VOD Khmer /ដោយកញ្ញា កែវ មរកត
26-5-2026
ជាមួយនឹងការសាទរ ចំពោះការលើកលែងទោសជាប់ពន្ធនាគារដល់ លោក កឹម សុខា អ្នកឃ្លាំមើលបានជំរុញឱ្យលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត គួរត្រូវផ្តល់សិទ្ធិធ្វើនយោបាយ ដល់អតីតមេបក្សប្រឆាំងរូបនេះវិញ និងត្រូវដោះលែងអ្នកទោសមនសិការទាំងអស់ជាង ១០០ នាក់ ដែលកំពុងជាប់ឃុំទាំងអយុត្តិធម៌ក្នុងពន្ធនាគារ ដើម្បីឱ្យមានការផ្សះផ្សា និងរួបរួមជាតិខ្មែរពិតប្រាកដឡើងវិញ។
លោក កឹម សុខា ដែលត្រូវបានតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២៧ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ ត្រូវបានប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន ចេញព្រះរាជក្រឹត្យលើកលែងទោសក្នុងព្រះបរមនាម ព្រះមហាក្សត្រ កាលពីថ្ងៃទី២៥ខែឧសភា។
ការលើកលែងទោសនេះ អនុវត្តចំពោះតែទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ ចំណែកទោសដកសិទ្ធិធ្វើនយោបាយ និងការហាមចេញទៅក្រៅប្រទេស មិនត្រូវបានលើកលែងនោះទេ។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាសហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានប្រាប់ វីអូឌី [VOD] នៅថ្ងៃទី២៦ ខែឧសភា នេះថា ការលើកលែងទោស លោក កឹម សុខា បើទោះបីជាមិនទាន់ដកចេញនូវបម្រាមធ្វើនយោបាយយ៉ាងណាក្តី ក៏បានធ្វើឱ្យមានការសាទរយ៉ាងច្រើន ដែលនេះជាជំហានវិជ្ជមានមួយ ក្នុងដំណើរស្វែងរកការឯកភាពជាតិ និងសាមគ្គីភាពជាតិ។ ម៉្យាងក៏ធ្វើឱ្យមានភាពធូរស្រាលដល់លោក កឹម សុខា អាចជួបជុំក្រុមគ្រួសារ និងមានសេរីភាពក្នុងការដើរហើរ នៅក្នុងប្រទេសបានផងដែរ។
លោកថា ៖ «ខ្ញុំឃើញថា វាជាដំណោះស្រាយនយោបាយមួយ ដែលសហគមន៍អន្តរជាតិ ក៏គេចាប់អារម្មណ៍លើការលើកលែងទោសនេះដែរ ហើយខ្ញុំឃើញសារព័ត៌មានអន្តរជាតិមួយចំនួន ក៏គេបានផ្សព្វផ្សាយដែរពីការលើកលែងទោសនេះ។ ប៉ុន្តែអ្វីដែលយើងគួរតែពិចារណាតទៅទៀត គឺសិទ្ធិនយោបាយរបស់លោក ពីព្រោះលោកជាអ្នកនយោបាយ ហើយបើចង់ឱ្យប្រទេសយើងមានដំណើរការឯកភាពជាតិហ្នឹង គួរតែលើកលែងឱ្យមានសិទ្ធិនយោបាយឡើងវិញ ក្នុងការបញ្ចេញយោបល់ក្តីអីក្តី ពាក់ព័ន្ធនឹងរឿងនយោបាយ វាជារឿងប្រសើរសម្រាប់ប្រទេសជាតិយើង មានន័យថា បើលើកលែងទោសទាំងស្រុងតែម្តង រិតតែប្រសើរ»។
