ទស្សនៈដំណោះ​ស្រាយ​បញ្ហា​កម្ពុជា ទៅរកឯកភាព​​ជាតិ

ដោយលោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា /អត្ថបទធ្វើបច្ចុប្បន្នភាព ថ្ងៃទី ១១​ ឧសភា ២០២០

អំពីបុព្វហេតុ

នយោបាយ​កម្ពុជា​សព្វថ្ងៃ បង្ហាញ​ពី​របៀប​ដឹកនាំ​ប្រទេស គ្មាន​ទស្សនវិស័យ​​ជាតិ​ជា​រួម គ្មាន​ឯកភាព​ជាតិ ក្នុង​នាម​ជា​ប្រជា​ជាតិ​មួយ និងគ្មាន​ការ​បើក​លំហ នូវ​សេរីភាព​នានា តាម​គោល​ការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ ស្របតាម​​ជាលទ្ធផល​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ទេ។

រដ្ឋាភិបាល លោក ហ៊ុន សែន មិនអាច​ដោះ​ស្រាយ​បញ្ហាជាតិ​ធំៗ​បាន ប៉ុន្តែ​បែរ​​ជា​​យក​​យន្តការ​​ហិង្សា ការគំរាម​កំហែង និង​​ការបង្ក្រាប មកធ្វើ​​ជា​ត្រើយ​មុខ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទៅវិញ ដែល​មិនមែនជារឿងល្អ និង​មិនមែន​ជា​ដំណោះស្រាយ​ពិត​ប្រាកដ សម្រាប់​​បង្ហាញ​មុខ​​មាត់​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ និង​ការអភិវឌ្ឍ​ប្រទេស​ជាតិ​ត្រឹម​ត្រូវ​ឡើយ។

ពលរដ្ឋខ្មែរ មិន​ពេញចិត្ត​ និង​ធុញទ្រាន់ ចំពោះ​របៀប​រដ្ឋាភិបាល​សព្វថ្ងៃ (លើក​លែង​ក្រុម​ទទួល​ផលប្រយោជន៍) និង​ព្រួយ​បារម្ភ​អំពីហានីភ័យ​​ធ្ងន់​ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ ដោយ​មានហេតុ​មានផល​សមស្រប ដូចខាង​ក្រោម៖

១. សន្ធិសញ្ញាព្រំដែន​ថ្មីៗ មានសន្ធិសញ្ញា​បំពេញ​បន្ថែម ឆ្នាំ ២០០៥ និង ២០១៩ ជាមួយ​វៀតណាម។ ភាគីរដ្ឋាភិបាល ហ៊ុន សែន យល់​ថា​​ ការបញ្ចប់បញ្ហាព្រំដែន ជាមួយ​វៀតណាម គឺជា​​រឿង​​យុត្តិធម៌ និងបញ្ចប់​ទំនាស់​​គ្នា រវាង​ប្រទេស​ទាំង​ពីរ។ រីឯអ្នកជំនាញ​ព្រំដែន​ខ្មែរ និង​​​ក្រុមសកម្មជន​ព្រំដែន តវ៉ាប្រឆាំង​ជំទាស់​ទង្វើ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន ថា «គ្មាន​​ការឯកភាព​ជាតិ និង​ជាការ​ធ្វើ​ឲ្យភាគី​ខ្មែរ បាត់​ប​ង់ទឹកដី​ទៅ​ខាង​វៀតណាម»។ អ្នកជំនាញ​​ព្រំដែន​ខ្មែរ ជឿជាក់ថា «កម្ពុជា ត្រូវ​ប្តឹង​តវ៉ារឿងនេះ តាម​យន្តការ​អន្តរជាតិ នៅពេល​កម្ពុជា មានមេដឹកនាំ​ស្រឡាញ់​ជាតិ និង​ស្នេហាជាតិ»។ សន្ធិសញ្ញា​បំពេញ​បន្ថែម​ថ្មីៗ ក៏បាន​ផ្ទុយ​ទៅ​នឹង​កិច្ចព្រមព្រៀងទីក្រុង​ប៉ារីស ឆ្នាំ ១៩៩១ ពីព្រោះ​​បាន​ទទួល​ស្គាល​សន្ធិសញ្ញា​ព្រំដែន ឆ្នាំ​១៩៨៥។ កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស បាន​តម្រូវ​ឲ្យ​លុបចោល នូវ​រាល់​សន្ធិសញ្ញា​ទាំងឡាយ ចន្លោះឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩០ ក្នុងសម័យ​វៀតណាម ត្រួតត្រា​កម្ពុជា ក្នុង​លោក ហ៊ុន សែន ពេល​នោះ។ កិច្ចព្រមព្រៀង​ព្រំ​ដែន​ទឹក​ប្រវត្តិសាស្ត្រ ក៏ត្រូវបាន​លោក ហ៊ុន សែន ចុះ​ហត្ថលេខា​ជាមួយ​វៀតណាម នៅ​ខែកក្កដា ឆ្នាំ ១៩៨២ ដែល​ធ្វើឲ្យ​កម្ពុជា បាត់​បង់​សិទ្ធិ​កាន់កាប់ «កោះត្រល់ និងចង្កោម​កោះ​ក្រចកសេះ» មក​ទល់​សព្វថ្ងៃ

