គណៈកម្មការ​អឺរ៉ុប នៅថ្ងៃទី ០៧ ឧសភា ឆ្នាំ២០២០ បានសម្រេច​​​បញ្ចូល​​បញ្ចូល​ប្រទេស​កម្ពុជា​ (សូម​អាន​ជា​ភាសា​អង់គ្លេស) ទៅ​​ក្នុង​​បញ្ជី​​ខ្មៅ​នៃ​ការ​លាង​​លុយ​​កខ្វក់ ដែល​​បង្ក​ការ​ព្រួយបារម្ភ​​​ដល់​​ប្រព័ន្ធ​​ហិរញ្ញវត្ថុ​របស់​កម្ពុជា ក្នុងឆាកអន្តរជាតិ ឬការ​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​​ក្នុង​កម្រិត​អន្តរជាតិ។ កម្ពុជា ជាប់​ឈ្មោះ​ជាមួយ​ប្រទេស​​ភូមា ជាសមាជិកសមាគម​អាស៊ាន (ASEAN) ​ដូចគ្នា ដែល​ស្ថិត​ក្នុង​​បញ្ជី​ខ្មៅ​​របស់​​​សភាពអឺរ៉ុប ក្នុងចំណោម ១១ ​ប្រទេស​ផ្សេង​​ទៀត ​នៅ​​លើ​ពិភព​លោក ដូចជា​ អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ អ៊ីរ៉ង់ ប៉ាគីស្ថាន ស៊ីរី យេ​ម៉ែ​ន កូរ៉េខាងជើង អ៊ូហ្គាន់ដា វ៉ានូ​ទូ ដែនដី​ទ្រីនីដាត និង​​តូ​បា​ហ្កូ។

​គណៈកម្មការ​អឺរ៉ុប ទើប​បញ្ចូល​ឈ្មោះ​ប្រទេសទាំងនេះ ​ទៅក្នុង​​បញ្ជី​ខ្មៅ​​លាង​​លុយ​​កខ្វក់ សម្រាប់​​ឆ្នាំ​២០២០ នេះ ជា​ការ​ព្រមាន​​ដល់​ពួក​អ្នក​មាន​​​ក្នុង​​ជួរ​​មន្រ្តី​រដ្ឋាភិបាល ដែល​កេង​ប្រវញ្ច ​និង​​លួច​​លុយ​​ជាតិ ​មិន​​អាច​​យក​​លុយ​​ទៅ​​រក្សា​​ទុក​​ក្នុង​​ធនាគារ ​នៅ​​អឺរ៉ុប​​បាន​​ទេ ឬបើ​ទុក​រួច​ហើយ ក៏​ពិបាក​ដក​វិញ​បាន​ដែរ។ នេះបីតាម​ការផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី (RFA) ថ្ងៃទី ០៧ ឧសភា។

គណៈកម្មការ​អឺរ៉ុប បានហៅ​ប្រទេស​ក្នុងបញ្ជីខ្មៅថា ​«មាន​​កង្វះ​ខាត​ជា​​យុទ្ធសាស្ត្រ ​ក្នុង​​ក្រប​​ខណ្ឌ​​ប្រយុទ្ធ​​ប្រឆាំង​​​អំពើ​​លាង​​លុយ​​កខ្វក់ និង​​អំពើ​​ហិរញ្ញប្បទាន​​ភេរវកម្ម»។ វិធាន​ការរបស់​អឺរ៉ុបនេះ ​ប្រាកដ​ណាស់​ថា ក្រុម​មន្រ្តី​ឥស្សរជន​​នយោបាយ​​ពុករលួយ និង​អ្នកជំនួញ​​ខិល​ខូច​ក្នុង​​ប្រទេស​កម្ពុជា ដែល​ផ្ញើលុយ​នៅ​អឺរ៉ុប អាច​នឹង​ប្រឈម​ផល​ប៉ះពាល់​មុន​គេ។

