រាយការណ៍ដោយលោក ហាស់ សាន / The Cambodia Daily / 21-6-2020

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ ​ហៅ​កាត់​ថា SMD ជំរុញ​ឱ្យ​អ្នកនយោបាយខ្មែរ ​ត្រូវ​​ប្រកាន់​​ខ្ជាប់ នូវ​«​​គោលការណ៍​ឯកភាពជាតិ ក្នុង​ការចូលរួម​​ការពារ​បូរណភាពទឹក​ដី​​ជាតិ​ខ្មែរ»។ ក្នុង​​សេចក្តី​​ថ្លែងការណ៍​​​របស់​​​​ខ្លួន ​ស្តីអំពី​ជំហរ​​​ឯកភាពជាតិ នៅ​ថ្ងៃទី១៧ ខែមិថុនា ​នេះ ​ចលនា​និស្សិត​​ដើម្បី​​លទ្ធិ​ប្រជាធិបតេយ្យ ​បាន​​អំពាវនាវ​​ដល់​ខ្មែរ​​គ្រប់​ភាគី គ្រប់​និន្នាការ​​នយោបាយ ជាពិសេស ឥស្សរជនកម្ពុជា​​សំ​ខាន់​ៗ ដូចជា​​លោក​​នា​យក​រដ្ម​មន្ត្រី ហ៊ុន សែន, ឧបនាយក​រដ្ឋមន្ត្រី​ និង​​ជា​រដ្ឋមន្ត្រី​​ក្រសួង​មហាផ្ទៃ លោក ស ខេង, អតីត​មេ​បក្ស​​សង្រ្គោះ​ជាតិ​​ទាំង ២ ​រូប រួមមាន​លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវ​ស្វែង​រក​​ដំណោះស្រាយ​​នយោបាយ​​រួម​មួយ​​ជាបន្ទាន់។

ក្នុង​​សេចក្តី​ថ្លែងការណ៍​នេះ បញ្ជាក់​ថា ​ដំណោះស្រាយ​​នយោបាយ​​រួម ​ត្រូវ​​ឈរ​លើ​​គោល​កា​រណ៏​​ឯកភាព​ជាតិ និង​​កិច្ចសហការ​​គ្នា ​ក្នុង​​ការ​ទាម​ទារ​​ឲ្យ​​ប្រទេស​​វៀតណាម ​ប្រគល់​​ទឹកដី​​ដែល​​វៀតណាម ​បាន​​ឈ្លាន​ពាន​​យក​​ទៅ​​គ្រប់គ្រង ជាពិសេស​​«កោះត្រល់» ត្រូវ​ប្រគល់​​មក​​ជា​កម្មសិទ្ធិ​​របស់​​កម្ពុជា​​វិញ តាម​​ខ្លឹមសារ និង​យន្តការ​​នៃ​​កិច្ច​ព្រមព្រៀង​​សន្តិភាព​​ទីក្រុង​ប៉ារីស៍ ឆ្នាំ១៩៩១ ឯកសារ​​ផ្លូវការ​​នានា និង​​ច្បាប់​ជាតិ​-​អន្តរជាតិ​​​ទាំងឡាយ​​ជា​មូលដ្ឋាន។

សេចក្តី​ថ្លែងការណ៍​ដដែល ​លើក​ឡើង​ថា ផ្អែក​​តាម​​ភស្ដុ​តាង​​បង្ហាញថា វៀតណាម គឺជា​ចារី ឬ​ជា​ជន​ដៃដល់​ ក្នុង​​ការទន្ទ្រាន​​ចូល​កាន់​កាប់​​ទឹកដី​ខ្មែរ​​ជាបន្ត​បន្ទាប់​​ឥត​ឈប់ឈរ។ លើស​​ពីនេះ វៀតណាម​​បាន​​ប្រើ​​គ្រប់​​ឧបាយកល​​ក្ដៅ និង​​ត្រជាក់ ដើម្បី​សម្រេច​​បាន​​នូវ​មហិច្ឆតា​​របស់​ខ្លួន ​ក្នុង​​ការ​ច្រៀក​​យក​​ទឹកដី​​កម្ពុជា តាម​រយ:​ការ​ដាក់​​សម្ពាធ​​ផ្នែក​​នយោបាយ​​លើ​ក​ម្ពុជា។