សម្រាប់លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ បានចាត់ទុកលោក កឹម សុខា ថាជានិមិត្តរូបនៃភាពបរិសុទ្ធតាំងពីដំបូង ដូច្នេះការលើកលែងទោសបែបមានលក្ខខណ្ឌនេះ មិនមែនជាអ្វីដែលលោកចង់បាននោះទេ។ អ្វីដែលយើងគួរសាទរ គឺការស្តារសិទ្ធិនយោបាយពេញលេញ និងការផ្តល់សងនូវយុត្តិធម៌ពិតប្រាកដ ជូនរូបលោកវិញ។
លោក វណ្ណលី ថ្លែងថា ព្រះរាជក្រឹត្យលើកលែងទោសលោក កឹម សុខា ចុះថ្ងៃទី២៥ ខែឧសភា មិនមែនជាសញ្ញានៃការបើកចំហលំហប្រជាធិបតេយ្យពិតប្រាកដនោះទេ ប៉ុន្តែវាជាយុទ្ធសាស្ត្រនយោបាយដ៏ស្មុគស្មាញ និងមានការគណនាយ៉ាងល្អិតល្អន់ របស់គណបក្សកាន់អំណាច។
ក្នុងន័យនេះ លោកអះអាងថា ការសម្រេចលើកលែងត្រឹមតែទោសពន្ធនាគារ ២៧ ឆ្នាំ ដោយរក្សាទុកការហាមឃាត់មិនឱ្យចាកចេញពីប្រទេស និងការរឹតត្បិតសិទ្ធិនយោបាយយ៉ាងតឹងរ៉ឹង ឆ្លុះបញ្ចាំងពីចេតនាបង្កប់ក្នុងការបន្ធូរបន្ថយសម្ពាធការទូត ពីបស្ចិមប្រទេស ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ទន្ទឹមនេះ វាក៏ជាយន្តការមួយ ដើម្បីបិទបាំងកំហុសឆ្គងជាប្រព័ន្ធ កាលពីពេលដែលលោក ហ៊ុន សែន សម្រេចផ្តន្ទាទោសលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ ដោយព្យាយាមលាងជម្រះរូបភាពអវិជ្ជមានទាំងនោះ ក្រោមរូបភាពនៃភាពទន់ភ្លន់ និងការបង្រូបបង្រួមជាតិបែបនយោបាយ។
សម្រាប់អ្នកវិភាគរូបនេះ គោលបំណងស្នូលមួយទៀត នៃការរក្សាលក្ខខណ្ឌរឹតត្បិតនេះ គឺដើម្បីអនុវត្តយុទ្ធសាស្ត្របំបែកបំបាក់ និងបង្ការការរួបរួមឡើងវិញនៃកម្លាំងប្រឆាំង។
លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី បានប្រាប់ វីអូឌី នៅថ្ងៃទី២៦ ខែឧសភា នេះថា ដំណើររឿង លោក កឹម សុខា ចាប់តាំងពីការចោទប្រកាន់ និងការចាប់ឃុំខ្លួន គឺត្រូវបានធ្វើឡើងទាំងខុសច្បាប់ និងអយុត្តិធម៌បំផុត។
ករណីលោក កឹម សុខា បានបង្ហាញយ៉ាងច្បាស់ពីមធ្យោបាយដ៏កម្សាករបស់លោក ហ៊ុន សែន ដែលមិនហ៊ានប្រកួតប្រជែងដោយសុចរិតស្មើមុខស្មើមាត់ ដោយយុត្តិធម៌ត្រឹមត្រូវ ប៉ុន្តែបែរជាជ្រើសរើសមធ្យោបាយ ដោយការប្រើនូវប្រព័ន្ធតុលាការ ដើម្បីកម្ចាត់គូរប្រជែងនយោបាយរបស់ខ្លួន។
លោកថា ៖ «នណាៗក៏គេដឹងដែរនៅក្នុងសំណុំរឿងនេះ ហើយរឿងការលើកលែងទោស លោក កឹម សុខា នេះវាជារឿងមួយដែលធ្វើឡើងដោយមិនត្រឹមត្រូវ។ ពាក្យលើកលែងទោស វាគួរតែត្រូវធ្វើឡើងដោយគ្មានការដាក់កំហិតទេ ប៉ុន្តែនេះលើកលែងទោសដាក់ពន្ធនាគារ ប៉ុន្តែបែរជានៅជាប់បម្រាមនយោបាយ មិនឱ្យធ្វើនយោបាយ មិនឱ្យចេញក្រៅប្រទេស។ ហើយយើងសួរមើថាតើប្រវត្តិលោក កឹម សុខា គឺជាអ្នកណា? លោកគឺជាអ្នកនយោបាយ អ៊ីចឹងលោក ត្រូវតែមានសិទ្ធិធ្វើនយោបាយ នោះទើបមានភាពត្រឹមត្រូវ ហើយផ្តល់ឱ្យលោកបានអនុវត្តសិទ្ធិសេរីភាពនេះ ដើម្បីបន្តបេសកកម្មជួយទៅដល់សង្គមជាតិ នោះទើបគេហៅថា ធ្វើឱ្យមានការឯកភាពជាតិ ធ្វើឱ្យមានប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា»។
