រដ្ឋសភាជាតិ បានឲ្យ​ដឹងថា សេចក្តីព្រាង​ច្បាប់​ស្តីពីការគ្រប់​គ្រង​​ប្រទេស​​ជាតិ​​ក្នុង​​ភាព​​អាសន្ន ​នឹង​​ត្រូវ​យក​ទៅ​ពិនិត្យ ពិភាក្សា ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា នៅ​ថ្ងៃអង្គារ ទី ០៥ ខែ​មេសា ឆ្នាំ ២០២០។ នេះ​បើតាម​សំដី​របស់​លោក ឡេង ប៉េងឡុង អគ្គលេខា​ធិ​ការ និង​ជាអ្នក​នាំពាក្យ​រដ្ឋសភា ដែល​សារព័ត៌មាន Fresh News របស់លោក ហ៊ុន សែន បាន​​ចុះផ្សាយ។

កាលពីថ្ងៃទី ០៣ មេសា លោក ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់ ទៅ​កាន់​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ស្នើសុំ​ឲ្យកោះ​ប្រជុំ​វិសាមញ្ញ ដើម្បី​អនុម័ត​សេចក្តីព្រាង​ច្បាប់​ដាក់ប្រទេសជាតិ​ក្នុង​ភាពអាសន្ន។

​ក្រុមអ្នកឃ្លាំស្ថានការ​នយោបាយ​កម្ពុជា ធ្លាប់​បាន​ថ្លែងជា​ហូរហែរ​ថា «អ្វីៗត្រូវតែ​ប្រ​ព្រឹត្តិ​ទៅ​ដោយ​រលូន នៅ​ពេល​លោក ហ៊ុន សែន បាន​ស្នើឡើង ឬ​បង្គាប់​បញ្ញា កុំថា​ឡើយ​ស្ថាប័ន​រដ្ឋសភា ព្រឹទ្ធសភា សូម្បី​តែ​ស្ថាប័ន​ព្រះមហាក្ស​ត្រសព្វថ្ងៃ ក៏មិន​ហ៊ាន​យឺត​យ៉ាវ​ដែរ»

សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រង​ប្រទេស​ក្នុងភាពអាសន្ន នឹង​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រមុខរដ្ឋ​ស្តីទី ខណៈ​ពេល​ព្រះមហាក្សត្រ បាន​យាង​ទៅ​កាន់​ទីក្រុង​ប៉េកាំង ដែល​ព្រះអង្គ​បាន​​មាន​​ព្រះបន្ទូលថា «ទៅក្រុង​ប៉េងកាំង ដើម្បី​ពិនិត្យ​សុខភាព ជាធម្មតា»

សេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ននេះ មិនទាន់​បាន​អនុម័ត​ផង ប៉ុន្តែក្រសួង​ការពារ​ជាតិ បាន​ប្រកាស​ដាក់​កងកម្លាំង ៧០០ នាក់ ត្រៀម​ចាត់​វិធានការ បើមានសកម្មភាព​ណា​មួយ អាចកើត​ឡើង ដែល​ក្រសួងនេះ ហៅថា «វិធានការ​ទប់​ស្កាត់​​ការរីក​​រាល​ដាមេរោគ​កូរ៉ូណា ឬកូវីដ១៩ (Covid-19)»។ ជាមួយ​គ្នានេះ ក្រសួង​មហាផ្ទៃ ក៏​បាន​និយាយ​​ថា ខ្លួន​បានត្រៀម​រួចហើយ​​ដែរ។

ទោះបីយ៉ាងណាក្តី នៅទំព័រចុងក្រោយ នៃខ្លឹមសារ​សេចក្តីព្រាង​ច្បាប់​នេះ បញ្ជាក់​ថា «ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិស្ថិតក្នុង​ភាពអាសន្ន» នឹង​ត្រូវប្រកាស​ជា​ការ​ប្រញាប់។

សេចក្តីព្រាងច្បាប់នេះ មាន​​គោល​​​បំណង​​​កំណត់​​​បែប​បទ នីតិវិធី និង លក្ខខណ្ឌ នៃ​​​ការប្រកាស​​​ដាក់ និង​​​ការគ្រប់​​គ្រង​​ប្រទេស​​ជាតិ​​ក្នុង​​ភាពអាសន្ន នៅ​ពេល​​​ប្រជាជាតិ ប្រឈមមុខ​​​នឹង​​​គ្រោះ​ថ្នាក់ ដើម្បី​​ការពារ​​សន្តិសុខ​​ជាតិ ការពារ​​សណ្តាប់​​​​ធ្នាប់​​​​សាធារណៈ ការពារ​​អាយុ​ជីវិត និង​​សុខភាព​​​របស់​​ប្រជាពលរដ្ឋ ហើយ​​​និង​​​ការពារ​​​ទ្រព្យសម្បតិ្ត ព្រម​ទាំង​​បរិស្ថាន។

នៅក្នុង​​មាត្រា ២ និងមាត្រា ៣ (កថាខណ្ឌ ១) នៃ​សេចក្តី​ព្រាង​​ច្បាប់​​នេះ​​ ចែង​​បញ្ជាក់​​ឡើង​​វិញ​ ទៅ​​លើ​​​ខ្លឹម​​សារ​​​រដ្នធម្មនុញ្ញ មាត្រា ២២ (ថ្មី) សម្រាប់​​កាលៈទេសៈ​​ប្រទេសជាតិ​​មាន​​ភាព​អាសន្ន។ មាត្រា ៣ នៃ​ច្បាប់​នេះ​ ចែងថា «នៅពេល​​ប្រជាជាតិ​​ប្រឈម​មុខ​​គ្រោះថ្នាក់ ព្រះមហាក្សត្រ ​ទ្រង់​​ប្រកាស​​ប្រទាន​​ដំណឹង​​ជាសាធារណៈ ដាក់​​ប្រទេសជាតិ​​ក្នុង​ភាព​អាសន្ន​ ក្រោយ​​ពីបាន​មតិ​ឯកភាព ពីនាយក​រដ្ឋមន្ត្រី ប្រធាន​រដ្ឋសភា និង​ប្រធាន​ព្រឹទ្ធសភា»

(CWCI Cambodia /អត្ថបទដោយលោក ម៉ែន ណាត / ០៥ មេសា ២០២០)

.

Advertisements