(ដោយ ឌឹខេមបូឌា ដេលី – The Cambodia Daily / 8th-5-2020)

ក្រោយសាររំលែកទុក្ខ និង​ការដឹកនាំប្រតិភូ​​ទៅ​គោរពវិញ្ញាណក្ខន្ធ​ម្តាយ​ក្មេក របស់​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន និង​ជាម្តាយ​បង្កើត​របស់អ្នកស្រី ប៊ុន រ៉ានី ពីសំណាក់​ប្រធាន​គណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា រួច​មក បាន​ធ្វើឱ្យក្រុម​អ្នកតាម​ដានសង្គម និង​ប្រជាពលរដ្ឋ រំពឹង​ថា​ កាយវិការ​ទន់ភ្លន់ រវាង​ឥស្សរៈជន​ជាន់ខ្ពស់​ផ្នែក​នយោបាយ​ទាំងនេះ នឹង​នាំឱ្យ​មាន​ការប្រែប្រួល​ជា​«វិជ្ជមាន» នៅកម្ពុជា​នាពេល​ខាងមុខ។

ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បាន​លើកឡើង​លើគណនីហ្វេសប៊ុក​របស់ខ្លួន កាល​ពី​ថ្ងៃម្សិល​មិញ​ថា មនុស្ស​ពីរ​នាក់នេះ ពោល​គឺ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក កឹម សុខា ខាន​ជួប​គ្នា​ប្រមាណ ៤ ឆ្នាំមកហើយ ចាប់តាំង​ពីឆ្នាំ ២០១៦ នៅ​ក្នុង​រដ្ឋសភា។ អ្នកឃ្លាំមើលសង្គម​ ពី​ក្រៅប្រទេស​រូប​នេះ យល់ឃើញ​ថា «លោក កឹម សុខា និងលោក ហ៊ុន សែន ជួប​មុខគ្នា​ជាថ្មី ក្នុង​ពិធីបុណ្យ​សព​មហា​ឧបាសិកា ប៊ុន ស៊ាងលី ជា​ការចូលរួម​រំលែកទុក្ខ​ធម្មតា​ ក្នុង​នាមជាគ្រួសារ​ខ្មែរ តាមប្រពៃណី​ខ្មែរ ​នេះ​បើ​តាម​ន័យ​ធម្មតា។ ចំណែក​ក្នុងន័យ​នយោបាយ គឺ «ជាសញ្ញាវិជ្ជមាន» មួយ ដែល​ពួកគេ​អាច​ជួបគ្នាបាន និង​ជជែក​បាន​ខ្លះ នៅក្នុង​កម្រិតមួយ «ជាវិជ្ជមាន»​ផងដែរ»

លោក ម៉ែន ណាត បន្តថា រឿងអ្វីក៏ដោយ ក៏អាច​ដោះស្រាយគ្នា​បាន ឲ្យតែ​ភាគីទាំងពីរ​ មាន​ភាពប្រាកដ​និយម និង​ជឿជាក់​រៀងៗ​ខ្លួន​ ក្នុង​គោលដៅ «ផលប្រយោជន៍ជាតិ ផលប្រយោជន៍​ពលរដ្ឋ និង​ស្តារស្ថាន​ភាព​ជាប្រក្រតី​ឡើងវិញ នៃ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ»

លោក ម៉ែន ណាត ចង់ឃើញអ្នកនយោបាយ ជ្រើស​រើស​​យក​​វិធីជជែក​គ្នា ពិគ្រោះ​យោបល់គ្នា តាមមធ្យោបាយ​អហិង្សា សន្តិវិធី គោរព​គ្នា​ទៅវិញ​ទៅមក និង​ឈរលើ​គោលការណ៍​ស្មើភាពគ្នា ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា ដែល​កំពុង​ប្រឈម​នៅ​កម្ពុជា។ ជាមួយគ្នានេះ លោកក៏​បាន​លើក​ជាយោបល់​មួយ​ចំនួន ជំរុញឱ្យលោក ហ៊ុន សែន វិល​ទៅរក​ការស្តារ​ប្រក្រតីភាព​របស់​កម្ពុជា​ឡើងវិញ តាម​របត់ថ្មី នៃទស្សនៈពិភពលោក បន្ទាប់​ពីផុត​ស្ថានភាព​ជំងឺកូរ៉ូណា។

