បញ្ចូលអត្ថបទ ៖ CWCI / 25-5-2026

យោបល់ ៖ សូមចូលរួម​ត្រេកអរ ចំពោះ​ការ​​លើក​លែង​ទោស​ជូន​លោក កឹម សុខា មេដឹកនាំ​បក្សសង្គ្រោះ​ជាតិ (CNRP) ទោះបី​ការ​លើក​លែង​ទោស​នេះ ភ្ជាប់​លក្ខខណ្ឌ​អយុត្តិធម៌ និង​ជា​យុទ្ធសាស្ត្រ​មិន​សុចរិត របស់​បក្ស​កាន់​អំណាច​នៃ​លោក ហ៊ុន សែន [ប្រធានព្រឹទ្ធសភា និង​​ជា​ប្រមុខរដ្ឋ​ស្តីទី] យ៉ាង​ណាក្តី។

ការលើកលែង​ទោស​នេះ ជា​ការ​បន្ធូរបន្ថយ​នូវ​ការ​រឹតត្បិត​សេរីភាព​របស់​លោក កឹម សុខា និង ជា​ការ​លើក​មុខមាត់​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បាន​មួយ​ចំណែក​ក៏​ពិត​មែន ប៉ុន្តែ​សិទ្ធិ​ធ្វើ​នយោបាយ និង សិទ្ធិ​ដើរ​ហើរ​របស់​លោក កឹម សុខា ជាពិសេស​ការ​ចេញ​ទៅ​ទស្សនកិច្ច ឬ​ការ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​ហាម​ប្រាម​ដដែល។

ដើម្បី​ជា​ការផ្សះផ្សា​ស្មារតី​ជាតិ និង ជា​ការ​ស្តារ​ប្រក្រតីភាព​ប្រជាធិបតេយ្យ​ពិត​ប្រាកដ មេដឹកនាំ​កម្ពុជា គប្បី​ទម្លាក់​ចោលលក្ខខណ្ឌ​ទាំង​ស្រុង ជូនលោក កឹម សុខា ឲ្យ​មាន​សេរីភាព​ពេញលេញ គឺ​ជា​ការ​ផ្តល់​យុត្តិធម៌​ដល់​គាត់ ដល់​ក្រុមគ្រួសារ​គាត់ និងដល់​អ្នកគាំទ្រ​គាត់ ក្នុង​នាម​គាត់​ជា​អ្នកនយោបាយ​ខ្មែរ។

ជាមួយគ្នានេះ មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ក៏​គួរ​តែ​ដោះលែង​អ្នក​ជាប់ឃុំ​មនសិការ​ទាំងអស់ ឲ្យ​មាន​សេរីភាព​ឡើង​វិញ ស្រប​តាមបុព្វកថា​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​សព្វថ្ងៃ ក្នុង​បំណង​ផ្សះផ្សា​ស្មារតី​ឯកភាព​ជាតិ និង​សាមគ្គី​រឹងមាំ រវាង​ខ្មែរ និង​ខ្មែរ។

អត្ថបទដោយ​លោក ម៉ែន ណាត
(ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ពី​ប្រទេស​ន័រវែស)


លោក ហ៊ុន សែន ជា​ប្រមុខ​រដ្ឋ​ស្តីទី ត្រាស់​បង្គាប់​លើក​លែង​​​ទោស​លោក កឹម សុខា

VOD Khmer /ដោយលោក ញឹម សុខន
25-5-2026

តាម​រយៈ​ព្រះ​រាជ​ក្រឹត្យ​ចុះ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ​នេះ ​លោក ហ៊ុន សែន ជា​ប្រមុខ​រដ្ឋ​ស្តី​ទី បាន​ត្រាស់​បង្គាប់​លើក​លែង​ទោស​ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​​តុលាការ​រំលាយ ក្រោយ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន និង​ដក​សិទ្ធិ​ធ្វើ​នយោ​បាយ​ជិត ​១០ ​ឆ្នាំ​រួច​មក។

តាម​ព្រះរាជក្រឹត្យ ដែលមានចុះហត្ថលេខាដោយ​ប្រមុខ​រដ្ឋ​ស្តីទី​ លោក ហ៊ុន សែន បាន​ត្រាស់​បង្គាប់​លើក​លែង​ទោស លោក កឹម សុខា អាយុ​ជាង ៧០​ឆ្នាំ ដោយ​បញ្ជាក់​ថា ការ​លើក​លែង​ទោស​នេះ អនុ​វត្ត​ចំពោះ​តែ​ទោស​ជាប់​ពន្ធនា​គារ ដែល​ជា​មូល​ទោស​ប៉ុណ្ណោះ ដោយ​មិន​អនុវត្ត​ទោស​បន្ថែម​ឡើយ។

