ក្រុមវាគ្មិន​ឧត្តមគិតិនិយម និង​វាគ្មិន​ឯករាជ្យ យល់ស្រប​គ្នា​ថា «ការ​កែ​​ប្រែ​​រដ្ឋ​ធម្មនុញ្ញ មាត្រា៩០ (ថ្មី) ពី​ប្រព័ន្ធ ឬ រូបមន្ត ២/៣ (ពីរភាគបី) មក ៥០%+១ (៥០​ ​បូក​​មួយ ឬ​ភាគ​ច្រើន​​ដាច់ខាត) នាំ​ឲ្យ​​មាន​​ការ​ខុស​​ឆ្គង​​ធ្ងន់ធ្ងរ នៅ​​កម្ពុជា ខណៈ​​ដែល​​ប្រទេស​​នេះ មិន​ទាន់​​មាន​​លទ្ធិ​​ប្រធិបតេយ្យ មិន​ទាន់​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌ និង​មិន​ទាន់​ធានា​បាន​នូវ​ការអនុវត្ត​ច្បាប់​​ត្រឹមត្រូវ»។ ក្រុម​វាគ្មិន ស្តីបន្ទោសថា «បន្ទាប់​ពី​បាន​កែប្រែ​រដ្ឋធម្មនុញ្ញ មក​ត្រឹម ៥០%+១ (ឬ ៥០បូកមួយ) នេះ​ហើយ ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន រំលោភ​អំណាច​តាម​ទំនើង​ចិត្ត ដោយ​រាប់​បញ្ចូល​ទាំង​ការចាប់ខ្លួន​មេដឹកនាំ​បក្សប្រឆាំង លោក កឹម សុខា ដាក់​ពន្ធនាគារ ខែកញ្ញា ២០១៧ និង​រំលោយចោល​ នូវ​គណបក្ស​សង្គ្រោះ​ជាតិ ខែវិច្ឆិកា ២០១៧»

ការលើកឡើង​ខាងលើនេះ គឺជា​ទស្សនៈ​របស់​វាគ្មិន នៅ​ក្នុង​កម្មវិធី​​ពិភាក្សា​​ជជែក​​ដេញ​​ដោល ​«Idea​Talk» នៃ​សារព័ត៌មាន​​​ឌី​​ខេមបូឌា ដេលិ (The Cambodia Daily) សឹង​ពេញ​​មួយ​​សប្តាហ៍ ក្នុង​សប្តាហ៍​នេះ (ថ្ងៃទី ១៨-២១ ឧសភា ២០២០) ដែល​បាន​លើក​ប្រធានបទ​​ផ្សេងៗ ជុំវិញ​ការផ្តល់​គំនិត​យោបល់ ដើម្បី​ចូលរួម​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ នៅ​កម្ពុជា​សព្វថ្ងៃ។ កម្មវិធីនេះ ត្រូវ​បាន​គេដឹង​ថា លោក តាំង សារ៉ាដា និង​លោក ហាស់ សាន ជា​អ្នក​សម្រប​សម្រួល និង​អញ្ជើញ​​ក្រុម​វាគ្មិន ដែល​មាន​ទស្សនៈ​ឯករាជ្យ និង​អ្នកគាំទ្រ​បក្ស​នយោបាយ ឬ​មន្រ្តីបក្ស​នយោបាយ ឲ្យ​ចូល​មក​បង្ហាញ​ទស្សនៈ​​​រៀងៗ​​ខ្លួន។

