អត្ថបទដោយលោក ម៉ែន ណាត / ១៧ ឧសភា ២០២០

លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ជា​ផ្លូវការ​ឡើង​វិញ នៅ​ថ្ងៃទី ១៥ ខែ​ឧសភា ឆ្នាំ​​២០២០ តាម​រយៈ​ព្រះរាជ​ក្រឹត្យ​របស់​​ព្រះមហាក្សត្រ នរោត្តម សីហមុនី ចុះថ្ងៃទី ១២ ខែ​ឧសភា បន្ទាប់​ពី​​ជាប់​ពន្ធនាគារ​​ជាង ៤ ឆ្នាំ​រួច​មក។

លោក ឌីណា ត្រូវបាន​គេស្គាល់​សុសសាយ តាម​រយៈ​សារព័ត៌មាន​ខ្មែរ និង​បរទេស បន្ទាប់ពី​លោក​​ត្រូវ​បាន​​ចាប់​​ខ្លួន នៅ​ថ្ងៃទី ៤ ខែ​មេសា ២០១៦ ក្រោម​បទចោទ​​ចំនួន ២ គឺ «ទី១ បទ​កេង​យកប្រយោជន៍​ដោយ​ខុស​ច្បាប់ យោង​តាមមាត្រា​៥៩៧ និង​មាត្រា៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​ទី២ បទរំលោភ​អំណាច យោង​តាម​មាត្រា​៣៥ ច្បាប់​ស្ដីពី​ការប្រឆាំង​អំពើ​ពុករលួយ»

នៅ​មុន​ពេល​ចាប់ខ្លួន អង្គភាព​​ប្រឆំាង​​​អំពើ​​ពុក​រលួយ របស់​លោក ឱម យិនទៀង ដែល​ជា​​ស្ថាប័ន​ជំនិត​របស់​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ថា​ «លោក ​ស៊ុត ឌីណា​ មាន​​លុយ​​សុទ្ធ​ជាង ​៧ លាន​​ដុល្លារ​អាមេរិក មាន​​មាស​សុទ្ធ ​៣៣៩ ​តម្លឹង និង​​រួម​ទាំង​​គ្រឿង​​អលង្គារ​​មួយ​ចំនួន​​ទៀត​ ដែល​​ទុក​​នៅ​​ប្រទេស​កូរ៉េ​ខាង​ត្បូង។ សាច់​ប្រាក់​ កើន​ឡើង​ ៣ ​លាន​​ដុល្លារ ​ដោយ​​ភាព​មិន​ប្រក្រតី​ ក្នុង​​​រយៈពេល​​ត្រឹម ​២៥ ខែ​ អំឡុង​​ពេល​​លោក​​ កាន់​​តំណែង​ជា​ឯកអគ្គរាជទូត»

កាលនោះក្រុម​អ្នកឃ្លាំមើល និង​​មិត្តភក្តិ​របស់លោក បានហៅ​ការចោទប្រកាន់​នោះ​ថា «គ្មាន​ការពិតជាក់ស្តែង និង​ជារឿង​នយោបាយ​ផ្ទៃក្នុង នៃ​គណបក្ស​កាន់អំណាច​របស់​លោក ហ៊ុន សែន»

រឿងនៅខាងក្រោយខ្នង​នៃ​ការចាប់​ខ្លួន​ លោក ស៊ុត ឌីណា បាន​កើត​ឡើង​ដោយសារ​​​តែ​លោក ប្រើ​តួនាទី​ជា​ម្ចាស់​ផ្ទះ ជា​ឯកអគ្គរាជទូត នៅ​កូរ៉េ​ខាង​ត្បូង ដើម្បីទទួល​លោក ហ៊ុន ម៉ាណែត ប្រធាន​ក្រុម​ពង្រឹង​យុវជន​​នៅ​​ក្រៅ​ប្រទេស​ នៃ​គណបក្ស​​កាន់​អំណាច​។ លោក ឌីណា បង្ហាញខ្លួន​​ប្រៀប​ដូច​​​មាន​​ឋានៈ​ស្មើគ្នា និងហាក់ដូចជាមិនសូវ​ចាត់​ទុក លោក ហ៊ុន ម៉ាណែត ជាមេកោយ ដែល​ធ្វើ​ឲ្យ​លោក ហ៊ុន ម៉ាណែត បង្ហាញអត្តចរិតមិន​ពេញ​ចិត្ត តាំង​ពីឆ្នាំ​​២០១៥ មក​ម្ល៉េះ។ បើតាម លោក ប៉ាង សុខឿន អតីត​ប្រធាន​ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ បាន​​ហៅ​លោក ស៊ុត ឌីណា ថា«អាពួកម៉ាក» ធ្លាប់​បាន​និយាយ​ថា «មូលហេតុនាំ​ឲ្យ​ចាប់​ខ្លួន​លោក ឌីណា នោះគឺធ្វើឡើងដោយក្រុមការងារ​របស់​លោក ហ៊ុន ម៉ាណែត រកមធ្យោបាយ ​និង​រកលេស​ដើម្បី​​«ធ្វើស៊ី»លោក ឌីណា តែម្តង»