បន្ថែមពីនេះ លោក ម៉ែន ណាត ក៏ចង់ឃើញ​លោក កឹម សុខា មាន​សេរីភាព​ពេញលេញ រួច​បន្ត​កិច្ច​ការងារ​របស់​គណបក្ស​សង្គ្រោះជាតិ​ របស់​លោកវិញ បើទោះ​ជា​មាន​ផលវិបាក​ខ្លះ​ក៏ដោយ។ ជាង​នេះ​ទៀត អ្នកនយោបាយ​ ក៏ត្រូវ​រួមគ្នា​ស្តារ​ស្ថានការ​អាប់អួរ​ ទាំង​នយោបាយ សេដ្ឋកិច្ច សង្គម និង​សិទ្ធិមនុស្ស ពិសេស​ការដោះលែង​ក្រុម​សកម្មជន​ទាំងអស់​ ឱ្យ​មាន​សេរីភាព​ ជួបជុំ​ក្រុមគ្រួសារ​ឡើងវិញ។ ទាំងនេះ អ្នកនយោបាយ​ ត្រូវ​ប្រតិបត្តិ​តាម​មធ្យោបាយ​អហិង្សា សន្តិវិធី និង​គោរពគ្នា​ទៅវិញ​ទៅមក ព្រម​ទាំង​ឈរ​លើ​គោល​ការណ៍​ស្មើភាព។

ចំណែក​ប្រធានក្រុមពលរដ្ឋនិយម លោក ទូច វិបុល បាន​សរសេរ​នៅ​លើគណនី​ហ្វេសប៊ុក​របស់​លោក​ថា លោក​សង្កេត​ឃើញ​សកម្មជន​នយោបាយ​ជាច្រើន​ សម្តែង​ការសប្បាយ​ចិត្ត​ នៅ​​ពេល​​ឃើញ​ លោក ហ៊ុន សែន និងលោក កឹម សុខា អង្គុយ​ក្បែរគ្​នាប្រកប​ដោយ​ការគោរព​គ្នា​ទៅ​វិញ​ទៅ​មក ដោយនាំ​គ្នា​ពោលពាក្យ​ថា «ទោះបីយើង​នៅបក្ស​ផ្សេងគ្នា ឬមាន​ទស្សន:​នយោបាយ​ផ្ទុយ​គ្នាយ៉ា​ងណា​ក៏ដោយ ក៏​យើង​ត្រូវ​ចេះ​គោរព​គ្នា​ទៅវិញទៅ​មក​ នៅ​ពេល​ដៃគូប្រកួត​របស់​ខ្លួន​ មាន​ទុក្ខ​បែប​នេះ»

លោក វិបុល បន្តថា សារនេះ​បញ្ជាក់​ថា​ សកម្មជន​នយោបាយ​ខ្មែរ មាន​ការយល់ដឹង​ច្រើន​អំពី​លទ្ធិ​ប្រជាធិបតេយ្យ។ លោក ទូច វិបុល បន្ថែម​ថា លោក​សូម​ចូលរួម​រីករាយ​ជាមួយ​បងប្អូន​ទាំង​អស់គ្នា​ដែរ ហើយ​សង្ឃឹម​ថា មេដឹកនាំ​ក៏ដូចជា​​ អ្នកនយោបាយ​ខ្មែរ​គ្រប់​និន្នា​ការ​នយោបាយ ប្រកាន់​យក​នូវមាគ៌ា​នៃ​ការគោរពគ្នា​បែបនេះ​ ទៅថ្ងៃអនាគត។

ដោយ​ឡែកសម្រាប់​ទីប្រឹក្សាអង្គការសេដាក និង​ជាប្រធាន​គណៈកម្មាធិការ​នាយក​នៃ គណបក្សប្រជាធិបតេយ្យ​​មូលដ្ឋាន លោក​បណ្ឌិត យ៉ង សាំងកុមារ ក្រៅ​ពីសម្តែង​ការចូលរួម​រំលែកទុក្ខ​ ជាមួយ​លោកនាយករដ្ឋមន្ត្រី និង​​ក្រុមគួ្រសារ លោក​ក៏បាន​បង្ហាញ​​ទស្សនៈថា «កាយវិការ​រវាងលោកកឹម សុខា និង​លោក ហ៊ុន សែន ក្នុងពិធី​គោរពវិញ្ញាណក្ខន្ធ​មហាឧបាសិកា ប៊ុន ស៊ាងលី នោះ ក៏អាច​ជាឱកាស​នៃ​ការចាប់​ផ្តើម​នៃ​ការ​សម្របសម្រួល​គ្នារ​ វាង​មេបក្ស​កាន់អំណាច និង​មេបក្ស​ប្រឆាំង»។ លោកបន្តថា ការសម្រប​សម្រួល​គ្នា​ រវាង​តួអង្គ​អ្នក​នយោបាយ​ជាន់ខ្ពស់​ទាំងពីរ ក្នុងការសហការគ្នា​កសាង​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ នៅកម្ពុជា ដែល​ជាមូលដ្ឋានគ្រឹះ​នៃស​ ន្តិភាពយូរ​អង្វែង និង​ការអភិវឌ្ឍ​ប្រកប​ដោយ​សមធម៌។

