លោក អ៊ាប គឹមសេង ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជីជាតិ​ថា អ៊ាប សេង គឺជា​សមាជិក​ស្ថាបនិក នៃ​អតីត​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបេយ្យ ចេញ​ពី​វត្តនាគវ័ន ជាអ្នក​តស៊ូ​ដ៏​អង់​អាច​ក្លាហាន ក្នុង​ចំណោម​មេដឹកនាំ​ក្រុម​និស្សិត នៅ​ខែ​កញ្ញា ឆ្នាំ ១៩៩៨ ដឹកនាំ​មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​ការបោះ​ឆ្នោត​ជាតិ និងទាមទារ​ទម្លាក់​លោក ហ៊ុន សែន ពី​បេក្ខភាព​នាយក​រដ្ឋមន្រ្តី។

នៅក្នុង​ចលនាម​ហាបាតុកម្ម​របស់​ក្រុមនិស្សិត និង​​ព្រះសង្ឃ ប្រមូល​ផ្តុំគ្នា​នៅ​ខាង​មុខ​ព្រះបរម​រាជវាំង ​ភ្នំពេញ ដែល​ផ្ទុះ​ឡើង​នៅ​ព្រឹក​ថ្ងៃទី ០២ កញ្ញា ១៩៩៨ លោក អ៊ាប សេង គឺ​ជា​អ្នក​ឃោសនិក​ នៅលើ​ក្បាល​ឡាន ជួរ​មុ​ខ​ជាមួយ​លោក សារ៉ូ ស៊ីវត្ថា (សារ៉ូ សុវិជ័យ), លោក អ៊ុំ សំអាន និង​សមាជិក​ស្ថាបនិក​មួយ​ចំនួន​ទៀត។

ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៨ កញ្ញា ១៩៩៨ ក្រុម​ចលនា​និស្សិត​នេះ បាន​ដឹកនាំ​បាតុករ​ប្រមាណ ១​ម៉ឺន​នាក់ ​នៅ​ថ្ងៃ​ដំបូង រួច​កើន​ឡើង​ដល់​ជាង ១០ ម៉ឺននាក់​នៅ​ថ្ងៃ​បន្ត​បន្ទាប់ បាន​ដង្ហែ​រ​ក្បួន​បាតុកម្ម ទៅ​កាន់ក្រសួង​សំខាន់ៗ ដូចជា​ក្រសួង​ព័ត៌មាន ទីស្តីការ​គណៈរដ្ឋមន្រ្តី ក្រសួង​ការបរទេស និង​ដង្ហែរ​ទៅ​កាន់ស្ថានទូត​នានា ដូចជា​ស្ថានទូត​សហរដ្ឋអាមេរិក អង់គ្លេស សភាពអឺរ៉ុប ទូតចិន ទូតវៀតណាម ទូតថៃ និង​ទូតរ៉ុស្សី ទូតបារាំង និង​ទូត​ឥណ្ឌូនេស៊ី {ដែល​ជា​សហប្រធាននៃ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១}។

មហាបាតុកម្មនេះ ត្រូវបាន​បង្ក្រាប​ពីអាជ្ញាធរ​រដ្ឋាភិបាល​ចាំផ្ទះ​របស់​លោក ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី ០៨ កញ្ញា ១៩៩៨ គឺ​បង្ក្រាប​ទាំង​ក្រុម​និស្សិត ព្រះសង្ស និង​ក្រុមគណបក្ស​សម្ព័ន្ធភាព​នយោបាយ ដែលបោះ​តង់ នៅ​ខាង​មុខ​រដ្ឋសភា ខាង​ត្បូង​ព្រះបរមរាជវាំង បណ្តាល​ឲ្យ​ក្រុម​បាតុករ ស្លាប់ របួស និង​បាត់ខ្លួន​ជាច្រើន។ សម្រាប់​របាយការណ៍​ស្រាវជ្រាវ​របស់ ​ចលនាស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ដែល​បាន​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ ឆ្នាំ​២០០២ តាក់តែងដោយ លោក ម៉ែន ណាត ជាសមាជិក​ស្ថាបនិក​នៃ​ចលនានិស្សិត​ដែរ​នោះ បាន​បញ្ជាក់​ថា «បាតុករ​ចំនួន ៣២ នាក់ បាន​បាត់បង់​ជីវិត​ក្នុង​​ពេល​​អាជ្ញាធរ ​បង្ក្រាប​បាតុកម្ម ចន្លោះពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៦ កញ្ញា ហើយ ១១៤ នាក់ផ្សេងទៀត បាន​រងរបួសធ្ងន់ និង​​បាត់ខ្លួន»

