ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ពី​ប្រទេស​ន័រវេស៍ (Norway) បាន​អំពាវនាវ​​ជា​​ថ្មី សម្តែង​​ការ​​​ព្រួយ​​បារម្ភ​ ចំពោះ​​​ការ​រីក​​​រាល​ដាល​​មេរោគ​​កូរ៉ូណា ឬ Covid-19 ខណៈ​ពេល​ពលករ​ខ្មែរ រាប់ម៉ឺន​នាក់ វិល​ត្រឡប់​ពី​ប្រទេស​ថៃ ទៅ​កាន់​ស្រុក​កំណើត​រៀងៗ​ខ្លួន​វិញ តាំង​ពីថ្ងៃទី ២២ ខែ​មីនា ម្សិល​មិញ។ សូម​ទាញយក សេចក្តីអំពាវនាវ​ត្រង់នេះ (Download) ឬ​អាន​ខ្លឹម​សារ​ទាំង​ស្រុង​ដូច​ខាង​ក្រោម៖

សេចក្តីអំពាវនាវ
កម្ពុជា​ធ្លាក់​ក្នុង​ស្ថា​​នភាព​ទ្វេគ្រោះ បើសិន​គ្មាន​វិធានការ​ជាក់លាក់ ចំពោះ​មេរោគ​កូរ៉ូណា

ខណៈពេលអាត្រាឆ្លងមេរោគកូរ៉ូណា ឬ Covid-19 បន្តរី​ករាលដាល​កើន​ឡើង ដែល​មិន​ទាន់​អាច​ទប់ស្កាត់​បាន​​នេះ កម្ពុជា​​ត្រូវ​ធ្លាក់​ក្នុងស្ថា​​នភាព​ទ្វេគ្រោះ​ធ្ងន់ធ្ងរ នៅ​ពេល​ក្រុម​ពលករ​ខ្មែរ​រាប់ម៉ឺន​នាក់ ត្រឡប់​ពី​ប្រទេស​ថៃ ​ទៅ​កាន់​​ស្រុក​​កំណើត​វិញ ដោយ​មិន​ទាន់​បាន​​​ឆ្លង​កាត់​​ការ​ធ្វើតេស្ត​រក​មេរោគ Covid-19 មុន​ ឬ​ក្រោយ​ពេល​ឆ្លង​ព្រំដែន ចូល​​មក​​កម្ពុជា។ តាម​ដំណឹងផ្លូវការ កម្ពុជា​មក​ទល់​ព្រឹកថ្ងៃទី ២៣ ខែមីនា ការឆ្លង​មេរោគ​កូរ៉ូណា ​កើនឡើង ៨៦ នាក់ហើយ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មាន​ការព្រួយ​បារម្ភ​ជា​ខ្លាំង ចំពោះ​លទ្ធភាព​នៃ​ការ​ឆ្លង​មេរោគ​កូរ៉ូណា ឬ Covid-19 កាន់​​តែ​ធំ​ទូលាយ​ជាងមុន នៅ​គ្រប់​ទីកន្លែង ក្នុង​ប្រទេស​កម្ពុជា បើសិន​ក្រសួង​សុខាភិបាល អាជ្ញាធរ​ពាក់ព័ន្ធ​នានា ចាត់​​វិធានការ​ដោះស្រាយគ្រោះ​ហានីភ័យ​នេះ មិន​ទាន់សភាពការណ៍ ឬ​យឺត​យ៉ាវ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវ​ដល់​អាជ្ញាធរ​រដ្ឋាភិបាល ស្ថាប័ន​ពាក់ព័ន្ធ និងពលរដ្ឋ​ខ្មែរ​ទាំងអស់ ត្រូវ​​​ចេះ​​​សាមគ្គី​, បន្ថែម​ការយក​ចិត្ត​ទុក​ដាក់, ការលើក​ទឹក​ចិត្ត និង រួមគ្នា​ទប់ស្កាត់​​មេរោគ Covid-19 តាម​វិធី​ងាយៗ​ដូច​ខាង​ក្រោម៖

១. អំពីសុខភាពអនាម័យ គឺត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ឬ​មណ្ឌលសុខភាព នៅ​តាម​​ឃុំ-សង្កាត់។
២. ពលករ ដែលទើបត្រឡប់ពីប្រទេស​ថៃ ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​មណ្ឌល​សុខភាព និង​ ​ធ្វើ​​តេស្ត​​​រក​​មេរោគ Covid-19 ហើយ​និង នៅក្នុងផ្ទះ ឬដាក់​ខ្លួន​ឯង​ឲ្យនៅ​ដាច់​ដោយ​ឡែក​ពីគេ ១៤ ថ្ងៃ​សិន។
៣. ការជួបជុំគ្នាជាក្រុម គួរតែមិន​ត្រូវឲ្យ​ច្រើនជាង ២ នាក់​ទៅ ៣ នាក់ និ​ង​ត្រូវ​​រក្សា​ចម្ងាយ​​​ពី​គ្នា ពី ១ ម៉ែត្រ ទៅ ១,៥០ ម៉ែត្រ។
៤. អាជ្ញាធរឃុំ-សង្កាត់ គម្បី​​ប្រើប្រាស់​មេក្រូ ឬ​ឧបករណ៍​បំពង​សម្លេង ផ្សព្វ​ផ្សាយ​ទៅ​កាន់ពលរដ្ឋ​តាមភូមិឃុំ។

ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០

ម៉ែន ណាត (ហត្ថលេខា និងត្រា)
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ​                                                                 

.                                               ​​​

Advertisements