លោក ប៉ាង សុខឿន អតីត​ប្រធាន​ចលនានិស្សិត​ដើម្បីលទ្ធិប្រជាធិបតេយ្យ {រស់​នៅ​​​ប្រទេស​ ស៊ុយអែត} បាន​និយាយ​​ជំនួស លោក សម រង្ស៊ី កាល​ពីថ្ងៃទី ១៩ ឧសភា អំពី​ដំណោះ​ស្រាយ​នយោបាយ តាម​​រូបមន្ត ​៥០%+១ ថា «រឿងនេះ យើង​ងាយ​យល់​ណាស់ គឺថា​ឲ្យ​យើង​មាន​លទ្ធភាព​ឈ្នះ ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី កុំឲ្យ​រញេរញាយ​ដូច​ឆ្នាំ​ ២០០៣ {ជាប់គាំង​នយោបាយជិត ១ឆ្នាំ ក្រោយ​ការបោះ​ឆ្នោត​ជាតិ} ដែល​នាំ​ឲ្យ​មាន​រដ្ឋធម្មនុញ្ញ​​បន្ថែម និង​ការគំរាម​កំហែង​សព្វ​បែប​យ៉ាង»។ លោក សុខឿន បន្ត​ថា «គោល​ការណ៍ {៥០%+១} នេះ មិន​មាន​អ្វី​ខុស​លទ្ធិប្រជាធិបេយ្យ​ទេ។ លោក គឹម សុខ {រស់​នៅ​​ហ្វាំងឡង់} ដឹង​រួច​ហើយ​ថា នៅ​សហគមន៍​អឺរ៉ុប ដូចជា​ ហ្វាំងឡង់ ស៊ុយអែត ន័រវេស៍ ដាណឺម៉ាក គេប្រកាន់​យក​គោលការណ៍​នេះ»។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក បា៉ង សុខឿន

ឆ្លើយតប​ក្នុង​កិច្ចពិភាក្សានេះ លោក គឹម សុខ អ្នក​វិភាគ​នយោបាយ បាន​​និយាយ​​ថា «នៅ​​អឺរ៉ុប​នេះ គេធ្វើ​បាន ដោយ​សារ​គេ​មាន​ប្រព័ន្ធ​ច្បាប់​រឹងមាំ និង​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​​ពេញលេញ»។ លោក​សួរថា «តើ​ប្រទេស​កម្ពុជា មាន​លទ្ធិប្រជាធិបតេយ្យ​ហើយ​ឬ​នៅ?»។ លោកបញ្ជាក់ថា «កម្ពុជា គ្មាន​​លទ្ធិ​ប្រជា​ធិបតេយ្យ​ទេ។ ចុះ​រឿងអី​ទៅ​ផ្តល់​អំណាច​ជូន​លោក ហ៊ុន សែន ១០០% តាម​រយៈ​ការកែប្រែ​រដ្ឋធម្មនុញ្ញ ពី ២ភាគ៣ មក ៥ ០%+១ ហ្នឹង?»។ លោក បន្ថែមថា «ក្រោយ​កា​រកែប្រែ​រដ្ឋធម្មនុញ្ញ​រួច​ហើយ​នោះ លោក ហ៊ុន សែន ធ្វើ​អ្វីៗ​ទៅ​តាម​ទំនើងចិត្ត មិន​ញញើត​អ្នកណា​ទាំងអស់។ {ឧទាហរណ៍} យើង​​ឃើញព្រៃ​ឈើ ក៏ត្រូវ​បាន​បំផ្លាញ​ទ្វេដង និង​បើក​ចំហ តាម​រយៈ​ដីសម្បទាន​សេដ្ឋកិច្ច។ ករណី​ទំនាស់​ដីធ្លី បាន​កើន​ឡើងនៅ​ទូទាំង​ប្រទេស។ សិទ្ធិ​ធ្វើបាតុកម្ម​តវ៉ា​ដោយ​សន្តិវិធី​នានា ក៏ធ្វើ​មិន​បាន​​ដូច​ពេល​មុន។ បក្សប្រឆាំង ធ្វើ​បាតុកម្ម​​ទ្រង់ទ្រាយ​ធំចុង​ក្រោយ បាន​តែ​ក្នុង​ឆ្នាំ​ ២០១៣ ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​មក​ទៀត គឺត្រូវ​បាន​បិទខ្ទប់​ទាំង​ស្រុង។ ហើយ​លោក កឹម សុខា មេដឹកនាំ​បក្សប្រឆាំង ក៏ត្រូវ​បាន​លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់ដាក់​ពន្ធនាគារ រួច​រំលោយ​បក្សប្រឆាំង​ចោល​ថែម​ទៀត»

