អត្ថបទដោយ TCD / 18-6-2020

បញ្ញវន្តខ្មែរនៅក្រៅប្រទេស រិះគន់ថា អ្នកនយោបាយខ្មែរ យក​ទីលាន​នយោបាយ ដើម្បី​ដោះ​ស្រាយ​គំនុំបុគ្គល​​ផ្ទាល់​ខ្លួន ជាជាង​​ការដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ។ ពួកគេនិយាយថា គំនុំ​សងសឹក​របស់​អ្នកនយោបាយ ជាដើម​ហេតុ​ធ្វើឲ្យ​ខ្មែរ​​បែកបាក់សាមគ្គី បាត់​បង់ភាតរភាព និង​ធ្វើឲ្យ​មុខមាត់​ប្រទេស​ជាតិចុះ​អន់​ថយ។ នេះបើតាមកម្មវិធី Idea Talk នៃ​សារព័ត៌មាន ឌឹ​ខេមបូឌា ឌែលី (The Cambodia Daily) កាល​ពីរាត្រីថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ២០២០ កន្លងទៅ។

លោក អ៊ុន ជឹម សព្វថ្ងៃនៅ​សហរដ្ឋអាមេរិក ជា​អនុប្រធាន​គណបក្ស​ឯកភាព​ជាតិខ្មែរ​ ដែល​​ទើប​​បង្កើតថ្មី ថ្លែងថា មេ​ដឹកនាំ​បក្ស​នយោបាយ គួរ​តែ​បញ្ឈប់​ការលាបពណ៌ និង​ការបញ្ឈប់​​ការផ្តួល​រំលំ​គ្នា ដើម្បី​អំណាច​បក្ខពួក​របស់​ខ្លួន​បន្ត​ទៀត។ លោក​ផ្តល់​អនុសាសន៍ថា អ្នកនយោបាយ​គ្រប់ភាគី គួរតែ​ចាប់​ដៃ​គ្នាដោយ​សន្តិវិធី ហើយ​ចូល​តុចរចា ដើម្បី​ពិភាក្សា​រកដំណោះស្រាយ ជូន​ប្រជាពលរដ្ឋ ដោយ​តម្កល់​ប្រយោជន៍ជាតិ​ជាគោល។

ចំណែក​លោក សេក សុជាតិ និស្សិត​ថ្នាក់បណ្ឌិត​នៅ​ប្រទេស​ចិន ​បាន​​ថ្លែង​​ក្នុង​កម្ម​វិធី Idea Talk នេះដែរ​ថា កម្ពុជា​​នឹងមិន​មាន​​សន្តិភាព​នោះ​ទេ បើមេដឹកនាំ​បក្ស​នយោបាយ នៅតែប្រកាន់​នយោបាយ​ហិង្សា លើ​ជាតិ​សាសន៍​ខ្លួន​ឯង។ លោក​សង្កត់ធ្ងន់ថា «មេដឹកនាំ ត្រូវតែប្រកាន់យុត្តិធម៌​ ក្នុងបក្សរបស់ខ្លួន ក្នុង​ការអនុវត្ត​បទបញ្ជា​ផ្ទៃក្នុង​បក្ស និង​ហ៊ានសារភាព នូវ​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ លើសពីនេះទៀត​ក្រមសីលធម៌ សម្រាប់​មេបក្ស​នយោបាយ ក្នុង​ការដឹកនាំ ក៏ជាកត្តា​សំខាន់ មិនអាច​ខ្វះបាន ដើម្បីធ្វើ​ជា​គំរូល្អ ដល់​សមាជិក​គ្រប់រូប»

លោក អ៊ុន ជឹម មាន​ប្រសាសន៍ថា សមរភូមិ​នយោបាយ​នៅកម្ពុជា ត្រូវតែ​បញ្ជៀស​នូវ​នយោបាយ​វាយប្រហារ​​គ្នា ជៀសវាង​ការ​បង្កើត​ពាក្យចចាម​អារាម ​គម្រាមកំហែង និងដាក់​ការសង្ស័យ​លើគ្នា ដែល​បង្ករ​ឲ្យមាន​ការបែក​បាក់​សាមគ្គីជាតិ ផ្ទុយ​ទៅវិញ ត្រូវ​លើក​តម្កើង​សេរីភាព​បញ្ចេញមតិ ជុំរុញ​ឲ្យមាន​សិទ្ធិចូល​រួមនយោបាយ ឲ្យបាន​ទូលំទួលាយ​ជាង​ពេល​បច្ចុប្បន្ន​នេះ។ លោកបន្តថា ដើម្បឲ្យកម្ពុជា​មាន​ឯករាជ្យ​ពិតប្រាកដ អ្នកនយោបាយ​ ត្រូវរួបរួម​សាមគ្គីគ្នា ដើម្បី​ធ្វើ​ការទូត​ឲ្យបាន​ល្អ ជាមួយ​ប្រទេស​លើពិភពលោក ដោយ​​មិន​ប្រកាន់​របប​ដឹកនាំ​ណាមួយ​ឡើយ។ ​វិបត្តិន​យោបាយ​ គឺ​ជា​បន្ទុក​ដ៏​សែន​ធ្ងន់​ សម្រាប់​ជាតិខ្មែរ​ទាំងមូល ដែលកើតចេញពីការដណ្តើមអំណាច របស់អ្នកនយោបាយបក្ខពួកនិយម។

