​ក្រសួង​ធនធាន​ទឹក​ និង​​​ឧតុនិយម​កម្ពុជា​ ​បាន​បង្ហាញ​ពី​ក្តីព្រួយ​បារម្ភ​របស់​ខ្លួន តាម​រយៈ​លិខិត​​មួយ​ ​ស្តីអំពី​​គ្រោះ​​មហន្តរាយ​​​ទឹក​​ជំនន់​ ដែល​​នឹង​​អាច​​មាន​​ឡើង​ ដោយសារ​​តែ​​ការ​ចាក់​ដី​លុប​បឹងបួរ ស្ទឹង អូរ​ និង​ការ​សង់​​សំណង់​នានា បិទ​ផ្លូវ​​ទឹក​។​ នេះ​បើ​តាម​​លិខិត​​របស់​​ក្រសួង​​នេះ ​ចុះ​​ថ្ងៃ​ទី ០​៨​ ខែ​ឧសភា​ ឆ្នាំ ២០២០ ដែល​​ចុះ​ហត្ថលេខា​ដោយរដ្ឋមន្រ្តី លោក​ លឹម គានហោ ក្នុង​បំណង​​ជំរុញ​​ឲ្យ​​អភិបាល​​រាជធានី​​ភ្នំពេញ ​និង​អភិបាល​​ខេត្ត​​ទាំង​អស់​ នៅ​ទូទាំង​ប្រទេស ជួយ​​​ទប់​ស្កាត់​​​ការ​រំលោភ​​​ចាក់លុប​​ដី​​ចំណី​​មាត់​ច្រាំង​ទន្លេ ​ស្ទឹង​ ព្រែក​ អូរ​ ប្រឡាយ​ អាង​ទឹក និង​បឹង​បួរ។​​

មានសំណួរ​ជាច្រើន​ពីអ្នក​សិក្សា​ស្រាវជ្រាវ និង​ក្រុមសកម្មជន​បរិស្ថាន បាន​លើកឡើង​ថា ក្រសួង​ធនធាន​ទឹក ពុំ​គួរបង្ហាញ​សេចក្តី​ព្រួយ​បារម្ភ​ណា​មួយ ដូច​ការ​លើក​ឡើង​របស់​ពលរដ្ឋ​ធម្មតា​ទេ។ ក្រសួងនេះ និងក្រសួង​ពាក់ព័ន្ធ គប្បី​ត្រូវ​ដាក់​ចេញ​នូវ​បទបញ្ជា និង​វិធានការ​ច្បាស់លាស់ ដើម្បី​ហាមប្រាម ទប់​ស្កាត់​រាល់​សកម្មភាព ចាក់ដីលុប​បឹង ស្ទឹង ទន្លេ បឹងបួរ និង​​សមុទ្រ​នានា បើទោះ​ជា​សកម្មភាព​​ដោយ​ស្រប​ច្បាប់ ​ឬ​​មិន​​ស្រប​​ច្បាប់​​ក៏ដោយ

ក្រសួងធនធានទឹក និង​ស្ថាប័ន​រដ្ឋាភិបាល ត្រូវពិនិត្យ​ឡើងវិញ​នូវ​ឯកសារ ឬ​ការផ្តល់​អាជ្ញាប័ណ្ណ​ខុសប្រក្រតី ដែល​បង្ក​ផលប៉ះ​ពាល់​នានា ដល់​ការបម្រែ​បម្រួល​អាកាសធាតុ និង​បរិស្ថាន​ផង។

កាលពី​ចុង​ខែធ្នូ ឆ្នាំ​​២០១៩ របាយការណ៍​ពីសមាគម​ធាងត្នោត បាន​បង្ហាញ​ថា បឹង​ចំនួន ២៦ នៅ​រាជ​ធានី​​​ភ្នំពេញ ត្រូវ​បាន​​ចាក់​ដី​លុប​ ដោយ​​ក្នុង​នោះ បឹង ១៦ ត្រូវ​បាន​​លុប​​ទាំងស្រុង ​និង​​បឹង ១០ ទៀត ត្រូវ​បាន​​លុប ​នៅ​​ផ្នែក​ខ្លះ

ផ្ទៃបឹងតាមោក ឬ​បឹងកប់ស្រូវ ចំនួន ៣៤ ហិកតា ក្នុង​ចំណោម​ទំហំ​សរុប​ជាង ៣០០០ ហិកតា (៣ ២៣៩,៧ ហិកតា) ត្រូវ​បាន​​រដ្ឋាភិបាល​ អនុញ្ញាត​​ដោះដូរ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ដើម្បី​ដាក់ដី​លុប​បំពេញ។ នេះ​បើតាម​លិខិត​របស់​គណៈរដ្ឋមន្រ្តី កាល​ពីថ្ងៃទី ២៧ ខែមេសា ផ្ញើ​ជូន​ទៅ​រដ្ឋមន្រ្តី​ក្រសួង​​សេដ្ឋកិច្ច រដ្ឋមន្រ្តី​​​ក្រសួង​​ដែនដី រដ្ឋមន្រ្តី​​ធនធាន​ទឹក និង​អភិបាល​​រាជធានី​ភ្នំពេញ ដោយ​មាន​ចំណារ​ឯកភាព​ពីនាយករដ្ឋមន្រ្តី ហ៊ុន សែន ផង