២. ការបង្ក្រាប​ផ្នែក​នយោបាយ៖ រដ្ឋាភិបាល រំលាយ​គណបក្ស​ប្រឆាំង ដែល​មាន​សមាជិក​រដ្ឋសភា ៥៥ កៅ​អី និង​មាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាង ៥០០០ នាក់ ដោយ​រំលោភ​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស ១៩៩១។

៣. ផែនការផ្ទេរអំណាច៖ លោក ហ៊ុន សែន មាន​ផែនការ ១០ ឆ្នាំ​ទៀត ផ្ទេរ​អំណាច​នាយក​រដ្ឋមន្រ្តី ទៅ​ឲ្យកូន​ប្រុស​ច្បង​របស់​គាត់ គឺលោក ហ៊ុន ម៉ាណែត ដែល​ជា​កត្តា​ចំបង នាំ​ឲ្យមាន​ទំនាស់​ផ្ទៃក្នុង រីក​ធំធាត់បាន។ រឿងនេះ ធ្វើឲ្យ​ប្រទេស​ចិន និង​វៀតណាម ត្រូវ​ប្រទាញ​ប្រទង់គ្នា និង​ដណ្តើម​ឥទ្ធិពលគ្នា តាម​រយៈ​សេណារីយ៉ា ក្នុង​ជួរមន្រ្តីធំៗ នៃ​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ។

៤. បញ្ហាទំនាស់ដីធ្លី គឺជាធ្វើ​ទុក្ខបុក​ម្មេញ​​ដល់ពលរដ្ឋ​​ខ្សត់ខ្សោយ និង​​អ្នកមាន​ទ្រព្យខ្លះ​ផង ទាំង​​ដោយ​​ផ្ទាល់ និង​ដោយ​ប្រយោល ពីសំណាក់​អ្នក​មាន​អំណាច និង​​អ្នក​រកស៊ី​​ខិល​ខូច។ ពលរដ្ឋ​រាប់សែន​នាក់ ត្រូវបាន​បណ្តេញ​ចេញពី​លំនៅឋាន​យ៉ាង​អយុត្តិធម៌ ចាប់​តាំង​ឆ្នាំ ២០០៨ មក។

៥. ការបំផ្លាញ​ព្រៃឈើ ភ្នំ សមុទ្រ រ៉ែ និង​ធម្មជាតិ​​ឯទៀត គឺ​ជា​ការ​ទទួល​​ខុសត្រូវ​​របស់​ប្រមុខ​​រដ្ឋាភិបាល។ បើ​តាម​ច្បាប់ ការបំផ្លាញ​ធនធាន​ធម្មជាតិ​ទាំងនេះ គឺអំពើ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ។ ក្រុមអ្នក​បំផ្លាញ​នោះ ​ជា​សែ​ស្រឡាយ និង​មន្រ្តីគ្រាក់ៗ ដែល​ជិតស្និទ្ធ​​ជាមួយ​ក្រុមគ្រួសារ​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន (តាម​របាយការណ៍​អង្គការ Global Witness ឆ្នាំ ២០១៦)។

៦. អំពើពុករលួយ និងបក្ខពួក​និយម ក្នុង​ជួរមន្រ្តី​រដ្ឋាភិបាល គឺជា​ការបំផ្លាញ​ប្រព័ន្ធ​ដឹកនាំ​​សង្គម និងច្បាប់។ ពលរដ្ឋ​ស្លូតត្រង់ ក្រុមអ្នកប្រឆាំង និង ជនងាយរងគ្រោះ តែង​តែ​​ទទួលរង​ភាព​អយុត្តិធម៌ ពីសំណាក់​អ្នក​មានអំណាច និង​តុលាការ ជាដើម។ល។

អំពីដំណោះស្រាយ

ចំណុច​មួយចំនួន​ខាងក្រោម​នេះ ជា​គោល​គំនិត​ខ្លះៗ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា ដែល​ជា​ដើម​ចម ឬ​ជា​បុព្វហេតុ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មិន​ពេញចិត្ត ចំពោះ​របបដឹកនាំ​សព្វថ្ងៃ។ 

