(ដោយលោក ហេង រស្មី /RFA Khmer /20-5-2020)

ពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន​ ព្រួយបារម្ភ​ខ្លាច​​បាត់បង់​​ទឹក​ដី​​មួយ​​ចំនួន ​នៅ​​តំបន់​​ព្រំដែន ​ក្នុង​​ក្រុង​​ប៉ៃលិន​ ក្លាយ​​ទៅ​ជា​​កម្មសិទ្ធិ​​របស់​​ប្រទេស​​ថៃ ដោយសារ​តែ​ទាហាន​​ថៃ​​ជា​ច្រើន​​នាក់​ ​បាន​​ចូល​​ទៅ​​សង់​​រោង​​ស្នាក់​​នៅ​​លើ​​ដី​​ខ្មែរ​ ​នៅ​តំបន់​​ព្រំដែន​​ ខេត្ត​ប៉ៃលិន​​ម្ដង​​ហើយ​​ម្ដង​​ទៀត។

ពលរដ្ឋ​ម្នាក់​​​នៅ​​តំបន់​​ព្រំដែន​​ខេត្ត​​ប៉ៃលិន​​ ថ្លែង​​សុំ​មិន​​ឱ្យ​​បញ្ចេញ​​ឈ្មោះ និង​​សំឡេង ឱ្យ​​ដឹង​​​នៅ​​រសៀល​​ថ្ងៃ​ទី​ ២០ ឧសភា​ ២០២០​ ថា ផ្ទៃ​ដី​ទំហំ​​ជាង ៣ ពាន់​ម៉ែត្រ​ការ៉េ (៣.២០០) នៅ​​តំបន់​​ព្រំដែន​ ​​ភូមិ​បរ​តាំង​ស៊ូ​ សង្កាត់​ប​រយ៉ាខា ក្រុង​​ប៉ៃលិន ប្រឈម​​នឹង​​ការ​បាត់​បង់​​ទឹក​ដី​​ ទៅ​​ឱ្យ​​ភាគី​​ថៃ​ នៅ​​ពេល​​ខាង​​មុខ ពី​ព្រោះ​​ទាហាន​​ថៃ​​ជា​​ច្រើន​​នាក់​​ បាន​​ចូល​​ទៅ​កាន់​​កាប់​​ដី​​តំបន់​​នោះ​​ជា​បន្ត​​បន្ទាប់។ លោក​​បញ្ជាក់​ថា ​កាល​​ពី​ថ្ងៃ​ទី ២០ ខែ​សីហា ឆ្នាំ ២០១៩ ទាហាន​​ថៃ ​ចូល​​មក​​កាប់​ឆ្ការ​​ព្រៃ​​ និង​​​​បំផ្លាញ​​ផល​​ដំណាំ​​របស់​​ពលរដ្ឋ​ ​នៅ​​លើ​​ដី​​ដែល​មាន​​បញ្ហា​​ប្រមាណ ​១​ សប្ដាហ៍ ​​ហើយ​​ដកថយ​​ទៅ​វិញ។ ក្រោយ​​មក​ទៀត នៅ​ដើម​​ខែ​ឧសភា​ {ឆ្នាំ​២០២០} នេះ​ ទាហាន​​ថៃ​​ប្រមាណ ១០​ នាក់​ បាន​​ចូល​​ទៅ​សង់​​រោង​​ស្នាក់​នៅ​ ដោយ​​មាន​​ដាក់​​ទង់​ជាតិ​ថៃ​​ នៅ​​​លើ​​ដី​នោះ​​ជា​​ថ្មី​​ទៀត ហើយ​​ទើប​​តែ​រុះរើ​​​រោង​​​នោះ​ចេញ​ កាល​ពី​ថ្ងៃ​ទី ១៨ ឧសភា