មុនការឃាត់ខ្លួន ២ ថ្ងៃ គឺ​នៅថ្ងៃទី ០២ មេសា ២០១៦ លោក ឌីណា នៅ​ក្នុង​តំណែង បាន​ទទួល​​ស្វាគមន៍​លោក ហ៊ុន ម៉ាណែត និង​​ក្រុម​ការងារ​ ដោយ​រៀបចំ​​​ពិធី​យ៉ាង​​អធិក​អធម ហើយ​​​មាន​​​ការ​ចូលរួម​​ពី​ក្រុម​​ពលករ​ខ្មែរ​​​រាប់​ពាន់​​នាក់ នៅ​កូរ៉េ​ខាងត្បូង ដែល​​ភាគច្រើន​ជា​​អ្នកគាំទ្រ​គណបក្សប្រឆាំង ​ដឹកនាំដោយ លោក យឹម ស៊ីណន។ ការជួបជុំគ្នា​​កាល​នោះ ពួកគេ បាន​​ធ្វើ​ទៅ​​តាម​​ការណែនាំ នូវ​​អ្វី​ដែល​​ហៅ​​ថា «វប្បធម៌​​សន្ទនា មិន​​យក​ខ្មែរណា​ជា​សត្រូវ» ពីសំណាក់​គណបក្ស​​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា ជាមួយ​​គណបក្ស​កាន់​អំណាច​ របស់​​លោក ហ៊ុន សែន។

មុន​​ពេលឡើង​សវនការ​ទាំង​ដៃជាប់​ឃ្នាស់ឃ្នាង នៅ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃទី ៧ មេសា ២០១៦ លោក​ ស៊ុត ឌីណា បាន​​​​និយាយ​​​​​ទៅ​កាន់​​ក្រុម​អ្នក​កាសែត​​ថា «អយុត្តិធម៌​​ណាស់​​​សម្រាប់​​​ខ្ញុំ»។ នៅ​មុន​​​ពេល​​ចាប់​ខ្លួន លោក​​​ក៏​ធ្លាប់​​ផ្ញើសារ​​​ទៅ​កាន់​លោក ហ៊ុន សែន ដើម្បី​​សុំ​អន្តរាគមន៍​​ដែរ ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព។ ក្នុងសារនោះ មាន​ខ្លឹមសា​រ​ថា «ខ្ញុំ​ទទួលរង​​ភាពអយុត្តិធម៌ ដោយ​សារ​​ការ​មូលបង្កាច់ ​និង​​​បង្ខូច​កេ​រ្ត៍​ឈ្មោះ​ខ្ញុំ ពី​មនុស្ស​​មួយ​ចំនួន​ នៅក្នុង​​គណបក្ស​​ប្រជាជន​កម្ពុជា»