ការ​បញ្ជូន​​កងទ័ព​​ចូល​ឈ្លានពាន​​កម្ពុជា​ ​ដោយ​​ខុសច្បាប់, ការ​បង្ហូរ​​ជនជាតិ​​វៀតណាម​​ខុសច្បាប់​​រាប់​​លាន​​នាក់ ចូល​​មក​​រស់នៅ​​លើទឹក​​ដី​​កម្ពុជា និង​​ការ​បង្ក​​អសន្តិសុខ ​និង​​បញ្ហា​ផ្សេង​ៗ បង្កើត​​ជា​​គ្រោះ​​ដល់​​ទឹកដី​​កម្ពុជា។ ជាង​នេះ​​ទៅទៀត ការឈ្លានពាន​​​ប្រទេស​កម្ពុជា​ ​ពីសំណាក់​​វៀតណាម ក៏​​ជា​​ការ​គំរាមកំ​ហែង​​ដល់​ស្ថិរភាព និង​​សន្តិភាព​​នៃ​​ប្រជាជាតិ​អាស៊ាន (ASEAN​) ដែរ។

ប្រធានប្រតិបត្តិ​នៃ ​ចលនា​និស្សិត​ដើម្បី​​លទ្ធិ​ប្រជាធិបតេយ្យ លោក ទូច វិបុល បញ្ជាក់​​ពី​​គោលបំណង​​នៃ​​ការ​​ចេញ​ញត្តិ​​នេះ​​ថា «ពលរដ្ឋខ្មែរ​​ទូទៅ​​ចង់​​ឃើញ​​អ្នកនយោបាយ​​ខ្មែរ​​គ្រប់​​និន្នា​ការ​​នយោបាយ ទាំង​​កំពុង​កាន់អំណាច និង​​មិន​ទាន់​​កាន់អំណាច ចាត់ទុក​​ការ​ការពារ​​បូរណភាព​ទឹកដី​​ គឺជា​​បញ្ហា​​រួម ហើយ​​សហការ​គ្នា​​ ទាមទារ​​ឲ្យ​​ប្រទេស​វៀតណាម​ ប្រគល់​​ទឹកដី​​ ដែល​​វៀតណាម​​បាន​​ឈ្លាន​ពាន​​យក​​ទៅ​​គ្រប់គ្រង ជាពិសេស កោះត្រល់ ប្រគល់​​មក​ជា​​កម្មសិទ្ធិ​​របស់​​កម្ពុជា​វិញ»

ជាង​នេះ​ទៅទៀត ​ក្រុម​ចល​នា​និ​ស្ស​តិ​ ដែល​​ទើប​​ចាប់​កំណើត​​ជា​​លើក​​ទី២ នេះ បាន​​ទាមទារ​​ឲ្យ​​ប្រទេស​​វៀតណាម ដែល​​ជា​ស​មា​ជិ​ក​របស់​អង្គការសហប្រជាជាតិ (អ.ស.ប.) ជា​ស​មា​ជិ​កអាស៊ាន និង​​ជា​​ប្រទេស​ហត្ថលេខី​​នៃ ​កិច្ច​ព្រម​ព្រៀង​​សន្តិភាព​​ទីក្រុង​​ប៉ារីស៍​​ដែរ​​នោះ ត្រូវតែ​​គោរព​អធិបតេយ្យ​ភាព និង​​បូរណភាពទឹកដី​​កម្ពុជា និង​​ត្រូវ​​ទទួលខុសត្រូវ​​នៅ​ចំពោះ​មុខ​​គោលការណ៍ និង​​ច្បាប់​អន្តរជាតិ នៅ​ពេល​​ដែល​វៀត​ណាម​ ​បាន​​រំលោភ​​លើ​កិច្ច​ព្រមព្រៀង​​សន្តិភាព​​ទីក្រុង​​ប៉ារីស៍ ក្នុង​​ការ​ចូល​​ឈ្លានពាន​​យក​​ទឹកដី​ខ្មែរ ជាបន្ត​បន្ទាប់។