នៅខេត្ត​ព្រះសីហនុ ក៏ជាប់​ឈ្មោះ​ក្នុង​បញ្ជី​បង្កហានីភ័យ ជុំវិញ​ការចាក់ដី​លុបបឹង​ធម្មជាតិ​មួយ​ចំនួន ជាពិសេស​​គឺ «បឹងព្រែកទប់» ជាបឹង​ធំជាង​គេ​ក្នុង​ខេត្ត​នេះ និង​ការចាក់ដី​លុប​ដៃ​សមុទ្រ​ផង ដើម្បី​សាង​សង់​​លំនៅ​ឋាន និង​អាគារពាណិជ្ជកម្ម​ផ្សេងៗ​កន្លង​មក។

លោក ​ឯម ភាព ​នាយក​រដ្ឋបាល​​ខេត្ត​ព្រះ​សីហនុ ​ត្រូវបានវិទ្យុវីអាមេរិក អូអេ (​VOA) ដក​ស្រង់​សំដី​ថា «សាលា​​ខេត្ត​ បាន​​ទទួល​​លិខិត​​របស់​រដ្ឋមន្រ្តី​ក្រសួង​ធនធាន​ទឹក​ ប៉ុន្តែ​ចំពោះ​វិធានការនោះ​ គឺ​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​អភិបាល​ខេត្ត»។​ លោក បញ្ជាក់ថា «ខ្ញុំ​អត់​ទាន់​ដឹង។ ​អា​ហ្នឹង​គឺ​ទាល់​តែ​ឯកសារ ​ចូល​ដល់​អភិបាល​ខេត្ត​សិន​ ​ព្រោះ​លិខិត​នេះ ​គ្រាន់​តែ​បាន​ទទួល ​យើង​បញ្ជូន​ទៅ​អភិបាល​ខេត្ត»។​

លោក សឿង សារ៉ន នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមាគម​ធាងត្នោត​ ដែល​ធ្លាប់​ចេញ​ផ្សាយ​របាយ​ការណ៍​នៃ​ការ​លុប​បឹង ​នៅ​ភ្នំពេញ​​ បានថ្លែងប្រាប់វិទ្យុ ​VOA ដែរថា​ «រដ្ឋាភិបាល​​​ ទំនង​​ជា​ដឹង​​ការ​កើន​​ឡើង​ នៃ​សកម្ម​ភាព​​​ចាក់​ដី​​លុប​​ទីតាំង ​ដែល​​​អាច​ស្តុក​​ទឹក​​ភ្លៀង ​ឬ​ផ្លូវ​ទឹក​​នានា​ ដើម្បី​​បញ្ចៀស​ការ​ជន់់លិច​ ទើប​មាន​​លិខិត​​ពី​ក្រសួង​​ធនធាន​​ទឹក​​បែប​​នេះ»។​

សមាគម​ធាង​ត្នោត បានរំលឹក​ក្នុង​របាយការណ៍​របស់ខ្លួន​ថា ​មូលហេតុ​​​នៃ​​ការ​លុប​បឹង​​បួរ​នោះ​​គឺ​ «បណ្ដាល​​មក​​ពី​​ការ​សាង​សង់​​បុរី តំបន់​​​លំនៅឋាន ​និង​​ទីក្រុង​​រណប» នៅ​ជុំវិញ​រាជធានី​ភ្នំពេញ។​ របាយ​ការណ៍​ដដែល ​បាន​សរសេរ​ថា​ បឹង​​ទំពុន១ ​បឹង​ទំពុន​២ ​និង​​បឹង​ជើង​ឯក ​ត្រូវ​​បាន​​លុប​​ដោយ​​ផ្នែកខ្លះ ​និង​​កំពុង​លុប​​ផង​​ដែរ។​ ចំណែក​​បឹង​​តាមោក ​ឬ​​បឹង​កប់​ស្រូវ​ ក៏​​ត្រូវ​​បាន​​ចាក់​ដី​លុប​ខ្លះៗ​​ដែរ​ ហើយ​​មិន​មាន​​ផែន​ការ​​ច្បាស់​លាស់​​នោះ​ទេ៕

អត្ថបទដោយលោក ម៉ែន ណាត /១៣ ឧសភា ២០២០

.

Advertisements