គួរបញ្ជាក់ថា បរិបទ​ដែល​នាំ​ឲ្យមាន​ចលនា​មហាបាតុកម្ម​នោះ បាន​កើត​ឡើង​ដោយសារ​ការ​បោះ​ឆ្នោត​ជាតិ នៅ​អាណត្តិទី២ (១៩៩៨-២០០៣) មិន​យុត្តិធម៌ មិន​ស្មើភាព តាម​រយៈការលួច​បន្លំ​សន្លឹក​ឆ្នោត និង​ក្រោម​បរិយាស​គំរាម​កំហែង ពីសំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្រោយ​​រដ្ឋប្រហារ ឆ្នាំ​១៩៩៧។ បក្សហ៊ុនស៊ិនប៉ិច (មាន ៤៣ អាសនៈ ក្នុង​ចំណោម​អាសនៈ​សរុប ១២២ ក្នុង​រដ្ឋសភា) ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ, គណបក្ស​សមរង្ស៊ី (អតីត​គណបក្សជាតិខ្មែរ) (ទទួល​បាន ១៥ អាសនៈ) ដឹកនាំ​ដោយលោក សម រង្ស៊ី, គណបក្ស​លោកតា ស៊ឺនសាន (ទទួល​បាន​សូន្យ​អាសនៈ) និងគណបក្សមួយចំនួនទៀត បាន​​ចង​សម័ន្ធភាព ប្រឆាំង​លទ្ធផលការបោះឆ្នោត ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន (ទទួលបាន ៦៤ អាសនៈ​ក្នុងរដ្ឋសភា)

កាលនោះ​ ក្រុមមេដឹកនាំ​ចលនា​និស្សិត ក៏មាន​សមាសភាព​ចម្រុះ ចេញ​ពី​ចំណោម​យុវជន​គណ​បក្ស​​មួយ​ចំនួន ដែល​តវ៉ា​ប្រឆាំង​លទ្ធផល​ការបោះឆ្នោត​ដែរ ជាពិសេស​បក្សហ្វ៊ុនស៊ិនប៉ិច និង​បក្សសម រង្ស៊ី។ លុះដល់ថ្ងៃទី ១៦ ខែកញ្ញា ១៩៩៨ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ បាន​ប្រកាស​ឲ្យក្រុម​ចលនា​និស្សិត ព្រះសង្ឃ បញ្ឈប់​ការធ្វើបាតុកម្ម ដោយ​ទុកលទ្ធភាព​ឲ្យព្រះអង្គ និង​លោក សម រង្ស៊ី ចូល​រួម​តុចរចា​ជាមួយ​លោក ហ៊ុន សែន។ នៅទីបំផុត សម្តេចក្រុមព្រះ យល់ព្រម​ចូលរួម​បង្កើត​រដ្ឋាភិបាលចម្រុះ ជាមួយ​លោក ហ៊ុន សែន ហើយ​គណបក្សសម រង្ស៊ី ក្លាយជាបក្សប្រឆាំង នៅក្នុងរដ្ឋសភា ក្រោយ​ការចូល​រួម​កិច្ចប្រជុំ​​ដំបូងរបស់​រដ្ឋសភា នៅថ្ងៃទី ២៤ កញ្ញា ឆ្នាំ១៩៩៨ ដដែល​នោះ ស្រប​​តាម​​រដ្ឋធម្មនុញ្ញ និង​ក្រោមការ​សម្រប​សម្រួល​ពី​ព្រះមហាក្សត្រ នរោត្តម សីហនុ។

លោក អ៊ាប សេង បាន​ភៀសខ្លួនភ្លាមៗ ទៅកាន់​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ប៉ុន្មានថ្ងៃ ក្រោយ​ពេលអាជ្ញាធរ​រដ្ឋាភិបាល លោក ហ៊ុន សែន បង្ក្រាប​បាតុកម្ម ថ្ងៃទី ០៨ កញ្ញា រួច​មក​នោះ។ នៅទីក្រុង​បាងកក លោក​ សេង បាន​ទទួល​ការជ្រោម​ជ្រែង​ពី អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR) ក្នុង​ចំណោម​ជនភៀសខ្លួន​ជាច្រើន​ទៀត ដែល​ក្នុងនោះ​ក៏មាន លោក សារ៉ូ ស៊ីវត្ថា (មេដឹកនាំ​ចលនា​និស្សិត​​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ) និង លោក ញ៉យ ចំរើន ផងដែរ {លោក ញ៉យ ចំរើន អតីត​ក្រុមការងារ​ដឹកនាំ នៃ​ចលនា​និស្សិតនេះ ហើយ​ក្រោយ​មក​​បាន​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក។ លោក បាន​​ក្លាយ​​ជាតំណាង​រាស្ត្រ​នៃ គណបក្សសង្គ្រោះជាតិ អាណត្តិ៥ ឆ្នាំ២០១៣-២០១៨)។ ចំណែក លោក ស៊ារ៉ូ ស៊ីវត្ថា បាន​វិល​មក​ដឹកនាំ​ចលនានិស្សិត នៅ​ទីក្រុងភ្នំពេញវិញ នៅ​ពាក់កណ្តាលខែ មករា ឆ្នាំ ១៩៩៩ ជា​ការឆ្លើយ​តបតាម​សំបុត្រ​របស់​សមាជិក​ស្ថាបនិក នៃចលនា​និស្សិតនេះ គឺ​លោក អ៊ុំ សំអាន, លោក ឃុន រ៉ន, លោក ធឹម ស៊ា, លោក ម៉ែន ណាត និងលោក ស៊ុត ខុន​ (សាច់ញាតិ​ឆ្ងាយ) នៅវត្តនាគវ័ន ចំណុះកុដិលេខ២ ជាមួយ​គ្នា។ សព្វថ្ងៃលោក ឃុន រ៉ន ជាមន្រ្តីរាជការរដ្ឋសភា, លោក ធឹម ស៊ា ជាមន្រ្តីរាជការរដ្ឋសភា និងលោក ស៊ុត ខុន ជា​អភិបាល​ស្រុក​គីរីវង់ ខេត្តតាកែវ។