លោក គឹម សុខ ផ្តល់​យោបល់ថា បើ​យើង​​​ចង់​ប្តូររូបមន្ត​ក្នុង​ការ​បង្កើត​​រដ្ឋាភិបាល ក្បាល​ម៉ាស៊ីន​​រដ្ឋសភា ព្រឹទ្ធសភា តាម​ប្រព័ន្ធ ៥០%+១ យ៉ាងហោច​ណាស់​​​ត្រូវ​​មាន​​លក្ខខណ្ឌ​​បំពេញ​​​គ្នា ចំនួន ៤ យ៉ាង​តិច។ លោកសង្កត់​ធ្ងន់ថា «ទី១. ត្រូវ​មាន គ.ជ.ប. (គណៈ​​កម្មា​ធិការ​​​ជាតិ​​រៀបចំ​​ការ​បោះ​ឆ្នោត) ឯករាជ្យ។ ទី២. កង​កម្លាំង​ប្រដាប់​អាវុធ ឯករាជ្យ។ ទី៣ គឺ​​តុលាការ ឯករាជ្យ។ ទី៤. ក្រុម​ប្រឹក្សា​រដ្ឋធម្មនុញ្ញ ដែល​​ជា​ស្ថាប័ន​​បកស្រាយ​​ច្បាប់ ត្រូវ​​​ឯករាជ្យ»។ លោក គឹម សុខ បញ្ជាក់​បន្ថែម​ថា «កម្ពុជា ធ្វើ​​មិន​ទាន់​បាន​​នូវ​​លក្ខខណ្ឌ​​ទាំង ៤ នេះ​ទេ»

ចំណែក​លោក មាជ សុវណ្ណារ៉ា អតីត​មន្រ្តីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ និង​​ជា​​​អតីត​អ្នក​​ទោស​​​មនសិការ ​មាន​​ទស្សនៈ​​​ស្រប​​គ្នា​ ​ជាមួយ​លោក គឹម សុខ ដែរ ដោយ​​​បាន​​​​ថ្លែង​​ប្រាប់​​លោក ហាស់ សាន នៃ​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី ២១ ឧសភា ថា «ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​​របស់ខ្ញុំ ខ្ញុំ​ចង់​​រក្សា​​ទុក​​ប្រព័ន្ធ ២/៣ (ពីរ​​ភាគ​​បី) ដើម្បី​​ឲ្យ​​មាន​​គណបក្ស​​ច្រើន {បក្ស​​ជាប់​ឆ្នោត} ចូល​រួម​​ធ្វើការ​​ជាមួយគ្នា បង្កើត​​រដ្ឋាភិបាល​​រួម​​គ្នា»។ លោក បន្ថែម​​ថា «ក្រោយ​​ពី​​លោក សម រង្ស៊ី ចូល​រួម​​​ជាមួយ​​​លោក​​​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ប្តូរ​​រូបមន្ត​​​នេះ មក ៥០%+១ គឺ​​បាន​​ធ្វើឲ្យ​​លោក ហ៊ុន សែន ជិះសេះ​​លែង​ដៃ {ធ្វើ​អ្វី​​​តាម​​អំពើ​ចិត្ត}។ ហើយ​​ការប្តូរ​​រូបមន្ត​​នេះ ជា​ការបំបែក​ឆ្នាំង​​បាយ​​របស់​​ពលរដ្ឋ {រឹតត្បិត​​សេរីភាព​​អ្នកគាំទ្រ និង​​​នាំ​​ឲ្យ​​ពលរដ្ឋ​​​ជួប​​ទ្វេ​គ្រោះ​»។

បុព្វហេតុ​​ក្នុង​​ការប្រែ​រដ្ឋធម្មនុញ្ញ ពី​រូបមន្ត ២​ភាគ​៣ (២/៣) មក ៥០%+១

(អត្ថបទដោយ CWCI Cambodia)