ព្រះរាជក្រឹត្យបញ្ជាក់ថា ៖ «លើកលែងទោសឱ្យទណ្ឌិត​ឈ្មោះ កឹម សុខា ភេទ​ប្រុស កើត​ឆ្នាំ​១៩៥៣ ដែល​ត្រូវ​បាន​តុលាការ​​សម្រេច​​ផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារ​កំណត់ ២៧​ឆ្នាំ តាម​អំណាច​សាល​ដីកា​ព្រហ្ម​ទណ្ឌ​ស្ថាពរ​ លេខ​៧៩០ ក្រXI «អ.ណ» ចុះ​ថ្ងៃ​ទី​៣០​ ខែ​មេសា ឆ្នាំ​២០២៦ របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ»។

យ៉ាងណា បើ​តាម​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍ភ្នំពេញ​ ចុះ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៦ ឧទ្ធរណ៍​បន្ថែម​​ទោស​​លើ​​លោក កឹម សុខា ៥​ឆ្នាំ មិន​ឱ្យ​មេបក្ស​ប្រឆាំ​ងរូប​នេះ ចេញ​ទៅក្រៅប្រទេសឡើយ។

ជុំវិញព្រះរាជក្រឹត្យលើកលែងទោសនេះដែរ សហមេធាវីការពារក្តីឱ្យ លោក កឹម សុខា មួយរូប គឺ​លោក ផែង ហេង បាន​និយាយ​លើ​បណ្តាញ​សង្គម​របស់​លោក ​នៅ​ថ្ងៃ​នេះ​ដែរ​ថា ថ្ងៃ​ចន្ទ ទី​២៥ ខែឧ​សភា ឆ្នាំ​២០២៦ លោក កឹម សុខា តាម​រយៈ​រូប​លោក​ជា​មេធាវី បាន​យក​លិខិត​បញ្ជាក់​មិន​ប្តឹង​សារ​ទុក្ខ​ មក​ចុះ​បញ្ជី​នៅ​រដ្ឋ​បាល​​សាលាឧ​ទ្ធរណ៍​ភ្នំពេញ។

លោកថា ៖ «ក្រោយភ្លៀងរាំង មេឃស្រឡះ​ល្អ នៅ​ក្រោម​ពន្លឺ «ព្រះចន្ទ ឬ​ព្រះ​អាទិត្យ» ហើយ​អ្នក​ភ្នំពេញ​ក៏​មិន​ស្ទះ​លូ ស្ទះច​រាចរណ៍​ដែរ»។

ប៉ុន្តែសម្រាប់អ្នកតាម​ដាន​ភូមិ​សាស្ត្រ​នយោ​បាយ លោក សេង វណ្ណលី នៅ​មា​ន​មន្ទិល​នៅ​ឡើយ ​​ដោយ​ចោទ​​ជា​​សំណរ​ថា តើ​​​​ព្រះ​​រាជ​​ក្រឹត្យ​លើក​លែង​ទោស លោក កឹម សុខា ជា​ឆន្ទៈ​នយោបាយ​ពិត​ប្រាកដ ឬ​គ្រាន់​តែ​ជា​ល្បែង​យុទ្ធ​សាស្ត្រ?

លោក សេង វណ្ណលី និយាយថា ព្រះរាជក្រឹត្យលើកលែងទោសចុះ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៦​នេះ មិន​មែន​ជា​សញ្ញា​នៃ​ការ​បើក​ចំហ​លំហ​ប្រជា​ធិប​តេយ្យ​ពិត​ប្រាកដ​នោះ​ទេ ប៉ុន្តែ​វា​ជា​យុទ្ធ​សាស្ត្រ​នយោ​បាយ​ដ៏​ស្មុគ​ស្មាញ និង​មាន​ការ​គណនា​យ៉ាង​ល្អិត​ល្អន់​ របស់​គណបក្ស​កាន់​អំណាច។

ក្នុងន័យនេះ លោក​អះអាងថា ការសម្រេចលើកលែងត្រឹមតែទោស​ពន្ធនាគារ ២៧​ ឆ្នាំ ដោយ​រក្សាទុ​ក​ការ​ហាម​ឃាត់​មិន​ឱ្យ​ចាក​ចេញ​ពី​ប្រទេស និង​ការ​រឹត​​ត្បិត​សិទ្ធិ​នយោ​បាយ​យ៉ាង​តឹង​រ៉ឹង ឆ្លុះ​បញ្ចាំង​ពី​ចេតនា​បង្កប់​ក្នុង​ការ​បន្ធូរ​បន្ថយ​​សម្ពាធ​ការ​ទូត ​ពី​បស្ចិម​ប្រទេស ជាពិសេស​សហរដ្ឋ​អាមេ​រិក និង​សហភាព​អឺរ៉ុប។