ទោះបីជា​យ៉ាងនេះ​ក្តី ប្រធាន​​រាជបណ្ឌិត្យ​​​សភា​​កម្ពុជា បណ្ឌិត សុខ ទូច បាន​​ប្រាប់​សា​ព័ត៌មាន The Cambodia Daily តាម​​ទូរស័ព្ទ​ថា «ការ​អំពាវនាវ​​របស់​​ក្រុម​ចលនា​និស្សិត​នេះ​ គឺ​​ដើម្បី​​ចង់​បាន​​ល្បី​ឈ្មោះ​ប៉ុណ្ណោះ»។ លោក​បន្ដ​ថា ការ​ទាមទារ​កោះត្រល់​ មកវិញ ​លុះត្រាតែ​កម្ពុជា​ មានសេដ្ឋកិច្ច​ខ្លាំង មានការ​ត្រៀមខ្លួន​រួចជាស្រេច ​ពីសំណាក់​មហាជន និង​​មាន​​កម្លាំង​​យោធា​​ខ្លាំង​​ជាមុន។ លោក​​បាន​​បញ្ជាក់​​ទៀត​​ថា «ពុំ​មាន​​ផែនទី​ណាមួយ​ បញ្ជាក់​​ថា ​កោះត្រល់ ​ជា​របស់​​ខ្មែរ​​នោះ​​ទេ សូម្បី​​សៀវភៅ​​របស់​​លោក ស៊ាន ប៉េង​សែ {អ្នកជំនាញ​ផែនទី​ខ្មែរ} ក៏​សរសេរ​ខុស​​ ពាក់ព័ន្ធ​​នឹង​​បញ្ហា​​កោះត្រល់ ​នេះ​ដែរ» (?)។

ទោះជាយ៉ាងណា​ក៏ដោយ ​អនុប្រធាន​​ក្រុមប្រឹក្សា​ភិបាល​​ របស់​ចលនា​​និស្សិត​​ដើម្បី​​លទ្ធិ​ប្រជាធិបតេយ្យ​​លោក ម៉ែ​ន ណាត បាន​​ប្រតិកម្ម​​ថា «ចលនា​និស្សិត កំណើត​ទី២ នេះ មិនមែន​​បង្កើត​​ឡើង​​ ដើម្បី​​ចង់​ល្បី​​ឈ្មោះ​​ដូច​លោក សុខ ទូច និយាយ​​ទាំង​ខ្វះ​ការពិចារណា​នោះ​ទេ»។ លោក​បន្ត​ថា ចលនា​និស្សិត​​នេះ បង្កើត​ឡើង​​តាំង​ពី​​ខែកញ្ញា ឆ្នាំ១៩៩៨ មក​ម៉្លេះ។

