អត្ថបទ CWCI Cambodia /20-6-2020

អ្នកវិភាគនយោបាយ និង​ក្រុមចលនានិស្សិតខ្មែរ ដែល​​​លេច​ធ្លោ​​ក្នុង​​កិច្ចការ​​​ការ​ពារ​​បូរណ​ភាព​​​ទឹក​​ដី​​ខ្មែរ នៅ​​តែ​ប​ន្ត​​​អំពាវ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​មាន​ការប្តេជ្ញាចិត្ត​ម៉ឺងម៉ាត់ តម្រូវ​ឲ្យ​ភាគី​វៀតណាម ត្រូរ​រុះរើ​ជំរំ ឬ​តង់​ ចេញ​ឲ្យ​ផុត​ព្រំដែន​ ដើម្បី​ឆ្លើយតប​​តាម​«គោលការណ៍​​មិន​​ជ្រៀតជ្រែក​គ្នា​ទៅ​វិញ​ទៅ​មក» ក្នុង​​នាម​​ជា​សមាជិក​អាស៊ាន ជា​ម្ចាស់​ហត្ថលេខី​​នៃ កិច្ចព្រមព្រៀង​ទីក្រុង​​ប៉ារីស ឆ្នាំ​១៩៩១ និង​ជាសមាជិក​​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ដូច​គ្នា។

ទោះបីយ៉ាងណាក៏ដោយ អភិបាលខេត្ត​កណ្តាល លោក គង់ សោ​ភ័​ណ្ឌ ​ពី​​ថ្ងៃទី​ ១៨ មិថុនា ឆ្នាំ​​២០២០ បាន​​​ប្រាប់​​គេហទំព័រ​របស់​ទូរទស្សន៍​បាយ័ន (BTV) ដែល​​គ្រប់គ្រង​​ដោយ​​កូនស្រី​​លោក ហ៊ុន សែន ឲ្យ​ដឹង​ថា «ការរុះរើ​តង់​ ចំនួន ៣១ ​ទីតាំង {នៅ​ស្រុកកោះធំ និង​ស្រុកលើកដែក} របស់​​ភាគី​វៀតណាម គឺ​ត្រូវ​បាន​ពន្យា​រពេល​​ជា​បណ្ដោះ​អាសន្ន ដោយ​​ភាគី​វៀតណាម ​បាន​ជូន​ដំណឹង​ដល់​​អាជ្ញាធរ​ខេត្តកណ្តាល ផ្អែក​​អំពី​មូល​ហេតុ​ថា​ បន្ត​​ទប់ស្កាត់​​ការឆ្លង​​រាតត្បាត​​ជំងឺ​កូ​វីដ​១៩ តាមរយះ​​ការចេញ​ចូល​​នៃ​​តំបន់​នេះ»​។ ​​លោក សោភ័ណ ​បញ្ជាក់​​បន្ថែម​​ថា «ស្របតាម​ការណែនាំ​​រប​ស់​​ក្រសួងមហាផ្ទៃ និង​​ក្រសួងការបរទេស បច្ចុប្បន្ន​នេះ​​​មាន​​នគរបាល និង​​កងទ័ព ​ដែល​​ការពារ​​នៅ​​បន្ទាត់​​ព្រំដែន ​បាន​​ចុះ​ល្បាត​​ជា​ប្រចាំ ដើម្បី​​ធានា​​ចំពោះ​​អធិបតេយ្យ​​កម្ពុជា ឬ​​ការរំលោភ​បំពាន​​ផ្សេងៗ​»​។

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ កាលពីថ្ងៃទី ១៧ មិថុនា បាន​​ចេញ​សេចក្តីថ្លែងការណ៍​ ដោយ​អំពាវ​នាវ​​ឲ្យ​​«អ្នកនយោបាយ​ខ្មែរ​គ្រប់​ភាគី រក​ការផ្សះផ្សា និង​ឯកភាពជាតិ ដើម្បី​ចូលរួម​ការពារបូរណ​ភាព​ទឹកដី​របស់​ខ្លួន បញ្ជៀស​ការឈ្លានពាន​ពីសំណាក់​វៀត​ណាម ហើយ​ត្រូវ​រួម​សហការគ្នា ជំរុញ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន ជាពិសេស​​កោះត្រល់» ស្រប​តាម​​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​ឆ្នាំ១៩៩១ ឯកសារផ្លូវការពាក់ព័ន្ធនានា និង​តាមយន្តការអន្តរជាតិ។

គួររំឭកថា ក្រុមយោធាវៀតណាម ​ចូលបោះតង់ ឬបោះជំរំ នៅតាមបណ្តាយ​ព្រំដែន​ខ្មែរ បាន​កើន​ឡើងរហូត​ដល់ ២៥៦ កន្លែង តាំង​ពីចុង​​ខែ​​មេសា មកដល់​ពេល​នេះ។ កាលពីចុង​ខែមេសា ទាហាន​វៀតណាម ​បាន​​ប៉ោះតង់ ចំនួន ៣១ កន្លែង នៅ​ខែត្ត​កណ្តាល។ ហើយ​ទាហានវៀតណាម ក៏​បាន​បោះតង់ ចំនួន ៨៣ កន្លែង​ផ្សេង​ទៀត នៅ​ខេត្តតាកែវ បើតាមសេចក្តីរាយការណ៍របស់អភិបាលខេត្ត នៅ​ចុង​ខែ​ឧសភា។