ទន្ទឹមនេះ វាក៏ជាយន្តការមួយដើម្បីបិទបាំងកំហុសឆ្គងជាប្រព័ន្ធ កាល​ពី​ពេល​ដែល​ លោក ហ៊ុន សែន សម្រេច​ផ្តន្ទា​ទោស​ លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ព្យាយាម​លាង​ជម្រះ​រូប​ភាព​អវិជ្ជ​មាន​ទាំង​នោះ ក្រោម​រូប​ភាព​នៃ​ភាព​ទន់​ភ្លន់ និង​ការ​បង្រួប​បង្រួម​ជាតិ​បែប​នយោ​បាយ។

សមម្រាប់ លោក សេង វណ្ណលី គោលបំណងស្នូលមួយទៀត នៃការ​រក្សា​លក្ខ​ខណ្ឌ​រឹត​ត្បិត​នេះ គឺ​ដើម្បី​អនុ​វត្ត​យុទ្ធ​សាស្ត្រ​បំបែក​បំបាក់ និ​ងបង្ការ​ការ​រួប​រួម​ឡើង​វិ​ញ​នៃ​កម្លាំងប្រឆាំង។

តាមរយៈមាត្រា ២ នៃព្រះរាជក្រឹត្យ ដែលបញ្ជាក់ច្បាស់ថា អនុវត្ត​ចំពោះ​តែ​ទោស​ដាក់​ពន្ធនា​គារ​ប៉ុណ្ណោះ គឺ​មាន​ន័យ​ថា លោក កឹម សុខា នៅ​តែ​ស្ថិត​ក្នុង​ស្ថាន​ភាព «ខ្វិន​នយោ​បាយ» ដែល​មិន​អាច​ចេញ​មក​ដឹក​នាំ ឬ​ធ្វើជា​ក្បាល​ម៉ាស៊ីន​​ប្រមូល​ផ្តុំ​អ្នក​ប្រជា​ធិប​តេយ្យ​បាន​ឡើយ។

ការដោះលែងដោយមានលក្ខខណ្ឌបែបនេះ តែងតែបង្កើត​ឱ្យមា​នកា​រ​សង្ស័យ ភាព​មិន​ច្បាស់​លាស់ និង​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ​រវាង​ក្រុម​អ្នក​គាំទ្រ​បក្ស​ប្រឆាំង ជុំវិញ​ការ​ធ្វើ​សម្ប​ទាន​ណា​មួយ​ជាមួយ​បក្ស​កាន់​អំណាច ដែល​ជា​ឱកាស​ដ៏​ល្អ ស​ម្រាប់​រដ្ឋាភិ​បាល​ ក្នុង​ការ​រំលាយ​កម្លាំ​ង​ប្រឆាំង​ទាំង​ស្រុង។

លើសពីនេះ ព្រះរាជក្រឹត្យនេះត្រូវបានប្រើប្រាស់ជាឈុតឆាកនយោបាយ ដើម្បីកសាងភាព​ស្រប​ច្បាប់​ដល់​លោក ហ៊ុន ម៉ាណែត ក្នុង​នាម​ជា​នាយក​រដ្ឋ​មន្ត្រី ក្នុង​ការ​ទូល​ថ្វាយ​ស្នើ​សុំ និង​ទទួល​បន្ទុ​ក​អនុវត្ត​ព្រះ​រាជ​ក្រឹត្យ​នេះ។ គោល​ដៅ​ស្នូល គឺ​ដើម្បីកែប្រែរូបភាពដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ទៅ​កាន់​សហគមន៍​អន្តរជាតិ ឱ្យ​ឃើញ​ថា រដ្ឋាភិ​បាល​លោក​មាន​និន្នាការ​កណ្តាល បើក​ចំហ និង​ទន់​ភ្លន់​ជាង​មុន ផ្ទុយ​ពី​ទម្រង់​ដឹក​នាំ​រប​ស់​លោក ហ៊ុន សែន

