សឹង​តែគ្រប់វេទិកា និង សឹងតែគ្រប់ម៉ាត់ មេដឹកនាំកម្ពុជា លោក ហ៊ុន សែន មិន​ដែល​ភ្លេច​រំលឹក​ឈ្មោះ​ប្រទេស​ចិន និង​មេដឹកនាំ​ចិន ម្តងណាទេ ពោលគឺ​​មាន​ទំនាក់​ទំនង​ល្អស្អិត​​រមួត​ចាក់​​ទឹក​​មិន​​លិច ជាមួយ​​រដ្ឋាភិបាលចិន ដែល​ធ្វើឲ្យ​វៀតណាម ជា​បងធំ របស់កម្ពុជា​ដែរ​នោះ មិន​ពេញ​ចិត្ត។ លោក ហ៊ុន សែន តែងតែ​ហៅ​ទំនាក់ទំនង​ជាមួយ ចិន នេះ​ថា «ជា​មិត្ត​ថែក​ថែប»

មិនប្រាកដថា ជាមិត្តដែកថែប ឬក៍មិត្តច្រែះដែក អ្វីទេ កាល​​ពី​​ថ្ងៃ​ទី ២៩ ខែ​មីនា ឆ្នាំ ២០២០ នេះ អាជ្ញាធរ​អាកាសចរណ៍ នៃ​រដ្ឋាភិបាល​ ចិន បាន​បដិសេធ មិន​​អនុញ្ញាត​​ឲ្យ​​យន្ត​ហោះ​មួយ​គ្រឿង ​ដែល​​ដឹក​​អ្នកដំណើរ​ជន​ជាតិ​ចិន​ ចំនួន ១៤៦ នាក់ ចេញ​​ពី​​ទីក្រុង​​ភ្នំពេញ ​ឆ្ពោះ​​ទៅ​​កាន់​​ទីក្រុង​​ឆេងឌូ (Chengdu) ប្រទេសចិន ​ត្រូវ​បាន​បង្ខំចិត្ត វិល​ត្រឡប់​​មក​កម្ពុជា​​វិញ​​ភ្លាមៗ នៅ​ពេល​​យន្ត​ហោះនេះ ​កំពុង​​ហោះ​ស្ថិត​​នៅ​​លើ​​ដែន​​អាកាស ​ប្រទេស​​ឡាវ។ នេះ​បើតាម​ការផ្សាយ​របស់​វិទ្យុអាស៊ីសេរី ភាសា​ខ្មែរ នៅ​ថ្ងៃ​ទី ៣១ ខែ​មីនា។

វិទ្យុអាស៊ីសេរីដដែល បាន​ដកស្រង់ព័ត៌មាន​បរទេស ចុះផ្សាយ​ថា «សារ​ព័ត៌​មាន ស៊ី​អិន​អ៊ី ​(CNE)​ ដែល​​ចុះ​ផ្សាយ​​ជា​ភាសា​​អង់គ្លេស នៅ​​ព្រឹក​​ថ្ងៃ​ទី ៣០ ខែ​​មីនា បាន​​ស្រង់​​សម្ដី​​អ្នក​ដំណើរ​ នៅ​លើ​​យន្ត​ហោះ​​នោះ​​ថា មូល​ហេតុ​​ដែល​​យន្តហោះ​​បង្ខំ​ចិត្ត ​ត្រឡប់​​ក្រោយ​​នេះ ​ព្រោះ​​អាជ្ញាធរ​​ចិន ​មិន​​អនុញ្ញាត​​ឲ្យ​​ហោះ​​ចូល​​ដែន​​អាកាស​​ របស់​​ប្រទេស​ចិន​ទេ ដោយសារ​​ចិន​ បាន​​ដាក់​វិធានការ​​បង្ការ និង​​ទប់​ស្កាត់ ​កុំឲ្យ​មាន​​ការ​នាំ​​ចូល​ នូវ​ជំងឺ​​កូរ៉ូណា ឬកូវីដ-១៩ (Covid-19)»«យន្តហោះនេះ បាន​ដឹក​​អ្នក​ដំណើរ​​ចំនួន ១៤៦ នាក់ ​សុទ្ធ​តែ​ជា​​ជន​​ជាតិ​ចិន បាន​​ធ្វើ​ដំណើរ តាម​​ជើង​ហោះហើរ​​ លេខ QD738A របស់​​ក្រុមហ៊ុន​​អាកាសចរណ៍ ជេស៊ី ​(JC Airline ) ចាក​​ចេញ​​ពី​​ទីក្រុង​ភ្នំពេញ​ នៅ​ម៉ោង ១១ និង ១០ នាទី​ ​ព្រឹក​ថ្ងៃ​ទី ២៩ ខែ​មីនា។ ក្នុង​ចំណោម​​អ្នក​ដំណើរ ១៤៦ នាក់​នោះ គឺ​មាន​​ជន​ជាតិ​ចិន ​ពី ៥០ ទៅ ៦០ នាក់ ទើប​តែ​​ធ្វើដំណើរ​​មក​​ពី​ប្រទេស ​ហ្វីលីពីន និង​​មាន​​និស្សិត​ ចិន ៣៥ នាក់​ទៀត មក​ពី​ប្រទេស​ អង់គ្លេស ព្រមទាំងជន​ជាតិ​ចិន ​មួយ​​ចំនួន​ទៀត គឺ​ជា​អ្នក​​ធ្លាប់​​រស់​នៅ​​ភ្នំពេញ និង​ ​ខេត្ត​ព្រះសីហនុ»