ចំណែកអ្នកឃ្លាំមើល​សង្គម​ លោកបណ្ឌិត ហេង ស្រ៊ាង វិញ​ លើកឡើង​ថា លោក​រីករាយ​ពេល​បាន​ឃើញ​អ្នកនយោបាយ​ខ្មែរ​ ជួប​ជជែក​គ្នា​ដោយ​សន្តិភាព ដើម្បី​ដោះស្រាយ​បញ្ហាជាតិ ហើយ​ប្រហែល​ជា​មាន​ពលរដ្ឋខ្មែរជាច្រើន​ ក៏យល់​ដូច​លោកដែរ។ ជាមួយគ្នានេះ លោក​សង្ឃឹមថា កម្តៅ​នយោបាយ​នៅ​កម្ពុជា នឹង​បានចុះ​ថយ​ខ្លះ​ ក្រោយ​ពី​ជំនួប​រវាងលោក ហ៊ុន សែន និងលោក កឹម សុខា កាល​ពីថ្ងៃទី ០៥ ឧសភា។

ជាងនេះទៀត មាន​ពលរដ្ឋ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​ បាន​សម្តែង​ក្តី​រីក​រាយ​ក្រោយជំនួប​នេះ ដោយ​ពួកគេ​សង្ឃឹម​ថា​ ស្ថានភាព​នយោបាយ​កម្ពុជា​ នឹង​ប្រែជាស្រឡះ ក្រោយ​ពេល​អាប់​អួរអស់​រយៈ​ពេល​ជាង ២ ឆ្នាំ​មក​នេះ។

រីឯអតីតប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បានសរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា «លោក​ផ្ទាល់ និង​ពលរដ្ឋខ្មែរ​ទូទាំង​នគរ គាំទ្រ​ឱ្យឥស្សរជន​នយោបាយ​ខ្មែរ គ្រប់​លំដាប់​ថ្នាក់ មានឥរិយាបថ និង​វប្បធម៌​​ប្រាស្រ័យ​ទាក់ទង​គ្នា​បែប​នេះ»។ លោកបន្តថា វប្បធម៌ និង​ឥរិយាបថ បែបនេះ គួរ​តែមាន​នៅក្នុង​សង្គម​ជាតិខ្មែរ​ដរាប​រៀង​ទៅ ទោះស្ថិត​ក្នុង​កាលទេស:​ណា​ក៏ដោយ។ ទង្វើ​បែប​នេះ គឺ​ជា​សីលធម៌ និង​គុណធម៌ ដែល​អ្នកនយោបាយ និង​ពលរដ្ឋខ្មែរ​គ្រប់​និន្​នាការគួរប្រកាន់យក ហើយការប្រព្រឹត្តិបែបនេះ គួរត្រូវបានជំរុញ និងធ្វើជាគំរូ ដោយមេដឹកនាំនយោបាយ។

ដោយឡែកមានពលរដ្ឋខ្លះលើកឡើងថាពេលឃើញអ្នកនយោបាយជួបគ្នា ដឹងសុខទុក្ខគ្នា ពួកគាត់សែនរំភើបស្ទើរស្រក់ទឹកភ្នែក ព្រោះនេះគឺជារូបភាពដែល ពលរដ្ឋចង់ឃើញ ចង់​បាន​ការរួបរួម​ជាតិ​ជា​ធ្លុង​មួយ​យ៉ាង​ពិត​ប្រាកដ។

បន្ថែមពីនេះ ប្រវត្តិសាស្ត្រ​បាន​លាតត្រដាង​ឲ្យ​យើង​បាន​ឃើញ​ហើយ​ថា «ខ្មែររួមគ្នា ខ្មែរខ្លាំង តែ​បើ​ខ្មែរបែក​បាក់​គ្នា ខ្មែរ​ខ្សោយ»។ ពលរដ្ឋ ក៏​បាន​ផ្តាំ​ទៅ​អ្នក​នយោបាយ​ថា ដើម្បី​តម្កល់​ផលប្រយោជន៍​ជាតិ មាន​តែ​រួបរួមគ្នា​ប៉ុណ្ណោះ ទោះ​បី​យើង​មាន​ទស្សនៈ​នយោបាយ​ខុសគ្នា​ក៏ដោយ ក៏ប៉ុន្តែ​ទិសដៅ​រួម គឺ​ប្រយោជន៍ជាតិ៕

.

Advertisements