ក្នុងកិច្ចសំណេះសំណាល​ជាមួយ​ក្រុមគ្រូពេទ្យ​ស្មគ្រចិត្ត ប្រមាណ ៤០០​នាក់ នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្រ្តី នា​ថ្ងៃទី ២៥ ខែ​មីនា ឆ្នាំ ២០២០ លោក ហ៊ុន សែន បានថ្លែង​សុន្ទរកថា​យ៉ាងវែង​​អន្លាយ ជុំវិញ​ស្ថានភាព​នៃការរីក​រាលដាល​មេរោគ​កូរ៉ូណា ឬ Covid-19 នៅ​ប្រទេស​កម្ពុជា ដោយ​ផ្សារ​ភ្ជាប់​ជាមួយ ការត្រៀម​ដាក់ប្រទេស​ក្នុងភាព​អាសន្ន, ចំណាត់​ការ​ចំពោះអ្នក​លក់ម៉ាស់​ឡើងថ្លៃ, ការត្រៀម​ស្បៀង និង​សម្ភារៈ​ ជាអង្ករ ជាក្រមា ជួយ​ឧបត្ថម្ភ​ពលរដ្ឋ​ក្រីក្រ និងបញ្ហា​ពលករ​​ខ្មែរ រាប់ម៉ឺន​នាក់ វិលត្រឡប់​ពី​ប្រទេស ថៃ។

ខណៈពេលមេរោគកូរ៉ូណា ឬ កូវីដ​១៩ បន្តរីក​រាលដាល​មិន​ថមថយ​នេះ លោក ហ៊ុន សែន បាន​លើក​ឡើង​ជាគំនិតថា «ខ្ញុំកំពុង​ពិចារណា​ត្រៀម​ដាក់ប្រទេស​ទាំងមូល ក្នុង​ភាពអាសន្ន»

ក្រុមបញ្ញវន្តខ្មែរ បានលើកយកមាត្រា ២២ ថ្មី នៃ​រដ្ឋធម្មនុញ្ញ ​ចែង​ថា «នៅ​​​ពេល​​​ប្រជាជាតិ​​​ប្រឈម​​​មុខ​​​នឹង​​​គ្រោះ​ថ្នាក់​ ព្រះមហាក្សត្រ ​​ទ្រង់​ប្រកាស​​ប្រទាន​​​ដំណឹង​​​ជា​​សាធារណៈ​ ដាក់​​​ប្រទេស​​​ជាតិ​​​ស្ថិត​​​នៅ​​​ក្នុង​​​​ភាព​​អាសន្ន​ ក្រោយ​​​ពី​​បាន​​​មតិ​​​ឯកភាព​​ពី​ នាយក​រដ្ឋមន្ត្រី​ ប្រធាន​​​រដ្ឋសភា​ និង​ ប្រធាន​​ព្រឹទ្ធសភា»។ ការលើក​​មាត្រា​នេះ មក​ផ្សាយ​លើ​បណ្តាញ​សង្គម​ ពួកគេ ​បញ្ចញ​​យោបល់​​ស្រដៀង​គ្នា​ថា «បើ​សិន​លោក ហ៊ុន សែន ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន ដោយ​ខ្លួនឯង បាន​ន័យថា លោក ហ៊ុន សែន រំលោភ​រដ្ឋធម្មនុញ្ញ និង រំលោភតួនាទីរ​បស់​ព្រះមហាក្សត្រ»

លោក ហ៊ុន សែន ក៏បានលើកឡើងពីលទ្ធភាពថា គ្រោង​​ស្នើ​​ព្រះ​មហាក្សត្រ ដើម្បី​ប្រកាស​​ដាក់​​ប្រទេស​ជាតិ​​ក្នុង​ភាពអាសន្ននេះ​​​ដែរ ប៉ុន្តែ​លោក​ថា រដ្ឋធម្មនុញ្ញ ចែង​មិន​ច្បាស់​លាស់ ហើយ​តម្រូវ​ឲ្យធ្វើ​ច្បាប់​ដោយឡែក។

មកទល់​ព្រលប់​ថ្ងៃទី ២៥ ខែ​មីនា នេះ អាត្រា​ឆ្លងមេរោគ​កូរ៉ូណា បាន​កើន​ឡើង ៤ នាក់ទៀត បើ​ប្រៀ​ប​ធៀប​ថ្ងៃទី ២៤ មីនា។ ចំនួនសរុបនៃការឆ្លងមេរោគនេះ បាន​​កើន​ឡើង ៩៦ នាក់​ហើយ នៅ​ថ្ងៃនេះ។ នេះ​បើតាម​របាយការណ៍​ផ្លូវការ​របស់ ក្រសួង​សុខាភិបាល​កម្ពុជា។

គួរបញ្ជាក់ថា កន្លងទៅលោក ហ៊ុន សែន ធ្លាប់បាន​ថ្លែងមើល​ស្រាល និង​​ចំអក​​ឡក​ឡឺយ​​​ថា មេរោគ​កូរ៉ូណា មិន​​អាច​ឆ្លង​​នៅ​​កម្ពុជា​​ទេ។ នៅខែមករា ២០២០ លោក បាន​ព្រមាន​គេឯង​ថា «បណ្តេញអ្នកណាពាក់ម៉ាស់ ចេញ​ពីសាល​សន្និសីទ​»។ ហើយ​ក្រោយ​មក​ទៀត នៅ​ថ្ងៃទី ២៧ កុម្ភៈ លោក​ ហ៊ុន សែន ថ្លែងបែប​ប្រមាថ​ថា «ទាល់តែ​ខែ​កុម្ភៈ ដាច់​ថ្ងៃទី ៣១ ទើប​មេរោគកូរ៉ូណា វាឆ្លង​នៅកម្ពុជា»នៅឆ្នាំ ២០២០ នេះ ខែកុម្ភៈ ដាច់​ថ្ងៃទី ២៩។ ប៉ុន្តែ​នៅពេលដែលជំងឺកូរ់ូណា ផ្ទុះរីករាលនៅកម្ពុជា នៅដើមខែ​មីនា ទើប​ក្រុម​អ្នករិះគន់​ បាន​ដាក់ឈ្មោះ​ថ្មី ជូន​លោក ហ៊ុន សែន ថា «បុរស​៣១កុម្ភៈ»