យុទ្ធសាស្ត្រនេះ ជួយកាត់បន្ថយភាពតានតឹងផ្នែកនយោបាយដែលបន្សល់ទុ​ក​ពី​ជំនាន់​មុន ដើម្បី​ឱ្យ​លោក ហ៊ុន ម៉ាណែត អាច​ទិញ​ទំនុក​ចិត្ត និងផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច ដោយគ្មានការរំខាន។

យ៉ាងណា លោកថា នៅក្នុងបរិបទការទូត យន្ត​ការនេះត្រូវបានមើល​ឃើញ​ថា ជា​ទ​ម្រង់​នៃ ​«ការ​ទូត​ចំណាប់​ខ្មាំង» (Hostage Diplomacy) សម្រាប់​កិច្ច​ចរ​ចាអន្តរ​ជាតិ​នានា​ នា​ពេល​អនា​គត។

ការ​រក្សា​ទុក លោក កឹម សុខា ឱ្យស្ថិតក្នុងដែនសមត្ថកិច្ច និងមិនមានសេរីភាព​ពេញ​លេញ គឺ​ប្រៀប​ដូច​ជា​រដ្ឋាភិ​បាល​​រក្សា​ទុក «សន្លឹក​បៀរ» ដ៏​មាន​តម្លៃ​មួយ។ ប្រសិន លោក ហ៊ុន ម៉ាណែត ត្រូវ​ការ​សម្ប​ទាន​សេដ្ឋ​កិច្ច​ឡើង​វិញ ដូច​ជា ការ​ស្តារ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ឬ GSP ឬ​ក៏​ត្រូវ​ការ​ការ​គាំទ្រ​ផ្នែក​ការ​ទូត​ពី​រដ្ឋ​បរទេស រដ្ឋាភិ​បាល​លោក​អាច​នឹង​ប្រើ​ប្រាស់​ការ​បន្ធូរ​បន្ថយ​លក្ខ​ខណ្ឌ​បន្ថែម​លើ​រូប​ លោក កឹម សុខា ម្តង​បន្តិចៗ​ជា​ថ្នូរ​នឹង​ការ​ដោះ​ដូរ ដែល​វា​ជាការ​​ផ្តល់​​ផល​ប្រយោជន៍​ជា​ជំហានៗ ដើម្បី​ដោះស្រា​យ​វិបត្តិ​ការ​ទូត​ជា​សកល។

លោក​ថា ជាចុងក្រោយ យុទ្ធសាស្ត្រនេះ ឆ្លុះបញ្ចាំងពីការប៉ុនប៉ងព​ង្រឹង​រូប​ភាព «នីតិរដ្ឋ» បែប​បង្កប់​ន័យ​ ដើម្បី​បំភាន់​​​សាធារណៈ​​មតិ​ជាតិ និងអន្តរជាតិ។

ការប្រើប្រាស់យន្តការថ្វាយព្រះមហាក្សត្រ ដើម្បីចេញព្រះរាជក្រឹត្យលើកលែង​ទោស គឺ​ដើម្បី​បញ្ជាក់​ជា​ផ្លូវ​ការ​ថា​នីតិវិ​ធី​កាត់​ទោស​កន្លង​មក គឺ​ត្រឹ​ម​ត្រូវ​តាម​ច្បាប់ (ព្រោះមា​ន​ទោស ទើប​មាន​ការ​លើក​លែង) ដោយ​មិន​មែន​ជាកា​រ​កាត់​ក្តី​ខុស​ឆ្គង ឬ​រង​សម្ពាធ​ពី​បរទេស​នោះ​ឡើយ។

លោក សេង វណ្ណលី គូសបញ្ជាក់ថា សរុប​មក ព្រះ​រាជ​ក្រឹត្យ​នេះ គឺ​ជា​ការ​គណនា​នយោបាយ​ដ៏​ល្អិត​ល្អន់​ និង​ស៊ី​ជម្រៅ​មួយ ក្នុង​ការ​ទាញ​យក​ផល​ប្រយោជន៍​ការ​ទូត បំបែក​កម្លាំង​ប្រឆាំង និង​ពង្រឹង​គ្រឹះ​អំណាច​របស់​រដ្ឋាភិ​បាល លោក ហ៊ុន ម៉ាណែត ដោយរ​ក្សាទុ​ក​តួ​អង្គ​សំខាន់​នៃ​បក្ស​ប្រឆាំង ​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ដដែល​ជាដា​ច់​ខាត៕

Photo: Kem Sokha, Cambodia Opposition Leader & Hun Sen, Cambodia Prime Minister. (Picture: March 3, 2023).
Photo: Kem Sokha, Cambodia Opposition Leader & Hun Sen, Cambodia Prime Minister. (Picture: March 3, 2023).