សកលវិទ្យាល័យ ខូផេនហេហ្គែន (University of Copenhagen) នៃប្រទេសដាណឺម៉ាក បានបង្ហាញរបាយការណ៍ស្រាវជ្រាវថ្មីមួយ ឆ្លុះបញ្ចាំងអំពីវិនាសកម្មព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃ នៅតំបន់ព្រៃឡង់។ របាយការណ៍ បានលាតត្រដាងពីសកម្មភាពកាប់ទន្ទ្រានព្រៃសុស ស្ទើរគ្រប់ទីកន្លែង ក្នុងដែនជម្រកសត្វព្រៃឡង់ ពីសំណាក់ក្រុមហ៊ុនមានអំណាចមួយឈ្មោះ ស៊ីងបាយអូថេក (Think Biotech Co., Ltd)។
បណ្ឌិតវិទ្យាសាស្ត្រព្រៃឈើ នៃសកលវិទ្យាល័យ ខូផេនហេហ្គែន (University of Copenhagen) របស់ប្រទេសដាណឺម៉ាក គឺលោកស្រី អ៊ីដា ថីឡេត (Ida Theilade) បានបង្ហាញរបាយការណ៍ស្រាវជ្រាវថ្មីមួយ ស្តីពីការកាប់ទន្ទ្រានព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃឡង់ នៅអំឡុងឆ្នាំ ២០១៨ ឆ្នាំ២០១៩ រហូតដល់ដើមឆ្នាំ ២០២០ នេះ។
ខ្លឹមសាររបាយការណ៍កំរាស់ ៨ ទំព័រ ដែលចេញផ្សាយកាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២០ នេះ បានប្រើរូបភាពផ្កាយរណប និងចំណុច GPS បង្ហាញពីការកាប់យ៉ាងរង្គាល នៅក្នុងព្រៃសហគមន៍ ឈានចូលក្នុងដែនជម្រកសត្វព្រៃឡង់ ដោយមានការកាប់ទន្ទ្រានស្ទើរគ្រប់ទីកន្លែង ជាពិសេសការកាប់ឈើហ៊ុបធំៗ ធ្វើអាជីវកម្ម ពីសំណាក់ក្រុមហ៊ុន ស៊ីងបាយអូថេក (Think Biotech Co., Ltd)។
របាយការណ៍នេះ មានការស្រាវជ្រាវរួមគ្នា ជាមួយសហគមន៍ព្រៃឡង់ (PLCN) មជ្ឈមណ្ឌលស្រាវជ្រាវចំរុះរបស់សហគមន៍អឺរ៉ុប (Joint Research Centre of the European Commission) និងអង្គការឃ្លាំមើលព្រៃឈើពិភពលោក របស់សហរដ្ឋអាមេរិក (Global Forest Watch ) ផងដែរ។
របាយការណ៍បន្ថែមថា ក្នុងនាមជាអ្នកវិទ្យាសាស្ត្រ ព្រួយបារម្ភយ៉ាងខ្លាំង ពីគម្រោងហ្គ្រីននីងព្រៃឡង់ {ឬគម្រោងព្រៃបៃតង} (Greening) ដែលមានទឹកប្រាក់រាប់លានដុល្លារ កំពុងយាយី ដោយសកម្មភាពកាប់ឈើក្នុងតំបន់ព្រៃឡង់។
ពួកគេ {ក្រុមអ្នកស្រាវជ្រាវ} សង្ឃឹមថា របាយការណ៍នេះ នឹងទទួលស្គាល់យ៉ាងល្អ ដើម្បីជួយដល់គម្រោងហ្គ្រីននីងព្រៃឡង់ (Greening) និងជួយដល់ក្រសួងបរិស្ថាន ក្នុងបេសកកម្មការពារដែនជម្រកសត្វព្រៃឡង់ ដើម្បីជាប្រយោជន៍រួមរបស់ពលរដ្ឋកម្ពុជា។ លើសពីនេះ ត្រូវអនុញ្ញាតឱ្យបណ្ដាញសហគមន៍ព្រៃឡង់បន្តការងារ ចុះល្បាតព្រៃជាធម្មតាវិញ។
ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង សង្កេតឃើញថា នេះមិនមែនជាលើកទីមួយទេ ដែលអង្គការជាតិ និងអន្តរជាតិ រួមទាំងសហគមន៍ផង បានបង្ហាញរបាយការណ៍ ជំរុញឱ្យរដ្ឋាភិបាល ចាត់វិធានការដោះស្រាយ និងទប់ស្កាត់វិនាសកម្មព្រៃឈើ ក្នុងតំបន់ព្រៃឡង់ ពីសំណាក់ក្រុមហ៊ុន ស៊ីងបាយអូថេក និងក្រុមហ៊ុនផ្សេងៗទៀត។ ក៏ប៉ុន្តែរដ្ឋាភិបាល និងក្រសួងសាមី តែងតែបដិសេធ និងច្រានចោលជានិច្ច។ លោករកឃើញថា មន្ត្រីរដ្ឋាភិបាល តែងឆ្លើយការពារក្រុមហ៊ុនឯកជន ដោយមិនបានពិនិត្យមើលពីទិដ្ឋភាពច្បាប់ច្បាស់លាស់នោះទេ។ លោកចំណាំថា កន្លងទៅមន្ត្រីរដ្ឋាភិបាល បកស្រាយច្បាប់ ដើម្បីការពារប្រយោជន៍ក្រុមហ៊ុនឯកជន ពុំមែនការពារប្រយោជន៍ជាតិ និងពលរដ្ឋនោះទេ៖ «មន្ត្រីប៉ូលិស មន្ត្រីស្នងការ និងមន្ត្រីតុលាការតែម្តង លួចប្រាប់ខ្ញុំថា មានការពាក់ព័ន្ធធំជាមួយហ្នឹង ក្រុមហ៊ុនហ្នឹងខ្លាំងណាស់ សុទ្ធតែមានអំណាចធំៗ អ៊ីចឹងបានជារបាយការណ៍ម្ដងហើយ ជាពីរដងមិនមានវិធានការចាត់ឱ្យហ្មត់ចត់។ សូម្បីតែ របាយការណ៍ជាផ្លូវការរបស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងនិងក្រចេះក៏បានទទួលស្គាល់ជាផ្លូវការ ដែលថាក្រុមហ៊ុនកាប់ ក្នុងតំបន់ព្រៃ ឡង់ដែរ។ គេនៅតែបដិសេធ ឬក៏គាំទ្រដើម្បីឱ្យក្រុមហ៊ុនហ្នឹង ក៏ដូចជារោងចក្រអារឈើ ដំណើរការជារៀងរាល់ថ្ងៃ ដឹកជញ្ជូនទៅក្រៅប្រទេស។ នេះហើយជាការព្រួយបារម្ភរបស់យើង យើងអាក់អន់ស្រពន់ចិត្តដែរ ពីព្រោះតែមន្ត្រីរដ្ឋាភិបាលមួយចំនួន គាត់ចាត់ទុកយើងថា សត្រូវ។ ចោទប្រកាន់ថាយើង មានគំនិតខ្មៅងងឹត ប្រឆាំងអភិវឌ្ឍជាដើមហ្នឹងទៅ»។
ម្ចាស់ពានរង្វាន់វីរជនបរិស្ថាន Goldman Environmental Prize {លោក អ៊ូច ឡេង} រូបនេះបន្ថែមថា កន្លងទៅ លោកបានបង្ហាញភស្តុតាងជាច្រើន ប្រាប់ទៅព្រះរាជអាជ្ញាខេត្តក្រចេះ និងអាជ្ញាធរពាក់ព័ន្ធ ទាក់ទិនក្រុមហ៊ុន ស៊ីងបាយអូថេក ដែលបានកាប់បំផ្លាញជ័រច្បោះ ក្នុងព្រៃឡង់ និងកាប់ឈើខុសច្បាប់ ក្នុងតំបន់ព្រៃឡង់យ៉ាងរង្គាល ក៏ប៉ុន្តែមិនឃើញស្ថាប័នអយ្យការ និងអាជ្ញាធររដ្ឋាភិបាល ចាត់វិធានការដោះស្រាយនៅឡើយទេ។ លោកថា ក្រុមហ៊ុនស៊ីងបាយអូថេក មានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល វិនិយោគលើផ្ទៃដីជាង ៣ ម៉ឺនហិកតារ បានកាប់បំផ្លាញឈើទាំងអស់ ដោយមិនបានកាត់ឆ្វៀលផលប៉ះពាល់ និងទុកដើមឈើ ផលិតជ័រទឹក ឱ្យសហគមន៍អាស្រ័យផលនោះទេ៖ «យើងរកឃើញ GPS រកឃើញ អារ៉េវ មិនមែនខាងខ្ញុំរកទេគឺ ខាង USAID គាត់បានចេញរបាយការណ៍ហ្នឹង ទៅរដ្ឋាភិបាល ប៉ុន្តែមិនទាន់មានចម្លើយណាមួយ ពីរដ្ឋាភិបាល