ក្នុងកិច្ចសំណេះសំណាល​ជាមួយ​ក្រុមគ្រូពេទ្យ​ស្មគ្រចិត្ត​ដដែល លោក ហ៊ុន សែន បានព្រមាន​​ធ្ងន់ៗ​​ទៅ​កាន់​​អាជីវករ និង​​គ្លីនិក​​នានា ដែល​​​លក់​​ម៉ាស់​​ឡើង​​ថ្លៃ​កប់​​ពពក​​​ថា «នឹងបញ្ជា​ឲ្យ​បិទ​អាជីវកម្ម​ទាំង​ស្រុង បើ​សិន​នៅ​បន្តលក់​ម៉ាស់​ឡើងថ្លៃ»។ លោក​ថា លោក​បានឲ្យ​ក្រសួង​សុខាភិបាល ពិនិត្យ​ចំនួន​អ្នក​ធ្វើ​អាជីវកម្ម និងគ្លីនិក នៅ​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹងការ​លក់​ម៉ាស់ ក្នុង​ពេល​ដែល​ពលរដ្ឋខ្មែរ​ កំពុង​តែភ័យ​បារម្ភ ចំពោះ​មេរោគកូរ៉ូណា ដ៏កាច​សាហាវ​នេះ។

លោក ហ៊ុន សែន និយាយថា នៅពេលណាកម្ពុជា ​ដាក់ប្រទេសក្នុងភាពអាសន្ន អាជ្ញាធរខេត្តក្រុង និងក្រុម​មន្ត្រី​ក្នុង​របប​ដឹកនាំ​របស់​លោក ត្រូវ​រៀបចំ​ចែក​អង្ករ និង​ក្រមា ដល់ពលរដ្ឋ​ក្រីក្រ។ លោកថា «យក​ខេត្តកណ្តាល ជាគំរូ ធ្វើរឿ​ងនេះ​មុន​គេ»

ក្រុមបញ្ញវន្ត និងអ្នកវិភាគសង្គម បានផ្តល់​យោបល់​ស្រដៀងៗ​គ្នាថា «ចំណាត់ការ​របស់​លោក ហ៊ុន សែន នៅ​មិន​ទាន់​មានផែនការ​​ច្បាស់​លាស់​​នៅឡើយ» ហើយ​ថា «យក​ករណី​មេរោគ​កូរ៉ូណា ឬកូវីដ​១៩ នេះ ជាយុទ្ធសាស្ត្រ​នយោបាយ ច្រើន​ជាង​ចំណាត់​ការដោយ​ពិត​ប្រាកដ»។ ពួក​គេសង្កត់​ធ្ងន់​ថា លោក ហ៊ុន សែន មកទល់​ម៉ោងនេះ មិន​ទាន់​មានផែនការ «បិទជើង​ហោះហើរ​ពី ចិន» ទេ ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​​ក្រៅពី​ចិន ត្រូវ​បាន​បញ្ជាឲ្យបិទ ដែល​នាំឲ្យ​មាន​ការសង្ស័យ​​​កាន់​តែ​ច្រើនឡើង​​ថា «ជាការ​ស៊ុមគ្រលំ ជាមួយប្រទេស​ចិន និង មាន​ការលាក់​លៀម​ព័ត៌មាន​មួយចំនួន ជុំវិញ​ជនជាតិ​ ចិន និង​មន្រ្តី​ជាន់ខ្ពស់​ខ្មែរ បាន​ឆ្លង​មេរោគ​កូរ៉ូណា»។ ការ​លាក់លៀម​ព័ត៌មាន​ពិត គឺជា​ការបង្ករ​ហានីភ័យ​ខ្ពស់ សម្រាប់​ជាតិ និង​ពលរដ្ឋ ក្នុងស្ថានភាព​បច្ចុប្បន្ន។

ក្រុមបញ្ញវន្ត និងអ្នកវិភាគសង្គមដដែល អំពាវនាវ​ដល់រដ្ឋាភិបាល លោក ហ៊ុន សែន ថា ត្រូវ​បង្កើន​ការយក​ចិត្ត​ទុកដាក់​បន្ថែម​​ទៀត ក្នុង​ការដោះស្រាយ​​បញ្ហា​ចំពោះ​មុខ ជូនពលរដ្ឋ ក្នុងការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូរ៉ូណា។ រដ្ឋាភិបាល ត្រូវ​មាន​តម្លាភាព និង​ទទួល​ខុសត្រូវ ចំពោះ​ជំនួយ​សប្បុរសធម៌​នានា ដើម្បី​ជួយ​ដល់ពលរដ្ឋ​ឲ្យ​ចំគោលដៅ និង​គ្មានការរើស​អើង​និន្នាការ​នយោបាយ​អ្វីទាំងអស់

(CWCI Cambodia /អត្ថបទដោយលោក នគរ / ២៥ មីនា ២០២០)

.

.

Advertisements