ក្នុងឆ្នាំ​ ២០១៦ គឺ​ជាឆ្នាំនៃការចាប់​ផ្តើម​នូវ​ភាព​ខ្មៅងងឹត​មួយ ដែល​​មេដឹកនាំ​រដ្ឋាភិបាល លោក ហ៊ុន សែន ចាត់​​វិធាន​ការ​​ក្តៅទ្រង់​ទ្រាយ​ធំ ដើម្បី​រៀបចំ​យុទ្ធសាស្រ្ត​ថ្មី និង​​​ក្រុមការងារ​ថ្មី​បន្ថែម ​គោលបំណង​រក្សា​អំណាចរបស់​ខ្លួន​ផង និង​ចាប់​ផ្តើម​គិតគូរ​យន្តការ​ផ្ទរអំណាច​ឲ្យកូន​ប្រុស​ច្បង​របស់​លោក​ផង គឺ​លោក ហ៊ុន ម៉ាណែត។ កាលនោះ​ លោក ហោ ណាំហុង ក៏ត្រូវ​បាន​បង្ខំ​​ឲ្យ​លា​ឈប់​ពីរដ្ឋមន្ត្រី​ការបរទេស ដោយ​រក្សា​ទុកតំណែង​​ជា​សមាជិក​សភា​មួយ​ប៉ុណ្ណោះ។ លោក ប្រាក់ សុខុន ជាមនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ក៏​ត្រូវបាន​តែង​តាំង​ជារដ្ឋមន្ត្រី​ការបរទេស ជំនួស​លោក ហោ ណាំហុង។ ដោយឡែក​មន្រ្តីជាន់ខ្ពស់​ចាស់ទុំ​មួយចំនួន​​ទៀត ក៏ត្រូវ​បាន​បង្ខំ​ឲ្យ​ចូល​និវត្តន៍ និង​លាឈប់​ពីតំណែង​តែម្តង​ផង​ដែរ។ 

នៅឆ្នាំ ២០១៦ ដដែល រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​បាន​រៀបចំ​យុទ្ធសាស្ត្រ​ក្នុង​ការកម្ទេច​​​ចោល​នូវ គណបក្សសង្គ្រោះជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​តែ​មួយ​គាត់ មានអាសនៈ ៥៥ នៅ​រដ្ឋសភា ក្នុងចំណោម​អាសនៈ​សរុប ១២៣។ លុះ​ដល់​ក្រោយ​​ការ​បោះ​ឆ្នោត​​​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នៅ​​ខែ​​កក្កដា ឆ្នាំ ២០១៧ គណបក្សកាន់​អំណាច​ ធ្លាក់​​ចុះ​​ការគាំទ្រ​​មក​ត្រឹម​ប្រមាណជាង ៥០% ហើយ​​គណបក្ស​ប្រឆាំង កើន​សម្លេង​គាំទ្រ​រហូត​ដល់​ប្រមាណ ៤៦% ដែល​មាន​សមាជិក​ក្រុមប្រឹក្សាជាប់ឆ្នោតរបស់ខ្លួន សរុប ៥០០៧ នាក់។ ដោយ​ហេតុនោះ​ហើយ មេដឹកនាំ​រដ្ឋាភិបាល លោក ហ៊ុន សែន រកលេស​ថ្មី ចាប់ខ្លួន​មេដឹក​នាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដាក់ពន្ធនាគារ នៅ​ថ្ងៃទី ០៣ កញ្ញា ២០១៧ ហើយ​បញ្ជា​ឲ្យតុលាការ​កំពូល រំលាយ​គណបក្សសង្គ្រោះជាតិ នៅ​ថ្ងៃទី ១៦ វិច្ឆិកា ២០១៧ បើទោះ​ជា​​មាន​ការថ្កោលទោស​​ជុំទិស ពីសហគមន៍អន្តរជាតិ រួមទាំង​អង្គការសហប្រជាជាតិ (អ.ស.ប) ផង។

តើលោក ស៊ុត ឌីណា ជានរណា មកពីណា និងធ្វើការជាមួយនរណាខ្លះ?