ជាមួយគ្នានេះ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏ចូលរួមត្រេកអរចំពោះការលើកលែងទោស លោក កឹម សុខា ផងដែរ បើទោះបីជាលោកថា មានភ្ជាប់លក្ខខណ្ឌអយុត្តិធម៌ និងជាយុទ្ធសាស្ត្រមិនសុច្ចរិតរបស់ លោក ហ៊ុន សែន យ៉ាងណាក្តី។ លោកថា ការលើកលែងទោសនេះ ជាការបន្ធូរបន្ថយនូវការរឹតត្បិតសេរីភាពរបស់លោក កឹម សុខា និងជាការជួយលើកមុខមាត់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានមួយចំណែក ខណៈសិទ្ធិធ្វើនយោបាយ និងសិទ្ធិដើរហើររបស់ លោក កឹម សុខា ជាពិសេសការចេញទៅក្រៅប្រទេស ត្រូវបានហាមប្រាមដដែល។
លោកថា ៖ «នៅក្នុងអត្ថន័យនៃព្រះរាជក្រឹត្យរបស់លោក ហ៊ុន សែន គឺលោក កឹម សុខា អត់ត្រូវបានគេទម្លាក់ចោលនូវទោសទេ គឺគេដាក់នូវចំណុចគន្លឹះមួយ គេគ្រាន់តែបន្ធូរបន្ថយសម្រាល។ ប៉ុន្តែភាពអយុត្តិធម៌របស់លោក កឹម សុខា គឺនៅដដែល ពីព្រោះគាត់មិនត្រូវបានគេផ្តល់ឱ្យធ្វើនយោបាយវិញ ហើយក៏មិនអាចចេញទៅក្រៅប្រទេសបាន។ ការសម្រាលទោសលោក កឹម សុខា នេះក៏ជាផ្នែកមួយនៃការស្តារមុខមាត់លោក ហ៊ុន ម៉ាណែត ដែរ ពីព្រោះលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ទទួលសម្ពាធខ្លាំងណាស់ពីសហគមន៍អន្តរជាតិ ជុំវិញរឿងចោទ លោក កឹម សុខា ចាប់លោក កឹម សុខា អយុត្តិធម៌ ហើយតុលាការហ្នឹងផ្តន្ទាទោស លោក កឹម សុខា តាមទំនើងចិត្តតាមបញ្ជារបស់លោក ហ៊ុន សែន។ ហើយឥឡូវសម្រាលហ្នឹង បានជួយបន្ថយសម្ពាធអន្តរជាតិខ្លះ ក៏ប៉ុន្តែមិនមែនបញ្ជាក់ថា តុលាការផ្តល់យុត្តិធម៌ឱ្យលោក កឹម សុខា នៅឡើយទេ អត់ទេ»។
នៅក្នុងស្ថានភាពដែលប្រទេសកម្ពុជា កំពុងជួបប្រឈមនឹងវិបត្តិចាក់ស្រេះ រាប់ចាប់តាំងពីសៀមឈ្លានពានទឹកដីកម្ពុជា រួមទាំងភាពអាម៉ាសរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ជុំវិញរឿងឧក្រិដ្ឋកម្មអនឡាញជាដើម។ល។ ទាំងលោក ស៊ឹង សែនករុណា និងលោក ម៉ែន ណាត បានផ្តល់ជាយោបល់ថា គួរណាស់លោក ហ៊ុន សែន ទម្លាក់ចោលទោសទាំងអស់ និងផ្តល់យុត្តិធម៌ពេញលេញជូនលោក កឹម សុខា វិញ។