នៅ​ក្នុងសារ​វីដេអូខ្លី​មួយ ធ្វើឡើង​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ​​បាន​​ផ្សាយ​​ឡើង​វិញ​​​លើ​បណ្តាញ​​សង្គម នៅ​ថ្ងៃទី ២១ ឧសភា ២០២០ នេះ លោក ម៉ែន ណាត ប្រធាន​ក្រុម​ប្រឹក្សា​​ឃ្លាំ​មើល​​​កម្ពុជា បាន​​​រំលឹក​​​អំពី​​មូលហេតុ ២ ចំណុច ដែល​​​នាំ​ឲ្យ​​លោក សម រង្ស៊ី ចូល​រួម​​ជាមួយ​លោក ហ៊ុន សែន ក្នុង​​​ការ​​កែប្រែ​​​រដ្ឋ​ធម្មនុញ្ញ ពី ២ភាគ៣ (២/៣) មក ៥០%​+​១ នៅ​​ដើម​​ឆ្នាំ​ ២០០៦ ដែល​​កាល​នោះ​ លោក សម រង្ស៊ី នៅ​​​ជា​ប្រធាន​​​គណបក្ស​​​សម​-​រង្ស៊ី មាន​​​​អាសនៈ ២៤ ក្នុង​​ចំណោម​អាសនៈ​សរុប ១២៣ ក្នុង​​រដ្ឋសភាជាតិ ជាបក្ស​ប្រឆាំង (អាណត្តិ​ទី៣ ឆ្នាំ​​២០០៣-២០០៨)។ ចំណែក​ ​បក្ស​ហ្វ៊ុនស៊ិនប៉ិច របស់​​សម្តេច​ក្រុមព្រះ នរោត្តម រណប្ញទ្ធិ មាន​​អាសនៈ ២៦ ក្នុង​​រដ្ឋសភា បាន​​​ចូលរួម​​ធ្វើ​​រដ្ឋាភិបាល​ចម្រុះ ជាមួយ​​​បក្ស​ប្រជាជន​​​កម្ពុជា ​របស់​​​លោក ហ៊ុ​ន សែន ដែល​មាន ៧៣ អាសនៈ។

តាមរូបន្ត ២ភាគ៣ (២/៣) ក្នុង​អាណត្តិទី៣ កាល​​នោះ​​​សម្តេច​​ក្រុម​ព្រះ នរោត្តម រណប្ញទ្ធិ ត្រូវ​​​​បាន​​​តែង​​តាំង​​​ជា​ប្រធាន​​​រដ្ឋសភា ហើយ​​​​លោក ហ៊ុន សែន ធ្វើ​​ជា​​នាយក​រដ្ឋមន្រ្តី។ ក្រសួង និង​ស្ថាប័ន​​នយោបាយ​​នានា​​​​របស់​​រដ្ឋាភិបាល ត្រូវ​​បាន​​​ចែក​​គ្នា​ដឹក​នាំ តាម​​គោលការណ៍​​នៃ​​កិច្ចព្រមព្រៀង រវាង​​គណបក្ស​​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច នៅ​គ្រានោះ។

លោក ម៉ែន ណាត បាន​​ថ្លែង​​​បញ្ជាក់​​ក្នុង​​​វីដេ​អូ​​​​​ថា «​ជា​ថ្នូរ​​​ក្នុង​​​ការ​​​ធ្វើ​​មាតុភូមិ​​និវត្តិន៍» ​លោក សម រង្ស៊ី បាន​យល់ព្រម​​ជាមួយ​លោក ហ៊ុន សែន ចំនួន ចំណុច៖ «ទី១. រំសាយ​ពាក្យ​​បណ្តឹង ឬ​ដក​ពាក្យ​បណ្តឹង​ពី​តុលាការ​ នៅ​ទី​ក្រុង​ញូវយក សហរដ្ឋ​អាមេរិក ដែល​​លោក រ៉ន អាប់នី (Ron Abney) អតីត​ប្រធាន​​អង្គការ IRI របស់​អាមេរិក​នៅ​​កម្ពុជា និង​​​លោក សម រង្ស៊ី បាន​ប្តឹងលោក ហ៊ុន សែន និង​ជនពាក់ព័ន្ធ អំពី​ករណី​​គប់គ្រាប់បែកដៃ ចូល​ក្នុង​ហ្វូងបាតុករ នៅ​ថ្ងៃទី ៣០ មីនា ១៩៩៧ ខាង​មុខ​រដ្ឋសភា​​ជាតិ {បណ្តាលឲ្យបាតុករ ១៦ នាក់ស្លាប់ និង​ជាង ១០០ នាក់​រងរបួស}។ ទី២. យល់​ព្រម​ចូល​រួម​កែប្រែ​រដ្ឋធម្មនុញ្ញពី ២ភាគ៣ មក ៥០%+១ (រដ្ឋធម្មនុញ្ញ មាត្រា៩០ ថ្មី)»