ក្នុង​ឯកសារ​ប្រវត្តិ​រូបចូល​ជាសមាជិក​ នៃ​ចលនានិស្សិត​​ដើម្បី​​លទ្ធិប្រជាធិបតេយ្យ នៅ​​ឆ្នាំ ១៩៩៩ បាន​​ឲ្យដឹង​ថា លោក ស៊ុត ឌីណា កើត​នៅ​ថ្ងៃទី ១៤ វិច្ឆិកា ១៩៧៦ នៅ​​ស្រុក​​មង្គល​បុរី ខេត្ត​បាត់ដំបង (សព្វ​ថ្ងៃ​ នៅក្នុង​​​ខេត្ត​បន្ទាយមានជ័យ)។ អសយដ្ឋាន​សព្វថ្ងៃ​របស់​លោក ឌីណា រស់នៅ​​ក្នុង​ខណ្ឌទួលគោក ក្រុង​ភ្នំពេញ។ លោក កើត​​ក្នុង​គ្រួសារ​អ្នក​មាន​ទ្រព្យ​មធ្យម ដែល​ឪពុក​របស់​លោក គឺលោក ស៊ុត ប៉េងគុណ ជា​អតីត​តំណាងរាស្ត្រ ពី​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច អាណត្តិទី១ (១៩៩៣​-​១៩៩៨) ហើយ​ក្រោយ​មក លោក ប៉េងគុណ បាន​​ចូល​​រួម​​​ជាមួយ​​លោក សម រង្ស៊ី ក្នុង​​គណបក្សសម-រង្ស៊ី នៅ​អាណត្តិទី២ (១៩៩៨​​-​​២០០៣) ប៉ុន្តែ​មិន​​​បាន​​​ជាប់​ឆ្នោត​​​​ជា​​តំណាងរាស្ត្រ​ទៀត​ទេ ខណៈ​​​ដែល​​គណបក្ស​​​នេះ មាន​តែ ១៥ កៅអី ក្នុង​រដ្ឋសភា​ជាតិ។ ម្តាយ​​របស់​លោក ឌីណា គឺជា​ស្ត្រី​​មេផ្ទះ។ លោក មាន​ប្អូន​ប្រុស ១ រូប និងប្អូនស្រី ១ រូប ចូល​រួម​ក្នុង​ក្រុម​ការងារនៃ រណសិរ្ស​ប្រជាធិបតេយ្យ​​និស្សិត​​បញ្ញវន្តខ្មែរ ក្នុង​​ឆ្នាំ​ ២០០០។

នៅខែ​មករា ឆ្នាំ១៩៩៩ លោក ស៊ុត ឌីណា ជា​សិស្ស​មន្ត្រី​ជាន់ខ្ពស់ ផ្នែក​ការទូត នៅ​សាលា​​ភូមិន្ទ​​រដ្ឋបាល ​ត្រូវ​បាន​​តែង​តាំង​ជាអនុប្រធាន​ទី១ នៃ ចលនានិស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ជាចលនា​​យុវជន​ជាតិ​និយម ធ្វើ​ការងារ​លើ​ការ​តស៊ូ​មតិ ក្នុង​រឿង​ការពារ​បូរណភាព​​ទឹកដី​ខ្មែរ ការពារ​យុត្តិធម៌​សង្គម និងធនធាន​ធម្មជាតិ។ ចលនានេះ ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ ចំពោះ​ការអនុវត្ត​គោល​នយោបាយ​មិន​ស្អាត​ស្អំ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន។ កាល​នោះ៉​ លោក សារ៉ូ ស៊ីវត្ថា និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ជាប្រធាន​ចលនា​នេះ (សព្វថ្ងៃ​ប្តូរឈ្មោះ​មក សារ៉ូ សុវិជ័យ), លោក អ៊ុំ សំអាន និស្សិត​សង្គមវិជ្ជា ជា​អគ្គ​លេខាធិការ​រង​ទី១, លោកស្រី ស៊ុន សុគន្ធមាលា សិស្ស​មន្រ្តី​ជាន់ខ្ពស់ ផ្នែក​រដ្ឋបាល​ទូទៅ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល ជាអគ្គ​លេខាធិការ​រង​ទី២, លោក ម៉ែន ណាត និស្សិត​សង្គមវិជ្ជា ជាប្រធាន​​រដ្ឋបាល និងទំនាក់ទំនងនិស្សិត​តាម​មហាវិទ្យាល័យ។ ចំណែក​ ​​លោក ទូច វិបុល និស្សិត​ផ្នែក​វិទ្យាសាស្ត្រសេដ្ឋ បាន​ក្លាយ​ជា​អនុប្រធាន​​នៃ​ចលនា​និស្សិត​នេះ ក្នុង​ឆ្នាំ ១៩៩៩ នៅ​ពេល​ដែល​លោក ស៊ុត ឌីណា, លោក ម៉ែន ណាត និងលោកស្រី ស៊ុន សុគន្ធមាលា (កាល​នោះ​​នៅ​ជា​កញ្ញា) ចេញ​ទៅ​ដឹកនាំ​រណសិរ្ស​និស្សិត​បញ្ញវន្ត​ខ្មែរ ដែល​​មាន​ទស្សនវិស័យ​​ការងារ និង​បេសកកម្មដូចគ្នា​នឹង​ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យដែរ។

