ដោយ CWCI Cambodia / 02nd-6-2020

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវេស៍ បាន​​ចេញ​សេចក្តីថ្លែងការណ៍​មួយ នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ​២០២០ ​ចុះហត្ថលេខា​​ដោយ​លោក ម៉ែន ណាត ធ្វើការប្រឆាំងជំទាស់គម្រោង​សាង​សង់​​បន្ថែម​នូវស្តូប​វៀតណាម ឬ​ស្តូប​នយោបាយឈ្នះ-ឈ្នះ នៅកម្ពុជា។ ប្រតិកម្មនេះ បានកើតឡើងបន្ទាប់​​ពី​គេហទំព័ររ​បស់ក្រសួងការពារជាតិ បានផ្សព្វផ្សាយគម្រោងនេះ កាលពីថ្ងៃទី ២០ ខែឧសភាថ្មីៗនេះ។ (សូមអានត្រង់នេះ ឬអាចទាញយក)។

សេចក្តីថ្លែងការណ៍៖
ជំទាស់​គម្រោង​សាងសង់​បន្ថែម​នូវ​ស្តូប​វៀតណាម ​ឬ​ស្តូប​នយោបាយឈ្នះ-ឈ្នះ នៅកម្ពុជា

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមប្រឆាំងជំទាស់​ដាច់អហង្កា ចំពោះ​គម្រោង​ណាមួយ​របស់​ក្រសួង​ការពារជាតិ និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​ការសាងសង់​បន្ថែម​នូវ​ស្តូប​វៀតណាម ឬ​ស្តូបអនុស្សាវរីយ៍​នៃនយោបាយឈ្នះៗ ក្នុងន័យ​លើកទឹកចិត្ត​វៀតណាម និង​រំលឹក​នូវ​ការដឹង​គុណ​វៀតណាម កាលពី ៤០ ឆ្នាំមុន។ ការលើ​កទឹកចិត្តក្តី និង​ការដឹង​គុណក្តី សុទ្ធតែ​ធ្វើឲ្យ​វៀតណាម បន្ត​មើល​ស្រាល ឬ​បន្ទាប​បន្ថោក ដល់​ការដឹកនាំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន កាន់​តែ​ហួស​ហេតុ​ឡើង​។

ជាក់ស្តែងរដ្ឋាភិបាលវៀតណាម បាន​បញ្ជា​ឲ្យ​ទាហាន​របស់ខ្លួន ចូល​បោះ​ជំរំ ឬ​បោះតង់ ១១៤ កន្លែង​ផ្សេង​គ្នា នៅ​តាម​បណ្តាយ​ព្រំដែន ខេត្ត​កណ្តាល (៣១ កន្លែង) និង​ខេត្ត​តាកែវ (៨៣ កន្លែង) ដែល​មិន​ទាន់​ត្រូវបាន​រុះរើ​ចេញ​វិញ​ទាំង​ស្រុង​ផង​ទេ។​

ទង្វើ​របស់វៀតណាម គឺជា​ការគំរាមកំហែង​យ៉ាង​ពិតប្រាកដ មក​លើ​ប្រទេស​កម្ពុជា ទោះបី​នៅក្រោម​លេស​ថា «វិធាន​ការរឹត​បន្តឹង​ការ​ចេញ​-​ចូល​តាម​ច្រក​ព្រំដែន ដើម្បី​ទប់ស្កាត់​ការរីករាល​ដាល​ជំងឺ​កូវីដ១៩ (Covid-19)» ក្តី។ ទង្វើទាំងនោះ ជាការំលោភ​ធ្ងន់ធ្ងរ​ទៅលើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែល​វៀតណាម ជាម្ចាស់​ហត្ថលេខី​ផង​ដែរ ជាពិសេសរំលោភ​ឯកសារទី២ នៃ​កិច្ចព្រម​ព្រៀងនេះ ត្រង់​មាត្រា១ ចំណុច ២-គ. ដែល​ចែងថា «ជៀស​វាង​ការជ្រៀត​ជ្រែក​របស់រដ្ឋដទៃៗ​ទៀត ដោយផ្ទាល់ ឬដោយ​ប្រយោល ទោះ​តាម​រូបភាព​ណា​ក៏ដោយ» និង​ត្រង់ចំណុច ២-ង. ដែល​ចែង​ថា «ជៀសវាង​ការគំរាម​កំហែង ឬ​ប្រើកម្លាំង​ប្រឆាំង​នឹងបូរណភាព​ដែនដី ឬឯករាជ្យ​នយោបាយ​នៃ​រដ្ឋណា​មួយ ឬដោយ​ឥរិយាបថ​ណាមួយ ​ដែល​មិនស្រប​នឹង​គោលបំណង​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប)»។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មាន​ការព្រួយ​បារម្ភ​ចំពោះហានីភ័យ​របស់​កម្ពុជា ទៅ​ថ្ងៃអនាគត​ជាហូរ​ហែរ បន្ទាប់​ពី​បាន​ឃើញ​ក្រសួង​ការពារ​ជាតិ របស់លោក ទៀ បាញ់ លើក​ឡើង​នូវ​គម្រោង​កសាង​ស្តូបអនុស្សាវរីយ៍​នៃ​យោបាយ​ឈ្នះៗ​បន្ថែម «ខេត្ត​កោះកុង ឧត្តរមានជ័យ ប៉ៃលិន និង កំពង់ស្ពឺ» ដែល​បានផ្សព្វផ្សាយ​កាល​ពីថ្ងៃទី ២០ ខែ​ឧសភា ឆ្នាំ​២០២០។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូម​អំពាវយ៉ាង​ទទូច​ដល់រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ផ្អា​ក​គម្រោង​ទាំង​អស់ លើ​ករណី​សាង​សង់ស្តូប​វៀតណាម ឬ​ស្តូប​អនុស្សាវរីយ៍​នៃ​នយោបាយបាយ​ឈ្នះៗ ដោយ​ងាក​ទៅ​ពិនិត្យមើល «ដំណោះ​ស្រាយ​នយោបាយ​កម្ពជា ស្វែង​រក​ឯកភាព​ជាតិ» រួច​ត្រូវ​ប្រើប្រាស់​យន្តការ​អន្តរជាតិ​នានា ទប់​ស្កាត់​ទាហាន​វៀតណាម កំពុង​តែគំរាមកំ​ហែង​មក​លើ​ភាគី​កម្ពុជា នៅ​តាម​បណ្តោយ​ព្រំដែន​សព្វថ្ងៃនេះ។​

គ្រីស្ទានសាន់ (ន័រវេស៍) ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០

ម៉ែន ណាត (ហត្ថលេខា និងត្រា)
ប្រធានក្រុមប្រឹក្សាឃ្លាំមើលម្ពុជា

Men Nath -Hun Sen 2020

.

Advertisements