លោក សម រង្ស៊ី បាន​វិលត្រឡប់​​ពី​ការ​ភៀសខ្លួន​នៅ​ប្រទេស​បារាំង មក​​​កាន់​​​​កម្ពុជា​វិញ កាល​​ពី​​​ថ្ងៃទី ១០ កុម្ភៈ ២០០៦ តាម​​ព្រះរាជក្រឹត្យ​​លើក​លែង​​​ទោស​​​ពី​​​ព្រះមហាក្សត្រ នរោត្តម សីហមុនី ក្នុង​​ថ្ងៃទី ០៥ ខែកុម្ភៈ​ដដែល បន្ទាប់​​ពី​លោក បាន​​សរសេរ​​លិខិត​សុំទោស​ ទៅ​​​កាន់​​​​លោក ហ៊ុន សែន

នៅថ្ងៃទី​ ១២ កុម្ភៈ ២០០៦ លោក សម រង្ស៊ី បាន​ជួប​​ប្រជុំ​​ដោយ​ឡែក​​​ជាមួយ​​​លោក ហ៊ុន សែន រយៈ​ពេល ៣ ម៉ោង ជុំវិញ​យន្តការ​ប្រែរដ្ឋធម្មនុញ្ញ​ ពី ២ភាគ៣ (២/៣) មក ៥០%​+​១។ លុះ​នៅថ្ងៃទី ១៥ មីនា ២០០៦ រដ្ឋសភា​ជាតិ បាន​អនុម័ត​កែប្រែរូបមន្ត ពី ២ភាគ៣ មក ៥០%+១ (រដ្ឋធម្មនុញ្ញ មាត្រា៩០ ថ្មី) នេះ​ជា​ផ្លូវការ ដែល​​​​មាន​​​សម្លេង​​អនុម័ត ១០១ សម្លេង ក្នុង​​ចំណោម​សមាជិក​​សភា​ស​រុប ១២៣។

នៅ​ក្នុងភាពចម្រូងចម្រាស​នៃ​ការកែប្រែ​រដ្ឋធម្មនុញ្ញ ទៅ​លើ​រូបមន្ត​បង្កើត​រដ្ឋា​ភិបាល​ថ្មី នេះ​ហើយ ធ្វើ​ឲ្យ​សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ប្រកាស​លាលែង​ពី​ប្រធាន​រដ្ឋសភា នៅថ្ងៃទី ៣ ខែ​មីនា ឆ្នាំ​២០០៦ គឺ​រយៈពេល​ជាង​មួយ​សប្តាហ៍ មុនពេល​ដែល​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​អនុម័ត​កែប្រែ។

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុង​វេទិកា​​ចែក​​សញ្ញាបត្រ​​ដល់​​ក្រុម​និស្សិត​ នៅ​​​សាកល​​​វិទ្យាល័យ​​​​ភូមិន្ទ​​ភ្នំពេញ កាល​​​ពីថ្ងៃទី ៣ មិថុនា ២០១៩ ​និយាយ​​ចំអក​​​ថា «​លោក សម រង្ស៊ី ​ជា​ម​នុស្ស​​ដែល​​ស្រួល​​ប្រើ»​។ លោក បាន​​រំលឹក​​​យ៉ាង​ខ្លី​ថា លោក​ជាអ្នក​បបួល ​​លោក សម រង្សី ឲ្យ​ចូល​រួម​កែ​រដ្ឋធម្មនុញ្ញ​ពី​ ២​ភាគ​៣ មក ​៥០​បូក​១ កាល​ពី​ឆ្នាំ​​​២០០៦។