បញ្ជាក់បន្ថែម លោក សារ៉ូ ស៊ីវត្ថា បាន​ភៀស​ខ្លួន​ទៅ​នៅ​រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក នៅ​ឆ្នាំ ២០០១ រស់​នៅ​​ជា​ពលរដ្ឋ​សាមញ្ញ ហើយ​​សព្វថ្ងៃ​ជា​​សកម្មជន​បក្សសង្គ្រោះជាតិ នៅ​ទី​នោះ។ ដោយ​ឡែក លោក អ៊ុំ សំអាន ទៅ​នៅ​សហរដ្ឋ​អាមេរិក ឆ្នាំ ២០០៤ រួច​មក​បាន​ក្លាយ​ជា​សមាជិកសភា នៃ​គណបក្ស​សង្គ្រោះជាតិ ឆ្នាំ​ ​២០១៣​-​២០១៨។ ប៉ុន្តែ​លោក សំអាន ពី​ខែ​មេសា ឆ្នាំ​ ២០១៦ ដល់​ខែ​សីហា ឆ្នាំ​ ២០១៨ ត្រូវ​បាន​របបដឹកនាំ​​របស់​លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ ដោយសារ​តែ​លោក តស៊ូ​មតិ​រឿង​ព្រំដែន​ជាមួយ​វៀត​ណាម និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល ដោះស្រាយ​រឿង​ព្រំដែន​នេះ តាម​យន្តការ​អន្តរជាតិ (មាន​អត្ថបទ​លំអិត)។ លោក សំអាន សព្វថ្ងៃ​រស់នៅ​សហរដ្ឋអាមេរិក​វិញ។ ចំណែក​ លោកស្រី ស៊ុន សុគន្ធមាលា ជាភរិយាក្រោយ​របស់​លោក ស៊ុត ឌីណា បាន​បោះបង់​ចោល​ឧត្តម​គតិ​ដើម​របស់ខ្លួន ចូលរួម​ជាមួយ​បក្ស​កាន់អំណាច លោក ហ៊ុន សែន នៅ​ខែ​មិថុនា ឆ្នាំ ២០០៩ ហើយ​បាន​ក្លាយ​ជាសមាជិក​ នៃ​ក្រុមការងារ​សេដ្ឋកិច្ច និង​​វប្បធម៌ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ នៅ​ទីស្តីការ​គណៈរដ្ឋមន្រ្តី។ ចំពោះលោក ម៉ែន ណាត អតីត​អនុប្រធាន​​រណសិរ្ស​​ប្រជាធិបតេយ្យ​និស្សិត​បញ្ញវន្តខ្មែរ នៅឆ្នាំ ​២០០០​-​២០០២ ហើយ​ក្រោយមក​ ជាប្រធាន​សមាគម​មន្រ្តី​រាជការ​កម្ពុជា និង​ជាអ្នកសម្រប​សម្រួល​នៃ ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា ឆ្នាំ​​២០០២​-​២០០៦ និង​​បច្ចុប្បន្ន​​ជា​​ប្រធាន​​ក្រុមប្រឹក្សានេះ នៅ​ប្រទេស​​ន័រវេស៍ (សូម​អាន​ជីវ​ប្រវត្តិ​លំអិត) គឺ​ជា​​អ្នក​ស្រាវជ្រាវច្បាប់ និង​​ឯកសារ​ព្រំដែន​កម្ពុជា។ លោក ទូច វិបុល បាន​​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក នៅ​​ចុង​ឆ្នាំ​ ២០០០ ហើយ​ក្រោយម​ក ក្លាយ​ជា​ប្រធាន​​អង្គការ​​សម្ព័ន្ធ​​មិត្ត​ខ្មែរ-អាមេរិកាំង និង​សព្វថ្ងៃ​ ជា​ប្រធាន​ក្រុម​ពលរដ្ឋនិយម (សូម​អាន​លំអិត)។