លោក អ៊ិន ចាន់នី អគ្គនាយក​ធនាគា​អេស៊ីលីដា និយាយថា «ការ​ចាយ​វាយ​​នៅ​កម្ពុជា ​ស្ទើរ​តែ​​ជាង ៨០% ពឹង​​ផ្អែក​​ខ្លាំង​​ ទៅ​លើ​​រូបិយប័ណ្ណ​​បរទេស ​​ជា​​ប្រាក់​​ដុល្លារ។ ដូច្នេះ​កម្ពុជា ​មិន​​អាច​​ធ្វើ​​ឲ្យ​​បាត់​បង់​​មធ្យោបាយ ក្នុង​​ការ​ផ្ទេរ​​ប្រាក់​​នោះ​​ទេ»។ នេះ​បើ​តាម​ការផ្សាយ​របស់វិទ្យុ​អាស៊ីសេរី​ដដែល។

ចំណែក​អនុរដ្ឋមន្រ្តី​​ក្រសួងមហាផ្ទៃ​ លោក ងឺ ចន្ទ្រ័​ផល ​ថ្លែង​ថា «មិន​ភ្ញាក់ផ្អើល​​ទៅ​​​នឹង​វិធានការ​​របស់​សហភាព​​អឺរ៉ុប​​ទេ។ វិធានការ​​នោះ វា​មិន​ឆ្លុះ​បញ្ចាំង​​ពី​ការ​​ខំប្រឹង​​ប្រែង​​របស់​កម្ពុជា»។ លោក​បន្ត​ថា វិធានការ​​របស់​​​​អឺរ៉ុប នឹង​​មិន​​ប៉ះពាល់​​ដល់​​កម្ពុជា ​ដរាបណា​​កម្ពុជា បន្ត​​អនុវត្ត​​តាម​​អនុសាសន៍រ​បស់​​ហិរញ្ញប្បទាន​​អន្តរជាតិ ដែល​​បាន​ដាក់​​កម្ពុជា ​ក្នុង​​បញ្ជី​​ប្រផេះ ​(FATF​) រួចហើយ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩។ {FATF ​មានន័យថា ជា​វិធានការប្រតិបត្តិ​ការ​ហិរញ្ញប្បទាន​អន្តរជាតិ (Financial Action Task Force – FATF​)}។ នេះ​បើ​តាម​គេហទំព័រ​របស់វិទ្យុ​វីអូឌី (VOD) ផ្សាយនៅ​ថ្ងៃទី ០៨ ឧសភា។

ទោះបីយ៉ាងណាក្តី កន្លង​ទៅ​លោក ហ៊ុន សែន មេដឹកនាំ​កម្ពុជា បាន​ធ្វើការ​​ប្ដេជ្ញា​ចិត្ត​ម៉ឺងម៉ាត់ ទប់​ស្កាត់​មិន​​ឲ្យ​​​កម្ពុជា​ ធ្លាក់​ចូល​ក្នុង​​​បញ្ជី​​ខ្មៅ​​របស់អឺរ៉ុប ក្នុង​ការលាង​​លុយ​កខ្វក់​​​ឡើយ។ ប៉ុន្តែ​ការប្តេជ្ញាចិត្តនោះ បាន​ទទួល​លទ្ធផល​បរាជ័យ​ទាំងស្រុង បើ​ធៀប​​នឹង​​ស្ថានភាព​​ពេលនេះ។

សហភាព​អឺរ៉ុប ​ប្រកាស​​ចាប់ផ្ដើម​អនុវត្តវិធានការនេះ ​ចាប់​ពី​ថ្ងៃទី ០១ ខែតុលា​ ឆ្នាំ​២០២០ ខាង​មុខ​នេះ​តទៅ ​បន្ទាប់​ពី​​មេរោគ​​កូ​រ៉ូ​ណា ឬកូវីដ១៩ ​ថមថយ​នៅ​ជុំវិញ​ពិភពលោក៕

(អត្ថបទដោយ នគរ /០៨ ឧសភា ២០២០)

.

Advertisements