ទាក់​ទង​​នឹង​បញ្ហា​នេះ​ អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ អះអាង​ថា តំបន់​​ដែល​​ទាហាន​​ថៃ​ ​ចូល​​មក​​ធ្វើ​​រោង​​ស្នាក់​​នៅ​​នោះ​ ​ជា​​ដី​តំបន់​ស។ អភិបាល​រង​​ខេត្ត​​ប៉ៃលិន លោក ធូ ភា ថ្លែង​​នៅ​​ក្នុង​​​សន្និសីទ​​សារ​ព័ត៌មាន​ ​នៅ​​ព្រឹក​​ថ្ងៃ​ទី ២០ ឧសភា ​ថាទាហាន​​ថៃ ​បាន​​យល់​​ព្រម​​​រុះរើ​​រោង​​ចេញ​​ពី​​ដី​​តំបន់​​​នោះ​​អស់​​ហើយ បន្ទាប់​​ពី​កម្ពុជា ​បាន​​យល់​​ព្រម​​កាយ​​ដី​​ធ្វើ​ផ្លូវ ដែល​​ធ្លាក់​​ចូល​​​មាត់​អូរ​​ព្រំដែន​​ប្រទេស​​ទាំង ២ ចេញ​​តាម​​ការ​ស្នើ​សុំ​​របស់​​ភាគី​ថៃ៖ «ភាគី​ទាំង២ បាន​​ឯកភាព​​គ្នា​រួច​​ហើយ​ ហើយ​​​ក៏​បាន​​ឯកភាព​​គ្នា​ អនុវត្ត​​ភ្លាម​ៗ ​កាល​​ពី​ថ្ងៃ​សុក្រ​​កន្លង​​ទៅ​។ នៅ​​ពេល​​ដែល​​យើង​​កាយ​​ចប់​​ ភាគី​​ថៃ​​ ក៏​​គេ​បាន​​រុះរើ​រោង​​រួច​រាល់​​ហើយ​​ដែរ​។ អីចឹង​​បញ្ហា​​ដែល​​យើង​​វិវាទ​​គ្នា​​បន្តិច​​បន្តួច​​នៅ​​​ទី​នោះ ​ត្រូវ​បាន​​ដោះស្រាយ​​ចប់​​ជា​ស្ថាពរ​​ហើយ ស្ថិត​​ក្នុង​​ស្ថាន​ភាព​​ដដែល​​ឡើង​វិញ​ នេះ​គឺ​ជា​​កិច្ច​សហប្រតិបត្តិការ​​ល្អ​​មួយ​ ​រវាង​ខេត្ត​​ចាន់​បូរី និង​​ខេត្ត​ប៉ៃលិន​​​»

ទោះ​ជា​យ៉ាង​ណា​​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​​ ខេត្ត​ប៉ៃលិន ដែល​​កំពុង​​ភៀសខ្លួន​​ នៅ​ក្រៅ​​ប្រទេស​ អ្នក​ស្រី​ វ៉ែន​ ដារ៉ា​ ថ្លែង​ថា ​ថ្វីត្បិត​តែ​​ទាហាន​​ថៃ​ យល់​​ព្រម​​រើ​រោង​​ចេញ​​ពី​​តំបន់​​ព្រំដែន​​នោះ​​ក្ដី​ ក៏​ទាហាន​​ថៃ ​អាច​​នឹង​​វិល​​ចូល​​មក​​កាន់​​កាប់​​ដី​​ នៅ​​ភូមិ​​បរ​តាំង​ស៊ូ​​នោះ​​​ជា​ថ្មី​​ទៀត​ ​ក្នុង​​ពេល​​ខាង​​មុខ​ ប្រសិន​​បើ​​រដ្ឋាភិបាល​​ខ្មែរ​ ​មិន​​​បាន​​ដោះស្រាយ​​ជា​មួយ​​ភាគី​ថៃ​ ​ឱ្យ​​បាន​​ច្បាស់​​លាស់​​នោះ៖ «ខ្ញុំ​គិត​ហើយ​​ស្រេច​ថា ​បើ​ខ្ញុំ​​ធ្វើ​​កិច្ចការ​ការងារ​​ហ្នឹង ​បើ​​គណបក្ស​​សង្គ្រោះ​ជាតិ​​ជាប់​ឆ្នោត​ ខ្ញុំ​ត្រូវ​​យក​​ប្រជាជន​​ ដាក់​​តាម​​ព្រំដែន​​ហ្នឹង​​ ធ្វើ​​សាលា​រៀន​ធ្វើ​​ថ្នល់​​ឱ្យ​​ជាប់​​ព្រំដែន​ ឈប់​​ឱ្យ​គេ​​រំកិល​​មក​​បាន​ ព្រោះ​​យើង​​ចេះ​​តែ​ដក​​ទៅ​ គេ​ចេះ​​តែ​​ចូល​​មក​​ ហើយ​​អត់​មាន​​ការ​តវ៉ា​​អីចឹង​ យើង​​ហ្នឹង​​ខាត​​រហូត​ ហើយ​​អាជ្ញាធរ​​ ថែម​​មិន​​ការពារ​​ខ្មែរ​ ​​ដែល​​ទៅ​​ការពារ​​ដី​​ហ្នឹង​ បែរ​ទៅ​​ដេញ​​គាត់​​ចេញ​​ពី​ព្រំដែន​​ ប្រទល់​ចាប់​​ដាក់​​គុក​​អីចឹង​​ទៅ​ ហ្នឹង​​កន្លង​​មក​ ជា​ពិសេស​​ដី​​​លោក​​សមាជិក​​ក្រុមប្រឹក្សា​​ខ្ញុំ​​មួយ​​ហ្នឹង​​ គឺ​​គាត់​​កាប់​​ដី​​គាត់​​ត្រឹម​​ព្រំ​​សោះ​​ ហើយ​​យក​​ដី​គាត់​​អស់​​រលីង»

