម​​វិញ​​ដែរ គឺ​បិទ​​នៅ​​ថ្ងៃ​ទី ២០ មីនា ក្រោម​​ហេតុផល​​ជំងឺ​កូរ៉ូណា ឬ COVID-19។​ ជុំវិញ​​ប្រតិកម្ម​​របស់​​លោក ហ៊ុន សែន ជាមួយ​​វៀតណាម​​នេះ ត្រូវ​​បាន​​ក្រុម​​បញ្ញវន្ត និង​​អ្នកជំនាញ យល់​​ស្របគ្នា​ថា «ធ្វើ​ឡើងក្រោម​​​មូលហេតុ​​នយោបាយ ច្រើន​ជាង​ករណី​មេរោគ COVID-19 ក្នុង​​រឿង​​ទំនាស់​​ឈូងសមុទ្រ​​រវាង ចិន និងវៀតណាម ហើយកម្ពុជា ពឹងផ្អែក ចិន ខ្លាំងពេក ដែល​ធ្វើឲ្យ​វៀតណាម ជាបងធំ មិន​​ពេញ​​ចិត្ត»៕

(អត្ថបទ​ដោយ​លោក ម៉ែន ណាត នៃ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា)


ទំព័រភ្ជាប់ នៃបច្ចុប្បន្នភាពមេរោគកូរ៉ូណា (World live) /(Link): Coronavirus (Covid-19) – World live

.

.

Advertisements