ការចង់ចាញ់​ចង់​ឈ្នះ​គ្នា​​រវាង​លោក សម រង្ស៊ី និងលោក ហ៊ុន ហែន លើ​ទស្សនៈ​បុគ្គល

នៅខែធ្នូ ឆ្នាំ២០០៩ លោក សម រង្ស៊ី បានភៀសខ្លួនដោយ​ខ្លួន​ឯង​ម្តង​ទៀត ទៅ​កាន់​ប្រទេស​​​បារាំង ក្រោយ​ពី​រដ្ឋាភិបាល​​លោក ហ៊ុន សែន ចោទ​ប្រកាន់​​ពី​បទ «ដក​បង្គោល​តម្រុយ​​​​ព្រំដែន នៅ​ខេត្ត​ស្វាយរៀង ធ្វើឲ្យ​ប៉ះពាល់​​ដល់​ទំនាក់​ទំនង​​ រវាង​កម្ពុជា និង​វៀត​ណាម» រហូត​ដល់ថ្ងៃទី ១៩ កក្កដា ២០១៣ ទើបបានវិលត្រឡប់ចូល​កម្ពុជា​វិញ ក្រោយ​​ការមានសារសុំទោស លោក ហ៊ុន សែន ជាថ្មី និង​ក្រោម​ហេតុផល​សម្រប​សម្រួល​នយោបាយ។

តាំពីថ្ងៃទី ១៦​ តុលា ២០១៥ លោក សម រង្ស៊ី ក្នុង​ពេល​ជួប​ជាមួយ​​ពលករ​​ខ្មែរ នៅ​ប្រទេស​​កូរ៉េ​ខាង​ត្បូង លោក​​បាន​​ប្តេជ្ញា​ច្បាស់លាស់​ថា ត្រូវ​វិល​ត្រឡប់​មក​​កម្ពុជា តតាំង​ជាមួយ​​លោក ហ៊ុន សែន ដោយ​ផ្ទាល់ បើ​ទោះ​​ជារដ្ឋាភិបាល​ ហ៊ុន សែន ប្តឹង​ប្តល់​​យ៉ាង​​ណា​ក៏​ដោយ។ ប៉ុន្តែ​នៅប៉ុន្មាន​ម៉ោង​ក្រោយមក លោក បាន​​​ប្តូរជំហរ ដោយ​​សុខចិត្ត​ភៀស​​ខ្លួន​​​ទៅ​ប្រទេស​​​បារាំង ជាប្រទេស​​ដែល​លោក​ បាន​ធំដឹងក្តី រហូត​មក​ដល់​​ពេល​បច្ចុប្បន្ន​​នេះ។

គួររំលឹកថានៅ​ចុង​ខែ​តុលា ២០១៥ លោក សម រង្ស៊ី បាន​ប្រកាស​សុំទោស​​លោក ហ៊ុន សែន ជា​ថ្មីម្តង​ទៀត ក្រោមហេតុផល​ «ជួស​ជុល​វប្បធម៌​សន្ទនា» ប៉ុន្តែលោក ហ៊ុន សែន បាន​បដិសេធ។

សម្រាប់យុទ្ធនាការ​មាតុភូមិនិវត្តន៍ នៅ​ថ្ងៃទី ០៩ វិច្ឆិកា ២០១៩ លោក សម រង្ស៊ី បាន​ប្រកាស​​ដឹកនាំ​ចលនា​​ផ្តួល​រំលំរដ្ឋាភិបាល លោក ហ៊ុន សែន ដោយ​​ហៅ​​ខ្លួន​​ឯង​​​​​ជា​ប្រធាន​ស្តីទី នៃ​​​គណបក្ស​​សង្គ្រោះជាតិ ខណៈ​ដែល​​លោក បាន​លាលែង​​ពី​ប្រធាន​គណបក្ស​​នេះ តាំង​​ដើម​​ឆ្នាំ ២០១៦ មកម្ល៉េះ។ ប៉ុន្តែ​សេចក្តី​ប្រកាស​នោះ ​បាន​​ទទួល​បរាជ័យ​​ទាំងស្រុង ខណៈ​ដែលលោក សម រង្ស៊ី ខ្លួនឯង គ្មាន​ការប្តេជ្ញាចិត្តច្បាស់លាស់ និង​​គ្មាន​យុទ្ធសាស្ត្រជាក់លាក់ នៅក្នុង​ការ​ធ្វើ​មាតុភូមិ​​និវត្តន៍​​របស់​​ខ្លួន។

