ដោយ CWCI Cambodia / 03rd-6-2020

ក្រុមអ្នកឃ្លាំមើល​និយាយថា ល្បែង​នយោបាយ​«ខ្លួនមួយជិះទូក ២ របស់របស់លោក ហ៊ុន សែន» កំពុង​នាំ​នាវា​កម្ពុជា​ ជួប​គ្រោះ​មហន្តរាយ​នយោបាយ និង​គ្រោះ​មហន្តរាយ​សេដ្ឋកិច្ចធ្ងន់ធ្ងរ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​វាគ្មិន លោក មាជ សុវណ្ណារ៉ា និង​លោក គឹម សុខ ក្នុង​កម្មវិធី​ពិភាក្សា Idea Talk នៃ​​សារព័ត៌មាន The Cambodia Daily កាលពី​ល្ងាច​ថ្ងៃទី ២៩ ឧសភា​ ២០២០។

អតីតអ្នកទោសមនសិការ លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា «លោក​ ហ៊ុន សែន បាន​ងាក​ទៅ​រឹត​ចំណង​មិត្តភាព​ជាមួយ​ចិន​ ធ្វើ​ជ្រុល​ហួស​រហូត​ ធ្វើឲ្យ​វៀតណាម​ បាត់​ទំនុក​ចិត្ត​លើ​លោក​ទាំង​ស្រុង»។ លោកបន្តថា «ចិន និងវៀតណាម សុទ្ធតែ​មាន​មហិច្ឆតា​ ចង់​ដាក់​អណានិគម​​លើកម្ពុជា ទៅថ្ងៃ​អនាគត»

ចំណែកលោក គឹម សុខ អ្នកវិភាគ​នយោបាយឯករាជ្យ ដែល​ចូលរួម​ជាវាគ្មិន​ ក្នុង​កម្ម​វិធីនេះដែរ បានថ្លែង​ថា «លោក ហ៊ុន សែន ចងសម្ព័ន្ធមិត្តជា​មួយ​ចិន តែមិនអាច​ធ្វើស​ត្រូវ​ជាមួយ​វៀតណាម​ បានឡើយ ព្រោះ​បណ្តាញ​ចារកម្មវៀតណាម​ ក្នុង​ជួរ​គណបក្សប្រជាជន​កម្ពុជា និង​ក្នុង​ជួរ​មន្ត្រីរដ្ឋាភិបាល​ ច្រើន​ហួស​ពីការ​ស្មាន​ ដែល​អាច​បង្ក​វិនាសកម្ម​ដល់​លោក ហ៊ុន សែន គ្រប់ពេល»

អ្នកវិភាគន​យោបាយ​សង្គមរូបនេះ លើកឡើង​ថា នយោបាយ​បញ្ច្រាសគ្នា​ រវាង​កុម្មុយនិស្ត​ចិន និង​កុម្មុយនិស្ត​វៀតណាម ពិតជា​ធ្វើឲ្យ​លោក ហ៊ុន សែន ពិបាក​ទប់អំណាច​របស់ខ្លួន​ខ្លាំង​ណាស់​ ក្នុង​ស្ថានភាពនេះ។ លោកបន្តថា វៀតណាម បាន​ចងមិត្ត​ជាមួយ​អាមេរិក ចំណែកអាមេរិក​ ជាគូរ​ប្រកួត​ប្រជែង​គ្នា​ ជាមួយ​​ចិន លើវិស័យ​យោធា ភូមិសាស្ត្រ​នយោបាយ និង​វិស័យសេដ្ឋកិច្ច ដែល​កំពុង​តែ​ឡើង​កំដៅ​រៀង​ខ្លួន​នៅ​សមុទ្រចិន​ខាង​ត្បូង។