ជាមួយគ្នានោះ ក៏ត្រូវដោះលែងអ្នកទោសមនសិការទាំងអស់ ដែលរងការចោទប្រកាន់ទាំងអយុត្តិធម៌ដូចគ្នា ហើយរៀបចំឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ តាមបែបប្រជាធិបតេយ្យឡើងវិញ ឱ្យស្របទៅតាមរដ្ឋធម្មនុញ្ញ។ ការធ្វើបែបនេះ ក៏ជាសារប្រាប់ទៅសហគមន៍អន្តរជាតិផងដែរថា កម្ពុជាបានងាកមកដើរលើផ្លូវប្រជាធិបតេយ្យវិញ ហើយដែលជាការស្តារមុខមាត់កម្ពុជាឡើងវិញ បន្ទាប់ពីរងការរិះគន់យ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ ចាប់តាំងពីតុលាការ រំលាយគណបក្សសង្គ្រោះជាតិជិត ១០ ឆ្នាំមកនេះ។
សម្រាប់ លោក ស៊ឹង សែនករុណា ត្រឹមការលើកលែងទោសជាប់ពន្ធនាគារលើលោក កឹម សុខា គឺមិនទាន់មានមូលដ្ឋានគ្រប់គ្រាន់ ទៅអះអាងថា ជារូបភាពនៃការពង្រឹងឱ្យមានការសាមគ្គីឯកភាពជាតិ បាននៅឡើយទេ ខណៈអ្នកទោសនយោបាយ ជាង ១០០ នាក់ផ្សេងទៀត កំពុងជាប់ឃុំ និងសកម្មជននានាផ្សេងទៀត កំពុងរស់នៅក្នុងភាពភ័យខ្លាច គេចខ្លួនមិនហ៊ាននៅផ្ទះ ចាកចេញទៅក្រៅប្រទេស។
លោកលើកឡើងថា ការមិនផ្តល់សិទ្ធិសេរីភាពពេញលេញតាមច្បាប់ ដល់ពលរដ្ឋគ្រប់រូប ធ្វើនយោបាយស្របតាមសង្គមប្រជាធិបតេយ្យ មិនមែនជារូបភាពសាមគ្គីជាតិឯកភាពជាតិអ្វីនោះទេ វាគ្រាន់តែជាការបន្លែបន្លប់ស្ថានការណ៍តែប៉ុណ្ណោះ។
យ៉ាងណាក្តី លោក ជា ធីរិទ្ធ អ្នកនាំពាក្យលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចាត់ទុកការលើកលែងទោសលើ លោក កឹម សុខា ថាជារឿងសាទរ ពីព្រោះវាបង្ហាញអំពី«គុណធម៌នយោបាយ»របស់លោក ហ៊ុន ម៉ាណែត។ លោកបានថ្លែងតាមរយៈសារព័ត៌មានស៊ីស៊ីថាមញ៍ថា ការលើកលែងទោសនេះ គឺដោយសារមើលឃើញថា លោក កឹម សុខា កំពុងជួបទុក្ខលំបាកដោយសារម្តាយរបស់លោក កំពុងស្ថិតនៅក្នុងស្ថានភាពចាស់ជរា ដំណាក់កាលចុងក្រោយ តម្រូវឲ្យលោក កឹម សុខា ជាកូនមានពេលវេលា មានឱកាស នៅក្នុងការថែទាំម្ដាយរបស់ខ្លួន ។
លោកថា ៖ «រឿងច្បាប់វាជារឿងមួយ ក៏ប៉ុន្តែគុណធម៌នយោបាយ គុណធម៌នៅក្នុងស្ថានភាពដែលម្តាយ ស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ យើងកូនមានទោសទៀតនោះ គឺជារឿងមួយដែលសម្តេចធិបតី លោកមិនចង់ឃើញ ម៉្លោះហើយទើបលោកស្នើឱ្យមានការលើកលែងទោសនេះ។ ហើយការលើកលែងទោសនេះទៀតសោត ក៏វាបានឆ្លុះបញ្ចាំងអំពីគុណតម្លៃនៃការពង្រឹងនូវការសាមគ្គីជាតិ នូវការផ្សះផ្សាជាតិ ដែលកើតចេញពីគុណធម៌របស់អ្នកនយោបាយ ជាពិសេសគឺគុណធម៌របស់អ្នកជំនាន់ក្រោយនេះតែម្តង ដែលយើងគ្រប់គ្នាជាប្រជាពលរដ្ឋខ្មែរ ចង់ឃើញ និងចង់បាន ហើយកំពុងតែសាទរ»។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃ រាជបណ្ឌិតសភាកម្ពុជា