លោក ស៊ុត ឌីណា ដាក់​ឈ្មោះ​ខ្លួន​ឯង​ថា ម៉ៅ មឿងយ៉ាត ជា​មេដឹកនាំ​​រណសិរ្ស​ប្រជាធិបតេយ្យ​​និស្សិត​បញ្ញវន្ត​ខ្មែរ ពីឆ្នាំ​​២០០០ ដល់ឆ្នាំ​​២០០២។ កាលនោះ​លោក ម៉ែន ណាត ជាអនុប្រធាន ហើយ​លោកស្រី ស៊ុន សុគន្ធមាលា ជាអគ្គលេខាធិការ។ នៅចុងខែ​ឧសភា ឆ្នាំ ២០០២ លោក ស៊ុត ឌីណា និង​លោកស្រី ស៊ុន សុគន្ធមាលា បង្កើត​​គណបក្ស​​នយោបាយ​​មួយ​​ឈ្មោះ​​ថា «គណបក្សរណសិរ្សជនជាតិខ្មែរ» ដើម្បី​ចូល​រួម​​ការ​បោះ​ឆ្នោត​ជាតិ សម្រាប់​អាណត្តិ​​ទី៣ នៅ​ឆ្នាំ​ ២០០៣ ប៉ុន្តែគណបក្សនេះ មិន​ទទួល​បាន​ការគាំទ្រ​​ក្នុង​​ការ​បោះ​ឆ្នោត​ទេ។

ចំណែក​លោក ម៉ែន ណាត និង​សហការី​មួយចំនួន​ទៀត មិនបាន​​ចូល​រួម​​ជាមួយ​​លោក ស៊ុត ឌីណា នៅក្នុង​គណបក្ស​នយោបាយ​ថ្មីនោះ​ទេ ដែល​នាំ​ឲ្យ​មាន​ការខ្វែង​គំនិត​គ្នា ដោយ​​​លើក​ឡើង​ថា «ធ្វើ​ឲ្យ​បែកខ្ញែក​សម្លេង​អ្នកប្រជាធិបតេយ្យ និង​​អ្នក​ជាតិ​និយម»។ លោក ម៉ែន ណាត ជំទាស់​ជាមួយ​លោក ស៊ុត ឌីណា តាំង​ពី​ដើម​ដំបូង ក្នុង​រឿង​បង្កើត​គណបក្ស​នយោបាយ​នោះ។ ប៉ុន្តែ​លោក ឌីណា និង សុគន្ធមាលា កាល​នោះ​បាន​យល់​ស្រប​ជាមួយ​លោក ម៉ែន ណាត ដែល​ផ្តួច​ផ្តើម​គំនិត ដើម្បី​​សម្រប​សម្រួល​ជាមួយ​​ក្រុមចលនា​និស្សិត ក្រុម​យុវជន អង្គការ សមាគម និង​សហជីពមួយ​ចំនួន ចង​ក្រង​​រៀបចំ​ជា «ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា» បង្កើត​ឡើង​នៅ​ថ្ងៃទី ១៦ កញ្ញា ២០០២ ដដែល​នោះ។ សមាជិក​ស្ថាបនិក​នៃ​ក្រុមប្រឹក្សា​នេះ រួមមាន​ ចលនានិស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដឹកនាំ​ដោយ​ លោក អ៊ុំ សំអាន, សហជីព​សេរីកម្មករ ដឹក​នាំ​ដោយ​ លោក ជា វិជ្ជា, សមាគម​សិករ​កម្ពុជា ដឹកនាំដោយ លោក ឆាំ ឆានី, សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដឹកនាំដោយ លោក រ់ុង ឈុន, សម័្ពន្ធ​សហជីព​ ស៊ីខៅឌូ ដឹកនាំ​ដោយ លោកស្រី ឆន សុខា និង​ រណសិរ្ស​និស្សិត​បញ្ញវន្ត​ខ្មែរ ដឹក​នាំ​ដោយ​ លោក ម៉ែន ណាត ហើយ​ក្រោយ​មក រណសិរ្ស​និស្សិតនេះ បានជំនួស​​ដោយ សមាគមមន្ត្រីរាជការកម្ពុជា ដឹកនាំ​ដោយ​លោក ម៉ែន ណាត ដដែល។