ថ្លែង​ក្នុងកម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily ថ្ងៃទី ១៩ មិថុនា លោក គឹម សុខ អ្នកវិភាគ​នយោបាយ បាន​​ទិតៀន​ត្រង់ៗ ទៅកាន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា «គ្មាន​វិធានការ​ជាក់​លាក់​ចំពោះ​ភាគី​​វៀតណាម​ ដែល​តម្រូវ​ឲ្យទាហាន​វៀតណាម ត្រូវតែរុះរើតង់ ចេញ​ពីព្រំដែន​កម្ពុជា​ទេ»។  លោក​បន្តថា «គ្មាន​ការបញ្ជូន​កងទ័ព​យ៉ាងគគ្រឹក​គគ្រែង ទៅ​ការពារ​ព្រំដែន ដូច​កាល​ពី​ឆ្នាំ ២០០៨ ក្នុងរឿង​ភាគី​ថៃ ឈ្លានពាន​ប្រាសាទ​​ព្រះវិហារ និង ឡាវ បោះទីតាំង​នៅព្រំដែន ក្នុង​ឆ្នាំ ២០១៧ ទេ»។

លោក ​ឌី ការ៉េត ​ប្រធាន​​គណ:កម្មាធិការ​​ព្រំដែន​​កម្ពុជា​ នៅ​ប្រទេស​​បារាំង​ បាន​​​ថ្លែង​​ប្រាប់​​វិទ្យុ​វីអូអេ (VOA) កាល​ពី​ថ្ងៃទី ២៧ ឧសភា ​ថា​​ទាំង​​ភាគី​វៀតណាម​ និង​​ថៃ​ ដែល​​ជា​ប្រទេស​​ជិតខាង​​កម្ពុជា ​តែង​តែ​​បន្ត​​សកម្មភាព​​ជាបន្ត​បន្ទាប់​ ដើម្បី​​រំលោភ​​បំពាន​​ទឹកដី​​កម្ពុជា​​ឥត​ឈប់​ឈរ។ លោក​​ឆ្លើយ​តប​ទៅភាគី​វៀតណាម​ថា «ចង់​ដាក់តង់​ ដាក់អី​ ការពារ​វីរុសកូរ៉ូណា​ ឬកូវីដ១៩ ​ដាក់​ក្នុង​ដីខ្លួន​ទៅ​ រឿងហ្នឹង​វាមិន​ទាន់ចូល​​ក្នុង​ដី​​ខ្លួនផង​ ខ្លួន​​មក​ដាក់​ក្នុងដីគេ​យ៉ាង​ម៉េច? ​ដាក់ក្នុងដី​ខ្លួនទៅ ​មានទាស់​អី»។ លោក ​ឌី ការ៉េត​ បន្តថា ​«ក្នុង​ពេល​ប្រទេស​​នីមួយៗ​​បិទ​ព្រំដែន​​រៀងខ្លួន​ កងទ័ព​​គួរតែ​​ស្ថិត​នៅ​ក្នុង​​ទឹកដី​​របស់​ខ្លួន»។​

ក្រសួងការបរទេស​កម្ពុជា បាន​ផ្ញើកំណត់ទូត ទៅប្រទេសវៀតណាម កាល​ពីថ្ងៃទី ១៣ ខែ​ឧសភា «ស្នើ​ឲ្យ​ភាគី​វៀតណាម រុះរើ​តង់​ចេញ​ពីតំបន់​ព្រំដែន ស្រប​តាម​សេចក្តីប្រកាសរួម ថ្ងៃទី១៧ មករា ១៩៩៥ និងសន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម ឆ្នាំ​២០០៥»។ ​លុះដល់​ថ្ងៃទី​០២ មិថុនា លោកស្រី អ៊ា​ត សោភា រដ្ឋលេខាធិការ​​ក្រសួង​ការបរទេស​កម្ពុជា បាន​​​​​កោះហៅ​​ឯកអគ្គ​រដ្ឋទូត​​​វៀតណាម ​ប្រចាំ​​​នៅ​​កម្ពុជា លោក Vu Quang Minh ដើម្បី​ឆ្លើយ​បំភ្លឺ។ ខ្លឹមសារនៃការឆ្លើយបំភ្លឺ​យ៉ាង​ណា មិន​ត្រូវបាន​ផ្សេព្វផ្សាយ​ទេ។

លោក អ៊ុំ សំអាន អតីត​សមាជិក​សភា​ពី​បក្ស​ប្រឆាំង និង​លោក ម៉ែន ណាត ប្រធាន​​ក្រុមប្រឹក្សា​​ឃ្លាំមើល​កម្ពុជា ធ្លាប់​ត្រូវ​បាន​បណ្តាញ​ផ្សព្វផ្សាយ​ដកស្រង់សំដី ពីអំឡុង​ខែ​មេសា និង​ខែ​ឧសភា ជុំវិញ​ករណីទាហាន​វៀត​ណាម ចូល​បោះតង់ ឬជំរំ នៅ​តំបន់​ព្រំដែន បាន​យល់ស្រប​គ្នា​ថា «សេចក្តី​ប្រកាសរួម រវាង​កម្ពុជា​-​វៀតណាម ឆ្នាំ​១៩៩៥ គឺធ្វើ​ឡើង​ដោយ​យក​ទឹកដីខ្មែរ ដាក់ជា«តំបន់ស ឬតបន់មិនទាន់​ឯកភាព​គ្នា» ហើយ​សន្ធិសញ្ញា​ព្រំដែន​បំពេញបន្ថែមឆ្នាំ ២០០៥ ដែល​ផ្អែក​លើសន្ធិសញ្ញា​ព្រំដែន​ខុសច្បាប់ ឆ្នាំ​ ១៩៨៥ ក៏​«មិន​ស្រប​តាម​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ឆ្នាំ​១៩៩១ និង​ផ្ទូយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ​១៩៩៣ ត្រង់មាត្រា​២ និង​មាត្រា​៥៥»

.