ជាក់ស្តែងកាលពីថ្ងៃទី​ ០៣ កញ្ញា​​ ​​២០១៧​ រដ្ឋាភិបាល​​លោក ហ៊ុន សែន បាន​​​ចាប់​​ខ្លួន​មេដឹកនាំ​​​​​គណបក្ស​​សង្គ្រោះ​ជាតិ លោក កឹម សុខា ដាក់គុក។ រួចមករដ្ឋាភិបាល ​ប្រើតុលាការ​កំពូល​ ឲ្យ​រំលាយ​​គណបក្សនេះ នៅថ្ងៃទី ១៦ វិច្ឆកា ២០១៧ ដោយ​​ចោទប្រកាន់​ថា បាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ក្បត់ជាតិ និង​ ផ្អាក​សកម្មភាព​​​នយោបាយ​​​របស់​​​ថ្នាក់​ដឹកនាំ​នៃ ​គណបក្ស​ប្រឆាំងនេះ​ ចំនួន​ ១១៨ រូប រយៈ​ពេល ៥​ឆ្នាំ​ ព្រមទាំង​ដកហូត​កៅអី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ជាង ៥០០៧ ផង​ទៀត។ ក្រោយ​​ពេលរំលោយគណបក្សនេះ ​ក្រសួង​​មហាផ្ទៃ ​ក៏​សម្រេច​លុប​ឈ្មោះ​​គណបក្ស​សង្គ្រោះ​​ជាតិ​​ ​ចេញ​ពី​បញ្ជី​​គណបក្ស​នយោបាយ​ភ្លាមៗ​​ផង​ដែរ។ បច្ចុប្បន្នលោក កឹម សុខា ត្រូវបានតុលាការ​ដាក់​កម្រិត​សេរីភាព​របស់​លោក អាច​ដើរហើរ​​នៅ​ក្នុង​ប្រទេស​បាន ប៉ុន្តែសិទ្ធិ​នយោបាយ ត្រូវបាន​ហាមឃាត​ដដែល ក្រោម​រង្វង់​ប្រព័ន្ធ​ច្បាប់​អយុត្តិធម៌។

លោក John Sifton នាយក​​ខាងផ្នែក​តស៊ូមតិនៃ ​អង្គការ​សិទ្ធិមនុស្ស Human Rights Watch សម្រាប់​តំបន់​​អាស៊ី​ រិះគន់ថា ​អស់​រយៈពេល​ជាង ៣០ ឆ្នាំ​នេះ លោក ​ហ៊ុន សែន បាន​​ប្រើប្រាស់​​អំពើ​​ហិង្សា គំរាម​កំហែង ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​​ការ​ចោទ​​ប្រកាន់​​បែប​ប្រឌិត​​តាម​ច្បាប់ ដើម្បី​​បន្ត​​កាន់​អំណាច ហើយ​ជាក់​ស្តែង​ ​​លោក​ ​ហ៊ុន សែន កាន់​តែ​ពង្រីក​​ការ​វាយ​ប្រហារ ​ទៅលើ​ក្រុម​​អង្គការ​​សង្គម​ស៊ីវិល និង​អ្នក​នយោបាយ​​ជំទាស់។

លោក អ៊ុន ជឹម សំដែងការ​សោកស្តាយ ចំពោះ​អ្នកនយោបាយ ដែល​នៅតែប្រើវប្បធម៌​យកឈ្នះ​គ្នា ដោយការផ្តួល​រំលំគ្នា និង​លាបពណ៌ ស្របពេល​ប្រទេស​របស់​ខ្លួន កំពុង​ស្ថិតក្នុង​ជំងឺមហា​រីកនយោបាយ​រ៉ាំរ៉ៃរាប់​សិប​ឆ្នាំ​មក​ហើយ​នោះ។ លោក​បា​ន​រំលឹក​អតីត​មេបក្សប្រឆាំងថា គួរតែ​ក្រឡេក​មើលចំណុច​ខ្សោយ របស់ខ្លួន​ឡើង​វិញ មិន​ត្រូវព្រងើយ​កន្តើយ ចំពោះ​ការបែកបាក់​ផ្ទៃក្នុង​​គណបក្ស​របស់​ខ្លួនឡើយ។

លោក សេក សុជាតិ មានប្រសាសន៍ថា ​ដើម្បីស្តារលទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេដ្ឋកិច្ចជាតិ និង​​កែប្រែ​មុខ​​មាត់​​កម្ពុជា លើ​​ឆាក​​អន្តរជាតិ​ឲ្យបាន​​ល្អ​​ឡើង​វិញ​​ អ្នកនយោបាយ​ត្រូវ​តែ​វិលម​ករកការសន្ទនា​​ជា​ថ្មីឲ្យ​ខាន​តែ​បាន

Cambodia to unity

.