កាលពីថ្ងៃទី ២៥ កញ្ញា ២០១៩ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយ​ការណ៍​ពិសេស​នៃ អ.ស.ប. (អង្គការ​សហប្រជាតិ) បាន​​​ថ្លែង​នៅ​​ក្នុង​សន្និសីទ​​នៃ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​​អង្គការ​សហប្រជាជាតិ​ លើក​ទី​​៤២ នៅ​ទីក្រុង​ហ្សឺណែវ យ៉ាង​ដូច្នេះថា «លោក សម រង្ស៊ី ដែល​កំពុង​រស់នៅនិរទេស​ខ្លួន ចាប់​​ពី​​ឆ្នាំ​​២០១៥ បាន​បន្ត​ប្រើ​វោហា​សាស្ត្រ ប្រទូស​សារាយ​ប្រឆាំង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​អ្នកដទៃ រាប់​បញ្ចូលទាំង​ការ​​អំពាវនាវ​​ឱ្យពលរដ្ឋ​កម្ពុជា ផ្តួលរំលំ​​រដ្ឋាភិបាល​​ផង ដែល​​ទាំងនេះ ខ្ញុំប្រាកដ​ជា​​មិន​​​គាំទ្រ​​ដាច់​ខាត»

ការវិវត្តន៍​ថ្មី​រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា

គណបក្សសង្គ្រោះជាតិ សព្វថ្ងៃ​មានលោក កឹម សុខា ជាប្រធាន បើ​ទោះបី​លោក មិន​ទាន់​​​បាន​​​ទទួល​​សិទ្ធិ​​ធ្វើ​នយោបាយ​ឡើងវិញ ក្រោម​ច្បាប់​ហាមប្រាម​​ដ៏​អយុត្តិធម៌ ចាប់​តាំង​​​ពី​​គណបក្សនេះ ត្រូវ​បាន​រំលាយកាល​ពីខែ​វិច្ឆិកា ២០១៧។ ទោះជាយ៉ាងណាក្តី លោក កឹម សុខា ត្រូវ​បាន​ក្រុមអ្នកការទូត ពី​បណ្តា​ប្រទេសប្រជាធិតេយ្យ ទៅ​ជួប​សំណេះ​​សំណាល​​ញឹកញាប់ នៅ​គេហដ្ឋាន​របស់​លោក ក្នុងទីក្រុង​ភ្នំពេញ ដើម្បី​​ជា​ការ​លើក​​​ទឹក​ចិត្ត​ផង និងសរសើរ​ចំពោះ​ការ​តស៊ូអ​ត់ធ្មត់​ដោយ​សន្តិវិធី​​ផង។

ដំណើរ​រឿង​នេះ ត្រូវ​បាន​​​​ក្រុម​​អ្នកនយោបាយខ្មែរ មើល​​​ឃើញ​​ថា «ជា​​ជំហាន​​វិជ្ជមាន ទៅ​​កាន់​​​វិថី​​ដោះ​ស្រាយ​​វិបត្តិ​​នយោបាយ» បន្ទាប់​​ពី​លោក កឹម សុខា បាន​​​​ជួប​​​សំណេះ​សំណាល​​ប្រមាណ ៥០ នាទី ជាមួយ​លោក ហ៊ុន សែន នៅ​ក្នុង​ពិធីបុណ្យ​សព​ម្តាយ​របស់​លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន កាលពីថ្ងៃទី ០៥ ឧសភា៕

(អត្ថបទ CWCI Cambodia /22-5-2020)