(VOD News /ដោយកញ្ញា ខាន់ លក្ខិណា / ០២ មិថុនា ២០២០)

​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ អំពាវនាវ​ទៅ​រដ្ឋាភិបាល ​ឱ្យ​ផ្អាក​គម្រោង​សាង​សង់​​ស្ដូ​ប​មិ​ត្ត​ភាព​​កម្ពុជា​-​វៀត​ណាម ឬ​ស្ដូ​បអនុស្សាវរីយ៍​​នៃ​ ​នយោបាយ​ឈ្នះ​ៗ នៅ​តាម​​រាជធានី​-ខេត្ត ដោយ​​បារម្ភ​ថា ស្តូប​នេះ​​បង្ហាញ​​រូបភាព​​កម្ពុជា ​ចុះ​ខ្សោយ​​ ក្លាយជា​រដ្ឋ​ចំណុះ​​ឱ្យ​ប្រទេស​ជិតខាង។

ក្នុង​សេចក្ដីថ្លែង​ការណ៍​ ​ជំទាស់​​គម្រោង​សាងសង់​បន្ថែម ​នូវ​ស្ដូ​បមិ​ត្ត​ភាព​​កម្ពុជា​​-​វៀតណាម ចុះ​ថ្ងៃទី ០១ ខែ​​មិ​ថុនា ឆ្នាំ​​២០២០ ហៅ​ការ​បន្ត​​សាង​សង់​​ស្ដូ​ប​វៀតណាម ​នៅ​ខេត្តកោះកុង ឧត្តរមានជ័យ ប៉ៃលិន និង​កំពង់ស្ពឺ នោះ​ថា «ជា​ការ​ធ្វើ​ឱ្យ​វៀតណាម​ បន្ត​មើលស្រាល ឬបន្ទាបបន្ថោក​​ដល់​ការដឹកនាំ​​របស់​​រដ្ឋាភិបាល​​បច្ចុប្បន្ន»

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ឱ្យ​ដឹង​ថា រដ្ឋាភិបាល​វៀតណាម បាន​បញ្ជា​ឱ្យ​​ទាហាន​​របស់​ខ្លួន ​បោះតង់​​ចំនួន ១១៤ កន្លែង ​ស្ថិតនៅ​​ខេត្ត​ពីរ ក្នុង​នោះ វៀតណាម ​បោះតង់​ចូល​ខេត្ត​កណ្ដាល ​ចំនួន ៣១ កន្លែង និង​​​នៅ​​ខេត្តតាកែវ ​​ចំនួន ៨៣ កន្លែង​ ដោយ​​មិនព្រម​​​រុះ​​រើ​ចេញ​​​វិញ ទោះបី​ជា​​កម្ពុជា ​បាន​​​ធ្វើ​​លិខិត​តវ៉ា​ ទៅ​វៀតណាម​ ​រួចហើយ​​ក៏ដោយ

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា៖ «សូម​ប្រឆាំង​ជំទាស់​ដាច់​អហង្កា ចំពោះ​គម្រោង​​ណា​មួយ​​រ​បស់​​ក្រ​សួង​​ការពារ ​​និង​លោក ហ៊ុន សែន ក្នុង​​ការសាងសង់​​នូវ ​ស្ដូ​បវៀតណាម​ ឬស្ដូ​បអនុស្សាវរីយ៍​​នៃ​​នយោបាយ​ឈ្នះ​ៗ ក្នុង​ន័យ​​លើក​ទឹកចិត្ត​​វៀតណាម និង​រំលឹក​​នូវ​​ការ​ដឹងគុណ​​វៀតណាម​​កាលពី ៤០ ឆ្នាំមុន។ ការ​លើក​ទឹកចិត្ត​ក្ដី និង​​ការ​ដឹងគុណ​ក្ដី​ សុទ្ធ​តែ​ធ្វើ​ឱ្យ​​វៀតណាម បន្ត​មើលស្រាល ឬបន្ទាបបន្ថោក​​ ដល់​ការ​ដឹកនាំ​​របស់​រដ្ឋាភិបាល​​លោក ហ៊ុន សែន កាន់តែ​ហួសហេតុ​ឡើង»