ចលនា​និស្សិត​នេះ ត្រូវ​បាន​​រៀបចំ​ឡើ​ង​វិញ​ ​ក្នុង​​ទស្សនវិស័យ និង​​គោលបំណង​​ច្បាស់លាស់ ព្រម​ទាំង​​មាន​ការ​​ចូល​រួម​​ពី​​ក្រុម​​អ្នកជំនាញ​​ព្រំដែន អ្នកច្បាប់ និង​​បញ្ញវន្ត​​ជា​​ឥស្សរជន​​ជាច្រើន​​ទៀត។ អ្នកឃ្លាំមើល​​ខាង​កិច្ចការ​​ព្រំដែន​​រូប​​នេះ​ អះអាង​​ថា ចលនា​និស្សិត កំណើត​ទី២ នេះ មាន​​ទស្សនវិស័យ «ចង់​ឃើញ​​កម្ពុជា​មាន​​លទ្ធិ​ប្រជាធិបតេយ្យ យុត្តិធម៌ ឯកភាពជាតិ អធិបតេយ្យ និង​​បូរណភាពទឹកដី​​ពេញលេញ» និង​​មាន​គោលបំណង «ធ្វើការ​តស៊ូ​មតិ​​អហិង្សា​​ជាមួយ​​ស្ថាប័នជាតិ និង​អន្តរជាតិ ក្នុង​​ការ​ស្តារ​​លិទ្ធិ​​ប្រជា​ធិបតេយ្យ ការពារ​​បូរណភាព​ទឹកដី និង​​លើកកម្ពស់​​ការចូលរួម​​ថែរក្សា​​ស្ថេរ​ភាព និង​​សន្តិភាព​​នៅ​​កម្ពុជា»

លោក ម៉ែ​ន ណាត បន្ត​ថា «ចំពោះ​​ករណី​រឿង​រ៉ាវ​កោះត្រល់ មិន​អាច​​និយាយ​​ថា «ជា​ការបាត់បង់​​យូរ​ហើយ​នោះ​​ទេ ឬ​បាត់​បង់​​តាំង​ពី​ឆ្នាំ ១៩៣៩ ដូច​កា​រ​អះអាង​​របស់​​លោក ហ៊ុន សែន និង​​លោក សុខ ទូច នោះ​ទេ»។ លោក​បន្ត​ថា «ការ​អះអាង​​របៀប​​នេះ គឺជា​​ការ​​សម្លាប់​​ខ្លួន​ឯង និង​​ជា​ការ​ចង់​​បំបាត់​​ប្រវត្តិសាស្ត្រ​របស់​​ខ្មែរ​​ទាំង​មូល​​តែប៉ុណ្ណោះ»។ លោក​បន្ត​ថា «រឿង​​កោះត្រល់​ នេះ គឺ​​ត្រូវ​បាន​​វៀតណាម បង្ខំឲ្យ​​លោក ហ៊ុន សែន ចុះហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​​ដែន​​ទឹក​ប្រវត្តិសាស្ត្រ នៅ​ខែកក្កដា ឆ្នាំ១៩៨២ ដែល​​បាន​​គូស​ផែនទី «លេប​ត្របាក់​​យក​​កោះត្រល់ និង​​ចង្កោម​​កោះ​​ក្រចកសេះ​ ផង​​ដែរ»»

ចំណែក​ឯកសារ​ចរាចរ របស់​លោក ប្រ​វី​យេ (Brévié) ដែល​ចុះ​ថ្ងៃទី ៣១ មករា ១៩៣៩ បាន​​បញ្ជាក់​​​លំអិត​​​ថា «កោះត្រល់ ជា​​របស់​​ប្រទេស​​កម្ពុជា ហើយ​​បារាំង ​គ្រប់​គ្រង​​កោះ​ត្រល់ ​តែ​​ផ្នែក​ប៉ូលី​ស និង​​រដ្ឋបាល​​ប៉ុណ្ណោះ»។ ព្រះរាជ​​ក្រឹត្យ​របស់​ស្តេច​ព្រះ នរោត្តម សុ​រា​ម្រិ​ត ឆ្នាំ​១៩៥៧ បញ្ជាក់​ថា «កោះត្រល់ ឬ កោះ​ភូ​កុក គឺជា​ឈ្មោះ​កោះ​តែមួយ ដែល​ជា​កម្មសិទ្ធិ​របស់​កម្ពុជា»។ លុះដល់​រដ្ឋាភិបាល ក្នុង​​សម័យ​​លោក​​សេនាប្រមុខ លន់ នល់ និង​របប​​ក្រហម ក៏​នៅតែ​​បញ្ជាក់​​ថា «កោះត្រល់ គឺជា​​កម្មសិទ្ធិ​​របស់​​កម្ពុជា» ហើយ​​នៅ​ឆ្នាំ​១៩៧៦ កងទ័ព​​ខ្មែរក្រហម បាន​​លើកទ័ព​​ឈរជើង​​នៅ​លើ​​កោះត្រល់ បាន​​មួយ​​រយៈ​​ផង​​ទៀត។