ឆ្លើយតប​រឿង​នេះ​ ទេសរដ្ឋមន្ត្រី​​ទទួល​​បន្ទុក​​បេសកកម្ម​​ពិសេស​​កិច្ចការ​​ព្រំដែន​​កម្ពុជា លោក វ៉ា គីម​ហុង ប្រាប់​​អាស៊ី​សេរី​​ថា ទីតាំង​​ដែល​​ទាហាន​ថៃ​​ បោះ​​ជំរំ​ស្នាក់​​នៅ​​ទី​នោះ ពុំ​មែន​​ជា​​ការ​រំលោភ​​បំពាន​​​អធិបតេយ្យ​​របស់​​​កម្ពុជា​​ទេ​ ពី​ព្រោះ​​ជា​​តំបន់​​ដែល​​ប្រទេស​​ទាំង ២ មិន​​ទាន់​​បាន​​ដោះ​ស្រាយ​​នៅ​​ឡើយ។​ លោក​​ បន្ត​​ថា ​អាជ្ញាធរ​​កម្ពុជា​ ​​​​គ្រោង​​ជួប​​ភាគី​​ថៃ​ ពិភា​ក្សា​​គ្នា​​អំពី​​បញ្ហា​​ព្រំដែន​​​តំបន់​​នោះ​​ ពេល​​ឆាប់ៗ​​ខាង​​មុខ៖ «ចុះ​​បើ​គេ​​ដក​​ចេញ​​ហើយ​​ តើ​​ព្រួយ​បារម្ភ​​អី​ឥឡូវ​​ហ្នឹង? បើ​​គេ​​រើ​ចេញ​​ពី​កន្លែង​​បោះ​តង់​​ហ្នឹង​​អស់ហើយ​ ក៏​ប៉ុន្តែ​​តង់​​ហ្នឹង​​មិន​​មែន​​សំណង់​​អី​រឹងមាំ​​នោះ​​ទេ»

ទោះ​ជា​យ៉ាង​ណា ​សមាជិក​​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន កត់​​សំគាល់​​ថា នៅ​តំបន់​​ព្រំដែន​​កម្ពុជា​ ​និង​​ថៃ ​ត្រូវ​​បាន​​ទាហាន​​ថៃ​​ រំលោភ​​ចូល​​ក្នុង​​អធិបតេយ្យ​​កម្ពុជា​ ​ស្ទើ​​គ្រប់​​តំបន់​ ​តាម​​ក្រវាត់​​ព្រំដែន​​ប្រទេស​​ទាំង​ ២ ក៏​ប៉ុន្តែ​​អាជ្ញាធរ​​កម្ពុជា​​ តែងតែ​​បិទបាំង​​ព័ត៌មាន​​ទាំង​នេះ ហើយ​​ហាម​ឃាត់​​ពលរដ្ឋ​​មិន​​ឱ្យ​ចូល​​ទៅ​​ពិនិត្យ​​មើល​​តំបន់ ដែល​​មាន​​ភាព​​ចម្រូង​ចម្រាស​​គ្នា​​នោះ​​ឡើយ​។ ​លោក​ថា ការ​ធ្វើ​​បែប​​នេះ​ ​ធ្វើ​​ឱ្យ​​កម្ពុជា​ ​ប្រឈម​​នឹង​​ការ​បាត់​បង់​​ទឹក​ដី៕

.

Advertisements