ដោយលោក ម៉ែន ណាត នៃ​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

រដ្ឋាភិបាលវៀតណាម បានស្នើឲ្យប្រទេសកម្ពុជា និង ឡាវ ផ្តល់​ខក្ខខណ្ឌ​ងាយ​ស្រួល​ផ្នែក​សេវា​សុខា​ភិបាល ដល់​ជនជាតិ​វៀតណាម ដែល​រស់នៅ​ក្នុង​ទាំងពីរ ខណៈ​ពេល​មាន​ការរីក​រាល​ដាល​មេរោគ​កូរ៉ូណា ឬ​កូវីដ១៩ (Covid-19) នៅ​ជុំវិញ​ពិភព​លោក។ ជាមួយ​សំណើ​នេះ វៀតណាម បាន​ផ្តល់ជំនួយ​ផ្នែកគ្រឿង​សម្ភារៈ​បរិក្ខា​ពេទ្យ ដល់​ប្រទេស​ទាំង ២ មាន​ទំហំទឹកប្រាក់​ប្រមាណ ៣០ ម៉ឺន​ដុល្លារ​អាមេរិក។ វៀតណាម បាន​សម្រេច​អនុម័ត ក្នុង​ការផ្តល់ជំនួយ​​ ឬអំណោយនេះ ធ្វើឡើង​ពី​ថ្ងៃទី ២៦ ខែ​មីនា កន្លង​ទៅ។ នេះ​បើ​តាម​ការចុះ​ផ្សាយ​ព័ត៌មាន VGP News របស់​វៀតណាម។

គេហទំព័រ​មណ្ឌល​ព័ត៌មាន​ស្ត្រី បាន​ដកស្រង់​ប្រភព​​ព័ត៌មាន Vietnam Plus ចុះផ្សាយ នៅ​ថ្ងៃ​ទី ០៥ ខែ​មេសា​ថា «អំណោយ​របស់​វៀតណាម រួម​មានសម្លៀក​បំពាក់​ការពារ ម៉ាសការពារ ប្រដាប់តេស្ដរក​មេរោគ​កូវីដ១៩ និង ប្រព័ន្ធ​តាមដាន​សុខភាព»

នៅ​ក្នុង​ពិធីផ្តល់អំណោយនោះ អនុរដ្ឋមន្រ្ដី​ការបរទេស​​វៀតណាម លោក Nguyen Quoc Dung បញ្ជាក់​ថា «ទំនាក់​​ទំនង​រវាង​ប្រទេស​ទាំងបី គឺប្រទេស​កម្ពុជា ឡាវ និង វៀត​ណាម ជាអ្នក​ជិតខា​ងល្អ ដែល​​តែងតែ​ឈរកំដរ​គ្នា​គ្រប់​កាលៈ​ទេសៈ»

គេហទំព័រនេះដដែល បាន​ដកស្រង់សំដី​ឯកអគ្គរដ្ឋទូតឡាវ លោក Sengphet Houng​boung​nuang និង ឯកអគ្គរាជរដ្ឋ​ទូត​កម្ពុជា លោក ឆាយ ណាវុធ (Chay Navuth) ថា «អំណោយ​​នេះ បាន​​ផ្ដល់​ជា​​ធនធាន​​ដ៏​អស្ចារ្យ សម្រាប់​​កម្ពុជា និង ឡាវ ក្នុង​ការពុះពារ​​នឹងបញ្ហា ដែល​កំពុង​កើត​មាន»។ ពួកគេ សន្យា​ជាមួ​យ​វៀតណាម​ថា «ធានា​នូវផល​ប្រយោជន៍​​សហ​គមន៍​​វៀតណាម នៅ​​ក្នុង​ប្រទេស​ទាំង ២»

