ដោយ The Camcbodia Daily / 03rd-6-2020

ក្រសួង​ការបរទេស​កម្ពុជា បាន​​ចេញ​​លិខិត​​កោះហៅ​ឯកអគ្គ​រដ្ឋទូត​​វៀតណាម ​ប្រចាំ​​នៅ​​កម្ពុជា លោក Vu Quang Minh មក​​ប្រាប់​​អំពី​​រឿង​​យោធា​​វៀតណាម បោះតង់ នៅ​​តំបន់​​ព្រំដែន ​ដែល​​មិនទាន់​​ឯកភាព​គ្នា​ ​ក្នុង​​ខេត្តកណ្តាល ហើយ​ក៏​បាន​​ជំរុញ​​ឱ្យ​ភាគី​​វៀតណាម ​ដក​​តង់​​ ដែល​​បោះ​​ទាំងនោះ​​ ចេញ​​ឱ្យ​បាន​​ឆាប់។

សេចក្តី​ប្រកាស​​របស់​ក្រ​សួង​​ការបរទេស​​កម្ពុជា នៅ​​ថ្ងៃទី ០២ មិថុនា ឆ្នាំ​​២០២០ បាន​​ស្នើ​​ទៅ​​ឯកអគ្គ​រដ្ឋទូត​​វៀតណាម ឲ្យ​​រុះរើ​តង់​ {ជំរំ} ​យោធា​ទាំងនោះ​ ឲ្យ​បាន​​ឆាប់​​ជាទីបំផុត ហើយ​​បន្ត​រក្សា​ស្ថានភាព​ដើម​ ​មិន​​កែប្រែ​​ក្នុង​តំបន់​​នោះ រហូតដល់​​គណៈកម្មការ​ព្រំដែន​ ​នៃ​​ប្រទេស​​ទាំង​ពីរ ដោះស្រាយ​​កំណត់​​ខ្សែ​​ព្រំដែន​​ជាក់លាក់​​ជាស្ថាពរ ​នៅ​​តំបន់​​នោះ ដើម្បី​ប្រែក្លាយ​​តំបន់​ព្រំដែន​​ ប្រកប​ដោយ​​សន្តិភាព មិត្តភាព សហប្រតិបត្តិ​ការ និង​​ការ​អភិវឌ្ឍ​​ ជា​ប្រយោជន៍​​រួម​​ សម្រាប់​ប្រជាជន​​នៃ​​ប្រទេស​​ទាំងពីរ។

ចាប់តាំងពី​ខែមីនា ២០២០ យោធា​​វៀតណាម ​បាន​​បោះតង់​​ ចំនួន ៣១ ទីតាំង នៅ​​តាម​​បណ្តោយ​​ព្រំដែន ​ក្នុង​​តំបន់​​មិនទាន់​​ឯកភាព​​គ្នា ​ឬ​ហៅ​ថា​ «​តំបន់ស» ក្នុង​​ភូមិសាស្ត្រ​​ស្រុក​លើ​កដែក ​និង​​ស្រុក​កោះធំ​ ខេត្តកណ្តាល ក្រោម​ហេតុផល​ថា ​ជា​វិធានការ​​ដើម្បី​រឹត​បន្តឹង​​ការទប់ស្កាត់​​ការ​រីក​រាលដាល​​នៃ​​ជំងឺ​​កូ​វីដ១៩។ យ៉ាងនេះ​ក្តី រហូតដល់​ថ្ងៃទី ២៩ ខែ​មេសា អភិបាលខេត្ត​កណ្តាលថ្មី លោក គង់ សោភ័ណ្ឌ បាន​​សរសេរ​​លិខិត​​ជូន​​ទៅ​​ភាគី​​វៀតណាម ដើម្បី​​សុំ​ឲ្យ​​ខេត្ត​អាន​យ៉ាង រុះរើ​​តង់​​ទាំងនោះ​​ ចេញ ប៉ុន្តែ​​យោធា​វៀតណាម​ ​មិន​បាន​​អនុវត្ត​នោះ​​ឡើយ។