លោក គឹម សុខ បន្តថា «ចំណងមិត្តភាព​ដែកថែប រវាង​កម្ពុជា​-​ចិន បាន​ធ្វើឲ្យ​លោក​ ហ៊ុន សែន ធ្លាក់​ប្រជាប្រិយភាព​ ក្នុង​ជួរមន្រ្តី​រដ្ឋាភិបាល និង​នៅ​ក្នុង​គណបក្ស​របស់​ខ្លួន​» បន្ទាប់​ពី​ចិន ត្រូវ​រង​សម្ពាធ​ពីបណ្តា​ប្រទេស​លោកសេរី​ ទាក់ទង​ទៅ​នឹង​ការផ្ទុះ​ជំងឺកូវីដ១៩ នៅទីក្រុង វូហាន កន្លង​ទៅ។ លោក បញ្ជាក់បន្ថែម​ថា បណ្តាប្រទេសទាំងនោះ បាន​បង្ហាញ​ពី​នយោបាយ​ការទូត​ ប្រឆាំង​ទៅ​នឹង​ប្រទេស​ចិន និងទាមទារ​ឲ្យ​ចិន បង្ហាញ​មូលហេតុ​ពិត​ នៃ​ការផ្ទុះ​ឡើង​នៃ​ជំងឺនេះ។

រីឯលោក ម៉ាជ សុវណ្ណារ៉ា លើកឡើងថា ដើម្បី​ការពារប្រយោជន៍​ជាតិ ការពារ​ទឹកដី ​រដ្ឋាភិបាល​​លោក ហ៊ុន សែន ត្រូវ​មាន​ឆន្ទៈ​ពិត​ប្រាកដ​ បង្កើត​យន្តការ​សមស្រប​មួយ «មិន​យក​ខ្មែរ​ណា​ជា​សត្រូវ ជជែក​គ្នា​ដោយ​ស្មោះត្រង់​ លើ​ប្រយោជន៍ជាតិ​ជាគោល» ដោយ​ផ្អែក​លើ​សន្ធិសញ្ញា​ទីក្រុងប៉ារីស​ ឆ្នាំ ១៩៩១។

កាលពីថ្ងៃទី ០៥ ខែ​កុម្ភៈ កន្លង​ទៅ ​លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នយោបាយ​​រួមគ្នា​ ជាមួយចិន ហើយ​បាន​ចាត់​ទុក​កម្ពុជា​ជាមិត្ត «ដែកថែប​ជាមួយ​ចិន» ដែល​មិន​អាច​បំបែក​បាន។

ទោះជាយ៉ាងណាក៏ដោយ សាស្ត្រាចារ្យ​គោល​នយោបាយ​សាធារណៈ​ នៅ​សាកល​វិទ្យាល័យ Michigan លោក John Cioriari បាន​មាន​ប្រសាសន៍​ថា «ចិន​ ផ្តល់​នូវ​ការវិនិយោគ និង​ជួយ​ពួក​មេដឹកនាំ​កម្ពុជា ឲ្យ​ពង្រឹង​សេដ្ឋកិច្ច និង​ជំហរ​របស់​គណបក្ស​ប្រជាជនកម្ពុជា ជាថ្នូរ​នឹង​ការរុករក​ធនធាន​ធម្មជាតិ​ របស់​កម្ពុជា និង​ការគាំទ្រ​នយោបាយ​ការទូត»

ចំណែក លោក គឹម សុខ វិញបាន​ផ្តល់អនុសាសន៍ថា «ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ និង​វិបត្តិសេដ្ឋកិច្ច​នៅ​កម្ពុជា មាន​តែ​អ្នក​ប្រជាធិបតេយ្យ​ ត្រូវ​រួប​រួម​កម្លាំង​គ្នា សហការ​ជាមួយ​សង្គម​ស៊ីវិល និងសមាគមន៍​នានា ហើយ​ត្រូវហ៊ាន​ចេញ​មុខ ​​ទប់ស្កាត់ន​យោបាយ​ ឈ្លាន​ពាន​បរទេស​ជិត​ខាង»

លោក ​មាជ សុវណ្ណរ៉ា ទទូច​ឲ្យ​មាន​ការ​កែប្រែច្បាប់​ពី ៥០%+១​ ទៅ​ជា ២/៣ (២ភាគ៣) វិញ ដើម្បី​ធានា ​អធិបតេយ្យ​ភាព ស្ថេរភាព និង​ឯករាជ្យភាពជាតិ។ លោក​ បាន​រិះគន់ថា ច្បាប់ ៥០%+១ គឺ​ជា​គ្រោះ​មហន្តរាយ​ សម្រាប់​ជាតិ​ខ្លាំង​ណាស់ ព្រោះ​អំណាច​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​ គ្របលើ​អំណាច​នីតិបញ្ញត្តិ អំណាច​នីតិប្រតិបត្តិ និង​អំណាច​តុលាការ​ទៅ​ហើយ៕

Kim Sok & Meach Sovannara -photo 2019

.

Advertisements