ក្នុងការទប់ស្កាត់ រវាងក្រុមហ៊ុន ស៊ីងបាយអូថេក ចូលទៅកាប់ដឹកជញ្ជូន ទៅកាប់ចេញពីតំបន់ ដែនជម្រកសត្វព្រៃ និងក្រៅតំបន់ព្រំប្រទល់របស់គេប៉ុណ្ណឹងឯង។ ទោះបីក្នុងព្រំប្រទល់ព្រៃឡង់ ទោះបីនៅក្រៅ ឬមួយក៏ក្នុងព្រំប្រទល់ក្រុមហ៊ុន ក៏ក្រុមហ៊ុនហ្នឹងខុសដែរ ។ ការបកស្រាយច្បាប់ បើសិនជាការកាប់ជ័រច្បោះពលរដ្ឋ ព្រោះដើមច្បោះ ការពារដោយច្បាប់ មិនអនុញ្ញាតឱ្យកាប់ទេ មិនអនុញ្ញាតឱ្យលក់ទិញទេ ហេតុអីបានក្រុមហ៊ុន នៅតែបន្តកាប់ ក្នុងព្រំប្រទល់ក៏ដោយ?»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា ចាត់ទុករបាយការណ៍នេះ ជាសិទ្ធិរបស់បុគ្គលនីមួយៗប៉ុណ្ណោះ។ លោកថា រាជ្យរដ្ឋាភិបាល ការពារ និងអភិរក្សធនធានធម្មជាតិ រួមទាំងតំបន់ដែនជម្រកសត្វព្រៃឡង់ ដោយបានបញ្ជូនមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន ឈរជើងនៅតំបន់នោះ ដើម្បីអនុវត្តច្បាប់ សហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ ដែលទទួលស្គាល់ដោយក្រសួងបរិស្ថាន។ លោកអះអាងបន្ថែមថា អំឡុងឆ្នាំ ២០១៩ មន្ត្រីឧទ្យានុរក្សមានចំនួន ១ពាន់ ២រយនាក់ (១២០០ នាក់) ដែលឈរជើងនៅតំបន់ការពារធម្មជាតិ បានបង្ក្រាបបទល្មើសព្រៃឈើ បានចំនួនជាង ៤ពាន់ ៧រយករណី (៤៧៤៦ ករណី) និងបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ជិត ៥០០ករណី (៤៨៧) ដោយរឹបអូសរណា យន្តបានជាង ២៥០០ គ្រឿង។
លោកទទួលស្គាល់ថា មានបទល្មើសធនធានធម្មជាតិខ្នាតតូច តាមតំបន់ការពារធម្មជាតិនានា ប៉ុន្តែពុំមានបទល្មើសខ្នាតធំនោះទេ។ លោកថា បទល្មើសទាំងនោះ ភាគច្រើនគឺប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ព្រៃអភិរក្ស ចូលកាប់ឈើ និងបរបាញ់សត្វជាប្រពៃណី។
របាយការណ៍របស់សកលវិទ្យាល័យ ខូផេនហេហ្គែន (University of Copenhagen) របស់ប្រទេសដាណឺម៉ាក បន្ថែមថា បទល្មើសព្រៃឈើកើនឡើងច្រើន អំឡុងពេលដែលក្រសួងបរិស្ថាន រារាំង និងហាមមិនឱ្យបណ្ដាញសហគមន៍ព្រៃឡង់ ចុះល្បាត និងទប់ស្កាត់បទល្មើសព្រៃឈើ។
លោក អ៊ូច ឡេង បន្ថែមថា ប្រសិនបើរដ្ឋាភិបាល មានឆន្ទៈពិតប្រាកដ ក្នុងការពារព្រៃឡង់ និងព្រៃអភិរក្សផ្សេងទៀតឱ្យគង់វង្ស រដ្ឋាភិបាលត្រូវលុបអាជ្ញាប័ណ្ណក្រុមហ៊ុន ស៊ីងបាយអូថេក និងក្រុមហ៊ុនផ្សេងៗ ទៀត នៅជាប់ព្រៃឡង់ ជាពិសេសត្រូវបិទរោងចក្រអារឈើទាំងអស់ ដែលលោកថា ជាប្រភពនៃវិនាសកម្មព្រៃឈើ៕
(អត្ថបទដោយ សុជីវី នៃវិទ្យុអាស៊ីសេរី RFA Khmer /13-5-2020)
.</p