ដោយឡែក​កាលពីថ្ងៃទី ១៨ ខែមីនា វៀតណាម សម្រេចបិទព្រំដែន​របស់ខ្លួន ជាឯក​តោ​ភាគី​ ដោយ​គ្មានជូនដំណឹង​មក​រដ្ឋាភិបាល លោក ហ៊ុន សែន សូម្បី​តែ​មួយ​ម៉ាត់។ ពេលនោះ​លោក ហ៊ុន សែន សម្តែងការអាក់អន់ចិត្ត ហើយក៏​ប្រកាសបិទព្រំដែនវិញដែរ និង​ហាម​ប្រាម​​ជនជាតិ​វៀតណាម មិនឲ្យ​ឆ្លងចូលប្រទេសកម្ពុជា ក្រោម​ហេតុ​ជំងឺ​ឆ្លង​កូរ៉ូណា ឬ​កូវីដ-១៩។

គួររំលឹក​សម្រាប់​ប្រទេស​កម្ពុជា កាល​ពី​ខែ​វិច្ចិកា ឆ្នាំ ២០១៩ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​​សម្រេច​​ផ្តល់​​ដី ៤០ ហិកតា ដល់​ជន​ជាតិ​វៀតណាម ​៤៥៦៣ ​គ្រួសារ ធ្វើ​លំនៅ​ឋាន ដែល​​ជា​ដី​បម្រុង​របស់​រដ្ឋ នៅ​ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​ ខណៈ​ពេល​ពលរដ្ឋខ្មែរ រាប់​ម៉ឺន​គ្រួសារ បាត់​បង់​ដីធ្លី​របស់​ខ្លួន ដោយសារ​អ្នក​មាន​អំណាច រំលោភ​បំពាន និង​រឹបអូស​យក​ទៅ យ៉ាង​អយុត្តិធម៌។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​​កំពង់ឆ្នាំង បាន​និយាយ​​ថា ក្នុងចំណោម​មនុស្ស​​ជាង ៤០០០ គ្រួសារ​នោះ មាន​ភាគ​ច្រើន ជាជន​ជាតិ​វៀតណាម, មាន​​ខ្មែរអ៊ីស្លាម​ខ្លះ និង មាន​ពលរដ្ឋ​ខ្មែរ​ផង​ដែរ ដែល​ត្រូវ​ធ្វើ​បម្លាស់ទី ពី​ផ្ទះ​បណ្តែត​ទឹក លើ​ផ្ទៃ​បឹងទន្លេសាប ឲ្យទៅ​រស់នៅ​លើដី​គោក។ ចុះនៅ​ទូទាំង​​ប្រទេស​កម្ពុជា តើ​មាន​​ជន​ជាតិ​​វៀត​ណាម​ ប៉ុន្មាន​​គ្រួសារ ឬ​​ប៉ុន្មាន​​​នាក់​ទៀត?

ក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា សម្តែងការព្រួយ​បារម្ភជាហូរហែរ​ថា «កម្ពុជា នឹង​មាន​ហានីភ័យ​ធ្ងន់​ធ្ងរ ​ទៅ​ថ្ងៃ​អនាគត បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​​ភ្ញាក់​​រលឹក​​ទេ​នោះ»។ ការផ្តល់ជំនួយ​អ្វីក៏ដោយ ពី​សំណាក់​​វៀត​ណាម ឲ្យ​​​មក​​​កម្ពុជា ដែល​​ភ្ជាប់​នូវ​​លក្ខខណ្ឌ​នានា​​នោះ គឺ​ជា​​ការរំលឹក​​ទៅ​ភាគី​​របប​​លោក ហ៊ុន សែន ត្រូវតែតបស្នងសងគុណ​ច៉ពោះ​វៀតណាម​ផង និង ត្រូវ​​ផ្តល់​​សិទ្ធិ​ស្រប​​ច្បាប់ ដល់ជនជាតិរបស់​ពួក​គេ នៅ​​កម្ពុជា​​ផង។ នោះ​មិន​ទាន់​រាប់បញ្ចូល អំពី​កិច្ចព្រម​ព្រៀង និង​​សន្ធិសញ្ញា​​មួយ​ចំនួន ដែល​​រដ្ឋាភិបាល​​លោក ហ៊ុន សែន បាន​​ធ្វើ​​ជាមួយ​​វៀតណាម៕

.

Advertisements