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍​ថា ការដែល​​កម្ពុជា​​សង់​​ស្ដូ​ប​មិ​ត្ត​ភាព​​កម្ពុជា​​-​វៀតណាម​ ​នៅ​គ្រប់​ខេត្ត​នោះ លោក​ថា ដើម្បីរំលឹក​គុណ​​ដល់​កង​ទ័ព​វៀតណាម​​ ដែល​​បាន​ជួយ​​រំដោះ​​កម្ពុជា។ លោក​ថា៖ «នេះ​ជា​តឹក​តាំង​ប្រវត្តិសាស្ត្រ​មួយ​មិន​អាច​បំភ្លេច​បាន ព្រោះ​គ្មាន​​អី​ថ្លៃ​ជាង​ជីវិត​​ទេ។ ឪពុកម្ដាយ​​ក្មួយ ដែល​ឆ្លងកាត់​របប​ប្រល័យ​ពូជសាសន៍ ​ក្មួយ​​អាច​សួរ​​គាត់ បើ​គាត់​នៅ គាត់​ដឹង​ហេតុ​អី​រំដោះ​ថ្ងៃ ៧ មករា​ហើយ ​យើង​​ចាត់ទុកជា​ជីវិត​ទី២ របស់​​យើង។ សង់​ស្ដូ​បអនុស្សាវរីយ៍​​កម្ពុជា​វៀតណាម​​ដើម្បី​អី? អាហ្នឹង​ដូច​ខ្ញុំ​​ជម្រាប​​មិញ​​អ៊ីចឹង ក្នុងនាម​យើង​​ជា​ពុទ្ធសាសនិក។ ដូច​ខ្លួនខ្ញុំ​ផ្ទាល់​ រៀងរាល់​​ម៉ោង​​បែរបន់​ពីណា​មក​ជួយ បើ​មិន​អ៊ីចឹង ​ត្រូវ​គេ​យក​​ទៅ​​វាយចោល អ្នកណា​មក​​ជួយ​ក៏ដោយ និយាយ​ឱ្យ​​សាមញ្ញទៅ​ សុខចិត្ត​លាង​អាចម៍​​ឱ្យ​គេ​​មួយ​ជីវិត​ក៏បាន​ដែរ ឱ្យ​តែ​រស់»

បើ​តាម​អ្នកនាំពាក្យ​គ​ណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ថវិ​កាដែល​សាង​សង់​​ស្តូប​​មិត្តភាព​​កម្ពុជា​​-​វៀតណាម ​មិនមែន​​ជា​ថវិកា​​របស់​​រដ្ឋ​ទាំង​អស់​ទេ ដោយ​​លោក​​បញ្ជាក់​ថា ថវិកា​នោះ​​បាន​មក​​ពី​សប្បុរសជន​​ ដែល​រួច​ផុត​​ពី​របប​ប្រល័យ​​ពូជសាសន៍ និង​​រដ្ឋាភិបាល​វៀតណាម​​មួយ​​ផ្នែក។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​ លោក សុខ ទូច មាន​ប្រសាសន៍​ថា ការ​សង់​ស្ដូ​ប​នេះ ដើម្បី​​ជា​និមិត្ត​រូប​​សម្រាប់​​បញ្ជាក់​​ថា ក្នុង​ឆ្នាំ​១៩៧៩ វៀតណាម​​បាន​​មក​​ជួយ​​រំដោះ​កម្ពុជា​ ​ចេញ​ពី​របប​​ប្រល័យ​ពូជសាសន៍។ លោក​​ថា៖ «ពីឆ្នាំ១៩៧៩ វៀតណាម​មកដល់​ហ្នឹង ទ័ព​មក​រំដោះ​ហ្នឹង អាហ្នឹង​​ជា​ប្រវត្តិ​សាស្ត្រ។ យើង​​កុំ​មើល​តែ​មួយ​​ចំហៀង ហើយ​​បិទ​ភ្នែក​​មួយ​​ចំហៀង។ ម្នា​ក់ៗ​សុទ្ធតែ​​អស្ចារ្យ ប៉ុ​ន្តែ​បាន​​រៀបចំ​​អី​សម្រាប់​​ខ្មែរទេ ពូកែ​ណាស់! ​ខ្ញុំ​គ្រាន់តែ​​ឮ​​យុវជន​​និយាយ​​ស្នេហាជាតិ មោទនភាព​​ជាតិខ្មែរ ស៊ី​បន្លែ​គេ ស៊ីសាច់​គេ ផឹកទឹក​គេ ផឹកស្រា​គេ។ ពូកែ​តែ​បបូរ​មាត់ ជូត​ក្បាល​ក្រមា​​ ដើរទៅ​​ព្រំដែន ​មិន​ដឹង​ព្រំដែន មិន​ដឹង​​ផែនទី​​អី​​នៅ​ណា​ទេ»