១. កម្ពុជា ត្រូវ​មាន​ឯកភាព​ជាតិ ហើយ​​ត្រូវ​ប្រើ​យន្តការ​រដ្ឋសភា អនុម័ត​លុបចោល «មោក្ខភាព» នូវ​​សន្ធិសញ្ញា និង​កិច្ចព្រម​ព្រៀង​នានា ដែល​មិន​ស្របច្បាប់ ពោល​គឺ​ផ្ទុយ​​ពីកិច្ច​​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​ជាតិ ឆ្នាំ​១៩៩៣។ រឿង​នៅ​សេស​សល់ កម្ពុជា​ត្រូវ​ប្រើ​យន្តការ​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន ជាមួយ​ប្រទេស​ជិតខាង។ កម្ពុជា ត្រូវ​យក​មរតក​របស់​អាណានិគម​បារាំង មក​ដោះស្រាយ​ក្នុង​រឿង​នេះ។

២. ស្តារលិទ្ធិ​ប្រជាធិបតេយ្យ ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស និង​បើក​លំហ​សេរីភាព​ឡើងវិញ ក្នុង​គោលដៅ​វិលទៅ​រក «ឯកភាពជាតិ និងផ្សះផ្សារជាតិ» ពិត​ប្រាកដ ដែល​ជា​ទស្សនវិស័យវែង​ឆ្ងាយ​សម្រាប់​ជាតិ និង​ពលរដ្ឋ​ខ្មែរ។ លោក កឹម សុខា និង​អ្នកទោស​មនសិការ​ឯទៀត ត្រូវ​បន្ត​ជំរុញឲ្យ​ដោះលែង​ឲ្យ​មានសេរីភាពឡើងវិញ ដើម្បី​បន្តកិច្ចការ​របស់​ពួកគេ។

៣. លោក ហ៊ុន សែន ត្រូវបំភ្លេច​ចោល​នូវ​ផែនការ «ផ្ទេរ​អំណាច​ស្នង​ត្រកូល» ដែល​ជា​យុទ្ធសាស្ត្រ​ដ៏ចម្រូង​​ចម្រាស ដើម្បី​ជៀស​វាង​រឿង​អវិជ្ជមាន​នានា។ ដូច​ចំណុច​ទី​២ ក្នុង​ដំណោះ​ស្រាយ​នេះ ចូរ​ក្រុម​មេដឹកនាំ គប្បី​នាំគ្នា​គិតគូរ​រៀបចំ​ប្រព័ន្ធ​ដឹកនាំរដ្ឋ​ឡើងវិញ និង​​បើក​ចំហ នូវ​សេរីភាព​ខាងនយោបាយ​ ប្រគួត​ប្រជែង ដោយ​ស្មើភាព និង​ដោយ​យុត្តិធម៌។

៤. អនុវត្តច្បាប់​ឲ្យបានត្រឹមត្រូវ បំបាត់​អំពើ​ពុករលួយ បក្ខពួក​និយម និង​កែទម្រង់​ប្រព័ន្ធ​តុលាការ ដើម្បី​ឲ្យមាន​យុត្តិធម៌​សង្គម និង​យុត្តិធម៌​ដល់ជន​ងាយ​រងគ្រោះ។

៥. បញ្ឈប់​ការបំផ្លាញ​ធនធាន​ធម្មជាតិ​គ្រប់ប្រភេទ តាមយៈ​ការអនុវត្ត​ច្បាប់​ហ្មត់​ចត់ និង​ចាប់​ក្រុម​ជន​ប្រព្រឹត្ត​ល្មើស ទៅ​ផ្តន្ទាទោស។

៦. ក្រុមមេដឹកនាំ​មានវ័យចំណាស់ គប្បី​ចូល​និវត្តិន៍ រួមទាំង​លោក ហ៊ុន សែន ផង ហើយ​បើក​ចំហ ឲ្យ​មានការ​ប្រគួត​ប្រជែង​នយោបាយ ដោយ​ស្មើភាព និង​យុត្តិធម៌។ កម្ពុជា គួរតែ​សាកល្បង គិត​គូរ​អំពីបញ្ហា​នេះ ដើម្បី​ផលប្រយោជន៍​វែង​ឆ្ងាយ ជាទស្សនវិស័យ​យូរអង្វែង​ទៅមុខ រួមគ្នា​លើកស្ទួយ និង​កសាង​ស្រុកទេស៕

.

Advertisements