រហូតមកដល់​ឆ្នាំ ២០០៥ អតីត​ព្រះមហាក្សត្រ សម្តេច​ នរោត្តម សីហនុ ក៏បាន​​រំលឹក​​ទៅ​​លោក ហ៊ុន សែន ​ជា​​ប្រមុ​ខរដ្ឋាភិបាល​​ថា «គ្មាន​សម័យ​ណា គ្មាន​មេដឹកនាំ​ណា ដែល​ហ៊ាន​និយាយ​ថា កោះត្រល់ ត្រូវ​បាន​កាត់​ទៅ​ឲ្យ​វៀតណាម​ទេ»។ ព្រះអង្គ​មាន​បន្ទូល​ថា «កោះត្រល់ ជា​របស់​​កម្ពុជា»បើ​តាម​ឯកសារ​​ផ្លូវ​ច្បាប់ ​រួម​ទាំង​​ច្បាប់​​សមុទ្រ និង​​កិច្ច​ព្រមព្រៀង​​ទីក្រុង​ប៉ារីស​ ​ឆ្នាំ១៩៩១ ផង គឺថា​​ភាគី​កម្ពុជា ​មាន​​អាទិភាព​​ផ្លូវច្បាប់​​ពេញលេញ ជា​ម្ចាស់​កោះត្រល់

លោក ម៉ែ​ន ណាត អះអាង​ថា​ ដោយសារ​​ភស្តុតាង​​ទាំងអស់​​នេះ​​ហើយ ហើយ​​បាន​​ជាចលនា​និស្សិត ​ទាម​ទារ​​​ឲ្យ​​រដ្ឋាភិបាល​​ លោក ហ៊ុន សែន ធ្វើ​​មោក្ខ​ភាព ឬលុបចោល​​រាល់​សន្ធិសញ្ញា និង​​កិច្ច​ព្រមព្រៀង​​នានា ក្នុង​ទសវត្សរ៍​​ទី៨០ ដើម្បី​​ដោះស្រាយ​​បញ្ហា​​ព្រំដែន និង​​រឿង​​កោះត្រល់ ទៅតាម​​យន្តការ​​អន្តរជាតិ ដែល​​អាច​​ធានា​​យុត្តិធម៌ ទាំង​​ភាគី​​កម្ពុជា និង​​វៀតណាម។ យ៉ាងនេះ​ក្តី ចលនា​និស្សិត​​ដើម្បី​​លទ្ធិ​ប្រជាធិប​តេយ្យ​​ ដែល​​មាន​​មូលដ្ឋាន​​នៅ​​សហរដ្ឋអាមេរិក បង្ហាញ​សុទិដ្ឋិនិយម​ថា ឥស្សរជន​​នយោបាយ​ខ្មែរ សំ​ខាន់​ៗ ខាង​លើ នឹង​​តម្កល់​​ផល​ប្រយោជន៍​​ជាតិ​​ជា​ធំ ហើយ​​រួមគ្នា​​ដោះស្រាយ​​វិបត្តិ​​ទឹកដី​​ ​របស់​​​ប្រទេស​​ជាតិ ដែល​​​កំពុង​​ប្រឈម​​គ្រោះ​អន្តរាយ​​នេះ​៕

Photo 1999 & 2016 - Mr Touch Vibol
Photo 1999 & 2016 – Mr Touch Vibol

Koh Tral belongs to Cambodia

.

Advertisements