លោក អា៊ប សេង បាន​ទទួលសិទ្ធិជា​ជនភៀសខ្លួន​នយោបាយ ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក តាំងពី​ឆ្នាំ ២០០០ មក​ទល់សព្វថ្ងៃ។ នៅសហរដ្ឋអាមេរិក លោក​បាន​ចូលរួម​ជាមួយ​ជួយកិច្ចការមួយចំនួន នៅ​ក្នុង គណបក្សសង្គ្រោះជាតិ នៅ​អាមេរិក និង​ក្រុមការងារកិច្ចការព្រំដែនកម្ពុជា នៅ​អឺរ៉ុប។

ប្រវត្តិ​ការសិក្សា

ឯកសារ​ប្រវត្តិរូបតម្កល់នៅ​ក្នុង​ចលនានិស្សិត​ដើម្បីលទ្ធិប្រជាធិបតេយ្យ នា​ឆ្នាំ​១៩៩៩ បាន​ឲ្យដឹង​ថា លោក អាប សេង កើត​នៅថ្ងៃទី ១២ កុម្ភៈ ១៩៧៤ (តែក្នុង​បញ្ជីជាតិ ថ្ងៃទី​ ១២ កុម្ភៈ ១៩៧៧)។ លោក​បាន​ធំ​ដឹង​ក្តីនៅ​ក្នុង​គ្រួសារ​អ្នកលក់ដូរ នៅ​ផ្សារ​ព្រៃល្វា ក្នុង​ភូមិ/ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ លោក មានបងប្អូន ៧ នាក់ ក្នុង​គ្រួសារ​ជាប់​ខ្សែចិន។

លោក អ៊ាប សេង សព្វថ្ងៃ​រស់នៅ​សហរដ្ឋអាមេរិក មាន​កូន​ ៣ នាក់ (កូនស្រី ១)។ ភរិយា​របស់​លោកគឺ អ្នកស្រី នេត ឧសភា អតីត​ជាជនភៀសខ្លួន​ដូចលោក​ដែរ។ អ្នកទាំងពីរ ធ្លាប់​មាន​ប្រវត្តិ​កំសត់​កម្រ​ជាមួយ​គ្នា តាំង​ពី​នៅ​រៀន​ក្នុង​ទីក្រុងភ្នំពេញ ដែល​ស្គាល់គ្នា ខណៈ​ពេល​នៅ​វត្តនាគវ័ន។ កាល​នៅ​រៀន លោក​បាន​ប្រឡងជាប់​ចូល​រៀន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ហៅ​សាលា​ តិចណូ) ផ្នែក​គីមីចំណី​អាហារ ឆ្នាំ ១៩៩៥ ក្នុងទីក្រុង​ភ្នំពេញ។ នៅ​ភ្នំពេញ លោក សេង បានស្នាក់នៅតូបលេខ៦ កុដិលេខ២ វត្តនាគវ័ន សង្កាត់​បឹងកក់២ ខណ្ឌទួលគោក។

ពេលរស់នៅ​សហរដ្ឋអាមេរិក ពីឆ្នាំ​២០០២ ដល់ ២០០៥ លោក​បាន​បន្តការសិក្សាផ្នែកវិទ្យាសាស្ត្រអគ្គីសនី នៅ​មហាវិទ្យាល័យ Mohawk Valley ។ ពីឆ្នាំ​២០០៥ ដល់ ២០០៧ លោក​បានបញ្ចប់​សញ្ញាប័ត្រវិស្វករ នៅវិទ្យាស្ថាន​ពហុបច្ចេកវិទ្យា SUNY។

លោក អ៊ាប សេង បានបញ្ចាថា គោលបំណង​ដំបូង​ក្នុង​ការសិក្សា​ផ្នែកបច្ចេកវិទ្យា​នេះ គឺគ្រាន់​តែ​ចង់​រកចំណូល​សមរម្យ ដើម្បី​ជីវភាព​ក្រុមគ្រួសាររបស់លោក។ លោក​បន្ថែមថា ប៉ុន្តែឧត្តមគតិរបស់លោក នៅ​តែស្រឡាញ់​ការងារ​តស៊ូមតិ ដូច​ធ្លាប់​បាន​ធ្វើ​កន្លង​ទៅ»៕

អត្ថបទដោយលោក ម៉ែន ណាត / ២៣ ឧសភា ២០២០

.

Eab Kimseng photo 2nd-9-98

Eab Kimseng 2nd-9-98

SMD -Sivutha - Kimseng - Chamroeun

Advertisements