កាលពី​ថ្ងៃទី ២២ ខែឧសភា ស្ថានទូត​វៀតណាម ​ប្រចាំ​កម្ពុជា ​បាន​​អះអាង​​លើ​ទំព័រ​​ហ្វេស​ប៊ុក​​​របស់​​ខ្លួន​​ថា វៀតណាម​ បាន​​ធ្វើ​ការ​រុះរើ​​គ្រប់​​តង់​ ដែល​​បាន​​បោះ​ជាប់​​ខ្សែ​ព្រំប្រទល់​ ​ខេត្ត​កណ្តាល ​តាំង​ពី​មុន​​ថ្ងៃ​ទី ១៣ ខែ​ឧសភា ឆ្នាំ ២០២០។ ប៉ុន្តែ​មកទល់​ថ្ងៃទី ២ មិថុនា ​នេះ កម្ពុជា ​នៅ​តែ​​ទទូច​​ឱ្យ​វៀតណាម ​រុះរើ​​តង់​​ទាំងនោះ​​ចេញ​​ដដែល។ នេះ​មានន័យថា​ ​អ្វី​ដែល​​​វៀតណាម ​អះអាង​នោះ​ ​គឺជា​ការ​​ភូ​តភរ​ទាំងស្រុង

អ្នកវិភាគ​​នយោបាយ​​រស់​នៅ​ក្រៅ​ប្រទេស​ ​លោក គឹម សុខ បាន​​លើកឡើង​​ថា មូលហេតុ​​ដែល​​ពួក​បរទេស​​ជិតខាង នាំគ្នា​​សម្រុក​ឈ្លាន​ពាន​​កម្ពុជា​ ​នៅពេល​​នេះ​​ទៀត ព្រោះ​តែ​ផ្ទៃក្នុង​​ជាតិ​ខ្មែរ ​កើត​​ជម្ងឺ​​វ៉ល់​​ទៅ​​ហើយ និង​​គិត​តែ​​អំណាច​​​របស់​​ខ្លួន​​​ប៉ុណ្ណោះ។ លោក​​​បន្ត​ថា «ប្រទេស​ជិត​​ខាង​ ​មាក់​ងាយ​​កម្ពុជា ដោយសារ​តែ​មេដឹកនាំ​​កម្ពុជា មានចំណេះ​​ដឹង​ទាប គ្មាន​​សមត្ថភាព​​ថ្នាក់​​អន្តរជាតិ​​ដូចជា​​គេឯង ហើយ​​ដឹង​​តែ​បំបែក​បំបាក់​​ជាតិ​​ ដើម្បី​​តែ​​អំណាច​​ខ្លួនឯង ជាពិសេស​​រវល់​​តែ​រឿង​​រៀបចំ​​យុទ្ធសាស្ត្រ​​ត្រៀម​​ផ្ទេរអំណាច​​ឲ្យ​ទៅ​​កូន​ប្រុស»

រី​ឯគណបក្ស​ប្រឆាំង​ដ៏​ធំ {បក្ស​សង្គ្រោះជាតិ} ដែល​​គួរ​ជាទី​សង្ឃឹម​​របស់​​ប្រជារាស្ត្រ​ខ្មែរ នៅ​​​ពុំ​​ទាន់​​​ឃើញ​​​មាន​​​កោះ​​​ត្រើយ ដោយ​សារ​​​មាន​​មនុស្ស ព្យាយាម​​បន្ត​​សម្លាប់​​នយោបាយ​​គូបដិបក្ខ​​ផ្ទៃ​ក្នុង​បក្ស ដែល​​​ធ្វើ​​​ឱ្យ​កម្លាំង​​ខាង​ក្នុង​ ​កាន់​តែ​​បែក​បាក់។ បញ្ហា​ទាំងនេះ​ ដែល​​ធ្វើ​ឱ្យ​​បរទេស​​ជិតខាង​​ មិន​​ញញើត​​ក្នុង​​ការឈ្លាន​ពាន​​កម្ពុជា​​ម្តង​ហើយ​​ម្តង​​ទៀត​​នោះ​៕

.

Advertisements