​លោក ស៊ីន ចាន់សិរីវត្ថា ​អគ្គនាយករង​​បច្ចេកទេស និង​ ជា​​អ្នក​នាំ​​ពាក្យ​​​អាជ្ញា​ធរ​​​អាកាស​​ចរណ៍​​​ស៊ី​វិល ត្រូវ​បាន​កាសែត​ក្នុង​ស្រុក ដែល​ជិត​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ដកស្រង់​សម្តីចុះ​ផ្សាយ​​​ថា «ការ​ពិត​​ដែល​​ចិន ​មិន​​ឱ្យ​យន្ត​ហោះ​របស់ ​ក្រុមហ៊ុន​​អាកាសចរណ៍ ជេស៊ី អ៊ិន​ធើ​ណេសិន​ណល អ៊ែរ​ឡាញ (JC International Airline) ចូល​​ប្រទេស​​ចិន នោះ គឺ​​ដោយសារ​​តែ​​ចិន ​បាន​​បិទ​ជើង​​ហោះហើរ​ ពី​កម្ពុជា​ហើយ ហើយ​​ទុក​តែ​ ១ ជើង​ទេ ក្នុង​មួយ​​សប្ដាហ៍។ ក៏​ប៉ុន្តែ​​យន្តហោះ​​ក្រុមហ៊ុន​នេះ បាន​​បំពាន​​បម្រាម​​របស់​​អាជ្ញាធរ​ ចិន ទើប​ចិន ​បញ្ជា​​ឱ្យ​ហោះ​​ត្រឡប់​​មក​កម្ពុជា​វិញ»។ លោក​ បញ្ជាក់​បន្ថែម​ថា «ការណ៍​​​ដែល​​ចិន ​មិន​​ឱ្យ​ចូល​នេះ គឺ​មិន​​មែន​​ដោយសារ​​ខ្លាច​​ឆ្លង ​ជំងឺ​កូវីដ-១៩ (Covid-19)ទេ»។

គេហទំព័រ​សារ​ព័ត៌មាន ស៊ីអិនអ៊ី (CNE) ផ្សាយ​ថា «នៅ​​ព្រឹក​​ថ្ងៃ​ទី ៣០ ខែ​មីនា មាន​​អ្នក​ដំណើរ ៤ នាក់ បាន​​ស្នើសុំ​លុយ​​ត្រឡប់​​មក​​វិញ ដើម្បី​​រក​​ទិញ​​សំបុត្រ​​យន្តហោះ​​ដោយ​ខ្លួន​​ឯង ចំណែក ២១ នាក់​​ទៀត បាន​​ធ្វើ​ដំណើរ​​តាម​​ជើង​​ហោះ​ហើរ​ លេខ CZ324 ពី​​ភ្នំពេញ​ ទៅ ​ក្វាងចូវ (Guangzhou)។ រីឯ​អ្នក​ដំណើរ ១២១ នាក់​​ទៀត នៅ​តែ​​រង់ចាំ​​ធ្វើ​ដំណើរ​​ជាមួយ​ជើង​​ហោះហើរ ​ពី​ភ្នំពេញ​ ទៅ​ទី​ក្រុង​​ឆេងឌូ​ (Chengdu) ដដែល»

ទាក់ទំនង​នឹង​ការរីករាលដាល​មេរោគកូរ៉ូណា ឬ Covid-19 ក្រសួង​​​សុខា​ភិបាល​​​កម្ពុជា​ បាន​​រក​​ឃើញ​​អ្នក​​ឆ្លង​​ជំងឺ ​កូវីដ-១៩ កើន​ឡើង​សរុប ១០៩ នាក់​ហើយ មក​ទល់​​ព្រឹក​ថ្ងៃ​ទី ៣១ ខែ​មីនា ខណៈ​​​ដែល​អ្នក​ធ្វើ​តេស្ត​ជា​លើកទី២ ឬទី៣​ បង្ហាញ​ថា«អវិជ្ជមាន» ​កើន​​ឡើង​ដល់ ២៣ នាក់ ដែលក្រសួងនេះថា ជាសះស្បើយនោះ៕

(CWCI Cambodia ដោយ នគរ / ៣១ មីនា ២០២០)

.

Advertisements