ក៏បានសាទរចំពោះការលើកលែងទោស លោក កឹម សុខា ផងដែរ ដោយចាត់ទុកថា ជាចំណុចចេញដំណើរដ៏ល្អនៃ ដំណើរការពង្រឹងសាមគ្គី និងឯកភាពជាតិខ្មែរ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ព្រះមហាក្សត្រ។ លោកបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២៥ ខែឧសភា ថា «គ្មានបញ្ហាណាមួយដែលគ្មានច្រកចេញនោះទេ ឱ្យតែយើងចង់ឱ្យវាចេញ»។
ដោយយកសារលោក ហ៊ុន ម៉ាណែត ដែលហៅការលើកលែងទោស លោក កឹម សុខា ថាជា «ជំហានមួយបន្ថែម ក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ» លោកបណ្ឌិត គិន ភា បានបួងសួងសូមឱ្យជំហានមួយនេះ ក្លាយជាជំហានប្រកបដោយអត្ថន័យ និងជាជំហានចាប់ផ្ដើមដ៏សំខាន់ សម្រាប់ការបន្តដំណើររាប់លានគីឡូម៉ែត្រ ទៅមុខទៀត ក្នុងបុព្វហេតុនៃការពង្រឹងសាមគ្គី និងឯកភាពជាតិ ដើម្បីពង្រឹងសមត្ថភាពជាតិលើគ្រប់វិស័យ។
សម្រាប់ លោក ម៉ែន ណាត សាររបស់លោក ហ៊ុន ម៉ាណែត វាគ្រាន់តែជាជំហានមួយឈានទៅរកការផ្សះផ្សាជាតិ ដែលមិនទាន់អាចជាការផ្សះផ្សាជាតិពិតប្រាកដ បានដូចអ្វីដែលប្រជាពលរដ្ឋរំពឹងទុកនោះនៅទេ។ ក្រៅពីនេះ លោកថ្លែងថា ទាំងលោក ហ៊ុន សែន ទាំងលោក ហ៊ុន ម៉ាណែត មិនហ៊ានបើកឱ្យលោក កឹម សុខា ចូលរួមក្នុងនយោបាយដូចមុនវិញនោះទេ ដោយសារតែដឹងច្បាស់ថា ប្រកួតមិនឈ្នះលោក កឹម សុខា។
លោកថា ៖ «លោក ហ៊ុន សែន ក្តី លោកហ៊ុន ម៉ាណែត ក្តី នៅតែខ្លាចប្រកួតប្រជែងចាញ់លោក កឹម សុខា ក្នុងការបោះឆ្នោតលើកក្រោយ ពីព្រោះលោក ហ៊ុន ម៉ាណែត មិនអាចជាដៃគូប្រកួតប្រជែងឈ្នះឆ្នោតធៀបលោក កឹម សុខា បានទេ។ ទោះយ៉ាងណា យើងចូលរួមត្រេកអរក្នុងជំហាននេះ លោក ហ៊ុន សែន ដើរលើផ្លូវត្រូវហើយ ប៉ុន្តែយើងចង់កុំឱ្យលេងល្បែងល្បិចកលនយោបាយអ៊ីចឹង បើថាទម្លាក់ចោល ទម្លាក់ចោលទាំងស្រុង ពីព្រោះលោក កឹម សុខា គាត់គ្មានទោសពៃរ៍អីទេ គាត់ត្រូវបានលោក ហ៊ុន សែន ចោទប្រកាន់យ៉ាងអយុត្តិធម៌ ចាប់ដាក់គុកជិត ១០ ឆ្នាំ»។
សម្រាប់ លោក ម៉ែន ណាត ក្នុងករណីលោក កឹម សុខា នេះ ក្រៅពីត្រូវសងភាពស្អាតស្អំដល់គាត់វិញ ទាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ថែមទាំងត្រូវបង់សងនូវ ការខូចខាតគ្រប់បែបយ៉ាងដល់លោក និងក្រុមគ្រួសារ ចំពោះការប្រឌិតរឿងចោទប្រកាន់ទាំងបំពាន ដោយគ្មានភស្តុតាង និងអង្គហេតុពិតប្រាកដធ្វើឱ្យលោក កឹម សុខា ត្រូវជាប់ឃុំរហូតដល់ជិត ១០ ឆ្នាំ បើទោះបីជាត្រូវជាប់ឃុំក្នុងផ្ទះក្តី៕



