ក្រោយរដ្ឋសភាជាតិ​របស់លោក ហេង សំរិន អនុម័ត​យល់​ព្រម​ជា​ឯក​ឆន្ទ ទៅ​លើ​សមាសភាព​សមាជិក​​​មួយ​ចំនួន នៃ​គណៈ​រដ្ឋ​មន្ត្រី ព្រឹក​ថ្ងៃទី ៣០ ខែ​មីនា ឆ្នាំ ២០២០ ភ្លាមៗ​នោះ​ព្រះ​មហា​ក្សត្រ នរោត្តម សីហមុនី បាន​ត្រាស់​បង្គាប់​តែង​តាំង​មន្រ្តី​ជាន់​ខ្ពស់​ទាំងនះ ជា​រដ្ឋមន្ត្រី និង​ ទេស​រដ្ឋមន្ត្រី​អម​នាយក​រដ្ឋមន្រ្តី (ចុចត្រង់នេះ មានភ្ជាប់ព្រះរាជក្រឹត្យ) តាម​ការស្នើ​សុំ​របស់​លោក ហ៊ុន សែន។ ការ​ស្នើសុំ បាន​ធ្វើ​ឡើង​កាល​ពីថ្ងៃទី ២៧ ខែ​មីនា។

នៅក្នុងព្រះរាជក្រឹត្យ បាន​ដំឡើងឋា​នៈអតីត​រដ្ឋមន្រ្តី ៤ រូប ទៅ​ជា​ទេសរដ្ឋមន្រ្តី ទទួល​បន្ទុក​កិច្ចការ​ពិសេស ប៉ុន្តែ​គ្មាន​​ក្រសួង ឬស្ថាប័ន​ក្រោម​ឱវាទណា សម្រាប់​ដឹកនាំ​ទេ ឬអាច​និយាយ​បាន​ថា «ពួកគេ ត្រូវ​បាន​គេប្រគល់​កៅអី ឲ្យ​អង្គុយ​នៅ​ក្បែរ​ជញ្ជាំង» ដូច​ពួកមន្ត្រី​ជា​ច្រើន​ទៀត ដែល​មាន​តែតំណែង តែ​អត់​ស្ថាប័ន​គ្រប់គ្រង ក្រោយ​ពីគេ​ផ្ទេរ ឬ​ដោះ​ដូរ​មុខ​តំណែង​ចេញ។ អតីតរដ្ឋមន្រ្តី​ទាំង ៤ រូប​នោះ​មាន លោក ហ៊ឹម ឆែប លោក អង្គ វង្សវឌ្ឍនា លោក តាំង អ៊ីវតឹក និងលោក ពេជ្រ ប៊ុនធិន។

មុនពេលរុះរើ​សមាសភាព​ថ្មី នៃ​គណៈ​រដ្ឋមន្រ្តី​នេះ កាល​ពីថ្ងៃទី ២៤ កុម្ភៈ លោក ហ៊ុន សែន យក​វេទិកា​ស្តីពី​វិធាន​ការទប់ស្កាត់​មេរោគ​កូរ៉ូណា ឬកូវីដ១៩ (Covid-19) ធ្វើ​ការ​​ព្រមាន​ដោយ​ប្រយោល ទៅ​ក្រុម​មន្រ្តី​របស់​លោក​​ថា «អ្នក​ស្ពឹក​​​ស្រពន់​​​ក្នុង​​​ការងារ ត្រូវ​​​កែ​​ប្រែ​ខ្លួន មុន​​ពេល​​ខ្ញុំ សម្រេច​​កែប្រែ​​សមាសភាព»។ លុះ ៣ ថ្ងៃ​ក្រោយ​មក សំណើ​​ស្តីពី​ការ​រុះរើសមាជិក​គណៈ​រដ្ឋមន្រ្តី ក៏​បាន​ផ្ញើ​ទៅ​កាន់​រដ្ឋសភា ដើម្បី​សុំការ​អនុម័ត​យល់ព្រម។

ក្រុមអ្នកឃ្លាំមើល​ស្ថានការ​នយោបាយ​ខ្មែរ បាន​ហៅការរុះរើ​សមាជិក​មួយ​ចំនួ​ន នៃ​គណៈ​​រដ្ឋមន្ត្រី​ថា «ជាយុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ក្នុង​ការ​បង្ក្រាប​មន្រ្តី​គ្រាក់ៗ​ក្នុង​បក្សកាន់អំណាច​គ្នាឯង ជាពិសេស​រវាង​ភាគី​លោក ហ៊ុន សែន ខ្លួន​ឯង និង ភាគី​លោក ស ខេង» ហើយ​ថា «ជាយុទ្ធសាស្ត្រ​ឈាន​ទៅ​រក​ការ​ផ្ទេរ​តំណែង​ស្នង​ត្រកូល ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត ជាកូន​ប្រុស​ច្បង ដោយ​សន្សឹមៗ»

គួរបញ្ជាក់ថា​ មន្រ្តីដែល​ត្រូវបាន​ដហូត​តំណែង ឬផ្លាស់ប្តូរតំណែង មិន​​​ដែល​​​ហ៊ាន​​រអូ​រទាំ ឬ បង្ហាញ​​ការ​​អន់​​ចិត្ត​​​របស់​​ខ្លួន ជា​សាធារណៈ ឬក្នុងជួរមន្រ្តី​គ្នាឯង​ទេ ពីព្រោះថា ពួក​​គេ​​ម្នាក់ៗ សុទ្ធ​​តែ​ជាប់​ជំពាក់​​​ក្នុង​​រឿង​​ផលប្រយោជន៍ ជាមួយ​​ក្រុម​គ្រួសារ​ លោក ហ៊ុន សែន រួម​​ទាំង​​ជាប់​ជំពាក់​​ក្នុង​អំពើ​ពុករលួយ​ ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម​ផង៕

(CWCI Cambodia /អត្ថបទដោយ នគរ /៣០ មីនា ២០២០)

រូបភាព៖ លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និងលោក ស ខេង
រូបភាព៖ លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និងលោក ស ខេង
Advertisements