ក្រោយ​បញ្ចប់​ការសិក្សា​នៅ​សាលាភូមិន្ទរដ្ឋបាល ឆ្នាំ ២០០១ លោក ស៊ុត ឌីណា ដែល​​ជា​​យុវជន​​​ក្នុង​​​សេណា​រីយ៉ូ​​នៃ​​​គណបក្សហ្វ៊ុនស៊ិនប៉ិច​​ផងនោះ ត្រូវ​បាន​តែងតាំង​ជាអនុប្រធាន​​នាយកដ្ឋាន​​ទទួល​បន្ទុក​កិច្ចការ​អឺរ៉ុប​ខាងកើត ក្នុង​ក្រសួង​ការបរទេស។ កាលនោះ គណ​បក្ស​ហ៊្វុនស៊ិនប៉ិច របស់​សម្តេច​ក្រុមព្រះ នរោត្តម រណប្ញទ្ធិ ជាគណបក្សដៃគូ ជាមួយ​បក្សប្រជាជន​កម្ពុជា របស់​លោក ហ៊ុន សែន នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះជាមួយ​គ្នា។ ហើយ​សម្តេចក្រុមព្រះ គឺជា​ប្រធាន​រដ្ឋសភាជាតិ។

គណបក្សរណសិរ្សជនជាតិខ្មែរ របស់​លោក ស៊ុត ឌីណា បាន​ប្តូរ​ឈ្មោះ​របស់​ខ្លួន និង​ផ្ទេរ​ការដឹកនាំ​ទៅ​ឲ្យ​ សម្តេច​ក្រុមព្រះ នរោត្តម រណប្ញទ្ធិ សម្រាប់​ការបោះឆ្នោត​ជាតិ អាណត្តិទី៤ នៅឆ្នាំ ២០០៨ ដោយ​ទទួល​​បាន ២ កៅ​អី​​ក្នុងរដ្ឋសភា​ជាតិ។ ពេលនោះ លោក ស៊ុត ឌីណា មិន​បាន​ជាប់ឆ្នោត​ទេ ទោះបី​លោក ជាអគ្គលេខាធិការរង និង​​ជាអ្នកនាំពាក្យ គណបក្ស​នរោត្តម​រណប្ញទ្ធិ ដែល​ជាគណបក្សប្តូរឈ្មោះថ្មី​​ក្តី ក្រោយ​ពេល​ដែល​​គណបក្ស​​ហ្វ៊ុនស៊ិនប៉ិច បាន​បែក​បាក់​​គ្នាជា​ក្រុមៗ ក្រោម​ល្បិចកល​នយោបាយ​ នៃ​បក្សកាន់អំណាចរបស់​លោក ហ៊ុន សែន ដែល​មាន​តួសំដែង និង​អ្នកដឹកនាំរឿង​ដោយ​សម្តេចក្រុមព្រះ អង្គឯង​ផ្ទាល់ ជាមួយ​លោក ញឹក ប៊ុនឆាយ ជាអតីត​អនុប្រធាន​ព្រឹទ្ធសភា​ និង​ជាអតីត​អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ។

លោក ​ស៊ុត ឌីណា​ និង​ភរិយា​ក្រោយ​របស់លោក​គឺ លោកស្រី ស៊ុន សុគន្ធមាលា នៅថ្ងៃទី ២៥ មិថុនា ២០០៩ បាន​​ចុះ​​ចូល​​ជាមួយ​​គណបក្ស​​ប្រជាជន​កម្ពុជា របស់​លោក ហ៊ុន សែន។ ជាមួយ​គ្នា​​នោះ ​លោក ស៊ុត ឌីណា ​ត្រូវ​​បាន​​រដ្ឋាភិបាល ​តែង​តាំង​​ជា​​អនុរដ្ឋលេខាធិការ​ នៃ​ក្រសួង​ការបរទេស និង​​ជា​ទីប្រឹក្សា​ផ្ទាល់​ របស់​លោក​​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ ហើយភរិយា​របស់​លោក ត្រូវបាន​តែងតាំង​ជាសមាជិក​ក្រុមការងារសេដ្ឋកិច្ច និង​វប្បធម៌ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ នៅទីស្តីការគណៈរដ្ឋមន្រ្តី ផងដែរ។