បើ​តាម​ប្រធាន​​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ លោក ម៉ែ​ន ណាត បន្ថែម​​លើ​​សេចក្តី​ថ្លែងការណ៍​​ថា ការ​​បន្ត​​សាង​​សង់​​ស្ដូ​ប​មិ​ត្ត​ភាព​ក​ម្ពុជា​-វៀតណាម នៅ​​ទូទាំង​​រាជធានី​-ខេត្ត ​នៃ​​ប្រទេស​​កម្ពុជា បង្ហាញ​​ឱ្យ​​ឃើញ​ថា រដ្ឋាភិបាល​​កំពុង​​ស្ថិត​ចំណុះ​​ឱ្យ​​ប្រទេសជិត​ខាង។ លោក​​ថា៖ «សម្រាប់​ជា​ប្រយោជន៍ ​តើ​យើង​​ខំ​ក៏​សាងសង់​ស្ដូ​ប​ហ្នឹង​ដល់​ទៅ ២៤ ទៅ ២៥​ ខេត្ត-ក្រុង ហើយ​​យើង​សង់​បន្ថែម​​ស្ដូ​បអនុស្សាវរីយ៍​ឈ្នះ​ៗ ធ្វើ​អី​​ទៀត? រឿង​ហ្នឹង​​ជា​រឿង ៤០ ឆ្នាំមុន ហើយ​​យើង​​នៅ​បន្ត​​អរគុណ​វៀតណាម​​ ដល់​ណា​​ទៀត? ខណៈ​ពេល​ដែល​​វៀតណាម ​បន្ត​​រំលោភ​​ឈ្លានពាន​​បូរណភាព​ទឹកដី​កម្ពុជា បញ្ជូន​​ជន​អន្តោប្រវេសន៍​​របស់​​ខ្លួន​​នៅ​កម្ពុជា ​ហើយ​​យើង​នៅ​តែ​​ផ្ដល់​​ឱកាស នៅ​តែ​ផ្ដល់​​សិទ្ធិ​​ឱ្យ​​គេ​…»

តាម​សារព័ត៌មាន Vietnam News បាន​ឱ្យដឹង​ថា កាលពី​ឆ្នាំ២០១៧ រដ្ឋាភិបាល​វៀតណាម​​ បាន​​ចំណាយ​​លុយ​​​ចំនួន ៧លាន ៨សែន​​ដុល្លារ សម្រាប់​​ជួសជុល និង​​កែ​លម្អ​​ស្តូប​​មិត្តភាព​កម្ពុជា​​-​វៀតណាម នៅ​​លើ​ទឹក​ដី​​កម្ពុជា​​ចំនួន​ ១៧៕

Photo in May 2020: Ms Khan Leakena
Photo in May 2020: Ms Khan Leakena

.

Advertisements