នៅថ្ងៃទី ១១ វិច្ឆកា ២០១៣ លោក ស៊ុត ឌីណា ត្រូវបាន​តែតាំង​ជា​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េខាង​ត្បូង ដោយ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ នរោត្តម សីហមុនី។

លុះដល់ថ្ងៃទី ០៤ មេសា ២០១៦ លោក ស៊ុត ឌីណា ត្រូវបាន​ដកហូត​តូនាទី​​ពី​​ឯក​អគ្គរាជ​ទូត​​​នេះ រួច​​ត្រូវ​​បាន​​ចាប់​ខ្លួន​​ដាក់​ពន្ធនា​គារ​ព្រៃ.ស នៅ​ទី​ក្រុង​ភ្នំពេញ ដូចបាន​បញ្ជាក់​ជូន​ខាងលើ​រួចហើយ។

ទន្ទឹមនឹងគ្នា​នោះ​ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​តែងតាំង​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក ឡុង ឌីម៉ង់ ជា​ឯកអគ្គ​រាជទូត​ថ្មី ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ជំនួស​លោក ស៊ុត ឌីណា។ លោក ឡុង ឌីម៉ង់ គឺជា​កូនប្រុស​របស់​ លោក ឡុង វីសាឡូ អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​ជា​អនុប្រធាន​គណៈ​កម្មាធិការ​​ចម្រុះ​ព្រំដែន​របស់​រដ្ឋាភិបាល ដែល​មាន​លោក វ៉ា គឹមហុង ជា​ប្រធាន។ លោក ឡុង វីសាឡូ ក៏​ត្រូវ​បាន​តែង​តាំង​ជា​ឯកអគ្គរាជទូត​ខ្មែរ ប្រចាំ​នៅ​ប្រទេស​ថៃ ផង​ដែរ៕

ឯកសារពិគ្រោះ
– ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
– ចលនានិស្សិត​ដើម្បីលទ្ធិ​ប្រជាធិបតេយ្យ ឆ្នាំ១៩៩៩
– កម្រង​ឯកសារ​​ស្រាវជ្រាវ «សកម្មភាព​តស៊ូមតិ ឆ្នាំ​២០០៣» នៃ​រណសិរ្ស​និស្សិត​បញ្ញវន្តខ្មែរ
– សៀវភៅកំណត់ហេតុ អំពី​ការតស៊ូមតិ​របស់​និស្សិតបញ្ញវន្ត​ខ្មែរ ក្នុង​កិច្ចការ​បូរណភាពទឹកដី ឆ្នាំ​២០០២
– សារព័ត៌មាន RFA Khmer, RFI និង VOA Khmer

Suth Dina got free on 15 May 2020

Suth Dina ambassador 2013

រូបថតពីហ្វេសប៊ុក ឆ្នាំ២០២០៖ លោកស្រី ស៊ុន សុគន្ធមាលា
រូបថតពីហ្វេសប៊ុក ឆ្នាំ២០២០៖ លោកស្រី ស៊ុន សុគន្ធមាលា

 

រូបថតហ្វេសប៊ុក ២០១៩៖ លោកស្រី ស៊ុន សុគន្ធមាលា
រូបថតហ្វេសប៊ុក ២០១៩៖ លោកស្រី ស៊ុន សុគន្ធមាលា

.

លោក សារ៉ូ ស៊ីវត្ថា ហើយក្រោយមកបានប្តូឬឈ្មោះមក សារ៉ូ សុវិជ័យ នៅពេលលោកទៅរស់នៅសហរដ្ឋអាមេរិក។
លោក សារ៉ូ ស៊ីវត្ថា ហើយក្រោយមកបានប្តូឬឈ្មោះមក សារ៉ូ សុវិជ័យ នៅពេលលោកទៅរស់នៅសហរដ្ឋអាមេរិក។

photo 2016 - Yim Sinorn & Suth Dina

Photo 1999 & 2016 - Mr Touch Vibol
Photo 1999 & 2016 – Mr Touch Vibol
Photo 2016 (From left): Men Nath, Um Sam An, Chham Chhany, Pang Sokhoeun
Photo 2016 (From left): Men Nath, Um Sam An, Chham Chhany, Pang Sokhoeun

Advertisements